2023.02.27
សកម្មជនគណបក្សភ្លើងទៀនមួយចំនួននៅតាមបណ្ដាខេត្តត្រូវបានអាជ្ញាធរលួចកាត់បំផ្លាញស្លាកសញ្ញាបក្ស គំរាមដកប័ណ្ណក្រីក្រ និងត្រូវជនមិនស្គាល់មុខគប់ដុំថ្មចូលផ្ទះ។ មន្ត្រីគណបក្សភ្លើងទៀនចាត់ទុកទង្វើទាំងនេះថា ជាការគំរាមកំហែងផ្នែកនយោបាយ ហើយទាមទារឱ្យអាជ្ញាធរទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យបោះឆ្នោតដោយសេរី និងយុត្តិធម៌។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅមិនដល់ ៤ខែទៀតទេ សកម្មជនបក្សភ្លើងមួយចំនួនកំពុងរងការរឹតត្បិតសិទ្ធិនយោបាយ ជាពិសេស ការគំរាមកំហែងដែលធ្វើឱ្យពួកគេបារម្ភពីសុវត្ថិភាពក្នុងការចុះបំពេញកិច្ចការ ស្របពេលសមត្ថកិច្ចមិនអើពើរកយុត្តិធម៌ ឬចាត់វិធានការលើជនប្រព្រឹត្តិ ដើម្បីយកមកផ្ដន្ទាទោសនៅឡើយទេ។
ប្រធានគណបក្សភ្លើងទៀន ខេត្តប៉ៃលិន លោក ខឹម មុនីកុសល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែកុម្ភៈថា អាជ្ញាធរមូលដ្ឋានបានគាបសង្កត់សិទ្ធិសេរីភាពនៃការជួបប្រជុំ ឬជួបសំណេះសំណាលរបស់បក្សភ្លើងទៀនកាន់តែខ្លាំងដែលធ្វើឱ្យពួកលោកពិបាកបំពេញការងារជូនគណបក្សបក្សសម្រាប់ការបោះឆ្នោតខាងមុខនេះ។ លោកឱ្យដឹងថា បច្ចុប្បន្នថ្នាក់ដឹកនាំបក្សចុះទៅមូលដ្ឋានជួបអ្នកគាំទ្រ និងប្រជាពលរដ្ឋម្ដងៗ អាជ្ញាធរតែងតែដាក់កម្លាំងតាមដានហើយកន្លែងខ្លះប៉ូលិសស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិលមិនបានចូលរួមរក្សាសន្តិសុខតាមច្បាប់នោះទេ បែរជាចូលថតរូបក្នុងកិច្ចអង្គប្រជុំដោយគ្មានការអនុញ្ញាត ដែលធ្វើឱ្យអ្នកចូលរួមភ័យខ្លាច។ លោកបន្ថែមថាក្រោយកម្មវិធីបញ្ចប់ អាជ្ញាធរក៏ដើរព្រមានដកប័ណ្ណក្រីក្រ ឬគំរាមដាក់សម្ពាធចំពោះម្ចាស់ផ្ទះ ឬប្រជាពលរដ្ឋណាដែលចូលរួមជាមួយបក្សភ្លើងទៀនផងដែរ។
ប៉ុន្តែ លោក ខឹម មុនីកុសល ឱ្យដឹងទៀតថា ករណីស្លាកបក្សដែលអាជ្ញាធរឃុំ និងជនមិនស្គាល់មុខធ្វើសកម្មភាពលួចកាត់បំផ្លាញវិញ ប៉ូលិសមិនហ៊ានទទួលពាក្យបណ្ដឹងយកទៅដោះស្រាយនៅឡើយទេ រហូតមកដល់ពេលនេះ។ លោកថា លោកបានធ្វើរបាយការណ៍ករណីទាំងនេះជូនថ្នាក់លើរួចហើយ ដើម្បីជួយអន្តរាគមន៍ទៅក្រសួងមហាផ្ទៃដោះស្រាយ ឬទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនិងកុំឱ្យកើតឡើងតទៅទៀត។
លោក ខឹម មុនីកុសល៖ «ស្ថានភាពនេះខ្ញុំគិតថា ជាការគំរាមកំហែងចូលដល់កម្រិតមួយខ្ពស់ហើយ ហើយជាការព្រួយបារម្ភរបស់ខ្ញុំ ក៏ដូចសហការីទាំងអស់ក្នុងគណបក្សភ្លើងទៀននេះ ជាពិសេស សកម្មជននៅថ្នាក់មូលដ្ឋានហ្នឹងព្រួយបារម្ភពីសុវត្ថិភាព ការគាបសង្កត់ដែលកើតឡើងនៅតាមមូលដ្ឋានហ្នឹង»។
ស្រដៀងគ្នានេះដែរ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ លោក ស៊ូ យាន ប្រាប់ថា លោក និងសកម្មជនមួយចំនួនទៀតបានរងការគំរាមកំហែងបំបាក់ស្មារតីផ្នែកនយោបាយដោយប្រយោលផង និងដោយផ្ទាល់ផង។ លោក ស៊ូ យាន ឱ្យដឹងថា ខែកុម្ភៈនេះ គឺជាខែដែលមានកើតករណីគំរាមកំហែងលើថ្នាក់ដឹកនាំ សកម្មជនបក្សភ្លើងទៀនខេត្តនេះច្រើនគួរឱ្យព្រួយបារម្ភ ដូចជា ករណីអូសទាញទិញទឹកចិត្ត ករណីដកហូតប័ណ្ណក្រីក្រពីសកម្មជនមូលដ្ឋាន ករណីលួចកាប់បំផ្លាញស្លាកសញ្ញាគណបក្ស ករណីជនមិនស្គាល់មុខគោះទ្វារ និងគប់ដុំថ្មចូលផ្ទះ ព្រមទាំងករណីចុងក្រោយប៉ូលិសស្រុកមេមត់ដេញចាប់លោកទាំងកណ្ដាលថ្ងៃត្រង់កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រោមហេតុផលថា យល់ច្រឡំជាដើម។ លោកបញ្ជាក់ថា លោកបានប្ដឹងរឿងទាំងនោះទៅសមត្ថកិច្ចដែរ ប៉ុន្តែមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាត់វិធានការផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាពនៅឡើយទេ។
លោក ស៊ូ យាន ៖ «ខ្ញុំចាត់ទុកជារឿងគំរាមកំហែង បំភិតបំភ័យផ្នែកនយោបាយ ព្រោះការបោះឆ្នោតវាកាន់តែខិតជិតមកដល់អាហ្នឹងជាការបំបាក់ស្មារតីទៅមហាជន ក៏ដូចការគំរាមថ្នាក់ដឹកនាំនៅមូលដ្ឋានកុំឱ្យចេញសកម្មភាពចូលរួមជាមួយបក្សភ្លើងទៀន អាហ្នឹងសុទ្ធតែជាលក្ខណៈឆ្លុះបញ្ចាំងភាពជាក់ស្ដែង»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភីរិទ្ធ ឱ្យដឹងថា ក្រៅពីខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំនេះ គណបក្សថ្នាក់ជាតិបានទទួលរបាយការណ៍ពីសកម្មជនមូលដ្ឋានស្ទើរគ្រប់ខេត្តជុំវិញករណីគំរាមកំហែង និងការធ្វើទុក្ខបុកជាហូរហែ ប៉ុន្តែលោកបញ្ជាក់ថា គណបក្សនឹងយកបញ្ហានេះ រួមទាំងការរឹតត្បិតលើសេរីភាពបញ្ចេញមតិរបស់ថ្នាក់ដឹកនាំបក្សទៅវាយតម្លៃអំពីស្ថានការណ៍នយោបាយចុងក្រោយនៅមុខពេលដំណើរការដាក់បញ្ជីបេក្ខជនជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ។ ទោះយ៉ាងណាក្ដី លោកអំពាវនាវដល់គណបក្សកាន់អំណាច និងអាជ្ញាធរពាក់ព័ន្ធគួរជជែកដោយការយោគយល់ដើម្បីធានាឱ្យដំណើរបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
លោក គឹមសួរ ភីរិទ្ធ៖ «វាពិបាកហើយក្នុងស្ថានភាពសង្គមមួយ ដែលមានការបិទបាំងការពិត ហើយសង្គមមួយមិនឱ្យមានយុត្តិធម៌ហ្នឹង ទោះបីយើងនិយាយច្រើនជាងហ្នឹងដាក់ភស្តុតាងច្រើនជាងហ្នឹង ក៏គេថា យើងបង្កើតព្រឹត្តិការណ៍ បង្កាច់បង្ខូចអ៊ីចឹងដែរ ប៉ុន្តែរឿងពិតគឺការវាយដំសកម្មជនឱ្យបែកក្បាលមិនដែលអាជ្ញាធររកមុខឃើញ ហើយការកាប់ស្លាកអីហ្នឹង យើងឃើញថា បើព្រឹត្តិការណ៍កើតលើសកម្មជនគេ ស្លាកគេ គឺអត់មានទេ កើតលើតែគណបក្សភ្លើងទៀន ហើយបក្សផ្សេងក៏មិនកើតអ៊ីចឹងទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៧ ខែកុម្ភៈ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា សង្គមប្រជាធិបតេយ្យ គឺពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមផ្នែកនយោបាយដោយសេរី និងគ្មានការរើសអើង ហើយសំណើ ឬបណ្ដឹងរបស់ប្រជាពលរដ្ឋត្រូវយកទៅពិនិត្យដោះស្រាយដោយផ្អែកតាមច្បាប់។ លោក កន សាវាង្ស លើកទឹកចិត្តដល់សកម្មជននយោបាយ ដែលរងការគំរាមកំហែងគួររៀបចំឯកសារ ឬប្រមូលភស្តុតាងប្ដឹងទៅស្ថាប័នមានសមត្ថកិច្ច ជាពិសេស ក្រសួងមហាផ្ទៃ ដើម្បីសុំការឆ្លើយតប និងដោះស្រាយជាជាងរក្សាភាពស្ងាត់ស្ងៀម។
លោក កន សាវាង្ស៖ «(សំណើរបស់ពលរដ្ឋ) មិនអាចបដិសេធណាមួយដោយអង្គការរដ្ឋ ឬក៏រឹតបន្តឹងដោយអង្គការរដ្ឋទេ ព្រោះអង្គការរដ្ឋជាស្ថាប័នមួយរបស់រដ្ឋដែលធានាដល់ប្រជាពលរដ្ឋគ្រប់រូបមិនថា មាននិន្នាការនយោបាយណាទេ គឺថា ធានាបើកឱ្យមានគោលការណ៍ឱ្យមានសេរីភាពក្នុងការអនុវត្តសេរីភាពរបស់ខ្លួនទៅតាមគោលនយោបាយរបស់ខ្លួន។ អាជ្ញាធរអត់មានតួនាទីណា ឬនិន្នាការណាមួយជាមួយគណបក្សនយោបាយទេ»។
គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មានជាង ៩លាន ៧សែនមឺននាក់(៩.៧១០.៦៥៥) ស្មើនឹង ៨៩,២៨% នៃពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត និងមានការិយាល័យ បោះឆ្នោតចំនួនជាង ២មឺន ៣ពាន់ការិយាល័យ (២៣.៧៨៩)។ គ.ជ.ប បានបញ្ជាក់ថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាបញ្ជី បោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ថ្ងៃអាទិត្យ ទី២៣ កក្កដាខាងមុខនេះ។
ទោះជាយ៉ាងណាក្ដី ស្របពេលដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ មេដឹកនាំ សកម្មជនគណបក្សភ្លើងទៀននៅតាមបណ្ដាខេត្តមួយចំនួន ត្រូវបានអាជ្ញាធរគណបក្សកាន់អំណាចរារាំង និងគំរាមកំហែងជាបន្តបន្ទាប់។ គណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលនៅមិនទាន់ឃើញរដ្ឋាភិបាល លោក ហ៊ុន សែន បង្កភាពងាយស្រួលដល់គណបក្សនយោបាយ ឬពលរដ្ឋ ដើម្បីអាចចូលរួមការបោះឆ្នោតនេះ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
គណបក្សភ្លើងទៀនកាលពីចុងខែមករា ធ្លាប់បញ្ជាក់ថា គណបក្សនេះប្រឆាំងដាច់ខាត ចំពោះការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយគ្រប់រូបភាព។ គណបក្សនេះទាមទារឲ្យបញ្ឈប់ជាបន្ទាន់។ គណបក្សភ្លើងទៀន អំពាវនាវឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់ ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សឲ្យបានត្រឹមត្រូវ៕
2 comments:
Stop giving legitimacy to Hun Sen's fake election.
If you win, Hun Sen will destroy you and your party.
If you lose, you will destroy your own party by your own people.
In Cambodia, only dictator Hun Sen's party is allowed to win an election.
Post a Comment