Thursday, 16 February 2023

អ្នក​វិភាគ​រិះគន់​ក្រសួង​អប់រំ​ថា​ធ្វើ​ការ​តាម​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត


ដោយ ​នៅ វណ្ណារិន
2023.02.16
អ្នក​វិភាគ​រិះគន់​ក្រសួង​អប់រំ​ថា​ធ្វើ​ការ​តាម​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត  
បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​វេន ជាកូនប្រុសច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

 

អ្នក​វិភាគ​នយោបាយ ​និង​សង្គម​ស៊ីវិល​ថា​ក្រសួង​អប់រំ​ធ្វើ​ការ​ដោយ​មិន​មាន​ភាព​ឯក​រាជ្យ​នោះ​ទេ។​ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​អប់រំ​ចេញ​សេចក្ដី​ប្រកាស​ភ្លាមៗ​ ឱ្យ​គ្រឹះស្ថាន​អប់រំ​ឯកជន​ដាក់​បញ្ចូល​អក្សរសាស្ត្រ​ខ្មែរ​ដើម្បី​លើក​កម្ពស់​ភាសា​ជាតិ​ និង​សីលធម៌ ​វប្បធម៌ ​ក្រោយ​ពី​មាន​សំណើ​របស់​លោក ហ៊ុន ម៉ាណែត

អ្នកវិភាគ​លើក​ឡើង​ថា ការ​ដែល​ក្រសួង​អប់រំ​នេះ​តាម​ការ​ណែនាំ​របស់​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​វេន ហ៊ុន ម៉ាណែត ដូច្នេះ​គឺជា​ការ​គ្រោះថ្នាក់​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​នៅ​ថ្ងៃ​មុខ​ ព្រោះ​សព្វថ្ងៃ​អ្នក​ធ្វើការ​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​សរសេរ​អក្សរ​ខ្មែរ​មិន​បាន​ត្រឹមត្រូវ​នោះ​ឡើយ។

អ្នក​វិភាព​នយោបាយ​លោក គឹម សុខ លើក​ឡើង​ថា ក្រសួង​អប់រំ​ជាតិ​ក្លាយ​ទៅ​ជា​ស្ថាប័ន​ដែល​ចាំ​តែ​ធ្វើ​តាម​អ្នក​នយោបាយ​បញ្ជា​ជា​ពិសេស​នាយករដ្ឋមន្ត្រី និង​កូន​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ធ្វើ​ឱ្យ​​ធ្លាក់​ចុះ​នៃ​អក្សរសាស្ត្រ​ជាតិ។​ លោក​បន្ត​ថា​លោក​ ម៉ាណែត ជា​មេ​ទាហាន​មិន​គួរ​មាន​ការ​ណែនាំ​ទៅ​ក្រសួង​អប់រំ​បែប​នេះ​ឡើយ។ លោក​បន្ថែម​ទៀត​ថា​ដើម្បី​ពង្រឹង​ការ​អប់រំ​ឱ្យ​មាន​ប្រសិទ្ធភាព​ ​ក្រសួង​ត្រូវ​រៀបចំ​រចនា​សម្ពន្ធ​អប់រំ​ បណ្ដុះបណ្ដាល​ស្មារតី​ជាតិ តាម​រយៈ​ប្រវត្តិសាស្ត្រ​ វប្បធម៌​ សីលធម៌​ ឱ្យ​ទូលំទូលាយ​ ​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ ទើប​ប្រព័ន្ធ​អប់រំ​មាន​គុណភាព។

លោក គឹម សុខ «ជា​ទស្សនៈ​បុគ្គល​ទោះបី​ជា​ប្រជាពលរដ្ឋ​ធម្មតា​ក៏​ដោយ​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ ឬ​ក៏​មន្ត្រី​រដ្ឋាភិបាល លើ​ការ​កែ​ទម្រង់​វិស័យ​អប់រំ ឬ​ក៏​វិស័យ​ណា​មួយ​ក៏​ដោយ​មិន​ខុស​អ្វី​នោះ​ទេ ក៏​ប៉ុន្តែ​ចំណុច​ខុស​ឆ្គង​ធំ​បំផុត​នៅ​ត្រង់​ថា​ក្រសួង​អប់រំ​ជាតិ​ជា​ស្ថាប័ន​អប់រំ​របស់​ជាតិ​តែ​ទៅ​ជា​មិន​បាន​រៀបចំ​នូវ​ស្តង់ដារ​ប្រព័ន្ធ​អប់រំ​មួយ​ឱ្យ​បាន​ត្រឹមត្រូវ​ហា​មាន​ន័យ​ថា​ក្រសួង​អប់រំ​នោះ​លែង​ជា​ក្រសួង​អប់រំ​ជាតិ​ហើយ​ជា​ក្រសួង​អប់រំ​របស់​បុគ្គល»

 

ប្រតិកម្ម​របស់​អ្នក​វិភាគ​នេះ​ធ្វើឡើង​បន្ទាប់ពី​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្តវេន​គឺ​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ប័ណ្ណសរសើរ​គ្រូ​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២២​នៅ​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា កាល​ពីថ្ងៃទី១២ កុម្ភៈ ថា ក្រសួង​អប់រំ​គួរ​គិត​ពិចារណា​ដាក់​បញ្ចូល​អក្សរ​សាស្ត្រ​ខ្មែរ​ ក្នុង​គ្រឹះស្ថាន​អប់រំ​ឯកជន​ ដើម្បី​លើក​កម្ពស់​វប្បធម៌​សីលធម៌។ លោក ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​ក្រសួង​អប់រំ​បញ្ចូល​ភាសាជាតិ​ក្នុង​សាលា​អន្តរ​ជាតិ​ ប៉ុន្តែ​លោក​ខ្លួនឯង​បែរ​ជា​និយាយ​ភាសា​អង់គ្លេស​ទៅ​វិញ។

លោក ហ៊ុន ម៉ាណែត៖ «សាលា​ឯកជន! ​ជាពិសេស​សាលា​ឯកជន​អន្តរជាតិ​ ខ្ញុំ​សុំ​ឱ្យ​ក្រសួង​ពិចារណា ​ព្រោះ​ឥឡូវ​សាលា​អន្តរជាតិ​ខ្លះ​ គឺ​កូន​ខ្មែរ​អត់​ចេះ​ខ្មែរ​ទេ! ​ ​តែ​ស្រុក​ខ្មែរ​ជា​ Official language Khmer ​[ភាសា​ផ្លូវ​ការ​ជា​ភាសា​ខ្មែរ] ​អ៊ីចឹង​ខ្ញុំ​សូម​​ឱ្យ​បង​ មិន​ដឹង​ថា​លូក​យ៉ាង​ណា​​ទៅ​ក្នុង​សាលា​ឯកជន​របស់​បរទេស​ឱ្យ​គាត់​ដាក់​ ​ តែ​សុំ​ ​និយាយ​រួម​ឱ្យ​គាត់​ដាក់​តែ​ម្តង! ​អ៊ីចឹង​គួរ​តែ​ជា​កាតព្វកិច្ច​សាលា​ ​ទោះបី​ជា​សាលា​បរទេស​ សាលា​អាមេរិក​ ​សាលា​អង់គ្លេស​ក៏​ដោយ​ ​ត្រូវ​ដាក់​ ​Curriculum​ [កម្ម​វិធី​សិក្សា] ​ហ្នឹង​សំរាប់​កូន​ខ្មែរ​ឱ្យ ​រៀន​ភាសា​ខ្មែរ»

លោក ហ៊ុន ម៉ាណែត ជា​ឧត្ដម​សេនីយ៍ផ្កាយ៣ កាន់​តំណែង​ជា​អគ្គ​មេ​បញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​ទ័ព​ជើង​គោក។ មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក ហ៊ុន ម៉ាណែត តែង​ចេញ​មុខ​ក្នុង​កម្មវិធី​សំខាន់ៗ ​ដូចជា​បាន​ចូល​ក្នុង​ពិធី​បិទ​ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​១០០ឆ្នាំ​ នៃ​វត្តមាន​សាសនា​គ្រិស្ត​នៅ​កម្ពុជា​ ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ សិស្ស​និស្សិត និង​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋាន​សាលា​ជា​ដើម។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ​គួរ​តែ​ដាក់​បញ្ចូល​អក្សរសាស្ត្រខ្មែរ​នេះ ទៅ​ក្នុង​គ្រឹះស្ថាន​សិក្សា​យូរ​មក​ហើយ​មិនមែន​ទើប​តែ​អ្នក​មាន​អំណាច​ស្រែក​បញ្ជា​បែប​នេះ​ទេ​ ពី​ព្រោះ​កុមារ​ដែល​ពួក​គាត់​រៀន​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់ទី១២​ នៅ​មិន​ទាន់​មិន​ចេះ​ច្បាស់​ក្នុង​ការ​អាន​អក្សរ​ខ្មែរ​នៅ​ឡើយ​ទេ។ អ្នកស្រី​បញ្ជាក់​ថា មូលហេតុ​ដែល​សិស្សានុសិស្ស​មិន​សូវ​ខ្វល់​ខ្វាយ​រឿង​សូត្រ​ដោយ​សារ​ក្រសួង​មិន​យក​ចិត្ត​ទុក​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​អប់រំ។

លោកស្រី អ៊ុក ឆាយ៉ាវី៖ «ក្រសួង​អប់រំ​ទាល់​តែ​មាន​ចំណាត់​ការ​ពី​ថ្នាក់​នាំ​ពី​អី​អ្នក​មាន​អំណាច​អី​និយាយ​ថា ម៉េច​ចាប់​ផ្ដើម​បត់បែន​ព្រឹប​ភ្លាម​អ៊ីចឹង​ហា៎​យើង​ដឹង​ហើយ​ដូនតា​យើង​និយាយ​ថា តាំង​ពី​យូរ​ណាស់​វប្បធម៌​រលត់​ជាតិ​រលាយ​ ចាស​អ៊ីចឹង​គួរ​តែ​គិត​ពិចារណា​រឿង​ហ្នឹង​ឡើងវិញ​អឺ​អ្វី​ដែល​ជា​ចក្ខុវិស័យ​របស់​ជាតិ​យើង​ធ្វើ​តាម​ដូនតា​យើង​ដែល​គាត់​តែងតែ​ប្រៀនប្រដៅ​មក​គឺ​អត់​ខុស​ទេ»

អ្នក​វិភាគ​នយោបាយ​សង្កេត​ឃើញ​ថា​បេក្ខភាព​នាយ​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត កំពុង​បង្ហាញ​ពី​ភាព​ឈ្លាស​វ៉ៃ​របស់​ខ្លួន​របស់​ក្នុង​ការ​ដឹកនាំ​ប្រទេស ក៏​ប៉ុន្តែ​ការ​ប្រើ​អាកប្ប​កិរិយា​បែប​នេះ​មិន​បាន​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ទំនុក​ចិត្ត​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់​តែ​មើល​ឃើញ​ពី​ទម្លាប់​នយោបាយ​អាក្រក់​របស់​លោក៕

 

1 comment:

Anonymous said...

When Ah Sen Chet Roy, Ah Hun Manet chet.