Wednesday, 8 February 2023

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្សព្វផ្សាយ​ការរំលោភ​​សិទ្ធិ​សេរីភាព​​សាសនានៅ​កម្ពុជា​ក្រោម​​ក្នុង​​សន្និសីទ​សេរីភាព​​អន្តរ​សាសនា​​នៅ​​រដ្ឋ​ធានី​វ៉ាស៊ីនតោន


ដោយ យន់ សាមៀន
2023.02.06
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្សព្វផ្សាយ​ការរំលោភ​​សិទ្ធិ​សេរីភាព​​សាសនានៅ​កម្ពុជា​ក្រោម​​ក្នុង​​សន្និសីទ​សេរីភាព​​អន្តរ​សាសនា​​នៅ​​រដ្ឋ​ធានី​វ៉ាស៊ីនតោន  
គណៈប្រតិភូខ្មែរកម្ពុជាក្រោមនៅឯសន្និសីទ​សេរីភាព​អន្តរ​សាសនា​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា​ និង​បិទ​បញ្ចប់​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ២០២៣ នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក។
រូប៖ KKF

 

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​យក​ឱកាស​នៃ​សន្និសីទ​សេរីភាព​សាសនា​ពិភព​លោក​នៅរដ្ឋ​ធានីវ៉ាស៊ីនតោន​ផ្សព្វផ្សាយ​ពី​ការ​រំលោភ​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​នៅ​លើ​ទឹក​ដី​កម្ពុជាក្រោម។ សហព័ន្ធ​ក៏​បាន​ជំ​រាប​ជូន​មេ​ដឹក​នាំ​សាសនា​មួយ​ចំនួន​អំពី​ប្រវត្តិ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​។

នាយកដ្ឋាន​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទទួល​លទ្ធផល​ជោគជ័យ​ក្នុង​សន្និសីទ​សេរីភាព​សាសនា​អន្តរជាតិ​ដែល​បាន​បញ្ចប់​កាល​ពី​សប្តាហ៍​មុន​។ ប្រធាន​នាយកដ្ឋាន​អន្តរ​សាសនា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ធីធី ធម្មោ ដែល​បាន​ដឹក​បាន​ប្រតិភូ​មក​ចូល​រួម​សន្និសីទ​មាន​ថេរ​ដីកា​ថា​ ព្រះអង្គ​បាន​ឆ្លៀត​ឱកាស​នៃ​សន្និសីទ​ជំរាប​ជូន​មេ​ដឹក​នាំ​សាសនា​និង​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សេរីភាព​សាសនា​អាមេរិក​អំពី​សកម្មភាព​របស់​រដ្ឋាភិបាល​វៀតណាម ដែល​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ការ​ប្រតិបត្តិ​សាសនា​របស់​ព្រះ​សង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​៖

«ប្រតិភូ​បាន​ចូល​ក្នុង​សន្និសីទ​ជា​ឱកាស​ដ៏​វិសុទ្ធ​វិសាល​មិន​មែន​ដើម្បី​បញ្ចេញ​កំហឹង​ទេ​គឺ​ដើម្បី​សិក្សា​និង​ទំនាក់ទំនង​នឹង​អន្តរជាតិ។ ​បាន​ក្រេប​ជញ្ជក់​ខ្លឹមសារ​នៃ​ការ​តស៊ូ​ដោយ​អហិង្សា​​​ពាក់ព័ន្ធ​និង​សេរីភាព​ខាង​ជំនឿ​ហ្នឹង​»

 

សន្និសីទ​សេរីភាព​អន្តរ​សាសនា​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​៣១ ​ខែមករា និង​បិទ​បញ្ចប់​ថ្ងៃ​ទី​១​ ខែកុម្ភៈ នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន​សន្និសីទនេះ ​រៀប​ចំ​ឡើង​ដោយ គណៈកម្មការ​សេរីភាព​អន្តរ​សាសនា​របស់​សហរដ្ឋអាមេរិក​(United States Commission on International Religious Freedom) ដើម្បី​បង្កើត​ឲ្យ​មាន​ក្រុម​អង្គការ​ចម្រុះ​ធ្វើ​ការងារ​រួមគ្នា​លើក​តម្កើង​សេរីភាព​សាសនា​អន្តរជាតិ និង​ជំរុញ​ឲ្យ​មាន​ការ​ដឹង​លឺ​និង​ស្វែង​យល់​ពី​សេរីភាព​សាសនា​អន្តរជាតិ។ ​គណៈកម្មការ​សេរីភាព​អន្តរ​សាសនា​របស់​សហរដ្ឋអាមេរិក ហៅ​កាត់​ថា (USCIRF) ជា​ស្ថាប័ន​ឯករាជ្យ​ មាន​តំណាង​មក​ពី ពីរ​គណបក្ស​ និង​ជា​គណៈកម្មការ​សហព័ន្ធ​រដ្ឋាភិបាល​អាមេរិក​បង្កើត​ឡើង ​កាល​ពី​ឆ្នាំ​១៩៩៨​ ដើម្បី​ឃ្លាំ​មើល​សិទ្ធិ​សេរីភាព​សាសនា​ជា​សកល ​និង​ជំនឿ​ប្រតិបត្តិ​សាសនា​នៅ​ក្រៅ​ប្រទេស​។ ស្ថាប័ននេះ ប្រើ​ប្រាស់​ស្តង់ដារ​កំរិត​អន្តរជាតិ ដើម្បី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​សាសនា​សកល​លោក​ និង​ផ្តល់​អនុសាសន៍​បង្កើត​គោល​នយោបាយ​ឲ្យ​ប្រធានាធិបតី​និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​និង​សភា​អាមេរិក​ព្រះភិក្ខុ ធីធី ធម្មោ មាន​ថេរ​ដីកា​បន្ត​ថា​ប្រតិភូ​មេ​ដឹក​នាំ​សាសនា​សកល​លោក​បាន​ចាប់​អារម្មណ៍​នឹង​ស្ថានភាព​សេរីភាព​សាសនា​នៅ​កម្ពុជា​ក្រោម​ជា​ខ្លាំង​នៅ​ពេល ប្រតិភូ​ខ្មែរ​ក្រោម​បាន​ផ្តល់​ព័ត៌មាន​និង​ផ្តល់​ជូន​ឯកសារ​ប្រតិភូ​ផ្ដោត​ការ​យក​ចិត្ត​ទុក្ខ​ដាក់​និង​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​ករណី​អាជ្ញាធរ​វៀតណាម កំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​សាមណេរ​យឿងខាយ ​ដែល​សកម្ម​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជន​ជាតិ​ដើម​។ វៀតណាម​កំពុង​គំរាម​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​កុំ​ឲ្យ​ទទួល​ស្គាល់​និង​ឲ្យ​សាមណេរ​យឿង ​ខាយ​គង់​ក្នុង​វត្ត​ដើម្បី​ប្រតិបត្តិ​សាសនា​នៅ​ខេត្ត​ លង់ហោរ​៖

«យើង​បាន​ជំរាប​ឲ្យ​គេ​ដឹង​សុខ​ទុក្ខ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ កំពុង​ជួប​ប្រទះ​បញ្ហា​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​ដែល​វៀតណាម​សង្កត់​សង្កិន​លើ​សាមណេរ​យឿង​ខាយ​។ នេះ ជា​សារ​នយោបាយ​ដែល​បាន​ធ្វើ​នៅ​ទី​នោះ»

របាយការណ៍​សេរីភាព​របស់ គណៈកម្មការ​សេរីភាព​អន្តរ​សាសនា​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ឆ្នាំ២០២២​រក​ឃើញ​ថា​ វៀតណាម​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​សាសនា​ឯករាជ្យ​ដែល​មិន​បាន​ចុះ​ឈ្មោះ​និង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​ និង​ចាប់​ខ្លួន​អ្នក​តស៊ូ​មតិ​ផ្នែក​សាសនា​ដាក់​ពន្ធនាគារ​រយៈ​ពេល​យូរ​គណៈកម្មការ​សេរីភាព​អន្តរ​សាសនា​របស់​សហរដ្ឋអាមេរិក​បាន​ស្នើឲ្យ​អាមេរិក​ឃ្លាំមើល​និង​បង្ហាញ​ពី​ស្ថានភាព​អ្នកទោស​មនសិការ​ផ្នែក​សាសនា​ដែល​កំពុង​ជាប់ពន្ធនាគារ និង​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​និង​ស្នើ​ឲ្យ​សភា​អាមេរិក​បង្កើត​ច្បាប់​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សាសនា​នៅ​វៀតណាម

ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ដើម​ឆ្នាំ​ ២០២៣ ​បាន​សម្រេច​ ដាក់​ប្រទេស​វៀតណាម​ក្នុង​បញ្ជី​ឃ្លាំមើល​ជា​ប្រទេស​រំលោភ​សិទ្ធិ​សាសនា​ធ្ងន់ធ្ងរ​ទោះបីជា​យ៉ាងណា​វៀតណាម​បដិសេធ​ការ​រក​ឃើញ របស់​ក្រសួង​ការ​បរទេស​អាមេរិក វៀតណាម​ថា​ ការ​ចោទ​ប្រកាន់​នេះ ​មិនមែន​ជា​ការ​ពិត​

ពាក់ព័ន្ធ​ទៅ​នឹង​សន្និសីទ​សេរីភាព​សាសនា​នេះ​ដែរ​  ប្រធាន នាយកដ្ឋាន​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះភិក្ខុ​ ធីធី ​ធម្មោ​បញ្ជាក់​ថា ក្រោយ​ជោគជ័យ​ក្នុង​សន្និសីទ​សេរីភាព​សាសនា​អន្តរជាតិ​ សហព័ន្ធ​នឹង​ដឹក​នាំ​ប្រតិភូ​ទៅ​អឺរ៉ុប ដើម្បី​ជួប​នឹង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​សាសនា​ដើម្បី​ជំរាប​លោក​បន្ថែម​ជុំវិញ​ស្ថានភាព​សេរីភាព​ផ្នែក​សាសនា និង​សុំ​កិច្ច​អន្តរាគមន៍​ទៅ​វៀតណាម​ឲ្យ​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​សេរីភាព​សាសនា​របស់​ព្រះសង្ឃ​និង​ពលរដ្ឋខ្មែរ​ក្រោម​

No comments: