2023.02.24
សង្គមស៊ីវិលនិយាយថា ការមិនយកចិត្តទុកដាក់របស់មន្ត្រីថ្នាក់ខេត្ត ទើបធ្វើឱ្យពលរដ្ឋនាំគ្នាតស៊ូទាំងលំបាកលំបិនឡើងមកតវ៉ារកដំណោះស្រាយរឿងដីធ្លីពីថ្នាក់ជាតិជាញឹកញាប់។ ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអភិបាលខេត្តឈប់សម្ងំយកតែសុខ និងត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ចប់បញ្ហាដីធ្លីជូនពលរដ្ឋ។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិលគាំទ្រការលើកឡើងជាថ្មីទៀត របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលជំរុញឲ្យអភិបាលខេត្តនានា យកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ។ ទោះជាយ៉ាងណាក្ដី ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ស្នើសុំឲ្យលោក ស ខេង ប្រើអំណាចរបស់លោក ចាត់វិធានការទៅលើអភិបាលខេត្តរូបណា ដែលស្ពឹកស្រពន់ ទើបបទបញ្ជារបស់លោកមានសិទ្ធិភាព។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ប្រាប់អាស៊ីសេរីថា វាជាគំរូល្អមួយដែលលោក ស ខេង ក្នុងនាមជាមេដឹកនាំថ្នាក់ជាតិចាប់អារម្មណ៍ពិនិត្យមើលរាល់ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ និងជំរុញឱ្យមានការឆ្លើយតបនិងពន្លឿនការដោះស្រាយ។
លោក វណ្ណ សុផាត៖ «វាជាសញ្ញាមួយនៃការចាប់អារម្មណ៍របស់ថ្នាក់ដឹកនាំថ្នាក់ជាតិ ដូចជា សម្ដេច ស ខេង ជាដើម។ ហើយយើងក៏ចង់ឱ្យថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលដទៃទៀត យកចិត្តទុកដាក់ដូចសម្ដេច ស ខេង អ៊ីចឹងដែរ»។
នៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារលទ្ធផលការងារឆ្នាំ២០២២ នៅថ្ងៃទី២៣ កុម្ភៈ លោក ស ខេង បានបង្ហាញការមិនសប្បាយ ចំពោះអភិបាលខេត្តភាគច្រើន ដែលលោកបានស្ដីបន្ទោសខ្លាំងៗ ថា ពួកគេនាំគ្នាសម្ងំយកតែសុខស្ងាត់ដូចចោរលួចសេះ និងមិនចេញមុខទទួលខុសត្រូវ ដើម្បីដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ក្នុងឆ្នាំ២០២២ ក្រសួងទទួលបានបណ្ដឹងរឿងដីធ្លី១៤៥ករណី ពីពលរដ្ឋ ២២រាជធានីខេត្ត ហើយបានបញ្ជូនសំណុំរឿងទាំងនោះ ទៅឱ្យអភិបាលរាជធានីខេត្តជាអ្នកដោះស្រាយ ព្រោះអាជ្ញាធរថ្នាក់ជាតិគ្រាន់តែជាអ្នកតម្រង់ទិសប៉ុណ្ណោះ។
ប៉ុន្តែលោកបន្តថា មានសំណុំរឿងតែ ៦ករណី នៅក្នុងខេត្តចំនួន៥ ប៉ុណ្ណោះ បានរាយការណ៍ត្រឡប់មកវិញក្រៅពីនោះ មិនព្រមធ្វើហើយក៏មិនព្រមរាយការណ៍មកថ្នាក់លើឡើយ។ លោក ស ខេង ចង់ឱ្យអភិបាលខេត្តទាំងនោះបញ្ជូនរបាយការណ៍មកវិញ ហើយបញ្ជាក់ពីផលលំបាកនិងឧបសគ្គមិនអាចដោះស្រាយឱ្យបានច្បាស់ និងមិនមែនសម្ងំស្ងៀមនោះទេ។
លោក ស ខេង៖ «ធ្វើក៏មិនធ្វើ ដោះក៏មិនដោះរាយការណ៍ ក៏មិនរាយការណ៍។ អ៊ីចឹង! ឱ្យពួកលោកឯងទៅធ្វើជាភ្នាក់ងាររដ្ឋាភិបាលខ្មោចយក៍អ៊ី»។
របាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ គឺគិតចាប់ពីឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងទទួលបានពាក្យបណ្ដឹងវិវាទដីធ្លី ៩.៣៧០ករណី ក្នុងនោះដោះស្រាយបញ្ចប់នីតិវិធីសរុបបានជាង ៨ម៉ឺនករណី និងកំពុងដោះស្រាយបន្តត្រឹម ៨៣០ករណី។
