Wednesday, 8 February 2023

ក្រុម​ស្ត្រី​ចូលរួម​ធម្មយាត្រា​ចង់​ឃើញ​សង្គម​មាន​សីលធម៌ នាំ​​ឱ្យ​មាន​យុត្តិធម៌​សង្គម និង​គោរព​សិទ្ធិ​ពលរដ្ឋ

 

ដោយ សុជីវី
2023.02.08
ក្រុម​ស្ត្រី​ចូលរួម​ធម្មយាត្រា​ចង់​ឃើញ​សង្គម​មាន​សីលធម៌ នាំ​​ឱ្យ​មាន​យុត្តិធម៌​សង្គម និង​គោរព​សិទ្ធិ​ពលរដ្ឋ  
ទិដ្ឋភាពអាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​រារាំង​ក្បួន​ធម្មយាត្រា​ដែល​ដឹកនាំ​ដោយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ចំណុច​ភូមិ​ស្វាយអាត់ ឃុំ​ស្នាមព្រះ ស្រុក​បាកាន នៅ​ព្រឹក​ថ្ងៃទី៧ កុម្ភៈ ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

 

ស្ត្រី​ចូលរួម​ដើរ​ក្បួន​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​មាន​ចំនួន​ច្រើន​ជាង​បុរស ក្នុង​រយៈពេល​៧​ថ្ងៃ​នៃ​យុទ្ធនាការ​នេះ។ តើ​មូល​ហេតុអ្វី​ដែល​ក្រុម​ស្ត្រី​ចូលរួម​យុទ្ធនាការ​លើក​កម្ពស់​សីលធម៌​សង្គម​ដឹកនាំ​ដោយ​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ នេះ?

ក្រុម​ស្ត្រី​ចូលរួម​ធម្មយាត្រា​ចង់​ឃើញ​សង្គម​កម្ពុជា​មាន​សីលធម៌​ល្អ ដែល​អាច​នាំ​ទៅ​ឱ្យ​មាន​យុត្តិធម៌​សង្គម មាន​ការ​គោរព​សិទ្ធិ​ពលរដ្ឋ ពោល​គឺ​លែង​មាន​ការ​គំរាម​កំហែង​ការប្រើ​អំពើ​ហិង្សា និង​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​ពលរដ្ឋ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន។

កញ្ញា ហេង បូរី ជា​កម្មករ​រោងចក្រ​នៅ​ក្រុង​ភ្នំពេញ បាន​ចូលរួម​ហែ​ធម្មយាត្រា​ពេញ​ទាំង ៧​ថ្ងៃ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កញ្ញា​សម្រេច​សុំច្បាប់​ពី​ការងារ​មក​ចូលរួម​យុទ្ធនាការ​នេះ​ដោយសារ​ពេញចិត្ត​នឹង​គោលបំណង​របស់​យុទ្ធនាការ​ដែល​ជំរុញ​លើក​កម្ពស់​សីលធម៌​សង្គម និង​ទាមទារ​ឱ្យ​ដោះលែង​អ្នកជាប់ឃុំ ដោយ​អយុត្តិធម៌។ កញ្ញា​បន្ត​ថា​នេះ​ជា​លើក​ទី១ ដែល​កញ្ញា​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ក្នុង​ចម្ងាយ​ឆ្ងាយ ដែល​ធ្វើ​ឱ្យ​បាត​ជើង​ទាំង​សង្ខាង​ឡើង​ពងបែក តែ​ទោះ​ជា​យ៉ាងណា​កញ្ញា​ប្រឹង​ជម្នះ​រហូត​ដើរ​បាន​ដល់​គោលដៅ។

កញ្ញា បូរី បញ្ជាក់​ម្ដង​ហើយ​ម្ដងទៀត​ថា​កញ្ញា​ជឿជាក់​ថា ការចូលរួម​យុទ្ធនាការ​បែប​នេះ​នឹង​ជួយ​ឱ្យ​មាន​ការ​យល់ដឹង​ពី​សារៈសំខាន់​នៃ​សីលធម៌​សង្គម និង​យុត្តិធម៌​សង្គម ហើយ​មូលហេតុ​ចម្បង​នាំ​ទៅ​លើក​កម្ពស់​សីលធម៌​សង្គម​គឺ​ការអនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌។

កញ្ញា បូរី៖ «ការ​ធ្លាក់​ចុះ​យុត្តិធម៌​សង្គម​គឺ​ដោយសារ​ការអនុវត្ត​ច្បាប់​មិន​យុត្តិធម៌ ដរាបណា​យើង​មាន​ច្បាប់ យើង​អនុវត្ត​ច្បាប់​មាន​យុត្តិធម៌ មាន​តម្លាភាព​ត្រឹមត្រូវ នោះ​ការ​និយាយ​ស្ដី ការប្រព្រឹត្ត​ទង្វើ​ផ្សេងៗ​ទាំងឡាយ​គឺ​គោរព​ទៅ​តាម​ច្បាប់ បើ​ធ្វើ​ផ្ទុយ​ពី​ច្បាប់​នាំ​ឱ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ»

 

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ចាប់​ផ្តើម​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​កាល​ពី​ថ្ងៃ​ទី១ ខែកុម្ភៈ និង​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ដោយ​ចេញ​ពី​ភ្នំពេញ​ទៅ​កាន់​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង​ក្នុង​ខេត្ត​ពោធិ៍សាត់ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៥ ឆ្លងកាត់ ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ឆ្នាំង។ ក្នុង​រយៈពេល​៧​ថ្ងៃ​នេះ​ធម្មយាត្រា​នេះ​បាន​ជួប​បញ្ហា​ជាច្រើន​រួមមាន​អាជ្ញាធរ​រារាំង​មិន​ឱ្យ​វត្ត​អារាម​ទាំងឡាយ​នៅ​តាម​ដងផ្លូវ​ទទួល​អ្នកចូលរួម​ឱ្យ​ស្នាក់​នៅ​យប់ រារាំង​គំរាម​កំហែង​ពលរដ្ឋ​រស់​នៅ​តាម​ផ្លូវ​មិន​ឱ្យ​ចូលរួម និង​នៅ​ថ្ងៃ​ចុងក្រោយ​អាជ្ញាធរ​ក្នុង​ខេត្ត​ពោធិ៍សាត់​រារាំង​មិន​ឱ្យ​ជួបជុំ​អ្នកចូលរួម​លើស​ពី ៥០​នាក់ ខណៈ​អ្នក​ចូលរួម​កើន​ដល់​ប្រមាណ​២០០នាក់។

គ្រូបង្រៀន​នៅ​ស្រុក​ក្រគរ​ម្នាក់ អ្នកស្រី ឈិន ចាន់ណាន រៀបរាប់​ថា​អ្នកស្រី​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​បង្រៀន​ទៅ​ចូលរួម​ធម្មយាត្រា នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ដែល​ធម្មយាត្រា​បាន​មក​ដល់​ខេត្ត​ពោធិ៍សាត់។ អ្នកស្រី​ចូលរួម​យុទ្ធនាការ​នេះ​ព្រោះ​អ្នកស្រី​មិន​ចង់​ឃើញ​អំពើ​ហិង្សា​បន្ត​កើតមាន​នៅ​ក្នុង​សង្គម​តទៅ​ទៀត ជាពិសេស​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ ទៅ​លើ​អ្នក​តវ៉ា នៅ​តាម​ដង​ផ្លូវ ដែល​ជា​ទង្វើ​អសីលធម៌។ អ្នកស្រី​អំពាវ​នាវ​ដល់​ពលរដ្ឋ​ដែល​ស្រលាញ់​យុត្តិធម៌ សីលធម៌​សង្គម​ចូលរួម​ធម្មយាត្រា និង​យុទ្ធនាការ​បែប​នេះ​បន្ត​ទៀត ព្រមទាំង​ចូលរួម​បញ្ឈប់​អំពើ​ហិង្សា​ទាំងអស់​គ្នា។

អ្នកស្រី ឈិន ចាន់ណាន៖ «ពេល​ពួកគាត់​បាត់បង់​ដីធ្លី បាត់​បង់​ផ្ទះសម្បែង ហើយ​នៅ​ពេល​កូដករ​ទៅ​ធ្វើ​បាតុកម្ម​ទាមទារ​យុត្តិធម៌​តែងតែ​កើត​មាន​អំពើ​ហិង្សា​ជារឿយៗ ហើយ​ក៏​ធ្លាប់​ឃើញ​នៅ​តាម​បណ្ដា​សាលា ប៉ុន្តែ​មិនមែន​សាលា​របស់​ខ្ញុំ​ទេ​ក៏​ឃើញ​មាន​ជា​ព័ត៌មាន​ប្រើ​អំពើ​ហិង្សា​អី​តិចតួច​ដែរ។ អីចឹង​ហើយ​បាន​ជា​ខ្ញុំ​ចង់​ឱ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​នេះ មិន​ចំពោះ​តែ​ថ្នាក់​ដឹកនាំ ចំពោះ​ប្រជាពលរដ្ឋ ចំពោះ​មន្ត្រី​រាជការ​ទេ​គឺ​សូម​ឱ្យ​ចូលរួម​ទាំង​អស់​គ្នា​តែ​ម្ដង»

ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​នេះ​ក៏​មាន​គោល​បំណង​ទាមទារ​ឱ្យ​ដោះលែង​អ្នក​កំពុង​ជាប់​ឃុំ ដោយ​អយុត្តិធម៌ ឬ​អ្នក​ជាប់​ឃុំ​ដោយសារ​ការអនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន។ ក្នុង​នោះ​ក៏​មាន​អ្នកច្បាប់​ខ្មែរ​សញ្ជាតិ​អាមេរិកកាំង កញ្ញា សេង ធារី និង​មេដឹកនាំ​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈម ស៊ីថរ ដែរ។

យុវតី​វ័យ​ជាង​២០​ឆ្នាំ កញ្ញា តូច ស្រីនិច ជា​អ្នក​រស់​នៅ​ក្រុង​ភ្នំពេញ បាន​ឆ្លៀតពេល​ចូលរួម​ធម្មយាត្រា​នេះ​លើកឡើង​ថា ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​នេះ​ជា​ឱកាស​ឱ្យ​កញ្ញា​ជា​យុវជន​បាន​ចូលរួម​ការងារ​សង្គម។ កញ្ញា​បន្ត​ថា​អ្វី​ដែល​កញ្ញា​ចង់​បាន​គឺ​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​គ្រប់​គ្នា​ដោយ​ពុំ​មាន​ការរើសអើង​នយោបាយ។ កញ្ញា​អំពាវនាវ​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ក្លាហាន​ធ្វើការងារ​សង្គម ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់គ្នា​ក្នុង​សង្គម។

កញ្ញា តូច ស្រីនិច៖ «ហើយ​ការ​គំរាម​កំហែង​បើ​យើង​គិត​តែ​ខ្លាច​អាជ្ញាធរ​តាម​ខ្លាច​គេ​គំរាម​អីចឹង​យើង​អត់​អាច​ជួយ​ដល់​ប្រទេស​ជាតិ​បាន​ទេ។ ប្រទេសជាតិ​យើង​យើង​ដឹង​ស្រាប់​ហើយ តាំង​ពី​ដើម​មក​បើ​មិន​វាយ​ក៏​ចាប់ចង បើ​មិន​ចាប់​ចង​ក៏​គម្រាម​កំហែង​ធ្វើ​បាប​តាម​គ្រប់​វិធីសាស្ត្រ​ទាំងអស់។ យើង​ចូលរួម​នេះ​មិនមែន​ថា​យើង​នេះ​ជា​ចោរប្លន់​ជា​អី​ទេ អានេះ​ដើម្បី​ជួយ​លើកស្ទួយ​វប្បធម៌ អរិយធម៌ និង​ជួយ​ដល់​ប្រទេស​ជាតិ ជួយ​ដល់​ទឹកដី»

បើ​ទោះ​បី​ជា​ធម្មយាត្រា​នេះ ដើម្បី​សីលធម៌ យុត្តិធម៌​សង្គម សម្រាប់​មន្ត្រី​នាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន វិញ​ចាត់ទុក​ធម្មយាត្រា​នេះ​ជា​ការ​កេង​ចំណេញ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដ្បិត​អ្នកដឹកនាំ​ធម្មយាត្រា​នេះ​គឺ​លោក រ៉ុង ឈុន ដែល​លោក​ទើប​ប្រកាស​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ហើយ​ទាមទារ​ឱ្យ​ដោះលែង​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ។

ឆ្លើយ​តប​នឹង​ការ​លើកឡើង​បែប​នេះ ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បញ្ជាក់​ថា ដោយសារ​តែ​សីលធម៌​ធ្លាក់ចុះ​ទើប​តុលាការ​មិនអាច​អនុវត្ត​តួនាទី​របស់​ខ្លួន និង​កាត់​សេចក្ដី​ឱ្យ​បាន​ត្រឹមត្រូវ។

លោក រ៉ុ ឈុន៖ «បើ​យើង​និយាយ​ពី​ពាក្យ​នយោបាយ​សូម្បី​តែ​ក្មេង​ទើប​ប្រសូតិ​ពី​ផ្ទៃ​ម្ដាយ​ស្រែក​យំ​ង៉ា​ក៏​គេ​ចាត់​ថា ជា​នយោបាយ​ដែរ មាន​ន័យ​ថា​ក្មេង​ចង់​ប្រាប់​ថា​ខ្លួន​ហ្នឹង​ឃ្លាន​បៅ​ហើយ។ ទាក់ទង​ទៅ​នឹង​ផ្ញើ​សារ​ឱ្យ​មាន​ការ​ដោះលែង​​អ្នក​ជាប់​ឃុំ​មនសិការ​ទាក់ទង​នឹង​សីលធម៌ ដោយសារ​តែ​សង្គម​យើង​អត់​មាន​សីលធម៌​ហ្នឹង​ហើយ​បាន​ជា​ចេះ​តែ​ចាប់​មនុស្ស​អត់មាន​កំហុស​ដាក់​ពន្ធនាគារ។ ប្រសិន​បើ​តុលាការ​មាន​សីលធម៌​ខ្ពស់​ពេល​ហ្នឹង​ពួក​គាត់​ទាំងអស់​នោះ​ក៏​មិន​ត្រូវ​បាន​ជាប់​ពន្ធនាគារ ដូច​ជា​ករណី កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ទាមទារ​រក​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​ណាហ្គាវើដ៍»

ពិតមែន​ថា​ធម្មយាត្រា ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម​បាន​បញ្ចប់​ហើយ​ក្ដី​សម្រាប់​ក្រុម​ស្ត្រី​អ្នក​ចូល​រួម​រំពឹង​ថា​យុទ្ធនាការ​នេះ​នឹង​មិន​បញ្ចប់​ត្រឹម​នេះ​ដែរ។ ពួកគេ​ត្រៀម​ខ្លួន​ចូលរួម​សកម្មភាព​នេះ​បន្ត​ទៀត ដោយ​ជឿជាក់​ថា សំឡេង​របស់​ពួកគេ​បាន​ដាស់​ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ក្នុង​សង្គម​ឱ្យ​ងាក​មក​តាម​ដាន​បញ្ហា​សង្គម និង​ចូលរួម​កិច្ចការ​សង្គម​ដូច​ពួកគេ​ដែរ៕

No comments: