Saturday 25 February 2023

កសិករ​នៅ​ខេត្ត​ប៉ៃលិន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ថា ដំណាំ​មៀន​មាន​តម្លៃ​ថ្លៃ


ដោយ សេក បណ្ឌិត
2023.02.25
កសិករ​នៅ​ខេត្ត​ប៉ៃលិន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ថា ដំណាំ​មៀន​មាន​តម្លៃ​ថ្លៃ  
ប្រធាន​អង្គរក្ស​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ទិញ​ផ្លែមៀន និង​តាង៉ែន ពី​កសិករ​កាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។
Photo provided

 

ប្រជា​កសិករ នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នៅ​តែ​ត្អូញត្អែរ​ថា តម្លៃ​មៀន ឬ​ផ្លែ​តាង៉ែន មិន​មាន​តម្លៃ​ថ្លៃ ដូច​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរ​កសិកម្ម លោក សាយ សុផាត ឡើយ។ ការ​ច្រាន​ចោល​របស់​ប្រជាកសិករ​ទាំងនេះ​គឺ ​បន្ទាប់​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បាន​ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន ស្ដីពីភាព​ជោគជ័យ​រយៈពេល​៥ឆ្នាំ​កន្លង​មក របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន កាល​ពីថ្ងៃទី២៣ កុម្ភៈ ថា​តម្លៃ​មៀន​ក្នុង​ឆ្នាំ២០២៣​អាច​នឹង​បន្ត​ឡើង​ចន្លោះ ពី​បួន​ពាន់ ពីរ​រយ រៀល (៤២០០) ទៅ​បួន​ពាន់​ប្រាំ​រយ រៀល (៤៥០០)

កសិករ​នៅ​ស្រុក​សាលាក្រៅ ខកចិត្ត​ដែល​ប្រធាន​មន្ទីរ​កសិកម្ម លោក សាយ សុផាត លើក​ឡើង​ពី​តម្លៃ​ផ្លែ​មៀន​ទទួល​បាន​តម្លៃ​ថ្លៃ​ដោយសារ​ក្រុមហ៊ុន​ចិន ចុះ​ទិញ​កសិផល​របស់​ប្រជាកសិករ​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ចិន។ មន្ត្រី​សង្គម​ស៊ីវិល ព្រួយ​បារម្ភ​ថា​ការ​លើកឡើង​របស់​ប្រធាន​មន្ទីរ​កសិកម្ម​រូប​នេះ​មិន​ពិត​អាច​ប៉ះពាល់​ដល់​ជីវភាព​ប្រជាកសិករ។

 

កសិករ​នៅ​ស្រុក​សាលាក្រៅ លោក ងឹន ធឿន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅថ្ងៃ​ទី២៤ កុម្ភៈ ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​តម្លៃ​មៀន​ចុះ​ថោក​ខ្លាំង ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​តម្លៃ​មៀន​គ្រាន់​ជាង​ឆ្នាំ​មុន​បន្តិច ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​តម្លៃ​សមរម្យ​នៅ​ឡើយ​ទេ ដោយ​ក្នុង​មួយ​គីឡូ លក់​បាន​តម្លៃ​ត្រឹម​តែ​៣ពាន់​រៀល (.០០០) ។ លោក​បញ្ជាក់​ថា​ ឈ្មួញ​ភាគ​ច្រើន​ដែល​មក​ទិញ គឺ​ជា​ថៃ និង​ខ្មែរ គ្មាន​ឈ្មួញ​ចិន​ដើរ​ទិញ​ដូច​ការ​អះអាង​របស់​មន្ត្រី រដ្ឋាភិបាល​ឡើយ។

លោក ងឹន ធឿន៖ «សូម​ឱ្យ​រាជរដ្ឋាភិបាល​ហ្នឹង​យក​ចិត្ត​ទុកដាក់​ទៅ​លើ​កសិករ​ជា​ពិសេស​សូម​ឱ្យ​មាន​របៀប​វា​បង្រៀន​ប្រជាពលរដ្ឋ​ពី​របៀប​បាញ់ថ្នាំ ប្រើ​ថ្នាំ​ និង​ពេល​បាន​ផល​ហើយ សូម​ឱ្យ​មាន​ទីផ្សារ​មាន​ស្ថេរ​ភាព»

ស្រដៀង​គ្នា​នេះ កសិករ​វ័យជាង៥០​ឆ្នាំ លោក ឡាវ ធុន ថ្លែង​ថា លោក​មិន​ដែល​ឃើញ​មាន​ឈ្មួញ​ចិន ចុះ​មក​ទិញ​ផ្លែ​មៀន​នោះ​ទេ ចំណែក​ឯ​តម្លៃ​វិញ​គឺ​បាន​មួយ​គីឡូ៣ពាន់ រៀល (.០០០) មែន ប៉ុន្តែ​ក្នុង​នោះ​ឈ្មួយ​ជ្រើស​យក​តែ​ផ្លែ​ធំៗ​ទេ ឯ​ផ្លែ​តូច​ៗ​វិញ​លក់​បាន​ត្រឹម​តែ ៥រយរៀល(៥០០) ប៉ុណ្ណោះ ។ កសិករ​រូប​នេះ​បន្ត​ថា តម្លៃ​៣ពាន់ រៀល (.០០០) នេះ​បើ​កាច់​ថ្លៃ​សាំង និង​ជួល​កម្មករ​ផង សឹង​តែ​គ្មាន​លុយ​ចំណេញ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នោះ​ឡើយ។

លោក ឡាវ ធុន ៖ «ឥឡូវ​ជា​រូបភាព​មិន​ទាន់​ឃើញ​មាន​ចិន​ទេ​ ខេត្ត​ប៉ៃលិន​គេ​មាន​សិប្បកម្ម​មួយ​កន្លែង​ដែរ អត់​ទាន់​ឃើញ​ដំណើរ​ការ​ផង ខ្មែរ​យើង​ជា​អ្នក​ធ្វើ​រោង​ហ្នឹង គេ​ថា​ចិន​មក​ទិញ​ហើយ​ជួល​ខ្មែរ​មក​បកប្រែ ចិន​ហ្នឹង​គ្រាន់​តែ​ធ្វើ​ឱ្យ​ឃើញ ប៉ុន្តែ​ជា​ជាក់លាក់​មិន​មាន​ចិន​មក​ទិញ​ទេ»

ប្រជា​កសិករ​លើក​ឡើង​ថា ក្នុង​ការ​ដាំដុះ​រយៈពេល​ចន្លោះ​ពី ៧ខែ ទៅ ៨ខែ ពួកគាត់​ចំណាយ​ដើម​ទុន​អស់ ៤លានរៀល ទៅ ៨លានរៀល (.០០០.០០០-.០០០.០០០) ក្នុង​មួយ​ហិកតារ និង​ជួល​កម្មករ​ជាង ១០នាក់ទៀត ដោយ​ក្នុង១នាក់​ទទួល​បាន ៤ម៉ឺន​រៀល ។ កាល​ពីឆ្នាំ២០២១ លោក ឡាវ ធុន មាន​ដី​ជាង១០ហិកតារ លោក​បាន​កាប់​ដើម​មៀន​ចោល​ជា​ច្រើន​ដើម ដោយ​សារ​តម្លៃ​មៀន លក់​បាន​តម្លៃ​ថោក​ខ្លាំង ធ្វើ​ឱ្យ​គាត់​គ្មាន​កម្លាំង​ចិត្ត​ដាំ និង​ជំពាក់​ធនាគារ​ជុំ​ទិស។

ការ​លើក​ឡើង​របស់​កសិករ​នេះ​ក្រោយ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន លោក សាយ សុផាត បាន​ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មា កាល​ពីថ្ងៃទី២៣ កុម្ភៈ ថា​តម្លៃ​មៀន​ក្នុង​ឆ្នាំ២០២៣​អាច​នឹង​បន្ត​ឡើង​ចន្លោះ ពី បួន​ពាន់​ពីរ​រយ​រៀល (៤២០០) ទៅ​បួន​ពាន់​ប្រាំ​រយ រៀល (៤៥០០) ។ លោក បញ្ជាក់​ថា មន្ទីរ​កសិកម្ម​បាន​បណ្ដុះបណ្ដាល​ផ្សព្វផ្សាយ​បច្ចេកទេស ដល់​ប្រជាពលរដ្ឋ​ដាំ​មៀន​ប៉ៃលិន​ទូទាំង​ខេត្ត សរុប​បាន ៣១០នាក់ ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន សាយ សុផាត បានទេ​នៅថ្ងៃទី២៤ កុម្ភៈ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន លោក យិន ម៉េងលី ព្រួយបារម្ភ​ចំពោះ​ជីវភាព​របស់​ប្រជាកសិករ ដែល​អាច​នឹង​ប្រឈម​ការ​បោះបង់​ការ​ដាំដុះ​ដំណាំ​នេះ​ចោល ដោយសារ​ការ​លើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​មិន​មាន​របាយការណ៍ ច្បាស់លាស់​ជា​ហេតុ​ធ្វើ​ឱ្យ​ថ្នាក់​លើ​យល់​ច្រឡំ​ថា កសិផល​កំពុង​មាន​ទីផ្សារ​ខ្ពស់។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​គិត​គូរ​ឱ្យ​ម៉ត់ចត់​ដើម្បី​ធានា​ថា​កសិករ​ទាំង​អស់​មាន​ជីវភាព​សមរម្យ។

លោក យិន ម៉េងលី៖ «រាជរដ្ឋាភិបាល ជាពិសេស​សាមី​ក្រសួង និង​មន្ទីរ​ជំនាញ​នេះ​ត្រូវ​ទាក់ទង​រក​ដៃគូ​វិនិយោគ​ឱ្យ​បាន​ច្បាស់លាស់ ទាំង​ផលិតផល​ស្រស់ និង​ផលិតផល​ក្រៀម មន្ទីរ​ជំនាញ​ក្រសួង​ជំនាញ ចុះ​បណ្ដុះបណ្ដាល​កសិករ​ដើម្បី​ដាំដុះ ដើម្បី​ប្រើប្រាស់​ជី​ឱ្យ​ផល​វា​ទៅ​តាម​ស្តង់ដារ ដែល​គេ​អាច​ត្រូវ​ការ»

ក្រៅ​ពី​ដំណាំ​មៀន នៅ​មាន​ពោត សណ្ដែក តាង៉ែន ស្វាយ ដំឡូងមី និង​បន្លែ​ផ្សេង​ទៀត​គ្មាន​ទីផ្សារ​ដែរ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​នៅ​តែ​មិន​ទទួល​ស្គាល់​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន ហើយ​ថែម​ទាំង​ចោទ​មក​លើ​កសិករ​ថែម​ទៀត​ថា ដាំ​មិន​មើល​ទី​ផ្សារ ឬ​ក៏​មក​ពី​កសិករ​ប្រមូល​ផល​ជាន់​គ្នា​ជា​ដើម។

កន្លង​មក​ពលរដ្ឋ​ជា​កសិករ តែង​ជួប​ប្រទះ​ទុក្ខ​លំបាក​គ្មាន​ទីផ្សារ ក្រោយ​ពី​ការ​ប្រមូល​បាន​កសិផល។ លើស​ពី​នេះ​ប្រជា​កសិករ ដែល​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ទីផ្សារ​ពី​រដ្ឋាភិបាល មិន​ត្រឹម​តែ​គ្មាន​ដំណោះស្រាយ​ទេ ថែម​ទាំង​ត្រូវ​អាជ្ញាធរ​គំរាមកំហែង និង​ចាប់​ដាក់​ពន្ធនាគារ ឬ​ប្ដឹងផ្ដល់​ទៅ​តុលាការ​ទៀត​ផង។ ជាក់ស្ដែង​កាល​ពី​ឆ្នាំ២០២១ កសិករ​ម្នាក់ លោក ងួន លី គ្រាន់​តែ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​ថា ផ្លែ​មៀន​ជា​ច្រើន​តោន ត្រូវ​សល់​ចោល មន្ត្រី​របស់​លោក ហ៊ុន សែន មិនបាន​ចុះ​ទិញ​តាម​ការ​សន្យា​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ ១០​ខែ៕

 

No comments: