ដោយ យ៉ង ចាន់តារា
2022.08.13
ផ្ទះពលរដ្ឋបាក់ចូលជ្រាំងទន្លេបាសាក់ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សកម្មជនបរិស្ថាន និងជាស្ថាបនិកចលនាមាតាធម្មជាតិ រិះគន់លើការលើកឡើងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលរូបនេះអះអាងថា ការបូមខ្សាច់ជាការជួយសម្រួលដល់ផ្លូវនាវាចរណ៍ និងដើម្បីជួយទប់ស្កាត់ការបាក់ច្រាំងទន្លេ។ សកម្មជនបរិស្ថានរូបនេះ ស្នើឱ្យក្រសួងរ៉ែ និងថាមពលបង្ហាញរបាយការណ៍ និងភស្តុតាងបញ្ជាក់លើការអះអាងរបស់ខ្លួន ខណៈការបូមខ្សាច់ត្រូវបានស្ថាប័នជំនាញអន្តរជាតិសិក្សាឃើញថាមានផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាជន។
សកម្មជនបរិស្ថាន បញ្ចេញមតិជំទាស់ថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា កាលពីថ្ងៃទី៩ ខែសីហា ដែលថារាល់ការអនុញ្ញាតឱ្យមានអាជីវកម្មបូមខ្សាច់ ត្រូវបានឆ្លងកាត់ការសិក្សាច្បាស់លាស់ ខណៈការបូមខ្សាច់នេះក៏បានជួយសម្រួលដល់ផ្លូវនាវាចរ និងជួយទប់ស្កាត់កុំឱ្យបាក់ច្រាំងនោះ គឺជាការកុហកបោកប្រាស់ និង គ្មានភស្តុតាងច្បាស់លាស់។
ស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងនៅថ្ងៃទី១២ សីហាថា ក្រសួងរ៉ែ និងថាមពលតែងតែលើកឡើងនូវពាក្យបែបនេះច្រើនដងមកហើយ ដែលប្រៀបដូចជាការច្រៀងនូវបទចម្រៀងដដែលៗ ទោះបីស្ថាប័នអន្តរជាតិដែលមានជំនាញក្នុងរឿងនេះ សិក្សាឃើញថាការបូមខ្សាច់ពិតជាផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតំបន់នោះពិតប្រាកដមែន។ លោកថា បើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ស្ថាប័នជំនាញនិងឯករាជ្យ ការបូមខ្សាច់បានធ្វើឱ្យប៉ះពាល់ទៅដល់ជីវិតមច្ឆជាតិក្នុងទន្លេ ហើយជះឥទ្ធិពលទៅលើទិន្នផលនេសាទរបស់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះ ការបូមខ្សាច់បានធ្វើឱ្យប៉ះពាល់ដល់ច្រាំងទន្លេ និងបណ្ដាលឱ្យមានការបាក់ច្រាំងជាបន្តបន្ទាប់នៅតំបន់ដែលមានអាជីវកម្មបូមខ្សាច់ដែលសកម្ម។ ការបាក់ច្រាំងបានប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ ហើយខ្លះត្រូវបាត់បង់ផ្ទះសម្បែងទាំងស្រុងដោយសារបាក់ស្រុតដីចូលក្នុងទន្លេ។ លោកបន្ថែមថា ទោះបីក្រសួងធនធានទឹកនិងឧតុនិយម ធ្លាប់បានលើកឡើងពីបញ្ហានេះថា មានផលប៉ះពាល់ពិតប្រាកដក្ដី ក៏លោកនៅតែឃើញមានអាជីវកម្មខ្សាច់មួយចំនួននៅតែបន្តសកម្មភាពបូមយ៉ាងអានាធិបតេយ្យ តាមរយៈការចេញអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល។
លោក អាឡិច ជំរុញឱ្យក្រសួងរ៉ែ និងថាមពល បង្ហាញឯកសារពាក់ព័ន្ធ របាយការណ៍ និងការវាយតម្លៃពីផលប៉ះពាល់ អ៊ីអាយអេ EIA (Environmental Impact Assessment) ប្រសិនបើក្រសួងមួយនេះអះអាងថា ការបូមខ្សាច់ពិតជាគ្មានផលប៉ះពាល់ដូចការលើកឡើងរបស់ខ្លួន៖ «បើសិនជាយើងកុហកគេ ហើយគេជឿអាហ្នឹងអូខេ តែករណីហ្នឹងគឺកុហកយើងសុទ្ធសាធ ហើយគ្មាននរណាជឿទៀត។ អ៊ីចឹងខ្ញុំលើកទឹកចិត្តឱ្យក្រសួងរ៉ែនិងថាមពលហ្នឹង គឺដូរបទចម្រៀងទៅ ពីព្រោះអារឿងដែលថាបូមខ្សាច់ជួយសម្រួលដល់ផ្លូវនាវាចរហ្នឹង ឱ្យទុកធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដើម្បីឱ្យមានសុវត្ថិភាពជាងមុន ហើយកុំឱ្យបាក់ច្រាំងច្រើនពេក អាហ្នឹងគឺសាំ ហើយក៏អត់មាននរណាជឿទេ គេខ្ពើម!»។
ការបូមខ្សាច់បានធ្វើឱ្យបាក់ច្រាំង និងប៉ះពាល់ដល់ពលរដ្ឋជាច្រើនគ្រួសារ ជាក់ស្ដែងនៅក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។
ពលរដ្ឋមួយរូប លោកស្រី អាត់ គីមអេង ឱ្យដឹងថាបច្ចុប្បន្នផ្ទះលោកស្រីកំពុងបាក់ស្រុតជាបណ្ដើរៗចូលទៅក្នុងទន្លេ ទោះបីមានការទប់ស្កាត់អស់ជាច្រើនលើកច្រើនសាក្ដី។ លោកស្រីឱ្យដឹងបន្តថា កាលដើមឡើយប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយច្រាំងទន្លេមិនដែលមានបញ្ហាបាក់ស្រុតដីអ្វីឡើយ លើកលែងតែលំនៅឋានដែលមានទីតាំងស្ថិតនៅចំណុចកែងមានទឹកហូរបុកខ្លាំងទើបបាក់ច្រាំងនោះទៅ។ លោកស្រីអះអាងថា ផ្ទះលោកស្រីស្ថិតនៅត្រង់កន្លែងដែលមិនប្រឈមនឹងបញ្ហាខ្សែទឹកនោះទេ ប៉ុន្តែបែរជាត្រូវរងគ្រោះបាក់ស្រុតដីផ្ទះទៅវិញ។ ពលរដ្ឋរូបនេះយល់ឃើញថា បញ្ហាដែលកើតឡើងគឺបណ្ដាលមកពីការបូមខ្សាច់ ដែលធ្វើឱ្យដីមានស្ថានភាពរូងក្នុង គ្មានជន្ទល់ការពារ ហើយចាប់ផ្ដើមបាក់ស្រុតបន្តិចម្ដងៗដូចស្ថានភាពផ្ទះលោកស្រីនៅពេលនេះ។ លោកស្រីអំពាវនាវឱ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធពិនិត្យទៅលើសកម្មភាពបូមខ្សាច់នេះឱ្យមានហ្មត់ចត់ ដើម្បីកុំឱ្យប៉ះពាល់ដល់ពលរដ្ឋបន្តទៅទៀត៖ «ផ្ទះខ្ញុំផ្ទាល់ឥឡូវស្រុតទៅក្រោមបាត់ហើយ។ កាលណាតែវាបូមវារូងដីខាងក្រោម វាស្រុតចុះក្រោម មានដីមានជើងឯណានៅ (ទប់) បើបូមមួយថ្ងៃៗរាប់សិបស្រឡាងយ៉ាងហ្នឹង។ ប្រជាពលរដ្ឋគិតថាមកពីបូម (ខ្សាច់) ហ្នឹងបានបាក់ដី តែយើងនិយាយទៅគេ (រដ្ឋាភិបាល) អត់យល់តាមយើង គេថាមកពីចរន្តទឹកបុកបានបាក់ (ច្រាំងទន្លេ)»។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បីសុំការឆ្លើយតបនឹងការរិះគន់នេះបាននៅឡើយទេ នៅថ្ងៃទី១២ សីហា
ទោះជាយ៉ាងណា នៅក្នុងពេលធ្វើបទបង្ហាញលទ្ធផលការងាររបស់ ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៩ ខែសីហា លោក អ៊ឹង ឌីប៉ូឡា បានលើកឡើងថា ក្រសួងរ៉ែ និងថាមពលបានធ្វើការស្រាវជ្រាវច្បាស់លាស់ មុននឹងផ្ដល់អាជ្ញាប័ណ្ណបូមខ្សាច់ដល់ក្រុមហ៊ុននីមួយៗ។ លោកថា ក្រសួងបានផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនបូមខ្សាច់ត្រឹមតែ៣ភាគរយ (៣%) ឬស្មើនឹង២ពាន់ហិកតារ (២,០០០ហិកតារ) តែប៉ុណ្ណោះ បើប្រៀបនឹងផ្ទៃទឹកទន្លេ និងស្ទឹងក្នុងប្រទេសកម្ពុជា។ លោកអះអាងទៀតថា ការបូមខ្សាច់បានជួយសម្រួលដល់ផ្លូវនាវាចរ និងជាវិធានការជួយទប់ស្កាត់កុំឱ្យបាក់ច្រាំងទន្លេផងដែរ៖ «ការដែលយើងចេញ (អាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់) គឺយើងត្រួតពិនិត្យច្បាស់លាស់ណាស់ ថាហេតុអ្វីបានយើងត្រូវចេញនៅតំបន់ណាមួយ មិនត្រឹមតែមើលទៅលើសក្ដានុពលរ៉ែទេ គឺយើងមើលទៅលើការប៉ះពាល់ដល់សង្គម មើលទៅលើបរិស្ថានហើយជាពិសេសនោះគឺជួយសម្រួលបន្ថែមទៀតទៅដល់ផ្លូវនាវាចរ។ មិនត្រឹមតែផ្លូវនាវាចរទេ យើងបូម (ខ្សាច់) ទៅគឺកាត់បន្ថយនូវការបាក់ច្រាំង»។
1 comment:
in the past, from 1979 to 2010, Ah Kwack Hun Sen has given in everything to all Yuon's demands in exchange for his stay in power.
Hun Sen's undemocratic policy alienated many countries. His government relies heavily on borrowing money from other countries to survive.
Selling Khmer natural resource is one way to keep his regime afloat.
Touv Na Khmer Min Roleuy.
Catastrophe is the result of a dumb leader named Ah Lngi Lngeu Hun Sen.
Post a Comment