Thursday 23 February 2023

ប្រវត្តិ​លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ស្មោះ​នឹង​លោក ហ៊ុន សែន


ដោយ យ៉ង ចាន់តារា
2023.02.22
ប្រវត្តិ​លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ស្មោះ​នឹង​លោក ហ៊ុន សែន  
លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប
រូប៖ ហ្វេសប៊ុករដ្ឋសភា

ថ្នាក់ដឹកនាំ​កំពូល​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប ត្រូវ​បាន​ផ្លាស់ប្ដូរ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។ ប្រធាន គ..ប បច្ចុប្បន្ន គឺ​លោក ប្រាជ្ញ ចន្ទ ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

តើ​លោក ប្រាជ្ញ ចន្ទ មាន​ប្រវត្តិ​យ៉ាង​ណា ហើយ​លោក​ដឹកនាំ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ឆ្ពោះ​ទៅ​ទិសដៅ​ណា​ឱ្យ​ពិត​ប្រាកដ?

លោក ប្រាជ្ញ ចន្ទ បាន​ក្លាយ​ជា​ប្រធាន គ..ប តាម​រយៈ​ការ​ជ្រើសរើស​ពី​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ចូល​កាន់​តំណែង​នៅ​ចុង​ខែ​មិថុនា ឆ្នាំ២០២១។ នៅ​ពេល​នោះ លោក​បាន​សន្យា​ជា​ឱឡារិក​ថា លោក​នឹង​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​បំណង​បង្កើន​ទំនុក​ចិត្ត​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ និង​ម្ចាស់​ឆ្នោត។

វិញ្ញាសា​ដំបូង​ដែល​ចូល​មក​ធ្វើ​តេស្ត​ការ​សន្យា​របស់​លោក ប្រាជ្ញ ចន្ទ នោះ គឺ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០២២។

លោក ប្រាជ្ញ ចន្ទ បាន​ប្រកាស​ថា ការ​បោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​តាម​លក្ខណៈ​ប្រជាធិបតេយ្យ។

លោក ប្រាជ្ញ ចន្ទ៖ «ប្រហែល​ជា​គ្មាន​ការ​បោះឆ្នោត​ណា ដែល​ត្រង់​បំផុត​ជាង​ការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​រាប់​នៅ​ការិយាល័យ​បោះឆ្នោត​នោះ​ទេ។ បាន​ន័យ​ថា ព័ត៌មាន​បាន​មក គឺ​ស្ដែង​ចេញ​អំពី​លទ្ធផល​ឃើញ​ទាំងអស់​គ្នា មិន​អាច​លាក់លៀម​បាន​ទេ គ្មាន​អ្នកណា​បន្លំ​ទៅ​កើត​ទេ»

 

ផ្ទុយ​ពី​ការ​ប្រកាស​នេះ ក្រុម​អ្នក​សង្កេតការណ៍​ឯករាជ្យ​ទាំង​ជាតិ និង​អន្តរជាតិ​វាយតម្លៃ​ថា ការ​បោះ​ឆ្នោត​នេះ​មិនមែន​ជា​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។ មូលហេតុ គឺ​ដោយសារ​រដ្ឋាភិបាល​បន្ត​បង្ក្រាប​ឥត​ឈប់ឈរ​លើ​អ្នក​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ សារព័ត៌មាន និង​សង្គម​ស៊ីវិល ជាពិសេស​ថ្នាក់ដឹកនាំ គ..ប ៧ រូប ចេញ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ ម្យ៉ាងវិញទៀត ភាព​មិន​ប្រក្រតី​ជាច្រើន​បាន​កើត​ឡើង​ក្នុង​ការ​បោះ​ឆ្នោត ដូចជា អាជ្ញាធរ​ចាំ​កត់​ឈ្មោះ​អ្នក​បោះឆ្នោត និង​ការ​បិទ​ទ្វារ​បង្អួច​ពេល​រាប់​សន្លឹក​ឆ្នោត​ជាដើម។

ជាង​នេះ​ទៅ​ទៀត គ..ប ក្រោម​ការ​ដឹកនាំ​របស់​លោក ប្រាជ្ញ ចន្ទ ហាក់​មាន​សភាព​យ៉ាប់យ៉ឺន​ជាង​មុន​ទៅ​ទៀត ពីព្រោះ​ស្ថាប័ន​អាជ្ញាកណ្ដាល​មួយ​នេះ​បាន​គាំទ្រ​ជា​ចំហ​ចំពោះ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​ចេញ​មុខ​ប្ដឹង​អ្នក​រិះគន់​ទៅ​តុលាការ ដែល​ជា​រឿង​មិន​ធ្លាប់​កើត​មាន​នោះ​ទេ ក្នុង​ប្រវត្តិ​ជាង ២០ឆ្នាំ​របស់ គ..ប។

ប្រវត្តិ​សង្ខេប

លោក ប្រាជ្ញ ចន្ទ កើត​នៅ​ឆ្នាំ១៩៥៧ ដែល​គិត​មក​ដល់​ពេល​នេះ លោក​មាន​អាយុ ៦៦ឆ្នាំ​ហើយ។ លោក​មាន​ស្រុក​កំណើត​នៅ​នៅ​ភូមិ​ត្រពាំងព្រីង ឃុំ​ទូក​មាស ស្រុក​បន្ទាយមាស ខេត្ត​កំពត។ លោក​មាន​កូនស្រី ២នាក់ ដែល​សុទ្ធ​សឹង​ជា​មន្ត្រី​រាជការ។ លោក​មាន​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ។

ទាក់ទង​នឹង​ឋានៈ និង​តួនាទី​វិញ លោក ប្រាជ្ញ ចន្ទ ធ្លាប់​កាន់​តួនាទី​ជាច្រើន មុន​នឹង​ក្លាយ​ជា​ប្រធាន គ..ប។ ក្នុង​ក្រសួង​មហាផ្ទៃ លោក​ឡើង​តំណែង​ជា​បន្តបន្ទាប់​ពី​ឆ្នាំ១៩៩១ ដល់​ឆ្នាំ២០០៩។ ពី​ដំបូង លោក​ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ខេត្ត ក្រោយ​មក​ក្លាយ​ជា​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ទូទៅ បន្ទាប់មក​ទៀត​ជា​អគ្គនាយក​រង​រដ្ឋបាល និង​ចុងក្រោយ​ជា​អគ្គនាយក​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ។ ក្នុង​ពេល​កាន់​តំណែង​ជា​អគ្គនាយក​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​នេះ លោក​កាន់​តំណែង​មួយ​ទៀត ជា​អភិបាល​ខេត្ត​បាត់ដំបង ពី​ឆ្នាំ២០០១ ដល់​ឆ្នាំ២០១៣។ ក្រោយ​មក​ លោក​ក្លាយ​ជា​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៧ ។ បន្ត​មក​ទៀត ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២១ លោក​ជា​តំណាងរាស្ត្រ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា-​ព្រឹទ្ធសភា។ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង លោក ជា ជីវ ដែល​ធ្លាប់​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង​ក្នុង​អាណត្តិ​របស់​លោក ប្រាជ្ញ ចន្ទ ដែរ​នោះ ឱ្យ​ដឹង​ថា អតីត​អភិបាល​ខេត្ត​រូប​នេះ​ជា​មនុស្ស​មិន​សូវ​និយាយ​ច្រើន ម៉ឺងម៉ាត់ អត្តនោម័តិ និង​បក្ខពួក​និយម។ លោក​សង្កត់​ធ្ងន់​ថា លោក ប្រាជ្ញ ចន្ទ មិន​មាន​ទស្សនៈ​នយោបាយ​បែប​ប្រជាធិបតេយ្យ​នោះ​ទេ។

លោក ជា ជីវ៖ «គាត់​គឺជា​បុគ្គល​ម្នាក់​ដែល​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​សម្រាប់​ការ​បោះឆ្នោត​មួយ​ដែល​មិន​ត្រឹមត្រូវ មិន​សេរី មិន​យុត្តិធម៌ មិន​អព្យាក្រឹត្យ និង​មិន​ឯករាជ្យ ដើម្បី​បម្រើ​មហិច្ឆតា​របស់​គណបក្ស​កាន់អំណាច ជាពិសេស​គឺ​លោក ហ៊ុន សែន»

ក្រៅពី​នេះ លោក ជា ជីវ ឱ្យ​ដឹង​ថា លោក ប្រាជ្ញ ចន្ទ មាន​ជាប់​ពាក់ព័ន្ធ និង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ដោះដូរ​អាគារ​រដ្ឋ និង​គម្រោង​វិនិយោគ​ជាច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ ការ​លើក​ឡើង​នេះ គឺ​ស្រប​គ្នា​ទៅ​នឹង​ការ​រក​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល។ អង្គការ​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា ការ​ដោះដូរ​អាគារ​រដ្ឋ​មាន​វិសាលភាព​ធំធេង​ក្នុង​សម័យ​លោក ប្រាជ្ញ ចន្ទ មាន​ជាអាទិ៍ ការ​ដោះដូរ​មន្ទីរ​សាធារណការ មន្ទីរ​កសិកម្ម និង​មន្ទីរ​អប់រំ ជាដើម ហើយ​ពួកគេ​ជឿ​ថា តិច ឬ​ច្រើន លោក ប្រាជ្ញ ចន្ទ ប្រាកដ​ជា​ទទួល​បាន​ផលប្រយោជន៍​ពី​គម្រោង​ទាំងនេះ។ រីឯ​រឿង​បក្ខពួក​និយម​វិញ ខ្សែស្រឡាយ​សាច់ញាតិ​របស់​លោក ប្រាជ្ញ ចន្ទ ក្នុង​នោះ​មាន​ទាំង​តៃកុង​ឡាន​របស់​លោក​ផង មាន​តួនាទី​ជា​មន្ត្រីរាជការ ឬ​ជា​នគរបាល​នៅ​ក្នុង​ខេត្ត​បាត់ដំបង។


ទំនុក​ចិត្ត​ពី​បក្ស​ប្រជាជន​កម្ពុជា

បើ​និយាយ​ពី​កិច្ចការ​បក្ស​វិញ លោក ប្រាជ្ញ ចន្ទ គឺ​ជា​មន្ត្រី​ដុះស្លែ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បាន​ចូលរួម​ជាមួយ​បក្ស​នេះ​តាំង​ពី​ឆ្នាំ១៩៧៩ និង​ក្លាយ​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល មុន​នឹង​លាលែង​ពី​គណបក្ស​នៅ​ពាក់កណ្ដាល​ឆ្នាំ២០២១ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការងារ​ជា​ប្រធាន​ថ្មី​របស់ គ..ប ជំនួស​លោក ស៊ិក ប៊ុនហ៊ុក ដែល​បាន​លាលែង ក្រោម​ហេតុផល​សុខភាព​ផ្ទាល់​ខ្លួន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ការ​ជ្រើសរើស​លោក ប្រាជ្ញ ចន្ទ ឱ្យ​ធ្វើ​ជា​ប្រធាន គ..ប នេះ ជា​ការ​សម្រេច​ផ្ទៃ​ក្នុង ដែល​មិន​អាច​និយាយ​មូលហេតុ​ចេញ​ក្រៅ​បាន​ទេ។ លោក​បដិសេធ​មតិ​ដែល​ថា គ..ប ក្រោម​ការ​ដឹកនាំ​របស់​លោក ប្រាជ្ញ ចន្ទ លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សុខ ឥសាន៖ «នីតិវិធី​មាន​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់ ដូច្នេះ​មិន​អាច​ចាត់​ទុក​ថា គ..ប ជ្រើសរើស​ដោយ​គណបក្ស​ប្រជាជន ឬ​មួយ​ដោយ​គណបក្ស​ណា​មួយ ហើយ​បាន​មក​ហើយ សមាជិក​ហ្នឹង​លម្អៀង​ទៅ​លើ​គណបក្ស​នេះ គណបក្ស​នោះ អត់​ទេ។ អ៊ីចឹង​ខ្ញុំ​សូម​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ ដែល​គេ​ហៅ​ថា មិន​សមស្រប​ទៅ​តាម​គោលការណ៍​ច្បាប់»

ទោះជា​មាន​ការ​បក​ស្រាយ​បែប​នេះ​ពី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ ក៏​ការ​ដាក់​លោក ប្រាជ្ញ ចន្ទ ឱ្យ​ធ្វើ​ជា​ប្រធាន គ..ប នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទំនង​ជា​ការ​សម្រេច​ចិត្ត​បែប​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​ធានា​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ហេតុផល​មួយ​ចំនួន​ដែល​អាច​ពន្យល់​រឿង​នេះ​បាន។ ទី​មួយ លោក ប្រាជ្ញ ចន្ទ ជា​មនុស្ស​ស្មោះស្ម័គ្រ​ឥត​ងាករេ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ទីពីរ នៅ​ពេល​ជ្រើសរើស​ប្រធាន​ថ្មី​របស់ គ..ប បេក្ខជន​ដាក់​ពាក្យ​តែ ២ នាក់​ប៉ុណ្ណោះ ហើយ​បេក្ខជន​ទាំងពីរ​នាក់​នោះ​ទៀត​សោត គេ​ស្គាល់​តែ​លោក ប្រាជ្ញ ចន្ទ ឯ​លោក កា លៀន វិញ មិន​សូវ​មាន​អ្នក​ស្គាល់​ប្រវត្តិ​នោះ​ទេ។ ទីបី លោក ប្រាជ្ញ ចន្ទ មាន​បទ​ពិសោធន៍​ច្រើន​រឿង​គ្រប់គ្រង​រដ្ឋបាល ក៏​ប៉ុន្តែ​លោក​គ្មាន​បទ​ពិសោធន៍​​ដឹកនាំ​កិច្ចការ​បោះ​ឆ្នោត​នោះ​ឡើយ។

បំបិទ​មាត់​អ្នក​រិះគន់ តែ​គាំទ្រ​មេ​បក្ស​អំណាច

ម្យ៉ាងវិញទៀត ក្រោម​អាណត្តិ​របស់​លោក ប្រាជ្ញ ចន្ទ គ..ប ក្លាយ​ទៅ​ជា​ស្ថាប័ន​ប៉ះ​លែង​បាន និង​ដើរ​ចាក​ឆ្ងាយ​ពី​ភាព​ជា​អាជ្ញាកណ្ដាល ដែល​ច្បាប់​បាន​តម្រូវ។

..ប បាន​ប្ដឹង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ទៅ​តុលាការ​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០២២ ពី​បទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ» ក្រោយ​ពី​អ្នក​នយោបាយ​ចាស់​វស្សា​រូប​នេះ​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ មាន​ដូចជា ការ​បំភិតបំភ័យ​ពលរដ្ឋ ការ​លួច​បន្លំ​សន្លឹក​ឆ្នោត និង​ភាព​មិន​ឯករាជ្យ​របស់ គ..ប ជាដើម។ បណ្ដឹង​របស់ គ..ប នេះ ធ្វើ​ឡើង​ស្របគ្នា​នឹង​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​នឹង​លោក សុន ឆ័យ ដែល​មាន​អង្គហេតុ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ។ តុលាការ​បាន​សម្រេច​ឱ្យ​លោក សុន ឆ័យ ចាញ់​ក្ដី ដោយ​ត្រូវ​បង់​សំណង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅ​ឱ្យ​ភាគី​ដើម​បណ្ដឹង។  

លោក សុន ឆ័យ ថ្លែង​ថា ការ​ប្ដឹង​ផ្ដល់​រូប​លោក​នេះ ជា​រឿង​មិន​សម​ហេតុ​ផល និង​រំខាន​ដល់​សិទ្ធិ​នយោបាយ​របស់​លោក។

លោក សុន ឆ័យ៖ «ការ​ប្ដឹងផ្ដល់​លើ​រូប​ខ្ញុំ វា​អត់​មាន​ហេតុផល​ទាល់តែ​សោះ។ ការងារ​ដែល​ខ្ញុំ​បាន​តវ៉ា គឺ​ក្នុង​ចន្លោះ​មុន​ការ​ប្រកាស​ផ្លូវការ​នៃ​លទ្ធផល​បោះ​ឆ្នោត ហើយ​ការ​តវ៉ា​ខ្ញុំ​នោះ ក៏​យោង​ទៅ​តាម​ការ​សង្កេត​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង ដែល​សង្កេត​ឃើញ​ពី​ភាព​មិន​ប្រក្រតី»

ក្រៅ​ពី​ប្ដឹង​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ទៅ​តុលាការ​ហើយ​នោះ លោក ប្រាជ្ញ ចន្ទ មិន​បាន​លាក់លៀម​អំពី​ជំហរ​គាំទ្រ និង​ភក្ដីភាព​របស់​លោក​ចំពោះ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​កាន់​អំណាច​នោះ​ទេ។ ក្នុង​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ ២០២២ លោក ប្រាជ្ញ ចន្ទ បាន​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​លោក ហ៊ុន សែន ដែល​លោក​ថា បាន​ដឹកនាំ​ជាតិ​ឱ្យ​ទទួល​បាន​សន្តិភាព​ពេញ​បរិបូរណ៍ និង​រីក​ចម្រើន​គ្រប់​វិស័យ។ ទន្ទឹមគ្នា​នេះ លោក​ជូនពរ​លោក ហ៊ុន សែន ឱ្យ​មាន​កម្លាំង និង​អាយុ​វែង ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ជាតិ​តទៅមុខ​ទៀត។

អតីត​សមាជិក គ..ប និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ការ​ដែល​លោក ប្រាជ្ញ ចន្ទ ប្រើប្រាស់​ស្ថាប័ន គ..ប ដើម្បី​គាំទ្រ​មេដឹកនាំ​បក្ស​កាន់​អំណាច​នេះ ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។

លោក រ៉ុង ឈុន៖ «ក្នុង​ច្បាប់ គ..ប ក៏​ដូចជា​ច្បាប់​រដ្ឋធម្មនុញ្ញ ចង្អុល​បង្ហាញ​ថា គ..ប ត្រូវតែ​មាន​ឯករាជ្យ​ភាព ហើយ​នៅ​ពេល​ដែល​យើង​ថ្លែងការណ៍​បង្ហាញ​ការ​គាំទ្រ​ទៅលើ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន អាហ្នឹង​វា​ត្រូវ​ធ្វើ​ឱ្យ​យើង​បាត់បង់​ឯករាជ្យ​ភាព​របស់​ខ្លួន​ហើយ»

វិទ្យុ​អាស៊ី​សេរី​បាន​ទាក់ទង​ទៅ​លោក ប្រាជ្ញ ចន្ទ ដើម្បី​ឱ្យ​លោក​ឆ្លើយ​តប​រឿង​នេះ ប៉ុន្តែ​លោក​រុញ​ឱ្យ​ទៅ​សួរ​អ្នកនាំពាក្យ គ..ប លោក ហង្ស ពុទ្ធា វិញ។

លោក ហង្ស ពុទ្ធា បកស្រាយ​ថា សារ​លិខិត​នោះ គឺ​ជា​ការ​ទទួល​ស្គាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​មាន​ស្នាដៃ​ដល់​ជាតិ។ រីឯ​ការ​ប្ដឹង​លោក សុន ឆ័យ ទៅ​តុលាការ​នោះ​វិញ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា នេះ​ជា​ការ​ការពារ​កិត្តិយស​របស់​ស្ថាប័ន គ..ប។

លោក ហង្ស ពុទ្ធា៖ «..ប ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សាធារណជន ចំពោះ​មុខ​ប្រវត្តិសាស្ត្រ អ៊ីចឹង​ប្រសិនបើ​មាន​ការ​បំផ្លាញ​នូវ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​នៃ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ហើយ សំណួរ​សួរ​ថា តើ​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ទៅលើ​ការ​រៀបចំ​បោះឆ្នោត​ហ្នឹង​យ៉ាងណា​ទៅវិញ»

ទោះបី​ជា​មន្ត្រី​នាំ​ពាក្យ គ..ប អះអាង​បែប​នេះ​ក្ដី ក៏​កន្លងទៅ គ..ប មិនទំនង​ជា​ទី​ទុក​ចិត្ត​សម្រាប់​ម្ចាស់​ឆ្នោត​ឡើយ។ តាំងពី​ដើម​មក ស្ថាប័ន​នេះ​គ្រប់គ្រង​ដោយ​មនុស្ស​ស្មោះស្ម័គ្រ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ការ​បោះឆ្នោត​រាល់​លើក​ច្រើនតែ​រង​ការ​រិះគន់​ថា មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត មិន​បាន​ចែង​ឱ្យ គ..ប ត្រូវ​ប្ដឹង​ផ្ដល់​អ្នក​​រិះគន់​នោះ​ទេ ហើយ​ការ​ប្ដឹង​នេះ​ទៀត​សោត ក៏​មិន​អាច​ជួយ​ការពារ​កិត្តិយស គ..ប បាន​នោះ​ដែរ។

លោក កន សាវាង្ស៖ «ព្យាយាម​ដោះស្រាយ​បញ្ហា អ្វី​ដែល​គេ​លើកឡើង​ហ្នឹង ភាគី​ពាក់ព័ន្ធ​លើក​ឡើង។ អា​ហ្នឹង​ទើប​វា​អាច​ជា​ការ​ស្ដារ​មុខមាត់​របស់​ស្ថាប័ន គ..ប ប៉ុន្តែ​បើ​ប្រើប្រាស់​យន្តការ​បណ្ដឹង វា​មិនមែន​ជា​ដំណោះស្រាយ​ទេ វា​គ្រាន់តែ​ថា មនុស្ស​ខ្លាច។ ឈប់​និយាយ ប៉ុន្តែ​សួរ​ថា បំបាត់​ការ​មិន​ទុក​ចិត្ត​ហ្នឹង​បាន​ទេ? វា​មិន​អាច​បំបាត់​ការ​មិន​ទុក​ចិត្ត​ហ្នឹង​បាន​ទេ មាន​តែ​ដំណោះស្រាយ​ទេ ទើប​អាច​បំបាត់​បាន»

គោរព​សន្យា ឬ​បន្ត​ស្មោះត្រង់​នឹង​អតីត​មេកើយ

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​តំណាងរាស្ត្រ​នៅ​ថ្ងៃ អាទិត្យ ទី ២៣ កក្កដា ខាងមុខ។ នេះ​ជា​ការ​បោះឆ្នោត​តំណាងរាស្ត្រ​​លើក​ដំបូង​ហើយ ក្រោយ​ពី​កម្ពុជា​ស្ថិត​ក្រោម​របប​គ្រប់គ្រង​ឯក​បក្ស​របស់​លោក ហ៊ុន សែន អស់​រយៈ​ពេល ៥ឆ្នាំ និង​ក្រោយ​ពី​បុរស​ខ្លាំង​រូប​នេះ​បាន​សម្រេច​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​ឱ្យ​កូន​ប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​បន្ត​ត្រកូល។

ហេតុដូច្នេះ ការ​បោះឆ្នោត​សភា​នា​ពេល​ខាង​មុខ​នេះ នឹង​ក្លាយ​ជា​វិញ្ញាសា​មួយ​ថ្មី​ទៀត ដើម្បី​បញ្ជាក់​ថា តើ​លោក ប្រាជ្ញ ចន្ទ នឹង​គោរព​តាម​ពាក្យ​សន្យា​ដែល​ថា លោក​នឹង​ប្រកាន់​ជំហរ​ជា​អាជ្ញា​កណ្ដាល​ដើម្បី​ជាតិ​នោះ​ដែរ ឬ​ទេ? ឬក៏​លោក​នៅតែ​មាន​សមានចិត្ត និង​បំពេញ​ការងារ​ជូន​អតីត​មេ​ធំ​របស់​លោក​បន្ត​ទៅ​ទៀត?

 

No comments: