2023.02.08
មេបក្សប្រឆាំង ប្រកាសស្វាគមន៍បណ្តឹងមួយទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចំពោះមុខតុលាការប្រទេសបារាំង ពាក់ព័ន្ធនឹងករណីដែលលោក ចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកសម្លាប់អតីតប្អូនថ្លៃរបស់ខ្លួនឈ្មោះ កូវ សាមុត កាលពីជិត៣០ឆ្នាំមុន។ មន្ត្រីនាំពាក្យបក្សកាន់អំណាច ច្រានចោលការចោទប្រកាន់នេះ។ រីឯអ្នកវិភាគ យល់ថា ប្រសិនបើរដ្ឋាភិបាល ពិតជាស្អាតស្អំ គួរតែស្រាវជ្រាវករណីនេះដើម្បីបង្ហាញការពិតនិងរកយុត្តិធម៌ដល់ជនរងគ្រោះ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសទម្លាយអាថ៌កំបាំងជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីឃាតកម្មថ្មីមួយនៅក្នុងក្រុមគ្រួសាររបស់ ហ៊ុន សែន ដែលបានកប់បាត់ជាយូរមកហើយ និងថែមទាំងញុះឲ្យលោក ហ៊ុន សែន ប្តឹងរូបលោក ទៅតុលាការបារាំងថែមទៀត។
លោក សម រង្ស៊ី បង្ហោះសារនៅលើទំព័រហ្វេសប៊ុក (Facebook)នៅថ្ងៃទី៨ កុម្ភៈថា លោក ស្វាគមន៍ជានិច្ច ប្រសិនបើលោក ហ៊ុន សែន ប្តឹងរូបលោកទៅតុលាការប្រទេសបារាំង ពាក់ព័ន្ធនឹងការចោទថា លោក ហ៊ុន សែន សម្លាប់ប្អូនថ្លៃឈ្មោះ កូវ សាមុត កាលពីឆ្នាំ១៩៩៦។ លោក កូវ សាមុត គឺជាមន្ត្រីប៉ូលិសជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងត្រូវជាប្តីដើមរបស់សពអ្នកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលត្រូវជាប្អូនស្រីបង្កើតរបស់អ្នកស្រី ប៊ុន រ៉ានី។
លោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន គឺជាអ្នកបញ្ជាឲ្យគេសម្លាប់លោក កូវ សាមុត ដោយសារខឹងលោក កូវ សាមុត ប្រើហិង្សាលើអ្នកស្រី ប៊ុន សុថា ដែលលួចមានស្នេហាជាមួយអ្នកបើកឡានឈ្មោះ តាន់ បញ្ញាវុធ ហើយក្លាយជាប្តីនាពេលបច្ចុប្បន្ន។
លោក សម រង្ស៊ី បន្តថា ក្រោយបាញ់សម្លាប់លោក កូវ សាមុត រួចលោក ហ៊ុន សែន ក៏បានប្រឌិតទៅជារឿងនយោបាយ ដោយព្យាយាមទម្លាក់កំហុសទៅលើរូបលោក និងប្រធានអង្គរក្សរបស់លោក ឈ្មោះ ស៊ុ្រន វង្សវណ្ណៈ ដើម្បីបិទបាំងរឿងអាម៉ាស់នៅក្នុងក្រុមគ្រួសាររបស់ខ្លួន។ នៅឆ្នាំ១៩៩៧ លោក ហ៊ុន សែន បានបញ្ជាឲ្យប៉ូលិសចាប់ខ្លួនប្រធានអង្គរក្សរបស់លោក សម រង្ស៊ី គឺលោក ស្រ៊ុន វង្សវណ្ណៈ ដោយចោទថាជាឃាតកសម្លាប់លោក កូវ សាមុត។ តុលាការបានកាត់ទោសលោក ស្រ៊ុន វង្សវណ្ណៈ ឲ្យជាប់ពន្ធនាគារ១៣ឆ្នាំ។ប៉ុន្តែលោក ស្រ៊ុន វង្សវណ្ណៈ ត្រូវបានដោះលែងវិញ ក្រោយជាប់ពន្ធនាគារមួយឆ្នាំកន្លះ និងក្រោយមកត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នៅពេលនោះ សំណុំរឿងមួយនេះ បានល្បីខ្ទរខ្ទារហើយមានការចាប់អារម្មណ៍ពីអ្នកសារព័ត៌មានរួមទាំងក្រុមអង្គការជាតិ និងអន្តរជាតិ ដោយចាត់ទុកថា នេះគឺជារឿងនយោបាយ។
ទាក់ទងនឹងរឿងនេះ លោក ហ៊ុន សែន បានឆ្លើយតបថា ការបង្ហោះសាររបស់លោក សម រង្ស៊ី គឺជារឿងប្រឌិត ហើយជាទង្វើរបស់មនុស្សអាក្រក់ ខណៈក្រុមគ្រួសាររបស់លោក កំពុងកាន់ទុក្ខមរណភាពរបស់អ្នកស្រី ប៊ុន សុថា។ លោក ហ៊ុន សែន ថែមទាំងព្រមានចាត់វិធានការច្បាប់ទៅលើលោក សម រង្ស៊ី និងអ្នកបង្ហោះសាររិះគន់រឿងនេះផងដែរ។ ប៉ុន្តែលោក មិនបានបញ្ជាក់ពីការដាក់បណ្តឹងប្រឆាំងលោក សម រង្ស៊ី នៅឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា លោកមិនបាន ដឹងរឿងរ៉ាវលម្អិតនៃករណីឃាតកម្មលើលោក កូវ សាមុត នោះទេ ប៉ុន្តែលោកចាត់ទុកថា ការចោទប្រកាន់របស់លោក សម រង្ស៊ី គឺជារឿងមិនពិត។ ចំពោះការប្តឹងលោក សម រង្ស៊ី វិញ លោក សុខ ឥសាន មិនទាន់ហ៊ានបកស្រាយឡើយ ព្រោះជាការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីផ្ទាល់។
លោក សុខ ឥសាន៖ «ព្រោះមនុស្សហ្នឹង( លោក សម រង្ស៊ី ) មានវប្បធម៌ មាននយោបាយលាបពណ៌ ប្រឌិតរឿងដើម្បីមួលបង្កាច់បង្ខូចដៃគូបដិបក្ខរបស់គាត់ ។ នេះជារឿងធម្មតារបស់គាត់ទៅហើយ។ អ៊ីចឹង មិនអាចយកជាការបានទេ ហើយយើង បើឆ្កែខំាំយើង យើងក៏មិនយកមាត់ទៅខាំឆ្កែវិញដែរ»។
រឿងរ៉ាវឃាតកម្មលើលោក កូវ សាមុត នេះ បានកប់បាត់ជាយូរមកហើយ ប៉ុន្តែលោក សម រង្ស៊ី បានគាស់កកាយឡើងវិញ បន្ទាប់ពី អ្នកស្រី ប៊ុន សុថា បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី៣ ខែកុម្ភៈ។ លើសពីនេះលោក សម រង្ស៊ី បានចោទថា អ្នកស្រី ប៊ុន សុថា និងអ្នកស្រី ប៊ុន រ៉ានី សាហាវដូចគ្នា ព្រោះអ្នកស្រី ប៊ុន រ៉ានី ក៏ជាអ្នកបញ្ជាឲ្យគេសម្លាប់អ្នកស្រី ពិសិដ្ឋ ពីលិកា ក្នុងឆ្នាំ១៩៩៩ ដោយសារប្រចណ្ឌប្តីដែរ។ មេបក្សប្រឆាំងរូបនេះ បញ្ជាក់ថា ការរំលឹកពីឃាតកម្មទាំងនេះ មានសារៈសំខាន់ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលលោក ហ៊ុន សែន បានសម្លាប់ ដូចជា លោក ជា វិជ្ជា លោក ឈុត វុទ្ធី និងលោក កែម ឡី ជាដើម។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា លោក សម រង្ស៊ី និងសហការីរបស់លោក តែងទទួលរងនូវឧក្រិដ្ឋកម្មនានា និងភាពអយុត្តិធម៌ជាបន្តបន្ទាប់ ដូច្នេះហើយទើបលោកព្យាយាមបង្ហាញនូវការឈឺចាប់ទាំងអស់នេះឡើងវិញ។ លោក បន្ថែមថា បើទោះបីជាពេលនេះលោក ហ៊ុន សែន ចង់ប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំងក្តី ក៏តុលាការបារាំង អាចគ្មានយុត្តាធិការស្រាវជ្រាវអំពើឧក្រិដ្ឋកម្មដែលកើតឡើងនៅស្រុកខ្មែរឡើយ ពោលគឺអាចត្រឹមតែពិនិត្យមើលទៅលើសេរីភាពបញ្ចេញមតិរបស់លោក សម រង្ស៊ី ដូចករណីប្តឹងនាពេលថ្មីៗកន្លងមកនេះ។
លោក គឹម សុខ៖ «កាលណាមានការលើកឡើងបែបនេះ ប្រសិនបើ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាប្រកាន់គោលការណ៍ច្បាប់ ក្នុងការដឹកនាំប្រទេស គឺត្រូវមានការស៊ើបអង្កេតហើយដើម្បីជម្រះការសង្ស័យនានា និងជាពិសេសក្នុងគោលការណ៍ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះទូទៅ គឺ ត្រូវតែមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់អំពីអ្វីដែលលោក សម រង្ស៊ី បានលើកឡើងនោះទៅ ។ អាហ្នឹងបានជម្រះឃើញការពិតហើយ។បើកាលណាឃើញការពិត អ្នករងគ្រោះក៏ទទួលបានយុត្តិធម៌ ហើយអ្នកដែលពាក់ព័ន្ធនឹងការចោទប្រកាន់នានា ឧបមា ថា បើគ្មានការពិតក៏ជម្រះបាននូវភាពស្អាតស្អំរបស់ខ្លួនដែរ»។
លោក សម រង្ស៊ី បានចាប់ផ្តើមទម្លាយឧក្រិដ្ឋកម្មនានាជាបន្តបន្ទាប់ដោយចោទចំៗថា ជាស្នាដៃរបស់លោក ហ៊ុន សែន ក្រោយទំនាស់នយោបាយកាន់តែឡើងកម្តៅ ហើយលោក ហ៊ុន សែន ព្យាយាមរកគ្រប់វិធី ដើម្បីបិទផ្លូវនយោបាយរបស់លោក។ លោក សម រង្ស៊ី ថែមទាំងចំអកឲ្យលោក ហ៊ុន សែន ថា ប្រសិនបើបុរសខ្លាំងរូបនេះហ៊ានប្តឹងលោកទៅតុលាការឯករាជ្យនៃប្រទេសបារាំងមួយករណីថ្មីនេះទៀតលោក ហ៊ុន សែន នឹងបន្តចាញ់ក្តីដូចកាលពីឆ្នាំ២០២២ ដែរ ពាក់ព័ន្ធនឹងការចោទរបស់លោក ដែលថា លោក ហ៊ុន សែន ជាអ្នកសម្លាប់លោក ជា វិជ្ជា និងដន្លងរបស់ខ្លួន គឺលោក ហុក ឡង់ឌី។
ចំពោះករណីថ្មីដែលលោក សម រង្ស៊ី ចោទលោក ហ៊ុន សែន និងអ្នកស្រី ប៊ុន សុថា រួមដៃគ្នាសម្លាប់លោក កូវ សាមុត នេះវិញ ពលរដ្ឋមួយចំនួន បានរិះគន់លោក សម រង្ស៊ី ថា ជាអ្នកនយោបាយអសីលធម៌ ព្រោះអ្នកស្រី ប៊ុន សុថា បានស្លាប់ទៅហើយ មិនគួរគាស់កកាយរឿងចាស់ឡើងវិញឡើយ។ ប៉ុន្តែពលរដ្ឋផ្សេងទៀត យល់ថា ការដែលមេបក្សប្រឆាំងរូបនេះ ហ៊ានលាតត្រដាងឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអ្នកមានអំណាច គឺជារឿងគួរឲ្យសរសើរ ព្រោះដើម្បីយុត្តិធម៌សង្គម ហើយអ្នកដែលអសីលធម៌បំផុតនោះ គឺជាឃាតកសម្លាប់មនុស្សទៅវិញទេ៕
No comments:
Post a Comment