ពលរដ្ឋមានទំនាស់ដីធ្លីជា ជនជាតិដើមភាគតិចព្នងនៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក ដាំ សំណាង លើកឡើងថា ក្រុមពលរដ្ឋរបស់លោក បាននាំគ្នាដាក់ឯកសារពាក់ព័ន្ធដើម្បីស្នើសុំចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចចំនួន ២.៨០០ហិកតារ ទៅក្រសួងមហាផ្ទៃតាំងពីឆ្នាំ២០១៨ ប៉ុន្តែពួកលោកបានត្រឹមរង់ចាំរហូតមកដល់ពេលនេះ ដោយសារអាជ្ញាធរខេត្តហាក់មិនចង់ចុះធ្វើការងារវាស់វែង និងថែមទាំងមិនឆ្លើយតប នៅពេលពលរដ្ឋនាំគ្នាដាក់លិខិតសួរនាំពីការងាររាំងស្ទះ។
លោក ដាំ សំណាង៖ «យើងបានតម្កល់ឯកសារយើងនៅក្រសួងមហាផ្ទៃហើយ និងបានពិនិត្យអស់ហើយ ដល់ដំណាក់កាលឈានទៅចុះបញ្ជីដី យើងរាំងស្ទះនៅត្រឹមខេត្ត។»
លោក ដាំ សំណាង បន្តថា ពលរដ្ឋនៅឃុំក្បាលរមាស ចង់ចុះបញ្ជីដីសមូហភាពឱ្យបានឆាប់ ដើម្បីការពារដីព្រៃឱ្យបានគង់វង្ស ខណៈការទន្ទឹងរង់ចាំមិនច្បាស់លាស់នេះ ធ្វើឱ្យមានជម្លោះកាន់តែធំ ខណៈក្រុមហ៊ុនដាំកៅស៊ូ និងចេករបស់ចិននៅតំបន់នោះ បន្តឈូសឆាយប៉ះពាល់ដីសហគមន៍ ថែមទាំងដីស្រែរបស់ពួកគាត់។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ទទួលស្គាល់ថា អាជ្ញាធរខេត្តពិតជាមិនអាចដោះស្រាយបានតាមតម្រូវការចាំបាច់នោះទេ ពីព្រោះទំនាស់ដីធ្លីខ្លះជាបញ្ហាស្មុគស្មាញ ដែលទាមទារការស្រាវជ្រាវ និងការចុះពិនិត្យជាក់ស្ដែង។
លោក ម៉ែន គង់៖ «រដ្ឋបាលខេត្តមានយន្តការរបស់ខ្លួន ធ្វើកិច្ចការងារហ្នឹង ដើម្បីស្រាវជ្រាវ និងបន្ទាប់ពីការរកឃើញភាពជាក់លាក់ណាមួយ ដែលមានមូលដ្ឋានសមស្រប ដើម្បីរាយការណ៍ហើយ រដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍ជូនទៅប្រមុខដឹកនាំ»។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត បានលើកឡើង បញ្ហាដីធ្លីមួយចំនួន ដែលជាប់គាំងដោះស្រាយមិនចេញដោយសារជាទំនាស់រវាងពលរដ្ឋជាមួយអ្នកមានអំណាចនិងមានអ្នកមានទ្រព្យធនហើយនេះ គឺជាមូលហេតុ ក្រុមពលរដ្ឋនាំគ្នាឡើងមកសុំកិច្ចអន្តរាគមន៍ដល់ថ្នាក់ជាតិ។
លោក អំ សំអាត៖ «ហើយរឿងដីធ្លីមួយចំនួនទៀត មិនទាន់មានការដោះស្រាយទេ ប៉ុន្តែ បែរជាមានបណ្ដឹងកោះហៅពួកគាត់ (ពលរដ្ឋ) ទៅតុលាការទៅវិញ»។
កន្លងមកលោក ស ខេង ក៏ធ្លាប់ស្ដីបន្ទោសភាពអសកម្មរបស់អាជ្ញាធរខេត្តក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេស រឿងបញ្ហាដីធ្លីនេះដែរ ប៉ុន្តែការលើកឡើងរបស់លោក ពុំសូវមានប្រសិទ្ធភាពឡើយ។ សង្គមស៊ីវិលលើកឡើងថា ការរំលោភ និងបំពារបំពានសិទ្ធិដីធ្លី គឺជាការរំលោភបំពានសិទ្ធិមនុស្ស ដ៏រាលដាលជាងគេនៅកម្ពុជា ហើយបញ្ហាដីធ្លីទាំងនេះ កើតឡើងដោយសាររដ្ឋាភិបាលប្រគល់ដីសម្បទានសេដ្ឋកិច្ច ទៅអ្នកមានអំណាច ឬក្រុមហ៊ុន និងជាញឹកញាប់មានការរំលោភដ៏ច្បាស់ក្រឡែតលើក្របខ័ណ្ឌច្បាប់ និងកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា៕
No comments:
Post a Comment