ដោយ មាន ឫទ្ធិ
2023.02.19
លោក ទៀ បាញ់ ជួបជាមួយនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង (Phan Văn Giang) រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុក ទៀ បាញ់
កម្ពុជា និងវៀតណាម ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិរវាងប្រទេសទាំងពីរកាន់តែខ្លាំងបន្ថែមទៀតក្នុងឆ្នាំ២០២៣នេះ។ ភាគីទាំងពីរបានចុះហត្ថលេខាអនុម័តផែនការកិច្ចសហប្រតិបតិ្តការខាងវិស័យការពារជាតិរវាងប្រទេសទាំងពីរសម្រាប់ឆ្នាំ២០២៣ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងយោធា កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ក្នុងជំនួបពិភាក្សាមួយរវាងរដ្ឋមន្ត្រីការពារជាតិវៀតណាម លោក ផាន់ វ៉ាន់ យ៉ាង (Phan Văn Giang) និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ នៅទីក្រុងហាណូយ (Hanoi) នៃប្រទេសវៀតណាម។
ប្រមុខការពារជាតិកម្ពុជា លោក ទៀ បាញ់ មិនបានបញ្ជាក់លម្អិតពីលទ្ធផលនៃជំនួបនេះទេ។ លោកគ្រាន់តែសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាលពីឆ្នាំ២០២២កន្លងទៅ។ លោកបន្តថា ភាគីទាំងពីរក៏បានដាក់ចេញទិសដៅកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ សំដៅបង្កើនថែមទៀតនូវទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកងទ័ពនៃប្រទេសទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ថា តាមរយៈផែនការកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងប្រទេសទាំងពីរនេះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានដាក់ចេញនូវផែនការសហប្រតិបត្តិការដោយផ្តោតលើទិដ្ឋភាពសំខាន់ៗមួយចំនួន។ ក្នុងនោះ មានដូចជា បង្កើនការចែកចាយព័ត៌មាន និងធ្វើសកម្មភាពល្បាតរួមគ្នាដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់តាមព្រំប្រទល់ដីគោក និងសមុទ្ររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏ប្តេជ្ញាសហការគ្នាយ៉ាងស្អិតល្មួតក្នុងការកសាងនូវផែនការទំនាក់ទំនងយូរអង្វែងដើម្បីបង្កើនប្រជាប្រិយភាពនៃសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក រវាងរដ្ឋាភិបាល ប្រជាជន និងយោធានៃប្រទេសទាំងពីរ ជាពិសេសក្នុងឱកាសខួបលើកទី៧០ នៅឆ្នាំ២០២៣នេះ នៃការបង្កើតកងយោធពលខេមរភូមិន្ទ និងខួបលើកទី៨០ នៅឆ្នាំ២០២៤ ខាងមុខ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម។ ភាគីទាំងពីរក៏បានសន្យាធ្វើការរួមគ្នាដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពនៃកិច្ចសហប្រតិបត្តិការនានាពាក់ព័ន្ធនឹងការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ព្រមទាំងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានស្លាប់ក្នុងសម័យសង្គ្រាមនៅកម្ពុជា។
ការអនុម័តផែនការបង្កើនកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៣នេះ កើតមានឡើងមួយថ្ងៃ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ទៀ បាញ់ ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជា ទើបមានជំនួបកំពូលមួយជាមួយមេដឹកនាំជាន់ខ្ពស់ដ៏មានឥទ្ធិពលនៃបក្សកុម្មុយនិស្តវៀតណាម ក្នុងនោះមានអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម គឺលោក ង្វៀង ហ្វូជុង (Nguyen Phu Trong)។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) រាយការណ៍ឱ្យដឹងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា ក្នុងជំនួបកំពូលនោះ ភាគីទាំងពីរបានពិនិត្យមើលឡើងវិញពីលទ្ធផលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកាលពីឆ្នាំកន្លងទៅ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៣នេះ។ ក្រុមមេដឹកនាំនៃប្រទេសទាំងពីរបានហៅសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា ជាពិសេសទំនាក់ទំនងរវាងវៀតណាម កម្ពុជា និងឡាវ ថាជា«ទ្រព្យមិនអាចកាត់ថ្លៃបាន»។ VNA រាយការណ៍បន្តថា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀង ហ្វូជុង បានសង្កត់ធ្ងន់លើសារសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមលើវិស័យសន្តិសុខ និងការអភិវឌ្ឍនៃប្រទេសទាំងពីរ។ រីឯ លោក ហ៊ុន សែន វិញ លោកបានប្រាប់ទៅក្រុមមេដឹកនាំវៀតណាមថា ក្រៅពីពង្រឹងចំណងទំនាក់ទំនងខាងវិស័យនយោបាយ ប្រទេសទាំងពីរក៏គួរបង្កើនភាពជាដៃគូក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មដើម្បីជាបុព្វហេតុនៃការអភិវឌ្ឍរវាងប្រទេសទាំងពីរ។
កិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាមនេះ ធ្វើឡើងក្នុងរយៈពេលតែ ១សប្តាហ៍ប៉ុណ្ណោះ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងក្នុងឆ្នាំ២០២៣នេះ នៅប្រទេសចិន រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ។ លោក ហ៊ុន សែន គឺជាមេដឹកនាំអន្តរជាតិដំបូងគេបង្អស់ដែលត្រូវបានមេដឹកនាំចិនអញ្ជើញឱ្យទៅជួបមុនគេ ក្រោយប្រទេសចិនបានប្រកាសបើកប្រទេសឡើងវិញបន្ទាប់ពីវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩។
ចាប់តាំងពីកម្ពុជា និងចិនបានបង្កើនទំនាក់ទំនងក្លាយជាមិត្តដែកថែប និងអនុញ្ញាតឱ្យចិនអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាម «ផ្តាច់មុខ» ដែលរងនូវការសង្ស័យពីក្រុមប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ថាចិនអាចឈានទៅដាក់មូលដ្ឋានទ័ពនៅកម្ពុជារួចមក វៀតណាមបានបង្កើនការឃ្លាំមើលដំណើរវិវត្តន៍នៃភាពល្អូកល្អើនរវាងកម្ពុជា និងចិននេះ។ ជាក់ស្តែង ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន (ASEAN) កាលពីឆ្នាំ២០២២កន្លងទៅ មេដឹកនាំចិន និងវៀតណាម បានប្រជែងគ្នាមកសម្ញែងឥទ្ធិពលនៅកម្ពុជាក្នុងពេលព្រមៗគ្នាគួរឱ្យកត់សម្គាល់។ ក្នុងការសម្ញែងឥទ្ធិពលនៅកម្ពុជានេះ ចិនបានតម្រូវឱ្យកម្ពុជាដាក់បញ្ចូលការបង្រៀនភាសាចិននៅតាមសាលារៀនរដ្ឋចាប់ពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២។ រីឯ វៀតណាមវិញក៏បានតម្រូវឱ្យកម្ពុជាបើកដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផងដែរ។ ទន្ទឹមនឹងនោះ ចិនក៏មានមហិច្ឆតាបញ្ជ្រាបឱ្យប្រជាជនកម្ពុជាចាប់ផ្តើមប្រើប្រាស់ប្រាក់យ័ន (Yuan) របស់ចិននៅលើទីផ្សារកម្ពុជា មិនខុសពីការចាយវាយប្រាក់ដុល្លារអាមេរិក។
ទំនាក់ទំនងរវាងចិន-កម្ពុជា និងវៀតណាម-កម្ពុជា រងនូវការរិះគន់ថា ជាទំនាក់ទំនងបែបហុតទឹកសម្លឹងកាក ឬជាទំនាក់ទំនងរវាងចៅហ្វាយនាយ និងកូនជឹង ខណៈចិនត្រូវគេមើលឃើញថាជាបងធំទីមួយ រីឯវៀតណាមគឺជាបងធំទីពីរដ៏មានឥទ្ធិពលជាងគេបង្អស់នៅកម្ពុជា៕
1 comment:
Ah Tea Bank is Ah Kandor Krun, mentally retarded.
Ah Norouk Hun Sen has sold his soul to Yuon before Yuon put him in power.
Ah Chos Kauot Hun Sen wanted to make sure that Cambodia will become a part of the evil Vietnam before he goes to hell.
Post a Comment