2022.07.13
សំណុំរឿងក្បត់ជាតិរបស់មេបក្សប្រឆាំង តំណាងអយ្យការចាប់ផ្ដើមចោទសួរពីទំនាក់ទំនងរវាង កឹម សុខា ស្ថានទូតប្រទេសមហាអំណាច ក្នុងការធ្វើបាតុកម្មកាលពីឆ្នាំ២០១៣ កន្លងទៅ។ ទោះយ៉ាងណាក្ដី លោក កឹម សុខា មិនបានឆ្លើយសំនួរតំណាងអយ្យការនោះទេ។ ចំណែកមន្ត្រីសង្គមស៊ីវិល លើកឡើងថា ត្រឹមការជួបជួបតំណាងទូតណាមួយមិនអាចរាប់ចូលជាបទល្មើសឡើយ។
សវនាការទី៤៨ ថ្ងៃទី១៣ ខែកក្កដានេះ តំណាងអយ្យការ និងមេធាវីការពារសិទ្ធិលោក កឹម សុខា នៅតែជជែកតាំងតឹងសរសៃកដាក់គ្នាដដែល។ ការតឹងសរសៃកនេះ ត្រូវបានអ្នកឃ្លាំមើលសវនាការកត់សម្គាល់ថា ព្រោះតំណាងអយ្យការតាំងសំណួរឆ្ងាយពីបទចោទ ដែលហាក់មានចេតនាអូសបន្លាយសំណុំរឿងនេះឲ្យស៊ីពេលកាន់តែយូរថែមទៀត។
មេធាវីការពារក្ដីលោក កឹម សុខា ម្នាក់គឺ លោក ចាន់ ចេន ឲ្យដឹងក្រោយចប់សវនាការថា តំណាងអយ្យការបានតាំងសំនួរយ៉ាងក្ដៅគគុកលើលោក កឹម សុខា ហាក់បីដូចជាគ្រប់រឿងទាំងអស់ទម្លាក់ឲ្យលោក កឹម សុខា ទទួលខុសត្រូវតែម្នាក់ឯង។
លោកឲ្យដឹងទៀត នៅចុងម៉ោងតំណាងអយ្យការបានយកវីដេអូ នៃការថ្លែងរបស់លោក កឹម សុខា ក្នុងពេលធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៣ ដែលកាលនោះលោក កឹម សុខា ថ្លែងថា ក្រោយជួបបាតុករ លោកនឹងទៅតំណាងទូតប្រទេសមហាអំណាច។ ត្រង់ចំណុចនេះ តំណាងអយ្យការព្យាយាមដេញដោលឲ្យលោក កឹម សុខា បញ្ជាក់ថា តើលោកទៅជួបទូតមួយណា? ទោះយ៉ាងណាក្ដី លោក កឹម សុខា មិនបានឆ្លើយសំណួរតំណាងអយ្យការនោះទេ។ មេបក្សប្រឆាំងរូបនេះ ត្រឹមប្រាប់តំណាងអយ្យការថា គ្រប់ទូតនៅកម្ពុជា គឺជាមិត្តរបស់កម្ពុជា ហើយការដែលលោកជួបតំណាងអង្គទូតណាមួយ ក៏មិនខុសច្បាប់ដែរ៖ «សរុបមកវិញគឺ បណ្ដាអង្គទូតនោះគេមកជួយកម្ពុជា មិនមែនជាសត្រូវកម្ពុជាទេ។ ដើម្បីថែរក្សាមុខមាត់អង្គទូតឯកឧត្តម កឹម សុខា គាត់មិនបានបញ្ជាក់ទេថា ទូតឈ្មោះអ្វីដែលបានជួបជាមួយគាត់ទេ សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា ក្ដី ប្រជាពលរដ្ឋខ្មែរក្ដីអ្នកនយោបាយក្ដី ដែលបានជួបជាមួយបណ្ដាអង្គទូតមិនមែនជារឿងខុសច្បាប់ទេ»។
ទាក់ទងរឿងនេះដែរ មេធាវីការពារក្ដីលោក កឹម សុខា ម្នាក់ទៀត គឺលោក ផែង ហេង ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ការចាប់ខ្លួន និងការចោទប្រកាន់ លោក កឹម សុខា គឺសមត្ថកិច្ចតែងភ្ជាប់សហរដ្ឋអាមេរិក ទៅនឹងសំណុំរឿងលោក កឹម សុខា។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចនៃរដ្ឋាភិបាល លោក ហ៊ុន សែន បានចាប់ខ្លួន និងចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស កាលពីខែឆ្នាំ២០១៧ កន្លងទៅ។ ទោះយ៉ាងណាក្ដី ជិត ៥ឆ្នាំមកនេះ តុលាការរកមិនទាន់ឃើញថា លោក កឹម សុខា មានទោសនៅឡើយទេ ទោះជាគណបក្សរបស់លោក ត្រូវបានតុលាការកំពូលរំលាយចោល ក្រោយពីការចោទប្រកាន់ថា លោក កឹម សុខា បានរួមគំនិតជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា បើចង់ដឹងរដ្ឋបរទេសណា ឃុបឃិតជាមួយលោក កឹម សុខា ក្នុងផែនការផ្ដួលរំលំរដ្ឋាភិបាល គឺមានក្នុងវីដេអូនៃការថ្លែងរបស់លោកនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះអះអាងទៀត មកដល់ដំណាក់កាលនេះ មិនអាចមានការចរចាណាមួយដើម្បីបញ្ចប់សំណុំរឿងបានឡើយ៖ «ព្រោះរឿងធ្លាក់ដល់ដៃតុលាការហើយ បើចង់ចរចាគ្នាពិភាក្សាគ្នា យ៉ាងម៉េចឲ្យរឿងធ្លាក់ដល់ដៃតុលាការ បើកាលមុននឹកអ៊ីចឹង មានទៅដល់ដៃតុលាការអី ប៉ុន្តែនឹកមិនឃើញដល់គុណការហើយបានធ្វើឯងនឹកឃើញរឿងចរចា»។
ទោះអ្នកនាំពាក្យបក្សកាន់អំណាចលើកឡើងពីភស្តុតាងដាក់បន្ទុកលោក កឹម សុខា បែបនេះក្ដី ប៉ុន្តែ លោក កឹម សុខា ធ្លាប់ថ្លែងប្រាប់តុលាការពីការនិយាយរបស់លោកជាងមួយម៉ោង នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣ ជាការថ្លែងជាសាធារណៈ។ លោក កឹម សុខា ក៏ធ្លាប់ជំរុញទៅតុលាការឲ្យឃើញថា សកម្មភាពសម្ងាត់របស់លោកមួយណាដែលជាឃុបឃិតជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល លោក ហ៊ុន សែន។
ទាក់ទងរឿងនេះដែរ មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត ដែលចូលឃ្លាំមើលក្នុងបន្ទប់សវនាការសង្កេតឃើញថា តំណាងអយ្យការនៅតែព្យាយាមសួរសំនួរមិនទាក់ទងអង្គហេតុមក លោក កឹម សុខា។ លោកយល់ថា នេះជាការខ្ជះខ្ជាយពេលវេលា និងធ្វើឲ្យសំណុំរឿងមួយនេះស៊ីពេលកាន់តែយូរថែមទៀត។ លោកយល់ថា លោក កឹម សុខា គឺជាមេដឹកនាំគណបក្សនយោបាយ និងធ្លាប់ធ្វើជាអនុប្រធានរដ្ឋសភា ដូច្នេះ បើលោក កឹម សុខា ជួបតំណាងទូតណាមួយមិនមែនជាការប្រព្រឹត្តិបទល្មើសឡើយ៖ «ជួបមហាអំណាច មហាអំណាចគាំទ្រយើង ហើយគ្រាន់តែរឿងពាក្យអ៊ីចឹងមិនមែនខុសច្បាប់ គ្មានទោសទេ មានទោសទាល់តែគាត់ (លោក កឹម សុខា) ទៅបង្កើតស្អីមួយទៅប្រកូកប្រកាសធ្វើទៅផែនការស្អីមួយឲ្យប្រទេសហ្នឹងមានអសន្តិសុខស្អីមួយបានមានទោស ហើយគ្រាន់ថា ទៅនិយាយជាមួយអ្នកនេះទៅនិយាយជាមួយអ្នកនោះ ហើយថ្មីៗ នេះខ្ញុំឃើញជួបអ្នកប្ដឹង ខ្ញុំនិយាយឲ្យអស់ ជួបសម្ដេច (លោក ហ៊ុន សែន) នៅពេលបុណ្យទាន បុណ្យសពអី តើនេះខុសច្បាប់ដែរអត់នេះជាសំនួរដែលខ្ញុំសួរណា»។
ដូចគ្នាទៅនឹងការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលនេះដែរ ក្រោយចេញតុលាការ លោក កឹម សុខា បានបង្ហោះសារតាមហ្វេសប៊ុកនៅថ្ងៃទី១៣ ខែកក្កដាដដែលនេះថា លោកបានជួបឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink កាលពីថ្ងៃទី១២ ខែកក្កដា។ លោកកត់សម្គាល់ឃើញថា ប្រទេសប្រជាធិបតេយ្យនៅតែចាត់ទុកកម្ពុជា ជាមិត្ត និងចង់បន្តជួយកម្ពុជា ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាដដែល។
សវនាការលើកទី៤៨ ថ្ងៃនេះ ក៏មិនខុសពីលើកមុនៗ ដែរ មានការឃ្លាំមើលពីមន្ត្រីសិទ្ធិមនុស្ស តំណាងអង្គការសហប្រជាជាតិ តំណាងអង្គទូត និងមន្ត្រីសង្គមស៊ីវិល។ ចំណែកនៅក្រៅរបងតុលាការក៏មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណ ៣០នាក់ និងមានការរឹតបន្តឹងសុន្តិសុខពីក្រុមសន្តិសុខផងដែរ។ តុលាការនឹងជំនុំជម្រះក្ដីសំណុំរឿងលោក កឹម សុខា បន្តទៀត នៅថ្ងៃពុធ ទី២០ ខែកក្កដា សប្ដាហ៍ក្រោយ៕
2 comments:
Whether he's found guilty or not depends on whether he's willing to kiss Hun Sen's ass or not.
Ah Kanteur Kdor Kley Choy Min Reus Mouk Kem Sokha Euy !!
I am so sick to see your face Ah Kanteur.
Ah Sen York Ah Kha Touv Tveu Kdor Ey Kor Tveu Touv.
Post a Comment