2023.01.27

នាយកអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា ច្រាក់( CHRAC)នៅតែទទូចស្នើសុំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបើកលំហសិទ្ធិសេរីភាពបញ្ចេញមតិឱ្យកាន់តែទូលាយបន្ថែមទៀត ដើម្បីកុំឱ្យមានការរឹតត្បិតដូចករណីបទចម្រៀង «ឈាមបាតុករ» ។ ការលើកឡើងរបស់នាយកអង្គការរូបនេះគឺបន្ទាប់ពីក្រសួងបានចេញលិខិតឆ្លើយតប និងបកស្រាយថា វីដេអូ(video) មួយចំនួនបានប្រើរូបភាពដែលរំលងហួសពីសិទ្ធិសេរីភាពផ្ទាល់ខ្លួនដែលនាំឱ្យប៉ះពាល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម។
បើទោះជាមានការបកស្រាយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថា គ្មានការរឹតត្បិតសិទ្ធិសេរីភាពតាមមធ្យោបាយសិល្បៈវប្បធម៌ យ៉ាងណាក៏ដោយក៏ ប្រធានសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់( CHRAC) លោក រស់ សុដ្ឋា នៅតែមិនទាន់ទទួលយកបានចំពោះការបកស្រាយបាននៅឡើយទេ ជាពិសេសការបង្ខំឱ្យលុបវីដេអូ បទចម្រៀង «ឈាមបាតុករ»។
លោក រស់ សុដ្ឋា ត្រេកអរដែលក្រសួងវប្បធម៌បានឆ្លើយតបលិខិតរបស់លោក ប៉ុន្តែលោក យល់ឃើញថា ក្រសួងគួរតែពង្រីកវិសាលភាពការអនុវត្តសិទ្ធិសេរីភាពដែលបានចែងក្នុងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។
លោក រស់ សុដ្ឋា៖ «វីដេអូឈាមបាតុករ ហ្នឹងមានន័យថា ទី១គឺអាចថាឱ្យវីដេអូហ្នឹងបន្តផ្សព្វផ្សាយចុះព្រោះវាអត់មានអីដែលវាធ្វើឱ្យមានការញុះញង់ទេ តែអ្វីដែលយើងលើកមកនិយាយលើកឡើងមកឱ្យមានការចាប់អារម្មណ៍វិញទេ ដែលធ្វើឱ្យបញ្ហាហ្នឹងកាន់តែមានការចាប់អារម្មណ៍ពីមហាជនហាណាស់ ទី២ បើយើងចាប់ទោសអូសដំណើរបានសាកសួរអង្គការទាំង៤ហ្នឹងហើយ ហើយយើងមានវិធានការតាមផ្លូវតុលាការ ឬក៏រហូតទៅដល់គេហៅថា ចាប់ទោសអូសដំណើរទៅដល់ម្ចាស់បទចម្រៀងទៅទៀតអាហ្នឹងគឺមានសភាពធ្ងន់ធ្ងរទៅលើការអនុវត្តសិទ្ធិសេរីភាព ដូច្នេះហើយអតីតកាលនូវទង្វើរបស់ខ្លួនរបស់យើងគ្រប់ៗគ្នានោះ ជាពិសេសទាំងអ្នកអនុវត្តច្បាប់ អ្នកធានាការអនុវត្តសិទ្ធិហើយយើងឆ្ពោះទៅអនាគតដ៏ស្រស់បំព្រងរបស់កម្ពុជាយើង»។
ការលើកឡើងរបស់ លោក រស់ សុដ្ឋា នេះធ្វើឡើងក្រោយពេលរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ចេញលិខិតបកស្រាយ កាលពីថ្ងៃទី១៩ មករា ថា ក្រសួងគោរពតាមរដ្ឋធម្មនុញ្ញ ដោយផ្ដល់នូវសេរីភាពដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនមានការរើសអើងណាមួយឡើយ រួមទាំងសិល្បករ សិល្បការិនី អ្នកបង្កើតស្នាដៃថ្មីៗ ក្នុងការបញ្ចេញទេពកោសល្យដែលជាស្នាដៃរបស់ខ្លួន។ ទោះជាយ៉ាងណា អ្នកស្រី ភឿង សកុណា បញ្ជាក់ថា ការប្រើប្រាស់សិល្បៈវប្បធម៌មួយចំនួនពេលខ្លះរំលងហួសពីសិទ្ធិសេរីភាពផ្ទាល់ខ្លួនអាចធ្វើឱ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរ ប្រពៃណី ទំនៀមទម្លាប់ បេតិកភណ្ឌ និងអាចឈានដល់ការរើសអើងពូជសាសន៍ បំផុសកំហឹងបង្កឱ្យមានអត្ថិភាពសង្គមជាដើម ដូច្នេះហើយទើបក្រសួងចេញវិធានការទប់ស្កាត់ និងកាត់បន្ថយនូវស្នាដៃអវិជ្ជមានទាំងនោះជាបន្តបន្ទាប់។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះ បន្ថែមថា បើទោះជារូបភាពទាំងនោះមានចេតនា ឬអចេតនាក្ដីពុំគួរលើកទឹកចិត្តនោះទេ។

ការបកស្រាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះដោយសារ លោក រស់ សុដ្ឋា បានដាក់លិខិតទៅក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌ ស្នើសុំឱ្យជួយសម្រួលធ្វើយ៉ាងដើម្បីរំសាយចោលនូវការព្រួយបារម្ភអំពីវីដេអូចម្រៀង «ឈាមបាតុករ» ព្រោះប្រសិនជាការបញ្ចេញមតិដោយសេរីភាពមិនបានទេនោះ អាចធ្វើឱ្យការរួមចំណែកនៃការអនុវត្តសិទ្ធិមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
កាលពីពេលថ្មីៗនេះរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានស្នើឱ្យអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ចាត់វិធានការការផ្សព្វផ្សាយបទចម្រៀង ឈាមបាតុករ ដោយចោទថាបទចម្រៀងនេះថា មានខ្លឹមសារញុះញង់ អាចបង្កជាអសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ជាមួយគ្នានេះ អង្គការសង្គមស៊ីវិលចំនួន៤ ដែលបានរួមគ្នារម្លឹកខួប ៩ឆ្នាំនៃអំពើហិង្សានៅផ្លូវវេងស្រេង និងបានផ្សព្វផ្សាយបទចម្រៀងនេះក៏ត្រូវស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅទៅបំភ្លឺ និងបង្ខំឱ្យលុបចម្រៀងនោះចេញពីបណ្ដាញសង្គមរបស់ពួកគេហើយដែរ។
បទចម្រៀង «ឈាមបាតុករ» ច្រៀងដោយយុវជន គា សុគុណ។ បទចម្រៀងនេះ ដែលចេញនៅក្នុងខែមករា ដើមឆ្នាំ ២០២៣រៀបរាប់ពីអំពើហិង្សានៅផ្លូវវេងស្រេង និងការទន្ទឹងយុត្តិធម៌នៃអ្នករងគ្រោះដោយអំពើហិង្សានេះ ដែលរំលងរយៈពេល៩ឆ្នាំមកហើយ។ បទនេះក៏ មានអត្ថន័យរម្លឹកដល់វីរភាពរបស់សហជីព និងអ្នកតស៊ូដើម្បីសិទ្ធិការងារ និងទាមទារដំឡើងប្រាក់ឈ្នួល ដោយយកសាច់ស្រស់ឈាមស្រស់ទៅតទល់ដោយមិនខ្លាចដំបងដែក គ្រាប់កាំភ្លើងដើម្បីមនុស្សជំនាន់ក្រោយមានប្រាក់ខែសមរម្យ។ សង្គមស៊ីវិល និងប្រជាពលរដ្ឋរិះគន់រដ្ឋាភិបាលព្រោងព្រាតថាចំណាត់ការនេះជាការរំលោភសិទ្ធិសេរីភាព និងបំបាក់ស្មារតីពលរដ្ឋព្រោះក្នុងចម្រៀងនោះមិនមានខ្លឹមសារញុះញង់ ឬបង្កចលាចល ក្នុងសង្គមនោះទេ៕
No comments:
Post a Comment