Tuesday 28 February 2023

សកម្មជន​បក្ស​ភ្លើង​ទៀន​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ និង​ជន​មិន​ស្គាល់​មុខ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​មុន​ពេល​បោះឆ្នោត


ដោយ សុជីវី
2023.02.27
សកម្មជន​បក្ស​ភ្លើង​ទៀន​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ និង​ជន​មិន​ស្គាល់​មុខ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​មុន​ពេល​បោះឆ្នោត  
លោក ខឹម មុនីកុសល ប្រធាន​គណបក្ស​ភ្លើង​ទៀន ខេត្តប៉ៃលិន ថត​ពេល​លើក​ស្លាក​គណបក្ស កាល​ពី​ថ្ងៃ​ទី២៦ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន

 

សកម្មជន​គណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន​នៅ​តាម​បណ្ដា​ខេត្ត​ត្រូវ​បាន​អាជ្ញាធរ​លួច​កាត់​បំផ្លាញ​ស្លាក​សញ្ញា​បក្ស គំរាម​ដក​ប័ណ្ណ​ក្រីក្រ និង​ត្រូវ​ជន​មិន​ស្គាល់​មុខ​គប់​ដុំ​ថ្ម​ចូល​ផ្ទះ។ មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ចាត់​ទុក​ទង្វើ​ទាំង​នេះ​ថា ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ហើយ​ទាមទារ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ឱ្យ​បោះ​ឆ្នោត​ដោយសេរី និង​យុត្តិធម៌។

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី៧ នៅ​មិន​ដល់ ៤ខែ​ទៀត​ទេ សកម្មជន​បក្ស​ភ្លើង​មួយ​ចំនួន​កំពុង​រង​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ ជាពិសេស ការ​គំរាម​កំហែង​ដែល​ធ្វើ​ឱ្យ​ពួក​គេ​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​ចុះ​បំពេញ​កិច្ចការ ស្រប​ពេល​សមត្ថកិច្ច​មិន​អើពើ​រក​យុត្តិធម៌ ឬ​ចាត់​វិធានការ​លើ​ជន​ប្រព្រឹត្តិ ដើម្បី​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។

 

ប្រធាន​គណបក្ស​ភ្លើង​ទៀន ខេត្តប៉ៃលិន លោក ខឹម មុនីកុសល ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៧ ខែកុម្ភៈ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​គាប​សង្កត់​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ ឬ​ជួប​សំណេះសំណាល​របស់​បក្ស​ភ្លើង​ទៀន​កាន់តែ​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ពួក​លោក​ពិបាក​បំពេញ​ការងារ​ជូន​គណបក្ស​បក្ស​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​នេះ។ លោក​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ថ្នាក់​ដឹកនាំ​បក្ស​ចុះ​ទៅ​មូលដ្ឋាន​ជួប​អ្នក​គាំទ្រ និង​ប្រជាពលរដ្ឋ​ម្ដងៗ អាជ្ញាធរ​តែងតែ​ដាក់​កម្លាំង​តាមដាន​ហើយ​កន្លែង​ខ្លះ​ប៉ូលិស​ស្លៀក​ពាក់​ឯកសណ្ឋាន និង​ស៊ីវិល​មិនបាន​ចូលរួម​រក្សា​សន្តិសុខ​តាម​ច្បាប់​នោះ​ទេ បែរ​ជា​ចូល​ថតរូប​ក្នុង​កិច្ច​អង្គប្រជុំ​ដោយ​គ្មាន​ការ​អនុញ្ញាត ដែល​ធ្វើ​ឱ្យ​អ្នក​ចូលរួម​ភ័យ​ខ្លាច។ លោក​បន្ថែម​ថា​ក្រោយ​កម្មវិធី​បញ្ចប់ អាជ្ញាធរ​ក៏​ដើរ​ព្រមាន​ដក​ប័ណ្ណ​ក្រីក្រ ឬ​គំរាម​ដាក់​សម្ពាធ​ចំពោះ​ម្ចាស់​ផ្ទះ ឬ​ប្រជាពលរដ្ឋ​ណា​ដែល​ចូលរួម​ជាមួយ​បក្ស​ភ្លើង​ទៀន​ផង​ដែរ។

ប៉ុន្តែ លោក ខឹម មុនីកុសល ឱ្យ​ដឹង​ទៀត​ថា ករណី​ស្លាក​បក្ស​ដែល​អាជ្ញាធរ​ឃុំ និង​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​លួច​កាត់​បំផ្លាញ​វិញ ប៉ូលិស​មិន​ហ៊ាន​ទទួល​ពាក្យ​បណ្ដឹង​យក​ទៅ​ដោះស្រាយ​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ។ លោក​ថា លោក​បាន​ធ្វើ​របាយការណ៍​ករណី​ទាំង​នេះ​ជូន​ថ្នាក់​លើ​រួច​ហើយ ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​មហាផ្ទៃ​ដោះ​ស្រាយ ឬ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​និង​កុំ​ឱ្យ​កើត​ឡើង​ត​ទៅ​ទៀត។

លោក ខឹម មុនីកុសល៖ «ស្ថានភាព​នេះ​ខ្ញុំ​គិត​ថា ជា​ការ​គំរាមកំហែង​ចូល​ដល់​កម្រិត​មួយ​ខ្ពស់​ហើយ ហើយ​ជា​ការ​ព្រួយបារម្ភ​របស់​ខ្ញុំ ក៏​ដូច​សហការី​ទាំង​អស់​ក្នុង​គណបក្ស​ភ្លើង​ទៀន​នេះ ជាពិសេស សកម្មជន​នៅ​ថ្នាក់​មូលដ្ឋាន​ហ្នឹង​ព្រួយបារម្ភ​ពី​សុវត្ថិភាព ការ​គាបសង្កត់​ដែល​កើត​ឡើង​នៅ​តាម​មូលដ្ឋាន​ហ្នឹង»

ស្រដៀង​គ្នា​នេះ​ដែរ អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្តត្បូងឃ្មុំ លោក ស៊ូ យាន ប្រាប់​ថា លោក និង​សកម្មជន​មួយ​ចំនួន​ទៀត​បាន​រង​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​ផ្នែក​នយោបាយ​ដោយ​ប្រយោល​ផង និង​ដោយ​ផ្ទាល់​ផង។ លោក ស៊ូ យាន ឱ្យ​ដឹង​ថា ខែកុម្ភៈ​នេះ គឺ​ជា​ខែ​ដែល​មាន​កើត​ករណី​គំរាម​កំហែង​លើ​ថ្នាក់​ដឹកនាំ សកម្មជន​បក្ស​ភ្លើង​ទៀន​ខេត្ត​នេះ​ច្រើន​គួរ​ឱ្យ​ព្រួយ​បារម្ភ ដូចជា ករណី​អូសទាញ​ទិញ​ទឹក​ចិត្ត ករណី​ដក​ហូត​ប័ណ្ណ​ក្រីក្រ​ពី​សកម្មជន​មូលដ្ឋាន ករណី​លួច​កាប់​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស ករណី​ជន​មិន​ស្គាល់​មុខ​គោះ​ទ្វារ និង​គប់​ដុំ​ថ្ម​ចូល​ផ្ទះ ព្រមទាំង​ករណី​ចុង​ក្រោយ​ប៉ូលិស​ស្រុក​មេមត់​ដេញ​ចាប់​លោក​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​កាល​ពី​ថ្ងៃ​ទី២០ ខែកុម្ភៈ ក្រោម​ហេតុផល​ថា យល់​ច្រឡំ​ជា​ដើម។ លោក​បញ្ជាក់​ថា លោក​បាន​ប្ដឹង​រឿង​ទាំង​នោះ​ទៅ​សមត្ថកិច្ច​ដែរ ប៉ុន្តែ​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ។

លោក ស៊ូ យាន ៖ «ខ្ញុំ​ចាត់​ទុក​ជា​រឿង​គំរាមកំហែង បំភិតបំភ័យ​ផ្នែក​នយោបាយ ព្រោះ​ការ​បោះ​ឆ្នោត​វា​កាន់តែ​ខិត​ជិត​មក​ដល់​អា​ហ្នឹង​ជា​ការ​បំបាក់​ស្មារតី​ទៅ​មហាជន ក៏​ដូច​ការ​គំរាម​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋាន​កុំ​ឱ្យ​ចេញ​សកម្មភាព​ចូលរួម​ជាមួយ​បក្ស​ភ្លើង​ទៀន  អា​ហ្នឹង​សុទ្ធតែ​ជា​លក្ខណៈ​ឆ្លុះ​បញ្ចាំង​ភាព​ជាក់ស្ដែង»

អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គឹមសួរ ភីរិទ្ធ ឱ្យ​ដឹង​ថា ក្រៅពី​ខេត្តប៉ៃលិន និង​ខេត្តត្បូងឃ្មុំ​នេះ គណបក្ស​ថ្នាក់​ជាតិ​បាន​ទទួល​របាយការណ៍​ពី​សកម្មជន​មូលដ្ឋាន​ស្ទើរ​គ្រប់​ខេត្ត​ជុំវិញ​ករណី​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខ​បុក​ជា​ហូរហែ ប៉ុន្តែ​លោក​បញ្ជាក់​ថា គណបក្ស​នឹង​យក​បញ្ហា​នេះ រួម​ទាំង​ការ​រឹតត្បិត​លើ​សេរីភាព​បញ្ចេញ​មតិ​របស់​ថ្នាក់​ដឹកនាំ​បក្ស​ទៅ​វាយ​តម្លៃ​អំពី​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នៅ​មុខ​ពេល​ដំណើរ​ការ​ដាក់​បញ្ជី​បេក្ខជន​ជ្រើសតាំង​តំណាង​រាស្ត្រ​ខាងមុខនេះ។ ទោះ​យ៉ាង​ណា​ក្ដី លោក​អំពាវនាវ​ដល់​គណបក្ស​កាន់​អំណាច និង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ជជែក​ដោយ​ការ​យោគយល់​ដើម្បី​ធានា​ឱ្យ​ដំណើរ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។

លោក គឹមសួរ ភីរិទ្ធ៖ «វា​ពិបាក​ហើយ​ក្នុង​ស្ថានភាព​សង្គម​មួយ ដែល​មាន​ការ​បិទបាំង​ការ​ពិត ហើយ​សង្គម​មួយ​មិន​ឱ្យ​មាន​យុត្តិធម៌​ហ្នឹង ទោះ​បី​យើង​និយាយ​ច្រើន​ជាង​ហ្នឹង​ដាក់​ភស្តុតាង​ច្រើន​ជាង​ហ្នឹង ក៏​គេ​ថា យើង​បង្កើត​ព្រឹត្តិការណ៍ បង្កាច់​បង្ខូច​អ៊ីចឹង​ដែរ ប៉ុន្តែ​រឿង​ពិត​គឺ​ការ​វាយដំ​សកម្មជន​ឱ្យ​បែក​ក្បាល​មិន​ដែល​អាជ្ញាធរ​រក​មុខ​ឃើញ ហើយ​ការ​កាប់​ស្លាក​អី​ហ្នឹង យើង​ឃើញ​ថា បើ​ព្រឹត្តិការណ៍​កើត​លើ​សកម្មជន​គេ ស្លាក​គេ គឺ​អត់​មាន​ទេ កើត​លើ​តែ​គណបក្ស​ភ្លើង​ទៀន ហើយ​បក្ស​ផ្សេង​ក៏​មិន​កើត​អ៊ីចឹង​ទេ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៧ ខែកុម្ភៈ។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា សង្គម​ប្រជាធិបតេយ្យ គឺ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ចូលរួម​ផ្នែក​នយោបាយ​ដោយសេរី និង​គ្មាន​ការ​រើសអើង ហើយ​សំណើ ឬ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ត្រូវ​យក​ទៅ​ពិនិត្យ​ដោះ​ស្រាយ​ដោយ​ផ្អែក​តាម​ច្បាប់។ លោក កន សាវាង្ស លើក​ទឹក​ចិត្ត​ដល់​សកម្មជន​នយោបាយ ដែល​រង​ការ​គំរាមកំហែង​គួរ​រៀបចំ​ឯកសារ ឬ​ប្រមូល​ភស្តុតាង​ប្ដឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ជាពិសេស ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ការ​ឆ្លើយតប និង​ដោះ​ស្រាយ​ជា​ជាង​រក្សា​ភាព​ស្ងាត់ស្ងៀម។

លោក កន សាវាង្ស៖ «(សំណើ​របស់​ពលរដ្ឋ) មិន​អាច​បដិសេធ​ណា​មួយ​ដោយ​អង្គការ​រដ្ឋ ឬ​ក៏​រឹត​បន្តឹង​ដោយ​អង្គការ​រដ្ឋ​ទេ ព្រោះ​អង្គការ​រដ្ឋ​ជា​ស្ថាប័ន​មួយ​របស់​រដ្ឋ​ដែល​ធានា​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​មិន​ថា មាន​និន្នាការ​នយោបាយ​ណា​ទេ គឺ​ថា ធានា​បើក​ឱ្យ​មាន​គោលការណ៍​ឱ្យ​មាន​សេរីភាព​ក្នុង​ការ​អនុវត្ត​សេរីភាព​របស់​ខ្លួន​ទៅ​តាម​គោល​នយោបាយ​របស់​ខ្លួន។ អាជ្ញាធរ​អត់​មាន​តួនាទី​ណា ឬ​និន្នាការ​ណា​មួយ​ជាមួយ​គណបក្ស​នយោបាយ​ទេ»

គណៈកម្មាធិការ​ជាតិ​រៀបចំ ការ​បោះ​ឆ្នោត (..) បាន​ប្រកាស​ថា អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ ឆ្នាំ២០២២ មាន​ជាង ៩លាន ៧សែនមឺននាក់​(.៧១០.៦៥៥ស្មើនឹង ៨៩,២៨នៃ​ពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត និង​មាន​ការិយាល័យ បោះឆ្នោត​ចំនួន​ជាង ២មឺន ៣ពាន់​ការិយាល័យ (២៣.៧៨៩)។ គ..ប បាន​បញ្ជាក់​ថា បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ ឆ្នាំ២០២២ គឺ​ជា​បញ្ជី បោះ​ឆ្នោត​ផ្លូវការ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី ៧ ថ្ងៃអាទិត្យ ទី២៣ កក្កដា​ខាង​មុខ​នេះ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​កាន់តែ​ខិត​ជិត​ចូល​មក​ដល់ មេដឹកនាំ សកម្មជន​គណបក្ស​ភ្លើង​ទៀន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​រារាំង និង​គំរាមកំហែង​ជា​បន្តបន្ទាប់។ គណបក្សប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល លោក ហ៊ុន សែន បង្ក​ភាព​ងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ ឬ​ពលរដ្ឋ ដើម្បី​អាច​ចូលរួម​ការ​បោះ​ឆ្នោត​នេះ ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌។

គណបក្ស​ភ្លើង​ទៀន​កាល​ពី​ចុង​ខែមករា ធ្លាប់​បញ្ជាក់​ថា គណបក្ស​នេះ​ប្រឆាំង​ដាច់ខាត ចំពោះ​ការ​គាប​សង្កត់ ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​គ្រប់​រូបភាព។ គណបក្ស​នេះ​ទាមទារ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់។ គណបក្ស​ភ្លើង​ទៀន អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទាំង​អស់ ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​ឲ្យ​បាន​ត្រឹមត្រូវ៕

2 comments:

Anonymous said...

Stop giving legitimacy to Hun Sen's fake election.

If you win, Hun Sen will destroy you and your party.
If you lose, you will destroy your own party by your own people.

Anonymous said...

In Cambodia, only dictator Hun Sen's party is allowed to win an election.