Monday, 6 February 2023

ពលរដ្ឋ​ជាង​៤០នាក់ បន្ត​ចូលរួម​ដង្ហែ​ធម្មយាត្រា​ដើម្បី​លើក​កម្ពស់​​សីលធម៌​​សង្គម


ដោយ មាន ឫទ្ធិ
2023.02.05
ពលរដ្ឋ​ជាង​៤០នាក់ បន្ត​ចូលរួម​ដង្ហែ​ធម្មយាត្រា​ដើម្បី​លើក​កម្ពស់​​សីលធម៌​​សង្គម  
 
ប្រជាពលរដ្ឋ​ជាង​៤០នាក់ បន្ត​ចូលរួម​ដង្ហែ​ធម្មយាត្រា លើក​កម្ពស់​សីលធម៌​សង្គម​ដែល​រៀប​ចំ​ឡើង​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។
 រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ
 

ប្រជាពលរដ្ឋ​ជាង​៤០នាក់ បន្ត​ចូលរួម​ដង្ហែ​ធម្មយាត្រា លើក​កម្ពស់​សីលធម៌​សង្គម​ដែល​រៀប​ចំ​ឡើង​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ដង្ហែ​ធម្មយាត្រា សំណូមពរ​ដល់​អ្នក​នយោបាយ ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា និង​សម្ដី​អសីលធម៌​ទៅ​វិញ​ទៅ​មក ដើម្បី​លើក​កម្ពស់​តម្លៃ​របស់​ខ្លួន និង​យុត្តិធម៌​នៅ​ក្នុង​សង្គម​ផង។

ទោះបីជា​មាន​ការ​ឃ្លាំមើល​ពី​ក្រុម​អាជ្ញាធរ ដោយ​បាន​ថត​រូប​អ្នក​ចូល​រួម​ធម្មយាត្រា​យ៉ាងណា​ក្ដី ក៏​ប្រជាពលរដ្ឋ​ជាង​៤០នាក់ នៅតែ​បន្ត​ចូលរួម​ដង្ហែ​ធម្មយាត្រា ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម នៅ​​ថ្ងៃ​ទី៥ ខែកុម្ភៈ​​ដដែល។

 

ឆ្លៀត​ក្នុង​ពេល​សម្រាក​ពី​ការ​ដើរ​ដង្ហែ​ធម្មយាត្រា អតីត​ជន​រងគ្រោះ​ដី​ធ្លី​តំបន់​បឹង​កក់​ម្នាក់ គឺ​លោកស្រី ង៉ែត ឃុន ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោកស្រី និង​កូនស្រី​ម្នាក់​ទៀត ស្ម័គ្រ​ចិត្ត​ចូលរួម​ដង្ហែ​ធម្មយាត្រា​នេះ ព្រោះ​លោកស្រី​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ និង​ថ្នាក់​ដឹក​នាំ​ប្រទេស លើក​កម្ពស់​យុត្តិធម៌​សង្គម ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​សន្តិភាព​ពិត​ប្រាកដ។ បើ​ទោះបីជា​ស្ថិត​ក្នុង​វ័យ​៨៣ឆ្នាំ និង​មាន​ការ​ឈឺ​ចុក​ចាប់​ឆ្អឹង​ខ្នង​ម្ដងៗ​យ៉ាង​ណា​ក្ដី ក៏​លោក​ស្រី​នៅ​តែ​ថ្លែង​ដោយ​ម៉ឺងម៉ាត់​ថា លោកស្រី​នឹង​ចូលរួម​ដង្ហែ​ធម្មយាត្រា​រហូត​ដល់​រូប​សំណាក​អ្នក​តា​ឃ្លាំង​មឿង ដែល​ជា​ទី​កំណត់។ លោកស្រី ង៉ែត ឃុន ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ហ៊ាន​លះបង់​ពេលវេលា ចូលរួម​ធម្មយាត្រា​ដើម្បី​លើក​កម្ពស់​ក្រមសីលធម៌​សង្គម​នេះ ព្រោះ​អ្នក​នយោបាយ​អាច​នឹង​ពិចារណា​ផ្លាស់​ប្ដូរ​ទម្លាប់​ប្រើ​អំពើ​ហិង្សា៖

«ខ្ញុំ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​យើង ឱ្យ​ងើប​ឈរ​ឡើង​ដើម្បី​ជួយ​ដល់​សង្គម​យើង ប្រជាពលរដ្ឋ​យើង​ងើបឈរ​ទាំង​អស់​គ្នា​មក ដើម្បី​ប្រទេស​ជាតិ​យើង​នឹង​បាន​សន្តិភាព ហើយ​នឹង​អនាគត​កូនចៅ​យើង បាន​សុខ​សន្តិភាព»

ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ម្នាក់​ទៀត​មក​ពី​ខេត្តពោធិ៍សាត់ គឺ​លោក ស៊ឹម សុខឃឿន ថ្លែង​ថា លោក​ស្ម័គ្រ​ចិត្ត​ចូលរួម​ដង្ហែ​ធម្មយាត្រា​នេះ ដោយសារ​លោក​ចង់​ឱ្យ​ថ្នាក់​ដឹកនាំ​ប្រទេស និង​មន្ត្រី​រាជការ​ប្រើប្រាស់​ពាក្យ​សម្ដី​នៅ​ទី​សាធារណៈ ប្រកប​ដោយ​ក្រម​សីលធម៌​ជាង​មុន។ លោក​បន្ថែម​ថា នៅ​ពេល​ថ្នាក់​ដឹកនាំ អ្នក​មាន​អំណាច​ប្រើប្រាស់​ពាក្យ​សម្ដី​ប្រកប​ដោយ​ក្រមសីលធម៌ នោះ​មិន​ត្រឹម​តែ​អាច​ឱ្យ​ពួកគេ​មាន​សេចក្ដី​ថ្លៃថ្នូរ​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ក៏​អាច​នាំ​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ផង​ដែរ។ លោក ស៊ឹម សុឃឿន បន្ថែម​ថា ការ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌ គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ ព្រោះ​នៅ​ពេល​មនុស្ស​មាន​ក្រមសីលធម៌​កាន់​តែ​ខ្ពស់ ពួកគេ​នឹង​មាន​ការ​ខ្មាសអៀន​ក្នុង​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ និង​លែង​ឱ្យ​តម្លៃ​លើ​ភាព​មាន​បាន​ផ្ទាល់​ខ្លួន ដោយ​ចេះ​បរិច្ចាគ​ដើម្បី​ការ​អភិវឌ្ឍ​សង្គម​វិញ៖

«ខ្ញុំ​សំណូមពរ​ទៅ​ដល់​រាជរដ្ឋាភិបាល​ក្ដី អ្នក​នយោបាយ គ្រប់​និន្នាការ​នយោបាយ​ក្ដី ក៏​ដូចជា​ប្រជាពលរដ្ឋ​ទាំង​អស់​ជា​ទូទៅ ចូលរួម​លើក​កម្ពស់​សីលធម៌​សង្គម ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​សង្គម​ជាតិ​នេះ រុងរឿង រីក​ចំរើន មិន​សម្រាប់​តែ​ពួក​យើង​ខ្ញុំ​ទេ គឺ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​តៗ​ជំនាន់​ទៀត»

ក្បួន​ធម្មយាត្រា “លើក​កម្ពស់​សីលធម៌​សង្គម” បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញ​ពី​រូប​សំណាក លោក​យាយ​ពេញ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែកុម្ភៈ ឆ្ពោះ​ទៅ​កាន់​រូប​សំណាក អ្នក​តា​ឃ្លាំង​មឿង ខេត្តពោធិ៍សាត់ ដោយ​ឆ្លង​កាត់​ខេត្តកណ្ដាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។ នៅ​តាម​ផ្លូវ​ដង្ហែ​ធម្មយាត្រា ពលរដ្ឋ​ខ្លះ​ប្រគេន​ភេសជ្ជៈ និង​ថ្នាំ​សង្កូវ​ដល់​ព្រះសង្ឃ និង​អ្នក​ដែល​ចូលរួម​ដង្ហែ។ អ្នក​ចូលរួម នាំ​គ្នា​កាន់​ទង់​ជាតិ​ខ្មែរ និង​ទង់​សាសនា ហើយ​អ្នក​ខ្លះ​ទៀត កាន់​រូបថត​អ្នក​ទោស​នយោបាយ ដូចជា កញ្ញា សេង ធារី និង​មេដឹកនាំ​សហជីព​ណាហ្គាវើលដ៍​កញ្ញា ឈឹម ស៊ីថរ ជាដើម។ ជា​មួយ​គ្នា​នេះ ការ​ដង្ហែ​ធម្មយាត្រា ក៏​បាន​ផ្សព្វផ្សាយ​ពី​គោល​បំណង​ទាំង​៤ នៃ​ធម្មយាត្រា​តាម​រយៈ​ឧបករណ៍​បំពង​សំឡេង ដល់​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ផ្លូវ​ផង​ដែរ៖

«១.សូម​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​ភាគី​ងាក​មក​រក​ការ​ផ្សះផ្សា​ជាតិ និង​ប្រកួត​ប្រជែង​គ្នា​ប្រកប​ដោយ​សីលធម៌ ក្នុង​នាម​ជា​មនុស្ស​ជាតិ។ ២. អ្នក​មាន​អំណាច​ត្រូវ​បញ្ឈប់​ការ​រំលោភ​បំពាន​មក​លើ​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់។ ៣. សូម​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​ទាំង​អស់ ដើម្បី​បង្ហាញ​ពី​ភាតរភាព និង​សាមគ្គី​ជាតិ​ខ្មែរ និង​ខ្មែរ។ ៤. សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ បញ្ឈប់​ការ​ប្រកាន់​បក្ស​ពួក​និយម ហើយ​ងាក​មក​សាមគ្គី និង​មាន​មេត្តា​ចិត្ត​ក្នុង​នាម​ខ្មែរ​មហានគរ»

ឈាន​មក​ដល់​ថ្ងៃ​ទី៥ ក្បួន​ធម្មយាត្រា បាន​ធ្វើ​ដំណើរ​ដល់​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ហើយ។ បើ​ទោះបីជា​មាន​ពង​បែក​នៅ​បាត​ជើង និង​ថមថយ​កម្លាំង​ក្ដី អ្នក​ចូលរួម​ដើរ​ដង្ហែ​ធម្មយាត្រា​នេះ នៅ​តែ​បញ្ជាក់​ជំហរ​ថា ពួកគេ​នឹង​ធ្វើ​ដំណើរ​រហូត​ដល់​គោល​ដៅ។

បើ​ទោះ​បី​ជា​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​ឱ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដង្ហែ​ធម្មយាត្រា​ក្ដី ក៏​ប៉ុន្តែ​ការ​ដង្ហែ​ធម្មយាត្រា​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​រូបភាព​គំរាម​កំហែង​ជា​ច្រើន។ ក្រៅ​តែ​ពី​ក្រសួង​មហាផ្ទៃ​បាន​ដាក់​កំហិត​ឱ្យ​មាន​អ្នក​ចូលរួម​ដង្ហែ​ធម្មយាត្រា​ត្រឹម​តែ​៥០នាក់ អាជ្ញាធរ​ដែន​ដី​ក៏​តែងតែ​តាម​ដាន​អ្នក​ដង្ហែ​ធម្មយាត្រា និង​តាម​ថតរូប​អ្នក​ចូល​រួម​ផង​ដែរ ក្នុង​នោះ​អាជ្ញាធរ​ខេត្តកណ្ដាល បាន​តាម​បណ្ដេញ​អ្នក​ធ្វើ​ក្បួន​ធម្មយាត្រា​មិន​ឱ្យ​ស្នាក់​នៅ​ក្នុង​វត្ត​ឡើយ កាល​ពី​យប់​ថ្ងៃ​ទី១ នៃ​ធម្មយាត្រា។ រីឯ ថ្នាក់​ដឹកនាំ​សាលា​ក្នុង​ខេត្តពោធិ៍សាត់ និង​កំពង់ឆ្នាំង​វិញ ពួកគេ​មិន​បាន​អនុញ្ញាត​ច្បាប់​ឱ្យ សមាជិក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ទៅ​ចូលរួម​ដង្ហែ​ធម្មយាត្រា​នេះ​ឡើយ។ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចាត់​ទុក​ទង្វើ​ថ្នាក់​ដឹកនាំ​សាលា​បែប​នេះ​ថា គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​គ្រូ​បង្រៀន​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្នុង​ការ​ចូលរួម​ការងារ​សង្គម។

ដំបូង​ឡើយ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​គ្រោង​ដង្ហែ​ធម្មយាត្រា​រយៈពេល​១០ថ្ងៃ ក៏​ប៉ុន្តែ ដោយសារ​ការ​ដង្ហែ​ធម្មយាត្រា​ធ្វើ​ដំណើរ​បាន​លឿន​ជាង​ការ​គ្រោង​ទុក គណៈកម្មការ​ធម្មយាត្រា បាន​បញ្ជាក់​ប្រាប់​វិទ្យុអាស៊ីសេរី​ថា ក្បួន​ធម្មយាត្រា​អាច​នឹង​ទៅ​ដល់​រូប​សំណាក់​អ្នកតា​ឃ្លាំងមឿង ក្នុង​ខេត្តពោធិ៍សាត់​ដែល​ជា​ទី​កំណត់ នៅ​ថ្ងៃ​ទី៧ ខែកុម្ភៈ​ខាងមុខ៕

 

No comments: