Friday, 27 January 2023

លោក ហ៊ុន សែន បន្ត​ប្រកាស​ថា ​​​នឹង​ការពារ​មិន​ឱ្យ​មាន​​​រដ្ឋប្រហារ​ ដើម្បី​​​អភិវឌ្ឍប្រទេស​ឱ្យ​រីក​ចំរើន

Khmer Circle
 
How is he to develop the country when his ministers are having to spend more than half of their waking hours accompanying him on this ranting tour?!

^^^
 
ដោយ មាន ឫទ្ធិ
2023.01.26
លោក ហ៊ុន សែន បន្ត​ប្រកាស​ថា ​​​នឹង​ការពារ​មិន​ឱ្យ​មាន​​​រដ្ឋប្រហារ​ ដើម្បី​​​អភិវឌ្ឍប្រទេស​ឱ្យ​រីក​ចំរើន  
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃទី២៦ មករា ឆ្នាំ​២០២៣។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ កាល​ពី​ជិត​៣​ទសវត្ស​មុន បន្ត​ប្រកាស​ថា លោក​នឹង​ការពារ​ដាច់ខាត​មិន​ឱ្យ​មាន​រដ្ឋប្រហារ​ណា​មួយ​កើត​ឡើង​នៅ​កម្ពុជា​ឡើយ ដើម្បី​មាន​ឱកាស​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីក​ចំរើន​ជា​និរន្ត​ទៅមុខ។ មន្ត្រី​គណបក្ស​ប្រឆាំង​និង​អ្នកវិភាគ​នយោបាយ ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ​ថា ជា​សារ​ប្រជាភិថុតិ ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ឡើង​កាន់អំណាច​ជិត​៤០ឆ្នាំ តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា ឆ្នាំ១៩៩៧ និង​ការ​បង្ក្រាប​លើ​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នោះ ប្រកាស​ដាច់​ណាត់​មិន​ឲ្យ​មាន​អំពើ​រដ្ឋប្រហារ​កើត​ឡើង​ក្នុង​ពេល​លោក​កាន់​អំណាច​នោះ ដើម្បី​ទុក​ពេល​កសាង​ប្រទេស​ជាតិ​ឲ្យ​រីកចម្រើន។

 

លោក ហ៊ុន សែន រំលឹក​ប្រវត្តិសាស្ត្រ​ថា បើ​មិន​មាន​សង្គ្រាម​ផ្ដើម​ដោយ​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ១៩៧០​ទេ​នោះ កម្ពុជា​នឹង​រីក​ចំរើន​ខ្លាំង​ជាង​សព្វថ្ងៃ។ លោក​ថា យុវជន​ជំនាន់​មុន​រដ្ឋប្រហារ​ឆ្នាំ១៩៧០​នោះ​ទាញ​យក​ផលប្រយោជន៍​ច្រើន​ពី​សន្តិភាព ដែល​កើត​ចេញ​ពី​ការ​ដឹកនាំ​របស់​សម្ដេច នរោត្តម សីហនុ។ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា ដោយសារ​លោក លន់ នល់ បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច នរោត្តម សីហនុ ទើប​ធ្វើ​ឱ្យ​ប្រទេស​ត្រូវ​បាន​បំផ្លាញ​ដល់​ឫសគល់។ លោក ហ៊ុន សែន ថា នេះ​ជា​កំហុស​ខាង​នយោបាយ ដូច្នោះ​លោក​នឹង​ការពារ​ដាច់​ខាត​មិន​ឱ្យ​មាន​កំហុស​បែប​នេះ​កើត​មាន​នៅ​កម្ពុជា​ទៀត​ឡើយ។

លោក ហ៊ុន សែន៖ «អីចឹង​កំហុស​ខាង​នយោបាយ​មួយ​នេះ​ធ្វើ​ឱ្យ​ប្រទេស​ដើរ​ថយ​ក្រោយ ក្នុង​ដែល​ប្រទេស​ដទៃ​ដើរ​ទៅ​មុខ​យើង​ដើរ​ថយ​ក្រោយ​ទៅ​វិញ​ទេ ។ អ៊ីចឹង​កំហុស​ខាង​នយោបាយ​នេះ​​គឺ​ត្រូវ​តែ ជៀសវាង​ ដែល​យើង​តែង​តែ​និយាយ​ថា ខិតខំ​រក្សា​​សន្តិភាព​ដែល​យើង​រក​បាន​ដោយ​លំបាក​នេះ​ឱ្យ​ខាន​តែ​បាន ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ​ត្រូវ​ការ​សន្តិភាព​ឱ្យ​បាន​សិន»

លោក ហ៊ុន សែន ថ្លែង​បែបនេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកល​វិទ្យាល័យ​មួយ នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយ​ចង្វា​(OCIC)​​រាជធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃ​ទី​២៦ មករា។

ទោះ​ជា​យ៉ាង​ណា​ការ​លើក​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​នយោបាយ​រិះគន់​ថា នេះ​ជា​សារ​នយោបាយ​ប្រជាភិថុតិ​នៅ​មុន​រដូវ​កាល​បោះឆ្នោត។

ក្រុម​ការងារ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ម៉េង សុធារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក ហ៊ុន សែន គ្មាន​បំណង​ដឹកនាំ​ប្រទេស​ឱ្យ​ប្រជា​ពលរដ្ឋ​រស់នៅ​មាន​សេចក្ដី​សុខ​នោះ​ទេ ពីព្រោះ​លោក​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ប្រជា​ពលរដ្ឋ​គាំទ្រ​ប្រដំប្រសង​ជាមួយ​គណបក្ស​កាន់​អំណាច​ចោល កាល​ពី​ឆ្នាំ​២០១៧​។ លោក​ថា ការ​ដែល​លោក ហ៊ុន សែន ធ្វើបែប​នេះ​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​បន្ត​ទៅ​មុខ​ទៀត។

លោក ម៉េង សុធារ៉ា៖ «អីចឹង​ពី​ដើម​ឡើយ​គាត់​បោក​ដោយសារ​អត់​​មាន​វិទ្យុទូរទស្សន៍​អី​មាន​តិច​ណាស់​ អ៊ីចឹង​គាត់​គ្រប់​គ្រង​បាន។ ដោយសារ​មាន​ប្រព័ន្ធ​ហ្វេសប៊ុក​ទៅ យូធូប​ទៅ ជា​ពិសេស​គឺ​វិទ្យុ​អាស៊ីសេរី​ទៅ​បាន​ផ្សព្វផ្សាយ​អំពី​ចំណុច​អវិជ្ជមាន គេ​ហៅ​ថា គំនិត​អាក្រក់​របស់​គាត់​ ដើម្បី​​ធ្វើ​ឱ្យ​ជាតិ​បាក់បែក​ខ្ទេចខ្ទី​អស់​ហ្នឹង​ហើយ ដែល​បាន​ឱ្យ​លោក ហ៊ុន សែន ឃើញ​នូវ​ទង្វើ​អាក្រក់។ ហើយ​បាន​គាត់​អស់​ប្រជាប្រិយភាព​ បាន​គាត់​ប្រើ​រូប​ភាព​គំរាមកំហែង ដើម្បី​ប្លន់​យក​អំណាច​របស់​គេ​ហ្នឹង​បាទ»

អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង​នៅ​ពេល​នេះ ហាក់​ផ្ទុយ​ស្រលះ​នឹង​សកម្មភាព​របស់​លោក​កន្លង​មក។ អំឡុង​ពេល​លោក ហ៊ុន សែន ឡើង​កាន់​អំណាច​អស់​រយៈ​ពេល​ប្រមាណ ៤០​ឆ្នាំ​មក​នេះ លោក​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ដែល​អ្នកឃ្លាំមើល ចាត់ទុក​ថា ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ និង​មិន​ទទួល​ស្គាល់​កិច្ចព្រមព្រៀង​សន្តិភាព ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ ព្រមទាំង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​អង្គការសហប្រជាជាតិ​កាល​ពី​ឆ្នាំ១៩៩៣។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ក្រុម​ព្រះនរោត្ដម រណឫទ្ធិ ពី​តំណែង​នាយករដ្ឋមន្ត្រីទី១ កាល​ពី​ឆ្នាំ១៩៩៧ ចុង​ក្រោយ​នេះ តុលាការ​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ នៅ​កម្ពុជា​ចោល​កាល​ពី​ឆ្នាំ២០១៧ ពោល​គឺ​១ឆ្នាំ​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ២០១៨ ដែល​មជ្ឈដ្ឋាន​ទូទៅ មើល​ឃើញ​ថា ដោយសារ​លោក ហ៊ុន សែន ខ្លាច​ចាញ់​ឆ្នោត តាម​បែប​ប្រជាធិបតេយ្យ។ លើស​ពី​នេះ អ្នកឃ្លាំមើល ចាត់ទុក​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ប្រឆាំង​រដ្ឋប្រហារ​នៅ​ពេល​នេះ គ្រាន់តែ​ជា​លេស ដើម្បី​បង្ក្រាប​និង​កម្ទេច​ក្រុម​អ្នក​ប្រជាធិបតេយ្យ ព្រម​ទាំង​ជា​ការ​ព្រមាន​ផ្ទៃ​ក្នុង​របស់​បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។

ជុំវិញ​វិញ​រឿង​នេះ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ មើល​ឃើញ​ថា សកម្មភាព​របស់​លោក ហ៊ុន សែន ទាំង​អស់នោះ​ជា​ការ​ធ្វើ​ប្រហារ​ដើម្បី​បាន​ក្ដោបក្ដាប់​អំណាច​បន្ត​ទៅ​មុខ​ទៀត។ លោក​បន្ថែម​ថា ការ​ដែល​លោក ហ៊ុន សែន លើកឡើង​នៅ​ពេល​នេះ ដើម្បី​បិទ​បាំង​សកម្មភាព​រដ្ឋប្រហារ​របស់​ខ្លួន​កន្លង​មក និង​ទី២​ទំនង​ដោយសារ​លោក ហ៊ុន សែន ព្រួយបារម្ភ​ពី​ការ​ផ្ទេរអំណាច​របស់​លោក​ទៅ​ឱ្យ​កូន​ប្រុស​ច្បង គឺ លោក ហ៊ុន ម៉ាណែត ដែល​បង្កើត​ជា​កំហឹង​ធំ​ពេក​នៅ​ក្នុង​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក គឹម សុខ៖ «ហើយ​រឿង​ទាំង​អស់​ហ្នឹង​ហើយ​ដែល​បង្កើត​ទៅ​ជា​វិបត្តិ​ក្នុង​សង្គម​យើង។ វិបត្តិ​ដែល​មាន​អរិភាព​ក្នុង​ជម្លោះ​ក្នុង​សង្គម​ដ៏​ធំ​ផង​ កើត​នូវ​រឿង​អយុត្តិធម៌​​នៅ​ពេញ​ប្រទេស​កម្ពុជា។ ហើយ​វិបត្តិ​ធំ​បំផុត​គឺ​អរិភាព​ការទូត​ជាមួយ​បណ្ដា​ប្រទេស​សេរី​ប្រជាធិបតេយ្យ ដែល​គេ​បិទ​ជំនួយ​ ជំនួយ​មនុស្ស​ធម៌ ជំនួយ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ដូច​ដែល​យើង​ឃើញ​ក្នុង​ពេល​បច្ចុប្បន្ន។ ហើយ​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ហើយ​យ៉ាង​តិច​ជាង​២លាន​នាក់​ចំណាក​ស្រុក ពី​ព្រោះ​តែ​ស្ថានភាព​អត់​មាន​ការ​អភិវឌ្ឍន៍»

​​​​​​​​​​​អ្នក​វិភាគ​រូប​នេះ​បន្ត​ថា ដើម្បី​ប្រទេស​មាន​​​ប្រជាធិបតេយ្យ និង​មាន​ការ​អភិវឌ្ឍ​​រីក​ចំរើន​ដែល​ប្រជាពលរដ្ឋ​រស់​នៅ​មាន​សេចក្ដី​សុខ​ មាន​តែ​រដ្ឋាភិបាល​​ត្រូវ​បង្កើត​ឱ្យ​មាន​ការ​​ប្រកួតប្រជែង​ការ​បោះឆ្នោត​​ប្រកប​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌ ដែល​អាច​ទទួល​យក​បាន​គ្រប់​គណបក្ស​នយោបាយ​ ពោល​គឺ​​អ្នក​​ចាញ់ៗ​ដោយ​អស់​ចិត្ត និង​អ្នក​ឈ្នះ​ឈ្នះ​ដោយ​យុត្តិធម៌។ លើស​ពី​នេះ សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ទង្វើ​របស់​លោក ហ៊ុន សែន ដែល​បំផ្លាញ​ប្រជាធិបតេយ្យ​តាមរយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ដើរ​ថយក្រោយ ដោយ​សារ​សម្ពាធ និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ

 

2 comments:

Anonymous said...

Coup d'Etat Kdor Ah Hun Sen !!

Ah Chker Chkuot HUn Sen foresaw 2923 will be the end of his reign of terror.

Anonymous said...

Coup d'Etat Kdor Ah Hun Sen !!

Ah Chker Chkuot HUn Sen foresaw 2023 will be the end of his reign of terror. That's why he is so afraid of everything.