Friday, 17 February 2023

រដ្ឋាភិបាល​ប្រតិកម្ម​ថា ចំណាត់ថ្នាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រទេស​ផ្ដាច់ការ​ថា ជា​រឿង​មិន​ត្រឹមត្រូវ


ដោយ សេក បណ្ឌិត និង ម៉ៅ សុធានី
2023.02.17
រដ្ឋាភិបាល​ប្រតិកម្ម​ថា ចំណាត់ថ្នាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រទេស​ផ្ដាច់ការ​ថា ជា​រឿង​មិន​ត្រឹមត្រូវ  
អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន។
AFP

 

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​អះអាង​ថា អង្គការ​សម្ព័ន្ធភាព​ស​កល​តាមដាន​សេរី​ភាពជា​មូលដ្ឋាន​នៅ​ទូទាំង​ពិភពលោក (CIVICUS) ដែល​បាន​បញ្ចូល​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ប្រទេស​ដឹកនាំ​ផ្ដាច់ការ គឺជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​ក្រុម​បក្ស​ប្រឆាំង។

ប្រតិកម្ម​របស់​មន្ត្រី​រូប​នេះ ធ្វើឡើង​ក្រោយ​ដែល​អង្គការ​សកល​មួយ​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​កាលពី​ថ្ងៃទី ១៦ ខែកុម្ភៈ លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ​ប្រទេស​ជិត ៤០​ឆ្នាំ​មកនេះ បាន​រំលោភ​ជា​ប្រព័ន្ធ​លើ​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

អង្គការ​សម្ព័ន្ធភាព​ស​កល​តាមដាន​សេរី​ភាពជា​មូលដ្ឋាន​នៅ​ទូទាំង​ពិភពលោក (CIVICUS) បាន​ដាក់​ប្រទេស​កម្ពុជា ចូលក្នុង​បញ្ជី​ប្រទេស​ផ្ដាច់ការ និង​គាបសង្កត់ ក្នុងចំណោម​ប្រទេស​ដទៃទៀត រួមមាន​ប្រទេស អ៊ីរ៉ង់ (Iran) ស៊ូដង់ (Sudan ) ហ្ស៊ីមបាវ៉េ (Zimbabwe) និង​ប្រទេស​ប៉េរូ (Peru)​។ អង្គការ​សកល​មួយ​នេះ អះអាង​ថា លោក ហ៊ុន សែន បាន​រំលោភ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ និង​វាយប្រហារ​ជា​ប្រព័ន្ធ​លើ​លំហ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ហើយ​ដែល​ទង្វើ​ទាំងនេះ គឺជា​ការបំពាន​លើ​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​កម្ពុជា។

 

របាយការណ៍​របស់​អង្គការ​សម្ព័ន្ធភាព​សក​ល​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែ​កុម្ភៈ បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាមកំហែង​និង​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន សហជីព អ្នកកាសែត​ឯករាជ្យ និង​អ្នកនយោបាយ​បក្ស​ប្រឆាំង​ជាដើម ដាក់​ពន្ធនាគារ ប្រមាណ​ជាង​៥០​នាក់​មក​ហើយ។

កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ លោក ហ៊ុន សែន ក៏បាន​ចេញ​បញ្ជា​យ៉ាង​តក់ក្រហល់​ឲ្យ​បិទ​វិទ្យុ​សម្លេង​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ដែល​ជា​វិទ្យុ​ឯករាជ្យ​ចុងក្រោយ បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​យ៉ាងច្រើន​នៅ​ជុំវិញ​ពិភពលោក ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន រួមមាន​សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា អង់គ្លេស និង​ប្រទេស​ជាច្រើន​ទៀត នៅ​ទ្វីបអឺរ៉ុប ព្រមទាំង​អង្គការ​សហប្រជាជាតិ​ជាដើម ដោយ​បាន​បង្ហាញ​ក្តី​បារម្ភ​ថា ការ​បិទ​វិទ្យុ​ឯករាជ្យ​ចុងក្រោយ​នេះ គឺជា​រឿង​អាម៉ាស់ ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ជា​ការ​រំលោភបំពាន​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅមុន​ការបោះឆ្នោត​សកល​នៅ​ខែកក្កដា​ខាងមុខ។

ទោះបីជា​មាន​ប្រតិកម្ម​ជុំវិញ​ទិស​យ៉ាង​ណា​ក្តី ក៏​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ បាន​ព្រមាន​ដល់​បណ្តា​ប្រទេស​ដែល​រិះគន់​ទង្វើ​របស់​លោក ថា​កុំ​ឲ្យ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ បន្ថែម​ពី​នេះ ក្រសួង​ការបរទេស​កម្ពុ​ជា ក៏បាន​លើកឡើង​ថា ការ​បិទ​អង្គភាព​ព័ត៌មាន​វីអូឌី​នេះ មិនមែន​ជា​ការបំពាន​ច្បាប់​ឡើយ ហើយ​ថែមទាំង​ចោទប្រកាន់​ការ​បារម្ភ​របស់​ស្ថានទូត​ជាច្រើន​ប្រចាំ​កម្ពុជា​ថា មាន​និន្នាការ​លំអៀង​ផ្នែក​នយោបាយ​ទៅវិញ។

ជុំវិញ​ការ​ដាក់បញ្ចូល​កម្ពុជា​ក្នុង​បញ្ជី​ប្រទេស​ផ្ដាច់ការ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​ចំពោះ​ចំណាត់ថ្នាក់​នេះ​ទេ​។ លោក​បន្ត​អះអាង​ថា អ្វី​ដែល​សំខាន់​បំផុត គឺ​ប្រជាពលរដ្ឋ​ខ្មែរ​លើសលប់​បាន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ដែល​នាំមក​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដល់​ប្រទេសជាតិ។

លោក សុខ ឥសាន៖ «ការវាយតម្លៃ ការ​ចាត់​ថ្នាក់ ការ​ផ្តល់​ពិន្ទុ​ឲ្យ​កម្ពុជា គឺជា​សិទ្ធិ​របស់​អ្នក​ក្រៅ​ទេ ពួកគាត់​ចង់​ឲ្យ​ដូចម្តេច​ស្រេច​លើ​សិទ្ធិ​របស់​គាត់​។ ចំពោះ​កម្ពុជា គឺជា​រឿង​ធម្មតា​ទៅ​ហើយ ព្រោះ​យើង​ប្រកាន់​របប​ប្រជាធិបតេយ្យ ហើយ​ការ​យល់​ឃើញ​ដូចម្តេច ជា​ពាក្យ​របស់​ប្រឆាំង ដែល​ចោទ​មក​លើ​រដ្ឋាភិបាល និង​ប្រមុខ​រដ្ឋាភិបាល ថា​មានការ​គាបសង្កត់ មានការ​រំលោភ​សិទ្ធិមនុស្ស​។ អ្នក​លើកឡើង​នេះ គឺជា​ពួក​ប្រឆាំង ហើយ​ពួក​ប្រឆាំង​នេះ មិនមែន​តែ​ខ្មែរ​ទេ បរទេស​ក៏​មាន​អ្នក​ប្រឆាំង​ដែរ ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា​លើសលប់ មិន​គិត​ដូច​អ្នកប្រឆាំង​ទាំង​នោះ​ទេ»

ទោះបីជា​មានការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​យ៉ាងនេះ​ក្តី ក៏​អ្នកស្រាវជ្រាវ​របស់​អង្គការ​សម្ព័ន្ធភាព​សកល​ប្រចាំ​អាស៊ី ប៉ាស៊ីហ្វីក លោក ហ្យូសេហ្វ ប៊ឺនេឌិត (Josef Benedict) អះអាង​ថា លោក ហ៊ុន សែន កំពុង​គ្រប់គ្រង​និង​ប្រើប្រាស់​​ ព្រមទាំង​រំលោភ​ជា​ប្រព័ន្ធ​លើ​លំហ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដោយ​ធ្វើការ​គំរាមកំហែង និង​ដាក់​ទោសទណ្ឌ ដល់​ក្រុម​ណា ឬ​បុគ្គល​ណា ដែល​ហ៊ាន​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក។ ថ្មីៗ​នេះ លោក ហ៊ុន សែន ក៏បាន​ចេញ​បញ្ជា​ឲ្យ​បិទ​វិទ្យុ​សម្លេង​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី (VOD) ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ចុងក្រោយ ដោយ​ផ្ដោត​សំខាន់​អំពី​លទ្ធិប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស។

ពាក់ព័ន្ធ​នឹង​របាយការណ៍​របស់​អង្គការ​សម្ព័ន្ធភាព​សកល​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍​ថា ការ​បើក​លំហ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញមតិ និង​ការ​ជួបជុំ​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ពិនិត្យ​និង​ពិចារណា​នូវ​ការ​លើក​ឡើង​របស់​សហគមន៍​អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង។

លោក ស៊ឹង សែនករុណា៖ «ប្រតិកម្ម​របស់​រដ្ឋាភិបាល មិន​គួរ​ធ្វើឡើង​ដោយ​លឿន​ពេក​ទេ​។ ហើយ​អង្គការ​អន្តរជាតិ​មួយៗ គេ​មិន​ចេះតែ​ចង់​ដាក់​ចំណាត់ថ្នាក់ ឲ្យ​ប្រទេស​ណាមួយ​នោះ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​ការ​ដាក់​ចំណាត់ថ្នាក់​មួយ ធ្វើ​ឲ្យ​មានការ​ដឹង​លឺជា​សាកល​ហើយ ចង់​មិន​ចង់​គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល និង​មួយ​ប្រទេស​នោះ​ហើយ​។ ក៏ប៉ុន្តែ​យើង​ក៏​ចង់​ឃើញ​រដ្ឋាភិបាល ពិនិត្យ​និង​ពិចារណា ហើយ​ទទួល​អ្វី​ពី​ការ​មើល​ឃើញ​ពី​សហគមន៍​អន្តរជាតិ​នានា ដើម្បី​កែលំអ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង»

អង្គការ​សម្ព័ន្ធភាព​សកល​តាមដាន​សេរី​ភាពជា​មូលដ្ឋាន​នៅ​ទូទាំង​ពិភពលោក (CIVICUS) ក៏បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ តាមរយៈ​តំណាង​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា ត្រូវ​ដាក់​គំនាប​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ការពារ​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​កម្ពុជា និង​លើក​ឡើងជា​សាធារណៈ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​ដ៏​យ៉ាប់​យឺន​នៅ​កម្ពុជា ក្នុង​នោះ​ក៏​ត្រូវ​តែ​រាយការណ៍​ពី​ក្តី​បារម្ភ​របស់​ខ្លួន ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​ជា​ចាំបាច់​ផង​ដែរ។

អង្គការ​សម្ព័ន្ធភាព​សកល​នេះ មាន​សមាជិក​ជាង ១​ម៉ឺន​៥​ពាន់​នាក់ មកពី​ប្រទេស​ចំនួន​១៨៨ ដែល​ធ្វើការ​រួមគ្នា​តាមដាន និង​អង្កេត​ករណី​រំលោភបំពាន​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ នៅក្នុង​ប្រទេស​ជិត ២០០ (១៩៧) នៅ​ទូទាំង​ពិភពលោក៕

1 comment:

Anonymous said...

Mr. Zombie looks more than more zombier everyday.