Tuesday 21 February 2023

អនុប្រធាន​បក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា នៅ​តែ​អះអាងថា លោក​មិន​បាន​ចេញ​សែកស្អុយ


ដោយ នៅ វណ្ណារិន
2023.02.20
អនុប្រធាន​បក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា នៅ​តែ​អះអាងថា លោក​មិន​បាន​ចេញ​សែកស្អុយ  
លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ថ្លែងនៅក្នុង​ខួប២៧ឆ្នាំរបស់​គណបក្សភ្លើងទៀន​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

អនុប្រធាន​បក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា នៅ​តែ​អះអាង​ថា លោក​មិន​បាន​ចេញ​សែកអត់លុយ​ ឬ​សែក​ស្អុយ​ឱ្យ​ដើមបណ្ដឹង​ឡើយ។ លោកស្នើដល់​តុលាការ​ផ្តល់​យុត្តិធម៌ និង​ដោះលែង​ឱ្យ​លោក​មាន​សេរីភាព ​ដើម្បី​វិលត្រឡប់​ទៅ​ធ្វើ​នយោបាយ​ឡើង​វិញ។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល​យល់ថា ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ប្រសិន​បើ​សំណុំរឿង​របស់​លោក ថាច់ សេដ្ឋា ជាប់ពាក់ព័ន្ធ​រឿង​នយោបាយ​ នោះ​មេដឹកនាំ​បក្សភ្លើងទៀន​រូបនេះ​មិនអាច​ទទួល​បាន​សេរីភាព​នោះ​ទេ។

មេធាវីរំពឹងថា សាលាឧទ្ធរណ៍​ភ្នំពេញ​នឹង​ផ្តល់​យុត្តិធម៌ដល់​លោក ថាច់ សេដ្ឋា ដោយ​បដិសេធ​ដីកា​ឃុំខ្លួន​របស់​សាលាដំបូង ហើយ​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញនៅ​ថ្ងៃ​សវនាការ​នៅ​ថ្ងៃ​ទី២១ ខែកុម្ភៈ ពីព្រោះ​សំណុំរឿង​នេះ គឺជា​បទមជ្ឈឹម ហើយ​លោក ថាច់ សេដ្ឋា ក៏​មិន​បាន​គេច​វេស​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ទៀត​ផង

 

មេធាវី​ការពារក្ដី​លោក ថាច់ សេដ្ឋា ម្នាក់​គឺ​លោកមេធាវី កែត ឃី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២០ ខែកុម្ភៈ​ថា ក្រុម​មេធាវី​បាន​ចូល​ជួប​សួរ​សុខទុក្ខ និង​ពិភាក្សា​ផ្នែក​ច្បាប់​ជាមួយ​កូនក្តី​នៅ​ពន្ធនាគារ​ព្រៃស​​នៅ​ព្រឹកថ្ងៃទី២០ ខែកុម្ភៈ។ លោកឱ្យដឹងថា ស្ថានភាព​ជំងឺបេះដូង​របស់​លោក ថាច់ សេដ្ឋា កំពុង​ធ្វើ​ទុក្ខ​ដោយសារ​បរិយាកាស​ក្នុង​បន្ទប់​ឃុំឃាំង​តូច​ចង្អៀត ប៉ុន្តែ​កូនក្តី​របស់​លោក​នៅតែ​មាន​ឆន្ទៈ​មោះមុត និង​ស្មារតី​រឹង​មាំ​ដដែល។ លោកបញ្ជាក់ថា កូនក្តី​របស់​លោកអះអាង​ថា​គាត់​គ្មាន​ចេតនា​ណាមួយ​ចេញ​សែកស្អុយ​ដូចការ​ចោទ​ប្រកាន់​កន្លង​ទៅ​នោះ​ទេ ពីព្រោះ​សែក​ដែល​ចេញ​ឱ្យ​ក្រុមហ៊ុន​​គ្រាន់​តែ​ចុះហត្ថលេខា​តែ​មិន​បាន​ចុះកាល​បរិច្ឆេទថ្ងៃខែឆ្នាំ​នៃ​ការ​បើក​ប្រាក់​ និង​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្ដល់​ឱ្យនោះ​ឡើយ៖

«រឿងទី​មួយ​ជា​បទមជ្ឈឹមហើយ​គាត់​មិន​ទៅ​ណាក្រៅ​ប្រទេស​គេច​វេសពី​កាតព្វកិច្ចទេ អ៊ីចឹង​គួរ​ឱ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ចូលរួម​ជីវភាព​នយោបាយ​បាទ»

អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​លោក ថាច់ សេដ្ឋា កាល​ពីថ្ងៃ​ទី១៦ ខែមករា។ ការ​​ចាប់​ឃុំខ្លួន​អនុប្រធានគណបក្ស​ប្រឆាំង​រូប​នេះ ធ្វើឡើង​ក្នុង​រយៈពេល​មិន​ដល់​ជាង​៦​ខែ​ផងនៅ​មុន​ពេល​ការ​បោះឆ្នោត​ថ្ងៃ​ទី២៣ ខែកក្កដា និង​នៅ​មួយ​សប្តាហ៍​មុនការ​ចាប់ខ្លួន​លោក ថាច់ សេដ្ឋា នេះ លោក ហ៊ុន សែន បាន​ទម្លាយ​ថា លោក ថាច់ សេដ្ឋា បាន​ជួប​ជា​មួយ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ តុលាការ​ចោទ​ប្រកាន់​ថាមន្ត្រី​ជាន់​ខ្ពស់គណបក្ស​ភ្លើងទៀន​រូប​នេះ ពី​បទ​«មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» ឬ​ចេញ​សែកស្អុយ​ចំនួន​៥​សន្លឹកកាល​ពី​អំឡុង​ឆ្នាំ២០១៩។ ភាគី​ដើម​បណ្ដឹង​ គឺ​ក្រុមហ៊ុន​ឯកជន​មួយ ឈ្មោះ ក្រុមហ៊ុន រិន ឆាយ ផ.ន.ស.ប។

ប្រពន្ធ​លោក ថាច់ សេដ្ឋា ធ្លាប់​អះអាង​ថា​គ្រួសារ​លោកស្រី​មិន​ដែល​ទទួល​ដីកា​កោះ​របស់​តុលាការ​នោះ​ទេ ហើយ​ប្តី​លោកស្រីក៏មិន​ដែល​មាន​បំណង​គេច​វេសក្នុង​ការ​ដោះស្រាយ​រឿង​ក្តី​នេះ​ដែរ។

ចំណែក​មេធាវី​របស់​លោក ថាច់ សេដ្ឋា វិញ​ក៏​ធ្លាប់​លើ​ឡើង​ថាសំណុំរឿង​នេះ អាច​បញ្ចប់​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ប្រសិន​បើភាគី​ដើម​បណ្ដឹង​យល់ព្រម​ដក​ពាក្យ​ប្ដឹង​ពី​លោក ថាច់ សេដ្ឋា វិញ។ ប៉ុន្តែ​មេធាវី​ដើម​បណ្ដឹងបដិសេធ​ចរចា​ជាមួយមេធាវី​ការពារក្ដី​លោក ថាច់ សេដ្ឋា ដោយ​ពួកគេ​រក្សា​ជំហរដោះ​ស្រាយ​បញ្ហា​នេះតាម​ផ្លូវ​តុលាការ

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក ស៊ឹង សែនករុណា លោក​សម្គាល់​ថា​ លោក ថាច់ សេដ្ឋា គឺ​ជា​មេដឹកនាំ​របស់​គណបក្ស​ប្រឆាំងដែល​លេច​ធ្លោ និង​ជាដៃគូ​ប្រកួត​ប្រជែង​ជា​មួយ​បក្ស​កាន់​អំណាច​ដែល​នាំ​ឱ្យ​មហាជន​សង្ស័យ​ថា ករណី​នេះ​ជា​ការ​រិតត្បិត​ផ្នែក​នយោបាយ​មុន​ការ​បោះឆ្នោតលោកមើល​ឃើញថា ការ​ឃុំខ្លួន​លោក ថាច់ សេដ្ឋា នៅក្នុង​ពន្ធនាគារមិន​អាច​ជា​ដំណោះ​ស្រាយ​រឿងបំណុល​បាន​នោះ​ទេ។ យ៉ាងណាក្តី លោកថា​បច្ចុប្បន្ន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កំពុងតានតឹង​បែប​នេះ បើសិន​ករណី​សំណុំរឿង​របស់​លោក ថាច់ សេដ្ឋា ទាក់ទង​រឿង​នយោបាយ​វិញ មេបក្ស​ភ្លើងទៀន​រូបនេះ​ពិបាក​ទទួល​បាន​សេរីភាព​ឡើង​វិញ៖

«បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត​ខាងមុខ​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នៅ​ឡើយ​ទេ ពីព្រោះ​រឿង​នេះ​មិន​មែន​តែ​លោក ថាច់ សេដ្ឋា តែ​មួយ​ទេនៅក្នុង​ឃុំតែមាន​អ្នក​នយោបាយសកម្មជន​នយោបាយ​ផ្សេងៗ​ទៀតកំពុង​ជាប់ឃុំ​ហ្នឹងក៏ច្រើន​ដែរ រួមទាំង​សកម្មជន​សង្គម​នានា​ទៀត អ៊ីចឹង​វាជារឿង​មួយដែល​គួរ​គិតគូរ​ក្នុង​ការ​ពិចារណាដោះលែង​ឱ្យ​មាន​សេរីភាពដើម្បី​បើកនូវ​លំហរ​បរិយាកាស​នយោបាយ​មួយ​ដែល​មាន​ការ​សាទរ​ពីសហគមន៍​ជាតិ​និង​អន្តរជាតិ​បាទ»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​បកស្រាយ​ជុំវិញ​រឿងនេះ​បានទេ​នៅថ្ងៃ​ទី២០ ខែកុម្ភៈ។

បច្ចុប្បន្នគណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ទៅ​តុលាការ ដូចជា លោក សុន ឆ័យ លោក គង់ គាំ និង​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​ពួកគាត់ហើយ​ករណី​ចុង​ក្រោយ​នេះ តុលាការ បាន​ចាប់ឃុំ​ខ្លួន លោក ថាច់ សេដ្ឋា ទៀត។ ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ប្រើ​អំពើ​ហិង្សា ព្រមាន​ប្តឹង​គណបក្ស​ភ្លើងទៀនទៅ​តុលាការ និង​កុំឱ្យ​ជនបរទេស​លូកដៃថែម​ទៀត។

ទោះយ៉ាងណា គណបក្ស​ភ្លើងទៀន និង​អ្នកឃ្លាំ​មើលចាត់​ទុក​ថា ការ​ចាប់ និង​ឃុំខ្លួន​លោក ថាច់ សេដ្ឋា គឺ​ជា​រឿង​នយោបាយនិង​ជារូបភាព​គំរាមកំហែង ដើម្បី​បំបាក់​ស្មារតី​ប្រជាពលរដ្ឋខ្មែរ ​មិន​ឱ្យ​ចូលរួម​សកម្មភាព​នយោបាយជាមួយ​គណបក្ស​ភ្លើងទៀនអ្នកឃ្លាំមើល​យល់ថាជា​រឿយៗ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​ប្រើ​តុលាការជា​ឧបករណ៍ដើម្បី​ចាប់​អ្នក​រិះគន់ដាក់​ពន្ធនាគារ ហើយ​តែងតែ​ប្រឌិត​បទចោទ​ប្រកាន់មិន​សមរម្យ​ផ្សេងៗ

No comments: