Tuesday, 21 February 2023

ក្រុម​ពលរដ្ឋ​សកម្ម​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជួបជុំ​គ្នា​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍


ដោយ សេក បណ្ឌិត
2023.02.20
ក្រុម​ពលរដ្ឋ​សកម្ម​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជួបជុំ​គ្នា​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍  
លោក កុក គឹមឡៃ តំណាង​ក្រុម​ពលរដ្ឋ​សកម្មពេលយកលិខិតទៅដាក់នៅសាលារាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

 

ក្រុម​ពលរដ្ឋ​សកម្ម​ក្នុង​ការ​ទាមទារ​ឱ្យ រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍ បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ម្ដង​ទៀត នៅ​ថ្ងៃ​ទី២០ ខែកុម្ភៈ ដើម្បី​ជួបជុំ​គ្នា​ចំនួន​១២០នាក់ នៅ​ថ្ងៃ​ទី២៦ ខែកុម្ភៈ ខាង​មុខ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​សកម្មភាព​របស់​ប្រជាពលរដ្ឋ ដែល​មាន​ភាព​ក្លាហាន ហ៊ាន​លើក​ពី​ក្ដី​កង្វល់​របស់​ខ្លួន និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​ជន​អន្តោប្រវេសន៍ ដើម្បី​សុខ​សុវត្ថិភាព​សង្គម​ជាតិ។

លិខិត​ជូន​ដំណឹង​ដែល​ក្រុម​ពលរដ្ឋ​សកម្ម បាន​ដាក់​ទៅ​សាលា​រាជធានី លើក​ឡើង​ថា មូលហេតុ​ដែល​ពួកគេ​ចង់​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ គឺ​ដើម្បី​ផ្ដល់​ឱកាស​ដល់​សាធារណៈ​ជន សម្ដែង​មតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍ និង​ស្នើ​ឱ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បញ្ឈប់​ការ​សាងសង់​អគារ​សិក្សា ជំនាញ​អក្សរ​សាស្ត្រ​វៀតណាម នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ លិខិត​ជូន​ដំណឹង​បញ្ជាក់​ថា ពួកគេ​នឹង​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ​ចំនួន​១២០នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខ។

 

តំណាង​ក្រុម​ពលរដ្ឋ​សកម្ម ដែល​បាន​យក​លិខិត​ជូន​ដំណឹង​ដាក់​ជូន​សាលា​រាជធានី​ភ្នំពេញ លោក កុក គឹមឡៃ ប្រាប់​វិទ្យុអាស៊ីសេរី​ថា មន្ត្រី​សាលា​រាជធានី​បាន​ទទួល​លិខិត​ជូន​ដំណឹង​របស់​ក្រុម​ប្រជាពលរដ្ឋ​រួច​ហើយ នៅ​ព្រឹក​ថ្ងៃទី២០ ខែកុម្ភៈ ប៉ុន្តែ​ខាង​សាលា​រាជធានី​ភ្នំពេញ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា ការ​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ​ដើម្បី​សម្ដែង​មតិ និង​ការ​ទាមទារ​ទាំង​នេះ មិន​មាន​ចេតនា​រើស​អើង ឬ​បញ្ឆេះ​កំហឹង​ឱ្យ​ស្អប់​ដល់​ជាតិ​សាសន៍​ណា​មួយ​នោះ​ឡើយ ក៏​ប៉ុន្តែ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ការពារ​ប្រទេស និង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​បាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​ដណ្ដើម​មុខ​របរ​រកស៊ី និង​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ។ ជា​មួយ​គ្នា​នេះ លោក កុក គឹមឡៃ សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ និង​យុវជន​ស្នេហា​ជាតិ ចូលរួម​សម្ដែង​មតិ​ឱ្យ​បាន​ច្រើន ពី​ព្រោះ​ការ​ជួបជុំ​នេះ​ធ្វើ​តែ​មួយ​ថ្ងៃ​​ប៉ុណ្ណោះ គឺ​ថ្ងៃ​អាទិត្យ ទី២៦ ខែកុម្ភៈ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ៖

«ខ្ញុំ​សុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ចូលរួម​បាតុកម្ម​ឱ្យ​បាន​ច្រើន ហើយ​ចំពោះ​អ្នក​ដែល​មិន​បាន​ចូលរួម គាត់​មាន​ជា​ថវិកា​ជួយ​ជា​ថវិកា ដើម្បី​ផ្គត់​ផ្គង់​ដល់​ក្រុម​យើង បន្ត​ធ្វើ​នៅ​លើក​ក្រោយៗ​ទៀត បើ​សិន​ជា​លើក​នេះ​រាជរដ្ឋាភិបាល មិន​អើពើ​នឹង​បាតុកម្ម​របស់​យើង យើង​នឹង​ធ្វើ​នៅ​លើក​ក្រោយៗ​ទៀត»

ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ពី​សំណាក់​រដ្ឋាភិបាល ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​សូវ​មាន​ប្រសិទ្ធិ​ភាព​ឡើយ ក្នុង​នោះ​លំហូរ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ខុស​ច្បាប់​ជា​ច្រើន បាន​មក​រស់​នៅ និង​ដណ្ដើម​មុខរបរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ក្រុម​ប្រជាពលរដ្ឋ​សកម្ម​មើល​ឃើញ​ថា ខណៈ​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​ជន​អន្តោប្រវេសន៍​នៅ​មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បែរជា​ចេញ​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ ឱ្យ​ទៅ​ជន​អន្តោប្រវេសន៍​ទាំង​នោះ​ទៅ​វិញ។

វិទ្យុអាស៊ីសេរី​នៅ​ពុំ​ទាន់​​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក ម៉េត មាសភក្ដី ដើម្បី​បក​ស្រាយ​ជុំវិញ​ការ​ដាក់​លិខិត​ជូន​ដំណឹង​នេះ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី២០ ខែកុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល។ ទោះ​យ៉ាង​ណា តំណាង​ក្រុម​ប្រជាពលរដ្ឋ​សកម្ម​ប្រាប់​វិទ្យុអាស៊ីសេរី​ថា ពួកគាត់​នឹង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ ដើម្បី​តវ៉ា​សម្ដែង​មតិ ទោះ​បី​ជា​សាលា​រាជធានី​ភ្នំពេញ​មិន​ផ្ដល់​ការ​អនុញ្ញាត​ក៏​ដោយ ព្រោះ​ការ​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ​នេះ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យ៉ង គឹមអេង គាំទ្រ​ចំពោះ​ការ​ជួប​ជុំ​សម្ដែង​មតិ​របស់​ក្រុម​ប្រជាពលរដ្ឋ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​អនុវត្ត​ច្បាប់​ទៅ​លើ​ជន​អន្តោប្រវេសន៍ ជាជាង​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ទៅ​ដល់​ពួកគេ ដើម្បី​លើក​កម្ពស់​សុខ​សន្តិភាព​នៅ​ក្នុង​សង្គម។ លោក យ៉ង គឹមអេង បន្ថែម​ថា ការ​ស្នើ​សុំ​របស់​ក្រុម​ប្រជាពលរដ្ឋ​មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​គ្នា​នោះ​ឡើយ ក៏​ប៉ុន្តែ​គឺ​ជា​ការ​បំពេញ​តួនាទី​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ ដែល​ត្រូវ​ការពារ​ជាតិ​មាតុភូមិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ៖

«ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​កាតព្វកិច្ច​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ជោគ​វាសនា​អនាគត​ប្រទេស​ជាតិ​របស់​ខ្លួន ទាំង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏​មាន​ចែង​អំពី​សិទ្ធិ ពី​កាតព្វកិច្ច​របស់​ពលរដ្ឋ​គ្រប់​រូប​ដែរ អ៊ីចឹង​ការ​បញ្ចេញ​មតិ បញ្ចេញ​យោបល់ គឺ​ដើម្បី​ឱ្យ​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ហ្នឹង បាន​ដឹង​ឮ បាន​ដឹង​ពី​កង្វល់ របស់​ប្រជាពលរដ្ឋ»

ក្រុម​ប្រជាពលរដ្ឋ​សកម្ម​ធ្លាប់​បាន​ធ្វើ​ការ​តវ៉ា​ដូច្នេះ​ម្ដង​រួច​មក​ហើយ កាល​ពី​ចុង​ខែធ្នូ ឆ្នាំ២០២២ ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​មិន​មាន​ការ​ឆ្លើយតប​អ្វី​នោះ​ឡើយ ជុំវិញ​ការ​ស្នើ​សុំ​ទាំង​នេះ។ ដោយ​ឡែក លោក ធែល ធីលែន ដែល​ជា​អ្នក​ដឹកនាំ​ការ​ប្រមូល​ផ្ដុំ​តវ៉ា​ពេល​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី៤ ខែតុលា ហើយ​តុលាការ​ខេត្តកណ្ដាល បាន​ឃុំ​ខ្លួន​លោក​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ​នេះ។ ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​រួម​តវ៉ា លើក​ឡើង​ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​សម្ដែង​មតិ រហូត​ដល់​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា៕

No comments: