Thursday, 26 January 2023

«ករណី​ឧកញ៉ា សៀង ចាន់ហេង ប្រគល់​ដី​ឲ្យ​ប្អូនស្រី​នាយករដ្ឋមន្ត្រី​បង្ហាញ​ថា អ្នក​ធំ​តែង​ឈ្នះ»

Khmer Circle

In history it's not uncommon for the oppressed of yesterday to become tomorrow's oppressors...

^^^

ដោយ ថា ថៃ
2023.01.26
«ករណី​ឧកញ៉ា សៀង ចាន់ហេង ប្រគល់​ដី​ឲ្យ​ប្អូនស្រី​នាយករដ្ឋមន្ត្រី​បង្ហាញ​ថា អ្នក​ធំ​តែង​ឈ្នះ»  
(ពីឆ្វេងជួរមុខ) អ្នកស្រី ប៊ុន រ៉ានី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឧកញ៉ា សៀង ចាន់ហេង នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ក្នុង​កម្មវិធីកាកបាទក្រហមកម្ពុជា កាលពី​ឆ្នាំ​២០១៨។
រូប៖ ហ្វេសប៊ុក Seang Chanheng

 

ករណី​វិវាទ​ដីធ្លី​រវាង​អ្នក​មាន​លុយ​មាន​អំណាច​ដូចគ្នា គឺ​រវាង​អគ្គ​នាយិកា​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង និង​ប្អូនស្រី​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ប៊ុនធឿន បាន​ដោះស្រាយ​បញ្ចប់​ហើយ ក្រោយ​មាន​យកចិត្តទុកដាក់ និង​ការ​សម្របសម្រួល​ជា​ពិសេស​ពី​លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា។

ដំណោះស្រាយ​វិវាទ​ដីធ្លី​នេះ គឺ​អ្នកស្រី សៀង ចាន់ហេង សម្រេច​ប្រគល់​ដី​ទំហំ​ជាង ៥០​ហិកតារ ជូន​អ្នកស្រី ហ៊ុន ប៊ុនធឿន និង​ជំទាវ​ម្នាក់​ទៀត​ឈ្មោះ ហៀវ លន់។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោក វណ្ណ សុផាត លើកឡើង​ថា ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​រវាង​អ្នកធំ​ដូចគ្នា​នេះ បាន​លឿន​ដោយសារ​មាន​ការ​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល និង​លោក ជា សុផារ៉ា ។ លោក​ថា ករណី​នេះ ខុស​ពី​ករណី​វិវាទ​ដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ពលរដ្ឋ​ក្រីក្រ ដែល​តែង​អូស​បន្លាយ​ពេល​រាប់​ឆ្នាំ បើទោះបីជា​ពួកគាត់​ខំ​លើក​គ្នា​ទៅ​ដាក់​ញត្តិ​សុំ​ដំណោះស្រាយ​ដល់​មុខ​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ ឬ​ដល់​ភូមិគ្រឹះ​របស់​លោក ហ៊ុន សែន ក្តី។ លើស​ពី​នេះ លោក​មើល​ឃើញ​ថា ករណី​ដែល​អ្នកស្រី សៀង ចាន់ហេង សម្រេច​ប្រគល់​ដី​ជូន​ប្អូនស្រី​របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​ពេល​នេះ បង្ហាញ​ថា ភាគី​ណា​ដែល​មាន​ឥទ្ធិពល​ធំ​ជាង តែងតែ​ឈ្នះ ។ 

 

លោក​កត់សម្គាល់​ឃើញ​ថា ក្នុង​ករណី​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ក្រីក្រ និង​ក្រុមហ៊ុន​របស់​អ្នក​មាន​លុយ​មាន​អំណាច​កន្លង​មក គឺ​ពលរដ្ឋ តែងតែ​ចាញ់​អស់​ដី ឬ​ថែមទាំង​ជាប់​គុក​ទៀត​ផង ហើយ​ករណី​ខ្លះ បើ​ទោះ​ជា​បាន​ដំណោះស្រាយ ក៏​មិន​ពេញលេញ​ឡើយ។ អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា យល់​ថា ការ​ដោះស្រាយ​វិវាទ​ដីធ្លី​របៀប​នេះ បង្កើត​ឲ្យ​មាន​ភាព​អយុត្តិធម៌​សង្គម​ធ្ងន់ធ្ងរ។

No comments: