Saturday, 28 January 2023

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ទទួល​ជនជាតិ​ចិន​ដំបូង​ជាង ១រយ​នាក់ ខណៈ​ចិន​បន្ត​កើន​ឡើង​អ្នក​ឆ្លង​កូវីដ១៩


ដោយ ស្ងួន អមរា
2023.01.27
អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ទទួល​ជនជាតិ​ចិន​ដំបូង​ជាង ១រយ​នាក់ ខណៈ​ចិន​បន្ត​កើន​ឡើង​អ្នក​ឆ្លង​កូវីដ១៩  
អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ទទួល​ស្វាគមន៍​ទេសចរ​ជនជាតិ​ចិន មក​ដល់​ព្រលានយន្តហោះខេត្ត កាលពីថ្ងៃទី២៧ មករា ២០២៣។
រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្ត​ព្រះសីហនុ

 

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​កំពូលៗ​នៃ​ក្រសួង​ទេសចរណ៍​បាន​ធ្វើ​ពិធី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ជាង ១រយនាក់ (១០៤) ជា​លើក​ដំបូង​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​កេងកេង​ក្នុង​ខេត្ត​ព្រះសីហនុ។ អ្នកឃ្លាំមើល​ព្រួយ​បារម្ភ​ថា ថា កម្ពុជា​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​រីក​រាលដាល​ជំងឺ​កូវីដ-១៩ សាជាថ្មី ដោយសារ​តែ​កម្ពុជា​មិន​មាន​វិធានការ​រឹត​បន្តឹង​វិធានការ​សុខាភិបាល​លើ​ទេសចរ​ចិន។  

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ក្រសួង​ទេសចរណ៍ នៅថ្ងៃ​ទី​២៧ ខែ​មករា ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ដោយ​ពុំ​មាន​ការ​ធ្វើ​តេស្ដ​ពិនិត្យ​រក​មេរោគ​កូវីដ-១៩ នោះ​ទេ ខណៈ​ក្នុង​ប្រទេស​ចិន​បន្ត​កើនឡើង​នាក់​ឆ្លង​ជំងឺ​កាច​សាហាវ​មួយ​នេះ។

ពិធី​ទទួលស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​នៅ​ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ មាន​ការ​ជូន​បាច់​ផ្កា និង​បំពាក់​ក្រមា​ដល់​ពួកគេ​ថែម​ទៀត​ផង។

 

ស្រប​ពេល​កម្ពុជា​បើក​ទទួល​ភ្ញៀវ​ទេសចរ​ចិន ដោយ​គ្មាន​វិធានការ​រឹត​បន្តឹង​ផ្នែក​សុខាភិបាល នៅ​ប្រទេស​ចិន​កំពុង​រីករាល​ដាល​ជំងឺ​កូវីដ-១៩ និង​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​រាប់​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ។

អ្នកជំនាញ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លង​របស់​ចិន​ថា ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ នៅ​ចិន​គិត​ត្រឹម​ថ្ងៃទី​២២ ខែ​ធ្នូ បាន​ឈាន​ដល់​កម្រិត​កំពូល ដោយ​អ្នក​ឆ្លង​រហូត​ដល់​ជាង ៧លាន និង​មាន​មនុស្ស​ស្លាប់​ប្រចាំ​ថ្ងៃ​ជាង ៤ពាន់​នាក់ នៅ​ថ្ងៃទី៤ ខែ​មករា។

china-back0127231.JPG
អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ទទួល​ស្វាគមន៍​ទេសចរ​ជនជាតិ​ចិន មក​ដល់​ព្រលានយន្តហោះខេត្ត កាលពីថ្ងៃទី២៧ មករា ២០២៣។ រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្ត​ព្រះសីហនុ

ជាមួយ​គ្នា​នេះ សារព័ត៌មាន (BBC) របស់​អង់គ្លេស​បាន​ដកស្រង់​ខ្លឹមសារ​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Peking University ដែល​បាន​រក​ឃើញ​ថា គិត​ត្រឹម​ថ្ងៃ​ទី១១ ខែ​មករា មាន​មនុស្ស​ប្រហែល​ជាង ៩០០​លាននាក់ នៅ​ក្នុង​ប្រទេស​ចិន​បាន​ឆ្លង​ជំងឺ​កូវីដ-១៩។  

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន និង​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី២៧ ខែ​មករា។ ទោះ​បី​ជា​យ៉ាងណា លោក តុប សុភ័ក ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ទទួលស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ដោយ​គ្មាន​រឹត​បន្តឹង​ផ្នែក​សុខាភិបាល​នេះ គឺជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​ទេសចរ​ចិន​ឱ្យ​ចូល​កម្ពុជា​កាន់តែ​ច្រើន។

ប៉ុន្តែ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​ថា កម្ពុជា​ពុំ​មាន​វិធានការ​តឹងតែង​ផ្នែក​សុខាភិបាល​ទេ ពោល​គឺ​មាន​ត្រឹម​កាត​ចាក់​វ៉ាក់សាំង​ពួកគេ​អាច​ចូល​កម្ពុជា​បាន។

អ្នកជំនាញ​ផ្នែក​សុខាភិបាល និង​មន្ត្រី​សង្គមស៊ីវិល​ព្រួយបារម្ភ​ជំងឺ​កូវីដ-១៩ រាតត្បាត​នៅ​កម្ពុជា​សាជាថ្មី។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី មាន​ប្រសាសន៍​ថា កម្ពុជា​ទទួល​ស្វាគមន៍​ជនជាតិ​ចិន​ឡើងវិញ​ដោយ​គ្មាន​វិធាន​រឹត​បន្តឹង​នេះ ដោយសារ​តែ​រដ្ឋាភិបាល​ចង់​ស្ដារ​សេដ្ឋកិច្ចជាតិ​តាមរយៈ​ទទួល​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន។ អ្នកជំនាញ​រូប​នេះ លើកឡើង​ថា ទោះបីជា​រដ្ឋាភិបាល​បើក​ចំហ​ជើងមេឃ​ទទួល​ចិន​ដោយ​គ្មាន​ត្រួត​ពិនិត្យ​មេរោគ​កូវីដ-១៩ ក្ដី ប៉ុន្តែ លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ការពារ​ខ្លួនឯង និង​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​សុខាភិបាល​នៅ​ពេល​មាន​រោគសញ្ញា​សង្ស័យ​មាន​ជំងឺ​កូវីដ-១៩។

ouchvuthy.JPG
ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី ចូលរួមវេទិកាអ្នកស្ដាប់​វិទ្យុអាស៊ីសេរី។ RFA

លោក អ៊ូច វុទ្ធី៖ «ប្រសិន​ជា [ភ្ញៀវ​ទេសចរ​ចិន] គាត់​អត់​កាត​វ៉ាក់សាំង មាន​ត្រឹមតែ​លិខិត​ឆ្លង​ដែន (Passport) គាត់​ចូល​មក​មិន​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស [ចិន និង​កម្ពុជា] ទេ​យើង​អាច​យក​គាត់​មក​ធ្វើ​តេស្ត​រហ័ស​ (rapid tests)។ ប្រសិន​ឃើញ​មាន​វិជ្ជមាន​កូវីដ យើង​ប្រហែលៗ យើង​ញែក​គាត់​មួយ​ដុំ ដើម្បី​ទុក​គាត់​យក​ទៅ​ធ្វើ (PCR) ដើម្បី​កុំ​ឱ្យ​មាន​ការ​រាលដាល​ឆ្លង​មក​បងប្អូន​ប្រជាពលរដ្ឋ»

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើ​រដ្ឋាភិបាល​ពិចារណា​រឹត​បន្តឹង​វិធានការ​សុខាភិបាល​ឡើងវិញ ដើម្បី​ការពារ​កុំឱ្យ​មាន​ជំងឺ​កូវីដ​រាតត្បាត​នៅ​កម្ពុជា​សាជាថ្មី។

អ្នកស្រី ជៀប សុធារី៖ «យើង​គួរតែ​ប្រុងប្រយ័ត្ន​ដែរ សំខាន់​គឺ​ខ្លួន​យើង [ប្រជាពលរដ្ឋ] ខ្លួន​យើង​ផ្ទាល់​ត្រូវ​ម្ចាស់ការ​លើ​ខ្លួនឯង​ដែរ។ ជា​បទពិសោធន៍​កន្លងមក​ខេត្ត​ព្រះសីហនុ គឺ​ជា​ខេត្ត​មុនគេ​ដែល​ចាប់ផ្ដើម​ឆ្លង​ជំងឺ​កូវីដ។ ដូច្នេះ រដ្ឋាភិបាល​ប្រសិន​ជា​លោក​បើក ប្រលែង​លក្ខខណ្ឌ​ផ្សេងៗ​ខ្លាំង​ពេក​យើង​នៅតែ​មាន​ការ​ព្រួយបារម្ភ​អ៊ីចឹង ព្រោះ​រាល់ថ្ងៃ​នេះ​យើង​ទើប​តែ​បាន​ធូរស្រាល​បន្តិច​ទេ»

ទាំង​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល និង​មន្ត្រី​សិទ្ធិមនុស្ស​ព្រមាន​ថា បើ​កម្ពុជា​ផ្ទុះ​ជំងឺ​កូវីដ-១៩ សាជាថ្មី នោះ​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​នឹង​កាន់តែ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ហើយ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ប្រចាំ​នឹង​កាន់​ដុនដាប​ជាង​មុន។   

គិត​ត្រឹម​ថ្ងៃទី​២៦ ខែ​មករា កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ជិត ១សែន ៤ពាន់នាក់ (១៣៨.៦៨៣) និង​មាន​នាក់​ស្លាប់​ជាង ៣​ពាន់​នាក់ (.០៥៦)។ ក្នុង​នោះ​នាក់​ឆ្លង​ថ្មី​មាន ២​ករណី​ជា​ប្រភេទ​មេរោគ​អូមីក្រុង​ធ្វើ​តេស្ដ​បញ្ជាក់​ដោយ​ម៉ាស៊ីន (PCR)

 

No comments: