Wednesday, 8 February 2023

គណបក្ស​យុវជន​កម្ពុជា​បែក​បាក់​ផ្ទៃក្នុង ព្រោះ​មិនពេញ​​​ចិត្ត​លោក ពេជ្រ ស្រស់ ទទួល​លុយ​ពី​លោក ហ៊ុន សែន


ដោយ នៅ វណ្ណារិន
2023.02.06
គណបក្ស​យុវជន​កម្ពុជា​បែក​បាក់​ផ្ទៃក្នុង ព្រោះ​មិនពេញ​​​ចិត្ត​លោក ពេជ្រ ស្រស់ ទទួល​លុយ​ពី​លោក ហ៊ុន សែន  
លោក ពេជ្រ ស្រស់ ​ប្រធាន​គណបក្ស​យុវជនកម្ពុជា
រូប៖ ហ្វេសប៊ុក​លោក ពេជ្រ ស្រស់

 

មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​យុវជន​កម្ពុជា​ជា​ច្រើន​រូប​បាន​លាលែង​ពី​តំណែង ដោយសារ​មិន​ពេញ​ចិត្ត​ប្រធាន​គណបក្ស​ដោយ​ចោទ​ថា លោក ពេជ្រ ស្រស់ ទទួល​ប្រាក់​ពី​លោក ហ៊ុន សែន សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​លោក ពេជ្រ ស្រស់ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​យុវជន​កម្ពុជា ១៨នាក់ និង​ថ្នាក់​ដឹកនាំ​ថ្នាក់​ក្រោម​ជាតិ នៅ​តាម​មូលដ្ឋាន​ជា​ច្រើន​នាក់​ទៀត បាន​លាលែង​ពី​តំណែង។

លិខិត​សុំ​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​ទី៣ កុម្ភៈ ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នោះ​ រួម​មាន​ អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ និង​ជា​អនុប្រធាន​គណបក្ស​ លោក នៅ បូរ៉ា អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​អនុប្រធាន​គណបក្ស លោក ហួន ធារិទ្ធ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​គណបក្ស​លោក ឆុម ចាន់ថន រួម​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ ថ្នាក់​ក្រោម​ជាតិ នៅ​មូលដ្ឋាន និង​សមាជិក​ជាច្រើន​នាក់​ទៀត។

 

នៅ​ក្នុង​លិខិត​លាលែង​នេះ ពួកគេ​បញ្ជាក់​ពី​មូលហេតុ​ដូច​គ្នា​ថា ដោយសារ​គ្មាន​សមត្ថភាព លទ្ធភាព និង​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​បម្រើ​ការងារ​ជូន​គណបក្ស។ ប៉ុន្តែ​ពួកគេ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី៦ កុម្ភៈ​ថា មូលហេតុ​ពិត​ប្រាកដ ដែល​នាំ​ឱ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​យុវជន​កម្ពុជា​ នាំ​គ្នា​លាលែង​ទាំង​ចង្កោម​បែបនេះ​ ដោយ​សារ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​យក​លុយ​ពី​លោក ហ៊ុន សែន ជា​ថ្លៃ​ឈ្នួល​សម្រាប់​ការ​បម្រើ​ផល​ប្រយោជន៍​ឱ្យ​បក្ស​កាន់​អំណាច។​ ពួកគេ​អះអាង​ថា​ ភស្តុតាង​ដែល​បញ្ជាក់​ថា ​លុយ​នោះ​មាន​ទំនាក់​ទំនង​ជាមួយ​លោក​ ហ៊ុន សែន​ គឺ​សង្កេត​តាម​រយៈ​លោក ពេជ្រ ស្រស់ មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន តាម​រយៈ​ការ​រកស៊ី​វិស័យ​អចលនទ្រព្យ។​ ពួក​គេ​បញ្ជាក់​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ លោក ពេជ្រ ស្រស់​ បាន​ទទួល​លុយ​ជា​ច្រើន​ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់​ និង​ទិញ​ដី​ឡូត៍​ពុះ​លក់​ជាច្រើន​កន្លែង។

ទោះ​យ៉ាងណា​ក្ដី​ មន្ត្រី​ទាំងនេះ​បាន​ផ្ញើ​លិខិត​ឱ្យ​វិទ្យុ​អាស៊ី​សេរី​ ដោយ​មិន​បញ្ចេញ​ឈ្មោះ ឬ​សំឡេង​ឡើយ​ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​ និង​ខ្លាច​លោក​ ពេជ្រ ស្រស់​ ដែល​ជា​ប្រធាន​គណបក្ស​ប្ដឹង​ទៅ​តុលាការ។

ជុំវិញ​រឿង​នេះ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ទទួល​ស្គាល់​ថា ពិត​ជា​មាន​មន្ត្រី​ក្នុង​គណបក្ស​បាន​លា​ឈប់​ពី​តួនាទី ក្រោម​ហេតុផល​គ្មាន​ពេល​វេលា​សម្រាប់​ការងារ។ លោក​ថា​ ការ​លាលែង​របស់​មន្ត្រី​ទាំង​នោះ​មិន​បាន​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​គណបក្ស​នោះ​ឡើយ និង​បាន​ចោទ​​មន្ត្រី​ទាំង​នោះ​ថា ​បាន​នាំ​គ្នា​រៀប​គម្រោង​លា​ឈប់ ដែល​លោក​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ទង្វើ​ក្បត់។ ជាមួយ​គ្នា​នេះ​លោក​ថា លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ប្ដឹង​មន្ត្រី​ទាំង​នោះ​ឡើង​តុលាការ ប្រសិន​បើ​ពួក​គេ​ផ្សព្វ​ផ្សាយ​ពី​គោល​បំណង​នៃ​ការ​លា​ឈប់​ខុស​ពី​ក្នុង​លិខិត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក។

លោក ពេជ្រ ស្រស់៖ «ធ្វើ​អ្វី​ក៏​ដោយ​នៅ​ប្រទេស​កម្ពុជា​គេ​មាន​ច្បាប់ តែ​បើ​ធ្វើ​អ្វី​ខុស​ច្បាប់ ហើយ​ខ្ញុំ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ អា​ហ្នឹង​កុំ​ខឹង​ខ្ញុំ ព្រោះ​គាត់​បាន​ទៅ​ប្រាប់​អាស៊ី​សេរី​ថា ខ្ញុំ​បាន​ទទួល​លុយ​ពី​គណបក្ស​កាន់​អំណាច។ ចុះ​បើ​ដឹង​អ៊ីចឹង មិន​ព្រម​មក​ប្រាប់​ខ្ញុំ ទៅ​ប្រាប់​អាស៊ី​សេរី​ធ្វើ​អី? ចុះ​ម៉េច​មិន​មក​តតាំង​ជាមួយ​ខ្ញុំ ចាំ​បាច់​លា​ឈប់​ធ្វើ​អី

គណ​បក្ស​យុវជន​កម្ពុជា​ បង្កើត​ឡើង​នៅ ខែធ្នូ ឆ្នាំ២០១៥ ដោយ​មាន​លោក ពេជ្រ ស្រស់ ជា​ប្រធាន។ ទោះបី​ជា​គណបក្ស​ប្រឆាំង​ទើប​នឹង​ចាប់​កំណើត​មួយ​នេះ មិន​ទាន់​មាន​សំឡេង​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ហើយ​មិន​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ក្ដី ក៏​ប្រធាន​គណបក្ស​លោក ពេជ្រ ស្រស់ រួម​ជាមួយ​ប្រធាន​គណបក្ស​ជាង​១០​ ផ្សេង​ទៀត​ មាន​ឱកាស​ផ្សារ​ភ្ជាប់​ខ្លួន​នឹង​គណបក្ស​កាន់​អំណាច​តាម​រយៈ​តំណែង​ជា​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ ដែល​បង្កើត​ឡើង ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ ហ៊ុន សែន​ កាលពី​ឆ្នាំ​២០១៨។

ក្រៅ​ពី​តួនាទី​ជា​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ លោក ពេជ្រ ស្រស់ ក៏​សកម្ម​ក្នុង​ការ​បំពេញ​តួនាទី​ជា​អ្នក​ថែ​សួន​ប្រជាធិបតេយ្យ​ និង​ការពារ​ផ្លាក​សន្តិភាព​ឱ្យ​លោក ហ៊ុន សែន ដែរ តាម​រយៈ​ការ​គាំទ្រ​កំហុស​គោល​នយោបាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​លោក ហ៊ុន សែន និង​ថ្កោលទោស​គណ​បក្ស​ប្រឆាំង​ ដែល​ចេញ​មុខ​រិះគន់​គណបក្ស​កាន់​អំណាច។

ស្នាដៃ​សំខាន់​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា រួម​មាន ការ​ចាប់ដៃ​គ្នា​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្ដឹង​គណៈកម្មការ​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី រួម​មាន ព្រះតេជព្រះគុណ​ គុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និង​លោក មឿន តុលា ពី​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​ករណី​បច្ច័យ​បុណ្យ​សព កាល​ពី​ឆ្នាំ២០១៧ ទោះបី​គ្រួសារ​បណ្ឌិត កែម ឡី បដិសេធ​មិន​ដូច​ការ​ចោទ​ប្រកាន់​នេះ​ក៏ដោយ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មើល​ឃើញ​ថា ការ​បែក​បាក់​ផ្ទៃក្នុង​របស់​គណបក្ស​យុវជន​កម្ពុជា ទំនង​បណ្ដាល​មក​ពី​ទំនាស់​ផល​ប្រយោជន៍ ព្រោះ​គណបក្ស​នយោបាយ​តូចៗ មួយ​ចំនួន​នៅ​កម្ពុជា​បង្កើត​ឡើង ដើម្បី​ដើរ​តួ​សម្ដែង​ក្នុង​ល្ខោន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​និពន្ធ​ឡើង​ដោយ​មេ​ដឹកនាំ​ផ្ដាច់ការ​ប៉ុណ្ណោះ។ លោក​សង្កេត​ឃើញ​ថា នៅ​ក្នុង​បរិបទ​នយោបាយ​កម្ពុជា បើ​គណបក្ស​ប្រឆាំង​ណា ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​ដោយ​បើក​ចំហ​ នឹង​ត្រូវ​គណ​បក្ស​កាន់​អំណាច​ធ្វើ​ទុក្ខ​បុក​ម្នេញ ចាប់​ខ្លួន និង​រំលាយ​ចោល។ ផ្ទុយ​មក​វិញ ប្រសិន​បើ​គណ​បក្ស​ប្រឆាំង​ណា ព្រម​ធ្វើ​ជា​សាវ័ក​ហែហម​ជួយ​ជ្រោង​ទង់​ទេវតា​ឱ្យ​លោក ហ៊ុន សែន នោះ​ពួកគេ​នឹង​ទទួល​បាន​គ្រឿង​សំណែន​តួនាទី​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ លាភ​សក្ការ និង​ផល​ប្រយោជន៍​ជា​ច្រើន​ទៀត។

លោក អ៊ុំ សំអាន៖ «គណបក្ស​តូចៗ មួយ​ចំនួន​ហ្នឹង​ គ្រាន់​តែ​ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន ចូលរួម​ការ​បោះឆ្នោត​ហ្នឹង ដើម្បី​បង្ហាញ​ថា​ មាន​គណបក្ស​ចូលរួម​ការ​បោះ​ឆ្នោត​ហ្នឹង​ច្រើន​ណាស់​នៅ​កម្ពុជា! សេរី​ពហុបក្ស»។

ទាក់ទង​នឹង​រឿង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ ដែល​ទទួល​លុយ​ពី​លោក​ ហ៊ុន សែន​ មក​បង្កើត​គណបក្ស ដើម្បី​បំបែក​សំឡេង​ឆ្នោត និង​កំដរ​ល្ខោន​នយោបាយ​ឱ្យ​លោក​ មិនមែន​ជា​រឿង​ថ្មី​ទេ។ កន្លង​មក អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ពាក់​ផ្កាយ៣ ដែល​អាជ្ញាធរ​លោក ហ៊ុន សែន តាម​ចាប់​ខ្លួន និង​ប្ដឹង​ប៉ូលិស​អន្តរជាតិ «អាំងទែរប៉ូល» ឱ្យ​ចាប់​ខ្លួន ពី​បទ​ចាប់​ជំរិត​មនុស្ស គឺ​លោក ងួន សឿ បាន​ចេញ​មុខ​មក​សារភាព​កាល​លោក​នៅ​មាន​ជីវិត កាល​ពី​ឆ្នាំ២០២២ ថ្លែង​ថា ធ្លាប់​បាន​ទទួល​លុយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​បង្កើត​គណបក្ស​ថ្មី ដើម្បី​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត កាល​ពី​ឆ្នាំ១៩៩៨។ លោក​បញ្ជាក់​ថា លោក​ជា​អ្នក ដែល​ធ្វើ​ឱ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចុះ​ខ្សោយ និង​បែកបាក់​គ្នា ដើម្បី​កុំ​ឱ្យ​គណបក្ស​នេះ មាន​កម្លាំង​មក​ប្រជែង​ជាមួយ​លោក ហ៊ុន សែន បន្ត​ទៀត៕

No comments: