Saturday, 6 August 2022

លោក ហ៊ុន សែន បញ្ចុះបញ្ចូល​ឲ្យ​អាមេរិក និង​អឺរ៉ុប​ពិចារណា​ឡើងវិញ​នូវ​ទណ្ឌកម្ម​លើ​រុស្ស៊ី​ដែល​ឈ្លានពាន​អ៊ុយក្រែន


ដោយ សេក បណ្ឌិត
2022.08.05
លោក ហ៊ុន សែន បញ្ចុះបញ្ចូល​ឲ្យ​អាមេរិក និង​អឺរ៉ុប​ពិចារណា​ឡើងវិញ​នូវ​ទណ្ឌកម្ម​លើ​រុស្ស៊ី​ដែល​ឈ្លានពាន​អ៊ុយក្រែន 

ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អែនតូនី ប៊ី្លងឃិន (Antony Blinken) កាល​ពី​ថ្ងៃ​ទី៤ សីហា ២០២២។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ប្រធាន​អាស៊ាន​ប្តូរ​វេន លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា ស្នើ​ឲ្យ​អាមេរិក និង​អឺរ៉ុប ពិចារណា​ឡើងវិញ អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន។

លោក ហ៊ុន សែន លើក​ហេតុផល​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ មិន​ប៉ះពាល់​ដល់​រុស្ស៊ី​តែមួយ​នោះ​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទាំង​សេដ្ឋកិច្ច សង្គម​ទាំង​នៅ​អឺរ៉ុប និង​ទូទាំង​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​ដែរ។

ការ​លើកឡើង​បែប​នេះ ខណៈ​លោក​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អែនតូនី ប៊ី្លងឃិន (Antony Blinken) និង​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស និង​សន្តិសុខ នយោបាយ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ចូសិប បូររែល ហ្វុនតេលលេស (Josep Borrll Fontelles) នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​សីហា។
Antony_Blinken_HS_FB_080422_5.jpg
 

(ឆ្វេងទី៤) ​លោក ហ៊ុន សែន និង​ (ស្ដាំទី២) លោក អែនតូនី ប្លីងខិន (Antony J. Blinken) រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក ក្នុង​ជំនួន​ពិភាក្សា​ការងារ កាលពី​ថ្ងៃទី៤ ខែ​សីហា​ ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន



នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃទី៤ ខែ​សីហា​។ លោក ហ៊ុន សែន មិន​បាន​ឱ្យ​ដឹង​ថា តើ​ភាគី​អាមេរិក និង​សហភាព​អឺរ៉ុប​ឆ្លើយតប​យ៉ាងណា​ទៅ​នឹង​សំណើ​របស់​លោក​នេះ​ទេ។

ក៏ប៉ុន្តែ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អែនថូនី ប៊ី្លងឃិន បាន​សរសេរ​នៅ​លើ​ទំព័រ​ទ្វីតធ័រ (Twitter) របស់​លោក​កាល​ពី​ដដែល​នោះ​ថា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​កំពុង​ធ្វើការ​រួមគ្នា​ដើម្បី​គាំទ្រ​ដល់​ប្រជាជន​អ៊ុយក្រែន ខណៈ​តម្រូវ​ឱ្យ​ប្រទេស​រុស្ស៊ី​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​ឈ្លានពាន​របស់​ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយក្រែន។ រីឯ លោក ចូសិប បូររែល វិញ លោក​សរសេរ​នៅ​លើ​ទំព័រ​ទ្វីតធ័រ​របស់​លោក​ថា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​ឱ្យ​រុស្ស៊ី​បញ្ឈប់​អំពើ​វាយប្រហារ​របស់​ខ្លួន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

ដោយឡែក ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​ឱ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្សាយ​កាលពី​ថ្ងៃទី​៤ ខែ​សីហា ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន សែន រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អែនតូនី ប៊ី្លងឃិន បាន​ជំរុញ​ឱ្យ​លោក ហ៊ុន សែន បើក​លំហ​សង្គម​ស៊ីវិល និង​នយោបាយ​ឡើងវិញ​នៅមុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ខាងមុខ​នេះ និង​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា តាមរយៈ​ការធានា​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ដោយ​សេរី ក្នុង​ដំណើរការ​នយោបាយ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ក៏បាន​ទាមទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​សកម្មជន​នយោបាយ​ទាំងអស់​រួម​ទាំង កញ្ញា សេង ធារី ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ផង​ដែរ។ ក្រៅ​ពី​នេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ បាន​ស្នើ​លោក ហ៊ុន សែន ឱ្យ​បង្ហាញ​តម្លាភាព​ពេញលេញ​ពាក់ព័ន្ធ​នឹង​សកម្មភាព​នានា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម។

លោក​គូស​ព្រមាន​ថា វត្តមាន​ផ្ដាច់មុខ​ណាមួយ​របស់​ចិន​នៅ​ទីនោះ នឹង​ប្រឈម​នឹង​ហានិភ័យ​ធ្វើ​ឱ្យ​ខូចខាត​ដល់​អធិបតេយ្យ​កម្ពុជា សន្តិសុខ​ក្នុង​តំបន់ និង​ការ​ឯកភាព​គ្នា​របស់​អាស៊ាន​ទាំងមូល៕

1 comment:

Anonymous said...

The evil Vietnam was genius at finding an idiot named Hun Sen who has willingly complied to all Yuon's commands.
Presently, Ah Kwack Hun Sen sells part of Cambodia to Shy Na ( lion paper ) in order to keep his regime alive.