ដោយ ថា ថៃ
2022.08.06
ព្រឹទ្ធសភាឯកបក្សបោះឆ្នោតអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកព្រឹទ្ធសភា
ព្រឹទ្ធសភាឯកបក្សបោះឆ្នោតអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៅថ្ងៃទី៥ ខែសីហា ដោយគ្មានការកែប្រែ ក្រោយទទួលបានសេចក្ដីព្រាងច្បាប់ដែលអនុម័តដោយរដ្ឋសភា ដូចតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះយ៉ាងណាក្ដី គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល និងសាធារណៈជនទូទៅនៅតែយល់ថា ការកែរដ្ឋធម្មនុញ្ញនេះ គឺកាត់បន្ថយអំណាចសភា និងប៉ះពាល់ដល់ប្រព័ន្ធសភានិយមអាស្រ័យធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ដើម្បីពង្រឹងអំណាចបក្ខពួកលោក ហ៊ុន សែន។
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅថ្ងៃទី៥ ខែសីហាឱ្យដឹងថា សេចក្ដីព្រាងច្បាប់កែរដ្ឋធម្មនុញ្ញលើកទី១០ ត្រូវបានព្រឹទ្ធសភាឯកបក្សសំឡេងចំនួន៥៧ នៃសមាជិកព្រឹទ្ធសភាទាំងមូលបានអនុម័តដោយគ្មានការកែប្រែអ្វីនោះទេ។ តាមនីតិវិធី ក្រោយព្រឹទ្ធសភាអនុម័តរួចហើយ នោះសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ នឹងបញ្ជូនទៅព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ។
ការអនុម័តសេចក្ដីព្រាងច្បាប់នេះ គឺបន្ទាប់ពីរដ្ឋសភាឯកបក្សបានបោះឆ្នោតជាឯកច្ឆន្ទដោយសំឡេង១០៥ លើ១០៦ គាំទ្រសេចក្ដីព្រាងកែរដ្ឋធម្មនុញ្ញ ដោយគ្មានការកែប្រែដូចតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយរដ្ឋសភាបានផ្ញើសេចក្ដីព្រាងច្បាប់នេះទៅព្រឹទ្ធសភាភ្លាមៗ ដោយសំអាងថាច្បាប់នេះចែងថាជាការប្រញាប់។
ទោះយ៉ាងណា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីរដ្ឋាភិបាលឯកបក្ស និងឆាប់រហ័សនេះ គណបក្សនយោបាយ អង្គការសង្គមស៊ីវិលយល់ថា មិនមានផលប្រយោជន៍អ្វីសម្រាប់ពលរដ្ឋ និងសង្គមជាតិឡើយ។ ពួកគេថាបារម្ភថា សេចក្ដីព្រាងច្បាប់នេះនឹងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់ចុះ ជាពិសេស កាត់បន្ថយអំណាចសភា និងប៉ះពាល់ដល់ប្រព័ន្ធសភានិយមអាស្រ័យធម្មនុញ្ញ។ មតិភាគច្រើនយល់ថា គោលបំណងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺគ្រាន់តែ ដើម្បីបង្កើនឥទ្ធិពលនយោបាយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបើកផ្លូវឱ្យកូនប្រុសច្បងរបស់លោកបន្តតំណែងនាយករដ្ឋមន្ត្រីពីលោកដោយរលូន។
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា យល់ថាការវិសោធនកម្មរដ្ឋធម្មនុញ្ញដោយប្រញាប់ប្រញាល់គ្រាន់តែរកមធ្យោបាយការពារអំណាចផ្ទៃក្នុងរបស់បក្សកាន់អំណាចតែប៉ុណ្ណោះ។ លោកបញ្ជាក់ថាខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នោះមិនការពារដល់ផលប្រយោជន៍ជាតិនោះទេ ប៉ុន្តែលោកថា ករណីនេះមិនចម្លែកទេការដែលតំណាងរាស្ត្រឯកបក្សលើកដៃអនុម័តមិនខ្វល់ពីមតិរិះគន់ពីសាធារណៈជន ព្រោះសភាពឯកបក្សកន្លងមកមិនអាចដោះស្រាយសំណើ និងទុក្ខលំបាក ឬបញ្ចេញប្រតិកម្មពេលពលរដ្ឋមានបញ្ហាក្រោមការដឹកនាំរបស់គណបក្សខ្លួនបានទេ៖ «ប្រទេសកម្ពុជាបើសិននៅតែបន្តដឹកនាំបែបឯកបក្សនោះ មិនខុសអ្វីដែលងាកទៅរកលទ្ធិកុម្មុយនិស្តទេ ខ្ញុំយល់ថា វាគ្រោះសម្រាប់ប្រទេសជាតិណាស់ ដូច្នេះហើយពួកខ្ញុំក្នុងនាមគណបក្សប្រឆាំងខិតខំធ្វើមិចឱ្យមានតំណាងពួកយើងនៅក្នុងសភា ដើម្បីយើងបង្កើតការតវ៉ា ដើម្បីផលប្រយោជន៍ជាតិយើងបន្តទៅមុខទៀត»។
ចំណែកអគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក លើកឡើងថា សេចក្ដីព្រាងច្បាប់កែរដ្ឋធម្មនុញ្ញលើកទី១០ ដ៏ចម្រូងចម្រាសនេះនឹងសម្រេចតាមបំណងចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈស្ថាប័ននីតិបញ្ញត្តិទាំងអស់គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។ យ៉ាងណាក្ដីលោកថា ព្រឹទ្ធសភាមិនគួរអនុម័តធ្វើពិសោធកម្មរដ្ឋធម្មនុញ្ញនោះទេ ព្រោះលោកបារម្ភថា សេចក្ដីព្រាងច្បាប់នេះនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់របបសភានិយម លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងកាត់បន្ថយអំណាចតំណាងរាស្ត្រ ហើយបង្កើនអំណាចលើសលប់ទៅរដ្ឋាភិបាលវិញ៖ «ទាំងគណបក្សនយោបាយ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលមិនចង់ឃើញច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ចេញជារូបរាងឡើងទេ ពីព្រោះទីមួយកាត់បន្ថយរបបសភានិយម ទីពីរធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាកាន់តែដើរថយក្រោយ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់របបនយោបាយហៅថា របបសេរីពហុបក្ស»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់អះអាងថា ការស្នើកែរដ្ឋធម្មនុញ្ញ ដើម្បីបំពេញខ្វះចន្លោះ ចំណុចខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងធានាការពារ «ឧត្ដមប្រយោជន៍» របស់ជាតិ និងប្រជាជន ជាពិសេស ការធានាឱ្យស្ថាប័នរដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង ប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ។
លោករដ្ឋមន្ត្រី កើត រិទ្ធ ថែមទាំងបានប្រកាសឱ្យអ្នកមិនពេញចិត្តនឹងការកែច្បាប់នេះ ចូលទៅស្ដាប់ក្រសួងបកស្រាយពីរឿងនេះបន្ថែមទៀតនៅដើមខែសីហានេះ។
ប៉ុន្តែសម្រាប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងសាធារណជនទូទៅចាត់ទុកទង្វើរបស់ក្រសួងយុត្តិធម៌ថា ពុំបានបង្ហាញពីនីតិវិធីត្រឹមត្រូវក្នុងការតាក់តែងច្បាប់ឡើយ ព្រោះការប្រមូលមតិនានា គួរធ្វើឡើងនៅមុនច្បាប់អនុម័ត មិនមែនច្បាប់អនុម័តហើយ ទើបបើកឱ្យអ្នកមានមតិមិនស្របទៅជួបបែបនេះឡើយ។
ទាក់ទងរឿងនេះ គណបក្សសង្គ្រោះជាតិចាត់ទុកការអនុម័តសេចក្ដីព្រាងច្បាប់ដោយសភាឯកបក្ស ថា ជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដើម្បីបំពេញមហិច្ឆតាផ្ទេរអំណាចនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន បើកផ្លូវឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ជាមួយគ្នានេះគណបក្សនេះ ទូលថ្វាយសុំទៅព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី សូមទ្រង់កុំឡាយព្រះហស្តលេខាលើ ច្បាប់កែរដ្ឋធម្មនុញ្ញនេះ ព្រោះការកែច្បាប់នេះគ្រាន់តែជាខែល ដើម្បីការពារអំណាចគ្រួសារលោក ហ៊ុន សែន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ឯកភាពជាតិ និងនិរន្តរភាពជាតិ៕
1 comment:
Khmer people should be fighting for a conpreshensive reform of the NEC before the 2023 election.
Time is flying. Start doing something before it is too late. If they are so scared to die, they must not participate in the election and let the crazy dog Hun Sen continues his reign of terror over Cambodia.
Post a Comment