Wednesday, 13 July 2022

តុលាការ​ក្រុង​ភ្នំពេញ​បន្ត​​​សាកសួរ​​លោក កឹម សុខា ជុំ​​ទី​៤៨


Khmer Circle
 
Even the regime's appointed judges are being made to look more and more absurd and beyond incompetent the longer this show trial goes on.
 
If only Mr Kem Sokha's alleged lurid private life was enough on which to convict him for high treason or crime against the state or something. Mind you, a former opposition leader in Malaysia had had his matress forensically examined for traces of acts of sodomy! Whatever sodomy is...  

^^^
ដោយ អាស៊ីសេរី
2022.07.13
តុលាការ​ក្រុង​ភ្នំពេញ​បន្ត​​​សាកសួរ​​លោក កឹម សុខា ជុំ​​ទី​៤៨  
 
ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា មកសវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៣ កក្កដា ២០២២។
 រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សំណុំរឿង​ក្បត់ជាតិ​របស់​មេបក្ស​ប្រឆាំង តំណាង​អយ្យការ​ចាប់​ផ្ដើម​ចោទសួរ​ពី​ទំនាក់ទំនង​រវាង កឹម សុខា ស្ថានទូត​ប្រទេស​មហាអំណាច ក្នុង​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ឆ្នាំ២០១៣ កន្លង​ទៅ។ ទោះ​យ៉ាង​ណា​ក្ដី លោក កឹម សុខា មិន​បាន​ឆ្លើយ​សំនួរ​តំណាង​អយ្យការ​នោះ​ទេ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា ត្រឹម​ការ​ជួប​ជួប​តំណាង​ទូត​ណាមួយ​មិន​អាច​រាប់​ចូល​ជា​បទ​ល្មើស​ឡើយ។

សវនាការ​ទី៤៨ ថ្ងៃ​ទី១៣ ខែ​កក្កដា​នេះ តំណាង​អយ្យការ និង​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា នៅ​តែ​ជជែក​តាំងតឹង​សរសៃ​ក​ដាក់​គ្នា​ដដែល។ ការ​តឹងសរសៃ​ក​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​សវនាការ​កត់​សម្គាល់​ថា ព្រោះ​តំណាង​អយ្យការ​តាំង​សំណួរ​ឆ្ងាយ​ពី​បទ​ចោទ​ ដែល​ហាក់​មាន​ចេតនា​អូស​បន្លាយ​សំណុំរឿង​នេះ​​ឲ្យ​ស៊ី​ពេល​កាន់តែ​យូរ​ថែម​ទៀត។

មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ម្នាក់​គឺ លោក ចាន់ ចេន ឲ្យ​ដឹង​ក្រោយ​ចប់​សវនាការ​ថា តំណាង​អយ្យការ​បាន​តាំង​សំនួរ​យ៉ាង​ក្ដៅ​គគុក​លើលោក កឹម សុខា ហាក់​បី​ដូច​ជា​គ្រប់​រឿង​ទាំង​អស់​ទម្លាក់​ឲ្យ​លោក កឹម សុខា ទទួល​ខុស​ត្រូវ​តែ​ម្នាក់​ឯង។

 

លោក​ឲ្យដឹង​ទៀត នៅ​ចុងម៉ោង​តំណាង​អយ្យការ​បាន​យក​វីដេអូ​ នៃ​ការ​ថ្លែង​របស់​លោក កឹម សុខា ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ឆ្នាំ២០១៣ ដែល​កាល​នោះ​លោក កឹម សុខា ថ្លែង​ថា ក្រោយ​ជួប​បាតុករ លោក​នឹង​ទៅ​តំណាង​ទូត​ប្រទេស​មហាអំណាច។ ត្រង់​ចំណុច​នេះ តំណាង​អយ្យការ​ព្យាយាម​ដេញដោល​ឲ្យ​លោក កឹម សុខា បញ្ជាក់​ថា តើ​លោក​ទៅ​ជួប​ទូត​មួយ​ណា? ទោះ​យ៉ាង​ណា​ក្ដី លោក កឹម សុខា មិន​បាន​ឆ្លើយ​សំណួរ​តំណាង​អយ្យការ​នោះ​ទេ។ មេបក្ស​ប្រឆាំង​រូប​នេះ ត្រឹម​ប្រាប់​តំណាង​អយ្យការ​ថា គ្រប់​ទូត​នៅ​កម្ពុជា គឺ​ជា​មិត្ត​របស់​កម្ពុជា ហើយ​ការ​ដែល​លោក​ជួប​តំណាង​អង្គទូត​ណា​មួយ ក៏​មិន​ខុស​ច្បាប់​ដែរ៖ «សរុប​មក​វិញ​គឺ បណ្ដា​អង្គទូត​នោះ​គេ​មក​ជួយ​កម្ពុជា មិន​មែន​ជា​សត្រូវ​កម្ពុជា​ទេ។ ដើម្បី​ថែរក្សា​មុខមាត់​អង្គទូត​ឯកឧត្តម កឹម សុខា គាត់​មិន​បាន​បញ្ជាក់​ទេ​ថា ទូត​ឈ្មោះ​អ្វី​ដែល​បាន​ជួប​ជាមួយ​គាត់​ទេ សូម​បញ្ជាក់​ថា ឯកឧត្តម កឹម សុខា ក្ដី ប្រជាពលរដ្ឋ​ខ្មែរ​ក្ដី​អ្នក​នយោបាយ​ក្ដី ដែល​បាន​ជួប​ជាមួយ​បណ្ដា​អង្គទូត​មិន​មែន​ជា​រឿង​ខុស​ច្បាប់​ទេ»

