Monday, 15 August 2022

សកម្មជន​បរិស្ថាន រិះគន់​ការ​លើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​បូម​ខ្សាច់​ក្នុង​ទន្លេ


ដោយ យ៉ង ចាន់តារា
2022.08.13
សកម្មជន​បរិស្ថាន រិះគន់​ការ​លើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​បូម​ខ្សាច់​ក្នុង​ទន្លេ 

ផ្ទះពលរដ្ឋបាក់​ចូលជ្រាំងទន្លេបាសាក់ នៅសង្កាត់​រកាខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី៣ ខែ​សីហា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ


សកម្មជន​បរិស្ថាន និង​ជា​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ រិះគន់​លើ​ការ​លើកឡើង​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រ៉ែ និង​ថាមពល បន្ទាប់ពី​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​អះអាង​ថា ការ​បូម​ខ្សាច់​ជា​ការ​ជួយ​សម្រួល​ដល់​ផ្លូវ​នាវាចរណ៍ និង​ដើម្បី​ជួយ​ទប់ស្កាត់​ការ​បាក់​ច្រាំងទន្លេ​។ សកម្មជន​បរិស្ថាន​រូប​នេះ ស្នើ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល​បង្ហាញ​របាយការណ៍ និង​ភស្តុតាង​បញ្ជាក់​លើ​ការ​អះអាង​របស់ខ្លួន ខណៈ​ការ​បូម​ខ្សាច់​ត្រូវ​បាន​ស្ថាប័ន​ជំនាញ​អន្តរជាតិ​សិក្សា​ឃើញថា​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​រស់នៅ​របស់​ប្រជាជន។

សកម្មជន​បរិស្ថាន បញ្ចេញមតិ​ជំទាស់​ថា ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា កាល​ពី​ថ្ងៃទី​៩ ខែ​សីហា ដែល​ថា​រាល់​ការអនុញ្ញាត​ឱ្យ​មាន​អាជីវកម្ម​បូម​ខ្សាច់ ត្រូវ​បាន​ឆ្លងកាត់​ការ​សិក្សា​ច្បាស់លាស់ ខណៈ​ការ​បូម​ខ្សាច់​នេះ​ក៏បាន​ជួយ​សម្រួល​ដល់​ផ្លូវ​នាវាចរ និង​ជួយ​ទប់ស្កាត់​កុំឱ្យ​បាក់​ច្រាំង​នោះ គឺជា​ការ​កុហក​បោកប្រាស់ និង គ្មាន​ភស្តុតាង​ច្បាស់លាស់។


ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ប្រាប់​វិទ្យុ​អាស៊ីសេរី​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១២ សីហា​ថា ក្រសួង​រ៉ែ និង​ថាមពល​តែងតែ​លើកឡើង​នូវ​ពាក្យ​បែបនេះ​ច្រើនដង​មក​ហើយ ដែល​ប្រៀប​ដូចជា​ការ​ច្រៀង​នូវ​បទ​ចម្រៀង​ដដែលៗ ទោះបី​ស្ថាប័ន​អន្តរជាតិ​ដែល​មាន​ជំនាញ​ក្នុង​រឿង​នេះ សិក្សា​ឃើញថា​ការ​បូម​ខ្សាច់​ពិតជា​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅ​តំបន់​នោះ​ពិតប្រាកដ​មែន​។ លោក​ថា បើ​យោងទៅតាម​ការសិក្សា​ស្រាវជ្រាវ​របស់​ស្ថាប័ន​ជំនាញ​និង​ឯករាជ្យ ការ​បូម​ខ្សាច់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ជីវិត​មច្ឆជាតិ​ក្នុង​ទន្លេ ហើយ​ជះឥទ្ធិពល​ទៅលើ​ទិន្នផល​នេសាទ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។ លើស​ពី​នេះ ការ​បូម​ខ្សាច់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ច្រាំងទន្លេ និង​បណ្ដាល​ឱ្យ​មាន​ការ​បាក់​ច្រាំង​ជា​បន្តបន្ទាប់​នៅ​តំបន់​ដែល​មាន​អាជីវកម្ម​បូម​ខ្សាច់​ដែល​សកម្ម​។ ការ​បាក់​ច្រាំង​បាន​ប៉ះពាល់​ទៅដល់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ ហើយ​ខ្លះ​ត្រូវ​បាត់បង់​ផ្ទះសម្បែង​ទាំងស្រុង​ដោយសារ​បាក់​ស្រុត​ដី​ចូលក្នុង​ទន្លេ​។ លោក​បន្ថែម​ថា ទោះបី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ធ្លាប់​បាន​លើកឡើង​ពី​បញ្ហា​នេះ​ថា មាន​ផល​ប៉ះពាល់​ពិតប្រាកដ​ក្ដី ក៏​លោក​នៅតែ​ឃើញ​មាន​អាជីវកម្ម​ខ្សាច់​មួយចំនួន​នៅតែ​បន្តសកម្មភាព​បូម​យ៉ាង​អានាធិបតេយ្យ តាមរយៈ​ការ​ចេញ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល។

លោក អាឡិច ជំរុញ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល បង្ហាញ​ឯកសារ​ពាក់ព័ន្ធ របាយការណ៍ និង​ការវាយតម្លៃ​ពី​ផល​ប៉ះពាល់ អ៊ីអាយអេ EIA (Environmental Impact Assessment) ប្រសិនបើ​ក្រសួង​មួយ​នេះ​អះអាង​ថា ការ​បូម​ខ្សាច់​ពិតជា​គ្មាន​ផល​ប៉ះពាល់​ដូច​ការ​លើកឡើង​របស់​ខ្លួន​​៖ «បើសិនជា​យើង​កុហក​គេ ហើយ​គេ​ជឿ​អាហ្នឹង​អូ​ខេ តែ​ករណី​ហ្នឹង​គឺ​កុហក​យើង​សុទ្ធសាធ ហើយ​គ្មាន​នរណា​ជឿ​ទៀត​។ អ៊ីចឹង​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ក្រសួង​រ៉ែ​និង​ថាមពល​ហ្នឹង គឺ​ដូរ​បទ​ចម្រៀង​ទៅ ពីព្រោះ​អា​រឿង​ដែល​ថា​បូម​ខ្សាច់​ជួយ​សម្រួល​ដល់​ផ្លូវ​នាវាចរ​ហ្នឹង ឱ្យ​ទុក​ធ្វើដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដើម្បី​ឱ្យ​មាន​សុវត្ថិភាព​ជាង​មុន ហើយ​កុំឱ្យ​បាក់​ច្រាំង​ច្រើនពេក អាហ្នឹង​គឺ​សាំ ហើយក៏​អត់​មាន​នរណា​ជឿ​ទេ គេ​ខ្ពើម!»។

​ការ​បូម​ខ្សាច់​បាន​ធ្វើ​ឱ្យ​បាក់​ច្រាំង និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាច្រើន​គ្រួសារ ជាក់ស្ដែង​នៅក្នុង​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល។

ពលរដ្ឋ​មួយ​រូប លោកស្រី អាត់ គីមអេង ឱ្យដឹង​ថា​បច្ចុប្បន្ន​ផ្ទះ​លោកស្រី​កំពុង​បាក់​ស្រុត​ជា​បណ្ដើរៗ​ចូល​ទៅក្នុង​ទន្លេ ទោះបី​មានការ​ទប់ស្កាត់​អស់​ជាច្រើនលើក​ច្រើនសា​ក្ដី​។ លោកស្រី​ឱ្យ​ដឹង​បន្ត​ថា កាលដើមឡើយ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ច្រាំងទន្លេ​មិនដែល​មាន​បញ្ហា​បាក់​ស្រុតដី​អ្វី​ឡើយ លើកលែងតែ​លំនៅឋាន​ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំណុច​កែង​មាន​ទឹក​ហូរ​បុក​ខ្លាំង​ទើប​បាក់​ច្រាំង​នោះ​ទៅ​។ លោកស្រី​អះអាង​ថា ផ្ទះ​លោកស្រី​ស្ថិត​នៅ​ត្រង់​កន្លែង​ដែល​មិន​ប្រឈម​នឹង​បញ្ហា​ខ្សែទឹក​នោះ​ទេ ប៉ុន្តែ​បែរជា​ត្រូវ​រងគ្រោះ​បាក់​ស្រុត​ដី​ផ្ទះ​ទៅវិញ​។ ពលរដ្ឋ​រូប​នេះ​យល់​ឃើញ​ថា បញ្ហា​ដែល​កើតឡើង​គឺ​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់ ដែល​ធ្វើ​ឱ្យ​ដី​មាន​ស្ថានភាព​រូង​ក្នុង គ្មាន​ជន្ទល់​ការពារ ហើយ​ចាប់ផ្ដើម​បាក់​ស្រុត​បន្តិច​ម្ដងៗ​ដូច​ស្ថានភាព​ផ្ទះ​លោកស្រី​នៅ​ពេល​នេះ​។ លោកស្រី​អំពាវនាវ​ឱ្យ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​ទៅលើ​សកម្មភាព​បូម​ខ្សាច់​នេះ​ឱ្យ​មាន​ហ្មត់ចត់ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​បន្តទៅ​ទៀត៖ «ផ្ទះ​ខ្ញុំ​ផ្ទាល់​ឥឡូវ​ស្រុត​ទៅ​ក្រោម​បាត់​ហើយ​។ កាលណា​តែ​វា​បូម​វា​រូងដី​ខាងក្រោម វា​ស្រុត​ចុះក្រោម មាន​ដី​មាន​ជើង​ឯណា​នៅ (​ទប់​) បើ​បូម​មួយថ្ងៃៗ​រាប់​សិប​ស្រឡាង​យ៉ាងហ្នឹង​។ ប្រជាពលរដ្ឋ​គិតថា​មកពី​បូម (​ខ្សាច់​) ហ្នឹង​បាន​បាក់​ដី តែ​យើង​និយាយ​ទៅ​គេ (​រដ្ឋាភិបាល​) អត់​យល់​តាម​យើង គេ​ថា​មកពី​ចរន្តទឹក​បុក​បាន​បាក់ (​ច្រាំងទន្លេ​)»។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​ការ​ឆ្លើយតប​នឹង​ការរិះគន់​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​១២ សីហា

ទោះជា​យ៉ាងណា នៅក្នុង​ពេល​ធ្វើ​បទ​បង្ហាញ​លទ្ធផល​ការងារ​របស់ ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី​៩ ខែសីហា លោក អ៊ឹង ឌី​ប៉ូ​ឡា បាន​លើក​ឡើង​ថា ក្រសួង​រ៉ែ និង​ថាមពល​បានធ្វើការ​ស្រាវជ្រាវ​ច្បាស់លាស់ មុននឹង​ផ្ដល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ដល់​ក្រុមហ៊ុន​នីមួយៗ​។ លោក​ថា ក្រសួង​បានផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​ត្រឹមតែ​៣​ភាគរយ (៣%) ឬ​ស្មើនឹង​២​ពាន់​ហិកតារ (២,០០០​ហិកតារ​) តែប៉ុណ្ណោះ បើ​ប្រៀប​នឹង​ផ្ទៃ​ទឹកទន្លេ និង​ស្ទឹង​ក្នុង​ប្រទេស​កម្ពុជា​។ លោក​អះអាង​ទៀត​ថា ការ​បូម​ខ្សាច់​បាន​ជួយ​សម្រួល​ដល់​ផ្លូវ​នាវាចរ និង​ជា​វិធាន​ការជួយ​ទប់ស្កាត់​កុំឱ្យ​បាក់​ច្រាំងទន្លេ​ផង​ដែរ៖ «ការដែល​យើង​ចេញ (​អាជ្ញាប័ណ្ណ​អាជីវកម្ម​បូម​ខ្សាច់​) គឺ​យើង​ត្រួតពិនិត្យ​ច្បាស់លាស់​ណាស់ ថា​ហេតុអ្វី​បាន​យើង​ត្រូវ​ចេញ​នៅ​តំបន់​ណាមួយ មិន​ត្រឹមតែ​មើល​ទៅលើ​សក្ដានុពល​រ៉ែ​ទេ គឺ​យើង​មើល​ទៅលើ​ការ​ប៉ះពាល់​ដល់​សង្គម មើល​ទៅលើ​បរិស្ថាន​ហើយ​ជាពិសេស​នោះ​គឺ​ជួយ​សម្រួល​បន្ថែម​ទៀត​ទៅ​ដល់​ផ្លូវ​នាវាចរ​។ មិន​ត្រឹមតែ​ផ្លូវ​នាវាចរ​ទេ យើង​បូម (​ខ្សាច់​) ទៅ​គឺ​កាត់បន្ថយ​នូវ​ការបាក់​ច្រាំង»។

1 comment:

Anonymous said...

in the past, from 1979 to 2010, Ah Kwack Hun Sen has given in everything to all Yuon's demands in exchange for his stay in power.

Hun Sen's undemocratic policy alienated many countries. His government relies heavily on borrowing money from other countries to survive.

Selling Khmer natural resource is one way to keep his regime afloat.

Touv Na Khmer Min Roleuy.

Catastrophe is the result of a dumb leader named Ah Lngi Lngeu Hun Sen.