2023.02.16
អ្នកវិភាគនយោបាយ និងសង្គមស៊ីវិលថាក្រសួងអប់រំធ្វើការដោយមិនមានភាពឯករាជ្យនោះទេ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីក្រសួងអប់រំចេញសេចក្ដីប្រកាសភ្លាមៗ ឱ្យគ្រឹះស្ថានអប់រំឯកជនដាក់បញ្ចូលអក្សរសាស្ត្រខ្មែរដើម្បីលើកកម្ពស់ភាសាជាតិ និងសីលធម៌ វប្បធម៌ ក្រោយពីមានសំណើរបស់លោក ហ៊ុន ម៉ាណែត។
អ្នកវិភាគលើកឡើងថា ការដែលក្រសួងអប់រំនេះតាមការណែនាំរបស់បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ហ៊ុន ម៉ាណែត ដូច្នេះគឺជាការគ្រោះថ្នាក់ក្នុងវិស័យអប់រំនៅកម្ពុជានៅថ្ងៃមុខ ព្រោះសព្វថ្ងៃអ្នកធ្វើការក្នុងជួររដ្ឋាភិបាលមួយចំនួនសរសេរអក្សរខ្មែរមិនបានត្រឹមត្រូវនោះឡើយ។
អ្នកវិភាពនយោបាយលោក គឹម សុខ លើកឡើងថា ក្រសួងអប់រំជាតិក្លាយទៅជាស្ថាប័នដែលចាំតែធ្វើតាមអ្នកនយោបាយបញ្ជាជាពិសេសនាយករដ្ឋមន្ត្រី និងកូនលោកនាយករដ្ឋមន្ត្រីដែលធ្វើឱ្យធ្លាក់ចុះនៃអក្សរសាស្ត្រជាតិ។ លោកបន្តថាលោក ម៉ាណែត ជាមេទាហានមិនគួរមានការណែនាំទៅក្រសួងអប់រំបែបនេះឡើយ។ លោកបន្ថែមទៀតថាដើម្បីពង្រឹងការអប់រំឱ្យមានប្រសិទ្ធភាព ក្រសួងត្រូវរៀបចំរចនាសម្ពន្ធអប់រំ បណ្ដុះបណ្ដាលស្មារតីជាតិ តាមរយៈប្រវត្តិសាស្ត្រ វប្បធម៌ សីលធម៌ ឱ្យទូលំទូលាយ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ទើបប្រព័ន្ធអប់រំមានគុណភាព។
លោក គឹម សុខ «ជាទស្សនៈបុគ្គលទោះបីជាប្រជាពលរដ្ឋធម្មតាក៏ដោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឬក៏មន្ត្រីរដ្ឋាភិបាល លើការកែទម្រង់វិស័យអប់រំ ឬក៏វិស័យណាមួយក៏ដោយមិនខុសអ្វីនោះទេ ក៏ប៉ុន្តែចំណុចខុសឆ្គងធំបំផុតនៅត្រង់ថាក្រសួងអប់រំជាតិជាស្ថាប័នអប់រំរបស់ជាតិតែទៅជាមិនបានរៀបចំនូវស្តង់ដារប្រព័ន្ធអប់រំមួយឱ្យបានត្រឹមត្រូវហាមានន័យថាក្រសួងអប់រំនោះលែងជាក្រសួងអប់រំជាតិហើយជាក្រសួងអប់រំរបស់បុគ្គល»
ប្រតិកម្មរបស់អ្នកវិភាគនេះធ្វើឡើងបន្ទាប់ពីបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនគឺលោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីប្រគល់ប័ណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២នៅសហព័ន្ធសេវាអប់រំកម្ពុជា កាលពីថ្ងៃទី១២ កុម្ភៈ ថា ក្រសួងអប់រំគួរគិតពិចារណាដាក់បញ្ចូលអក្សរសាស្ត្រខ្មែរ ក្នុងគ្រឹះស្ថានអប់រំឯកជន ដើម្បីលើកកម្ពស់វប្បធម៌សីលធម៌។ លោក ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងអប់រំបញ្ចូលភាសាជាតិក្នុងសាលាអន្តរជាតិ ប៉ុន្តែលោកខ្លួនឯងបែរជានិយាយភាសាអង់គ្លេសទៅវិញ។
លោក ហ៊ុន ម៉ាណែត៖ «សាលាឯកជន! ជាពិសេសសាលាឯកជនអន្តរជាតិ ខ្ញុំសុំឱ្យក្រសួងពិចារណា ព្រោះឥឡូវសាលាអន្តរជាតិខ្លះ គឺកូនខ្មែរអត់ចេះខ្មែរទេ! តែស្រុកខ្មែរជា Official language Khmer [ភាសាផ្លូវការជាភាសាខ្មែរ] អ៊ីចឹងខ្ញុំសូមឱ្យបង មិនដឹងថាលូកយ៉ាងណាទៅក្នុងសាលាឯកជនរបស់បរទេសឱ្យគាត់ដាក់ តែសុំ និយាយរួមឱ្យគាត់ដាក់តែម្តង! អ៊ីចឹងគួរតែជាកាតព្វកិច្ចសាលា ទោះបីជាសាលាបរទេស សាលាអាមេរិក សាលាអង់គ្លេសក៏ដោយ ត្រូវដាក់ Curriculum [កម្មវិធីសិក្សា] ហ្នឹងសំរាប់កូនខ្មែរឱ្យ រៀនភាសាខ្មែរ»។
លោក ហ៊ុន ម៉ាណែត ជាឧត្ដមសេនីយ៍ផ្កាយ៣ កាន់តំណែងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក។ មួយរយៈចុងក្រោយនេះលោក ហ៊ុន ម៉ាណែត តែងចេញមុខក្នុងកម្មវិធីសំខាន់ៗ ដូចជាបានចូលក្នុងពិធីបិទការប្រារព្ធពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា ចុះជួបសំណេះសំណាលជាមួយកម្មករ សិស្សនិស្សិត និងចូលរួមក្នុងពិធីសម្ពោធឧបដ្ឋានសាលាជាដើម។
ជុំវិញរឿងនេះប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ក្រសួងអប់រំគួរតែដាក់បញ្ចូលអក្សរសាស្ត្រខ្មែរនេះ ទៅក្នុងគ្រឹះស្ថានសិក្សាយូរមកហើយមិនមែនទើបតែអ្នកមានអំណាចស្រែកបញ្ជាបែបនេះទេ ពីព្រោះកុមារដែលពួកគាត់រៀនពីថ្នាក់ក្រោមរហូតដល់ថ្នាក់ទី១២ នៅមិនទាន់មិនចេះច្បាស់ក្នុងការអានអក្សរខ្មែរនៅឡើយទេ។ អ្នកស្រីបញ្ជាក់ថា មូលហេតុដែលសិស្សានុសិស្សមិនសូវខ្វល់ខ្វាយរឿងសូត្រដោយសារក្រសួងមិនយកចិត្តទុកក្នុងការរៀបចំប្រព័ន្ធអប់រំ។
លោកស្រី អ៊ុក ឆាយ៉ាវី៖ «ក្រសួងអប់រំទាល់តែមានចំណាត់ការពីថ្នាក់នាំពីអីអ្នកមានអំណាចអីនិយាយថា ម៉េចចាប់ផ្ដើមបត់បែនព្រឹបភ្លាមអ៊ីចឹងហា៎យើងដឹងហើយដូនតាយើងនិយាយថា តាំងពីយូរណាស់វប្បធម៌រលត់ជាតិរលាយ ចាសអ៊ីចឹងគួរតែគិតពិចារណារឿងហ្នឹងឡើងវិញអឺអ្វីដែលជាចក្ខុវិស័យរបស់ជាតិយើងធ្វើតាមដូនតាយើងដែលគាត់តែងតែប្រៀនប្រដៅមកគឺអត់ខុសទេ»។
អ្នកវិភាគនយោបាយសង្កេតឃើញថាបេក្ខភាពនាយរដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត កំពុងបង្ហាញពីភាពឈ្លាសវ៉ៃរបស់ខ្លួនរបស់ក្នុងការដឹកនាំប្រទេស ក៏ប៉ុន្តែការប្រើអាកប្បកិរិយាបែបនេះមិនបានធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តនោះទេ ផ្ទុយទៅវិញ នឹងធ្វើឱ្យពលរដ្ឋកាន់តែមើលឃើញពីទម្លាប់នយោបាយអាក្រក់របស់លោក៕
1 comment:
When Ah Sen Chet Roy, Ah Hun Manet chet.
Post a Comment