ទាក់ទង​រឿង​នេះ​ដែរ មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ម្នាក់​ទៀត គឺ​លោក ផែង ហេង ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​​​ ការ​ចាប់​ខ្លួន​ និង​​ការ​ចោទប្រកាន់ លោក កឹម សុខា គឺសមត្ថកិច្ច​តែង​ភ្ជាប់​សហរដ្ឋអាមេរិក​ ទៅ​នឹង​សំណុំរឿង​លោក​ កឹម​ សុខា។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស កាល​ពី​ខែ​ឆ្នាំ២០១៧ កន្លង​ទៅ។ ទោះ​យ៉ាង​ណា​ក្ដី ជិត ៥ឆ្នាំ​មក​នេះ តុលាការ​រក​មិន​ទាន់​ឃើញ​ថា លោក កឹម សុខា មាន​ទោស​នៅ​ឡើយ​ទេ ទោះ​ជា​គណបក្ស​របស់​លោក ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល ក្រោយ​ពី​ការ​ចោទ​ប្រកាន់​ថា លោក កឹម សុខា បាន​រួម​គំនិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា បើ​ចង់​ដឹង​រដ្ឋ​បរទេស​ណា​ ឃុបឃិត​ជាមួយ​លោក កឹម សុខា ក្នុង​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល គឺ​មាន​ក្នុង​វីដេអូ​នៃ​ការ​ថ្លែង​របស់​លោក​នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ឆ្នាំ២០១៣។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​អះអាង​ទៀត មក​ដល់​ដំណាក់កាល​នេះ​ មិន​អាច​មាន​ការ​ចរចា​ណាមួយ​ដើម្បី​បញ្ចប់​​សំណុំរឿង​បាន​ឡើយ៖ «ព្រោះ​រឿង​ធ្លាក់​ដល់​ដៃ​តុលាការ​ហើយ បើ​ចង់​ចរចា​គ្នា​ពិភាក្សា​គ្នា យ៉ាង​ម៉េច​ឲ្យ​រឿង​ធ្លាក់​ដល់​ដៃ​តុលាការ បើ​កាល​មុន​នឹក​អ៊ីចឹង មាន​ទៅ​ដល់​ដៃ​តុលាការ​អី ប៉ុន្តែ​នឹក​មិន​ឃើញ​ដល់​គុណ​ការ​ហើយ​បាន​ធ្វើ​ឯង​នឹក​ឃើញ​រឿង​ចរចា»

ទោះ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​លើក​ឡើងពី​ភស្តុតាង​ដាក់​បន្ទុក​លោក កឹម សុខា បែប​នេះ​ក្ដី ប៉ុន្តែ​ លោក កឹម សុខា ធ្លាប់​ថ្លែង​ប្រាប់​តុលាការ​ពីការ​និយាយ​របស់​លោក​ជាង​មួយ​ម៉ោង នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ២០១៣ ជា​ការ​ថ្លែង​ជា​សាធារណៈ។ លោក កឹម សុខា ក៏​ធ្លាប់​ជំរុញ​ទៅ​តុលាការ​ឲ្យ​ឃើញ​ថា សកម្មភាព​សម្ងាត់​របស់​លោក​មួយ​ណា​ដែលជា​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល លោក ហ៊ុន សែន។

