ដោយ អាស៊ីសេរី
2023.02.05
រូប៖ ពលរដ្ឋផ្ដល់ឲ្យ
ក្រសួងការបរទេសកម្ពុជា តាមរយៈលោក ប្រាក់ សុខុន បានសម្រេចជាផ្លូវការដកបណ្តឹងរដ្ឋប្បវេណីឈប់ប្តឹងផ្តល់អតីតទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សភ្លើងទៀន គឺលោក គង់ គាំ តទៅទៀត ជំុវិញសំណុំរឿងប្តឹងរឹបអូសយកដីនិងផ្ទះរបស់លោក គង់ គាំ ទំហំជាង ៥ពាន់ម៉ែត្រការ៉េ នៅរាជធានីភ្នំពេញ។ ដីនិងផ្ទះរបស់លោក គង់ គាំង នេះមានតម្លៃមិនតិចជាង ១០លានដុល្លារ។
លិខិតចុះថ្ងៃទី៣១ ខែមករា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដែលជាដើមចោទ បានស្នើសុំប្រធានសាលាដំបូងរាជធានីភ្នំពេញ ដកពាក្យបណ្តឹងមកវិញ ដោយសំអាងថា លោក គង់ គាំ ដែលជាចុងចម្លើយបានសុំសម្របសម្រួលបញ្ចប់វិវាទ និងបានប្រគល់អចលនវត្ថុ និងធ្វើនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិប្រគល់ជូនភាគីដើមចោទវិញរួចរាល់។ ទន្ទឹមនឹងនេះ លោក ប្រាក់ សុខុន ក៏បានដាក់ពាក្យសុំឱ្យតុលាការលុបចោលដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន និងដកពាក្យសុំដីកាសម្រេចរក្សាការពារទៅលើដីនិងផ្ទះរបស់លោក គង់ គាំ ផងដែរ ក្រោមហេតុផលដូចគ្នា។
ក្រោយរងការគំរាមកំហែងពីលោក ហ៊ុន សែន ឱ្យប្រគល់ដីនិងផ្ទះដែលលោក គង់ គាំ បានកាន់កាប់តាំងពីឆ្នាំ១៩៨២ និងមានប្លង់កម្មសិទ្ធិស្របច្បាប់នៅឆ្នាំ២០១៥ លោក គង់ គាំ និងប្រពន្ធ បានបង្ខំចិត្តប្រគល់ផ្ទះ និងដីរបស់លោកជូនមករដ្ឋវិញ។ ថ្វីបើលោក គង់ គាំ សរសេរអះអាងថាលោកធ្វើដូច្នេះដោយស្ម័គ្រចិត្តក៏ដោយ ក៏ការសម្រេចចិត្តរបស់លោកយ៉ាងដូច្នេះនឹងមិនអាចកើតមានឡើងបានឡើយប្រសិនបើគ្មានការគំរាមកំហែងព្រមានប្តឹងផ្តល់រឹបអូសយកទ្រព្យសម្បត្តិពីលោក ហ៊ុន សែន នោះទេ។
កាលពីថ្ងៃទី៣១ ខែមករា លោក គង់ គាំ បានសរសេរលិខិតមួយច្បាប់ ទទួលកំហុស និងសូមទោសពីលោក ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ លោកក៏បានសម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សារបស់គណបក្សភ្លើងទៀន៕
No comments:
Post a Comment