ទាក់ទង​រឿង​នេះ​ដែរ មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក យី សុខសាន្ត ដែល​ចូល​ឃ្លាំមើល​ក្នុង​បន្ទប់​សវនាការ​សង្កេត​ឃើញ​ថា តំណាង​អយ្យការ​នៅ​តែ​ព្យាយាម​សួរ​សំនួរ​មិន​ទាក់ទង​អង្គហេតុ​មក លោក កឹម សុខា។ លោក​យល់​ថា​ នេះ​ជា​ការខ្ជះខ្ជាយ​ពេល​វេលា និង​ធ្វើ​ឲ្យ​សំណុំរឿង​មួយ​នេះ​ស៊ីពេល​កាន់​តែ​យូរ​ថែម​ទៀត។ លោក​យល់​ថា លោក កឹម សុខា គឺ​ជា​មេ​ដឹកនាំ​គណបក្ស​នយោបាយ និង​ធ្លាប់​ធ្វើ​ជា​អនុប្រធាន​រដ្ឋសភា ដូច្នេះ​ បើលោក កឹម សុខា ជួប​តំណាង​ទូត​ណា​មួយ​មិន​មែន​ជា​ការប្រព្រឹត្តិ​បទ​ល្មើស​ឡើយ៖ «ជួប​មហាអំណាច​ មហាអំណាច​គាំទ្រ​យើង​ ហើយ​គ្រាន់​តែ​រឿង​ពាក្យ​អ៊ីចឹង​មិន​មែន​ខុស​ច្បាប់ គ្មាន​ទោស​ទេ មាន​ទោស​ទាល់តែ​គាត់ (លោក កឹម សុខា) ទៅ​បង្កើត​ស្អី​មួយ​ទៅ​ប្រកូកប្រកាស​ធ្វើ​ទៅ​ផែនការ​ស្អី​មួយ​ឲ្យ​ប្រទេស​ហ្នឹង​មាន​អសន្តិសុខ​ស្អី​មួយ​បាន​មាន​ទោស​ ហើយ​គ្រាន់​ថា​ ទៅ​និយាយ​ជាមួយ​អ្នក​នេះ​ទៅ​និយាយ​ជាមួយ​អ្នក​នោះ​ ហើយ​ថ្មីៗ នេះ​ខ្ញុំ​ឃើញ​ជួប​អ្នក​ប្ដឹង​ ខ្ញុំ​និយាយ​ឲ្យ​អស់​ ជួប​សម្ដេច (លោក ហ៊ុន សែន) នៅ​ពេល​បុណ្យ​ទាន​ បុណ្យ​សព​អី​ តើ​នេះ​ខុស​ច្បាប់​ដែរ​អត់​នេះ​ជា​សំនួរ​ដែល​ខ្ញុំ​សួរ​ណា»

ដូចគ្នាទៅនឹងការលើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ​ដែរ ក្រោយ​ចេញ​តុលាការ លោក កឹម សុខា បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា​ដដែល​នេះ​ថា លោក​បាន​ជួប​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា។ លោក​​កត់​សម្គាល់​ឃើញ​ថា ប្រទេស​ប្រជាធិបតេយ្យ​នៅ​តែ​ចាត់​ទុក​កម្ពុជា ជា​មិត្ត និង​ចង់​បន្ត​ជួយ​កម្ពុជា ដោយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ដដែល។

សវនាការ​លើក​ទី៤៨ ថ្ងៃ​នេះ ក៏​មិន​ខុស​ពី​លើក​មុនៗ ដែរ មាន​ការ​ឃ្លាំមើល​ពី​មន្ត្រី​សិទ្ធិមនុស្ស តំណាង​អង្គការ​សហប្រជាជាតិ តំណាង​អង្គទូត និង​មន្ត្រី​សង្គមស៊ីវិល។ ចំណែក​នៅ​ក្រៅ​របង​តុលាការ​ក៏​មាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ៣០នាក់ និង​មានការ​រឹតបន្តឹង​សុន្តិសុខ​ពី​ក្រុម​សន្តិសុខ​ផង​ដែរ។ តុលាការ​នឹង​ជំនុំជម្រះ​ក្ដី​សំណុំរឿង​លោក កឹម សុខា បន្ត​ទៀត នៅ​ថ្ងៃ​ពុធ ទី២០ ខែ​កក្កដា​ សប្ដាហ៍​ក្រោយ៕

 

2 comments:

Anonymous said...

Whether he's found guilty or not depends on whether he's willing to kiss Hun Sen's ass or not.

Anonymous said...

Ah Kanteur Kdor Kley Choy Min Reus Mouk Kem Sokha Euy !!
I am so sick to see your face Ah Kanteur.
Ah Sen York Ah Kha Touv Tveu Kdor Ey Kor Tveu Touv.