Friday 24 February 2023

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មេ​ដឹកនាំ​ដែល​មាន​កេរដំណែល​ខាង​បំផ្លាញ និង​បំបែក​បំបាក់​ជាតិ


ដោយ ទីន ហ្សាការីយ៉ា
2023.02.23
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មេ​ដឹកនាំ​ដែល​មាន​កេរដំណែល​ខាង​បំផ្លាញ និង​បំបែក​បំបាក់​ជាតិ 
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា ជា​បុរស​ខ្លាំង។ លោក​ជា​បុរស​ខ្លាំង​នេះ មិន​មែន​ជា​មេដឹកនាំ​ខ្លាំង​ពូកែ​ខាង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​មាន​សេចក្ដី​សុខ​សន្តិភាព​ពិត​ប្រាកដ​ឡើយ។

លោក ហ៊ុន សែន បាន​ដឹកនាំ​កម្ពុជា​រយៈ​ពេល​ជិត ៤០ឆ្នាំ​មក​នេះ បាន​បន្សល់​នូវ​កេរដំណែល​ជា​ច្រើន សម្រាប់​ប្រជាពលរដ្ឋ​ចងចាំ និង​មិន​អាច​បំភ្លេច​បាន។

តើ កេរដំណែល​របស់​លោក ហ៊ុន សែន​ ដែល​បន្សល់​ទុក​សម្រាប់​ពលរដ្ឋ​ខ្មែរ​នោះ មាន​អ្វី​ខ្លះ?

ក្នុង​នាម​ជា​អ្នកដឹកនាំ​ប្រទេស​យូរ​ជាងគេ​មួយ​រូប​នៅ​កម្ពុជា ប្រាកដ​ណាស់​ លោក​ ហ៊ុន សែន ​អាច​នឹង​ត្រូវ​ប្រវត្តិសាស្រ្ត​កម្ពុជា​ចារទុក​ថា​ បាន​បន្សល់​កេរដំណែល​ជា​ច្រើន មាន​ទាំង​ល្អ និង​អាក្រក់។

តែ​ទោះជា​យ៉ាង​ណា​ ក្រុម​អ្នកវិភាគ​ មើល​ឃើញ​ថា កេរដំណែល​ល្អ​របស់​លោក​ ហ៊ុន សែន មាន​ចំនួន​តិច​ជាង​អាក្រក់ នៅ​ក្នុង​ការ​ដឹកនាំ​របស់​លោក​ជិត ៤០ឆ្នាំ​មក​នេះ។

អ្នក​ជំនាញ​​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក បណ្ឌិត សូ ណារ៉ូ មាន​ប្រសាសន៍​ថា កេរដំណែល​ល្អ ដែល​លេច​ធ្លោ​របស់​លោក​ ហ៊ុន សែន គឺ​លោក​ចូល​រួម​ចរចា​រវាង​ភាគី​ជម្លោះ​ខ្មែរ​ទាំង​បួន​ក្រុម មុន​នឹង​​ឈាន​ទៅ​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ និង​ការ​បញ្ចប់​របប​ខ្មែរ​ក្រហម ដែល​ធ្វើឲ្យ​​ឯកភាព​ទឹកដី.

បណ្ឌិត សូ ណារ៉ូ៖ «ខ្មែរ​យើង​ធ្លាប់​បែក​បាក់​ទឹកដី​ ដោយសារ​​មនោគម​វិទ្យា​ ដោយសារ​សង្គ្រាម​​ ដោយ​ការ​​កាប់​សម្លាប់​រវាង​ខ្មែរ​និង​ខ្មែរ​ ធ្វើ​ឲ្យ​ទឹក​ដី​ភូមិ​​សាស្ត្រ​ត្រូវ​បែក​ខ្ញែក​ ទៅតាម​ការ​កាន់​កាប់​តំបន់​នីមួយៗ។​ ដូច្នេះ​ ការ​បង្រួបបង្រួម​ទឹកដី​នេះ ជា​ស្នាដៃ​វិជ្ជមាន​របស់​លោក ហ៊ុន សែន»

 

ទោះបី​ជា លោក ហ៊ុន សែន ជា​តួអង្គ​ម្នាក់​ដ៏​សំខាន់​ក្នុង​ការ​ផ្លាស់​ប្ដូរ​ឈុត​ឆាក​កម្ពុជា​រវាង​ក្រុម​ជម្លោះ​ខ្មែរ​ទាំង​បួន​ក្រុម មាន​ក្រុម​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KPNLF) របស់​លោកតា សឺន សាន ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ (DK) របស់​លោក ខៀវ សំផន ក្រុម​ហ៊្វុនស៊ិនប៉ិច (FUNCINPEC) របស់​សម្ដេច​ឪ និង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (PRK) របស់​លោក ហ៊ុន សែន ក្ដី បើ​ពិនិត្យ​ឱ្យ​ដិតដល់ ការ​ចរចា​រវាង​ភាគី​ជម្លោះ​ទាំង​បួន​ក្រុម​នៅ​ពេល​នោះ មួយ​ផ្នែក​ធំ​កើត​ឡើង​ពី​ការ​ដួល​រលំ​នៃ​របប​កុម្មុយនិស្ត ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចប់​នៃ​សង្គ្រាម​ត្រជាក់​រវាង​ប្លុក​កុម្មុយនិស្ត​ដឹកនាំ​ដោយ​សហភាព​សូវៀត និង​ក្រុម​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត និង​ប្លុក​សេរី ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​លោក​ខាង​លិច​ឯណោះ​ទៅ​វិញ​ទេ។

ដោយ​ពេល​នោះ​ សហភាព​សូវៀត ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ អតីត​ប្រធានាធិបតី​សហភាព​សូវៀត លោក មីខាអ៊ីល ហ្គោរបាឆេវ (Michail Gorbachev) បាន​ងាក​ទៅ​ចាប់​ដៃ​ជាមួយ​លោក​សេរី ហើយ​ដូរ​ប្រព័ន្ធ​គ្រប់​គ្រង​បែប​កុម្មុយនិស្ត​ផ្ដាច់​ការ​ អោយ​ទៅ​ជា​បែប​សេរី​ពហុ​បក្ស​តាម​លោក​ខាង​លិច​វិញ។

ស្ថិត​ក្នុង​របត់​ចរន្ត​នយោបាយ​ថ្មី​នេះ​ សហភាព​សូវៀត​ ក៏​គ្មាន​ហេតុ​ផល​អ្វី​នឹង​បន្ត​ផ្ដល់​ជំនួយ​ថវិកា​ និង​គ្រឿង​សព្វាវុធ​របស់​ខ្លួន​ដល់​កងទ័ព​វៀតណាម​ ក្នុង​បេសកកម្ម​ជួយ​ប្រទេស​កម្ពុជា «ជា​បង​ប្អូន» ក្នុង​ត្រកូល​កុម្មុយនិស្ត​នឹង​គ្នា​នោះ​ទៀត​ដែរ។ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នោះ​ ដែល​ប្រឈម​មុខ​នឹង​ការ​ដាក់​គំនាប​សេដ្ឋកិច្ច​ពី​លោក​ខាង​លិច​ស្រាប់​ ហើយ​ត្រូវ​ទទួល​រង​នូវ​ការ​បោះ​បង់​ចោល​ពី​ប្រទេស​រៀម​ច្បង​ប្លុក​កុម្មុយនិស្ត​ទៀត ក៏​ចាប់​ផ្ដើម​ស្រវេស្រវា​ដោះ​អាវ​ចាស់​ផ្លាស់​រក​អាវ​ថ្មី​ លៃ​លក​រក​យន្តការ​បន្ទាន់​មួយ ដើម្បី​ទ្រទ្រង់​វត្តមាន​របស់​ខ្លួន​ និង​ដើម្បី​កាន់​កាប់​កម្ពុជា ជា​បន្ត​ទៅ​ទៀត។

អ្វី​ដែល​លោក ហ៊ុន សែន តែងតែ​អួត​ថា​​ជា​កេរដំណែល​​ប្រវត្តិសាស្ត្រ​ របស់​លោក​សំខាន់​មួយ​ទៀត​នោះ​ គឺ​ការ​ស្វះស្វែង​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ក៏​ប៉ុន្តែ​បណ្ឌិត សូ ណារ៉ូ អះអាង​ថា​តាមពិត លោក ហ៊ុន សែន បាន​បំផ្លាញ​កេរដំណែល​នេះ​ទៅ​វិញ។ លោក​បន្ថែម​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បន្សល់​កេរដំណែល អាក្រក់​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ឈឺចាប់ ហើយ​ពលរដ្ឋ​ក្រីក្រ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន។

លោក សូ ណារ៉ូ៖ «អ៊ីចឹង​ស្នាដៃ​វិជ្ជមាន​របស់​គាត់​ហ្នឹង ក៏​ទទួល​រង​នូវ​ស្នាដៃ​អវិជ្ជមាន​ដោយ​សង្គម​អយុត្តិធម៌ សង្គម​ពោរពេញ​ដោយ​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ប្រព័ន្ធ​អេកូឡូជី ប្រព័ន្ធ​អយុត្តិធម៌​សង្គម អសីលធម៌​សង្គម​លាយឡំ​នឹង​អំពើ​ឧក្រិដ្ឋ និង​អំពើ​រំលោភ​សិទ្ធិមនុស្ស»

ទាក់ទង​នឹង​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​វិញ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ អន្តរជាតិ​ ជា​ច្រើន​បាន​រក​ឃើញ​ថា កម្ពុជា​មិន​បាន​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។ ប្រជាពលរដ្ឋ​ជា​ច្រើន​រក​ព្រឹក​ខ្វះ ល្ងាច និង​គ្មាន​ម្ហូប​អាហារ​គ្រប់គ្រាន់។​ ក្រៅ​ពី​នេះ ក៏​មាន​ពលរដ្ឋ​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​ទៀត​ដែរ។

ទាក់​ទង​នឹង​​បញ្ហា​នេះ​ អ្នកវិភាគ​នយោបាយ​ លោក គឹម​ សុខ បាន​លើក​ឡើង​ថា​ កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន ​បាន​បន្សល់​មរតក​អាក្រក់​ជាច្រើន​ ជា​ពិសេស​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ រង​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន។

លោក គឹម សុខ៖ «គេ​វាស់​ស្តង់ដារ ជីវភាព​របស់​ប្រជាពលរដ្ឋ​ទៅ​តាម​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ​ បាន​ន័យ​ថា គេ​វាស់​លើ​ចំណូល​របស់​ប្រជាពលរដ្ឋ​ម្នាក់។ តែ​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង​សព្វ​ថ្ងៃនេះ​ នៅ​លើ​បន្ទាត់​ភាព​ក្រីក្រ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ។ អ្នក​រង​គ្រោះ​ភាគ​ច្រើន​លើស​លុប​ អ្នក​ខ្លះ​នៅ​លើ​បន្ទាត់​ភាព​ក្រីក្រ បន្តិចបន្តួច អ្នក​ខ្លះ​ទៀត នៅ​ក្រោម​បន្ទាត់​ក្រីក្រ។ បាន​ន័យ​ថា ពួក​គេ​អាច​ធ្លាក់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ»

របាយការណ៍​អង្គការ​យូនីសេហ្វ (UNICEF) កាល​ពី​ឆ្នាំ២០២១ ឱ្យ​ដឹង​ថា កុមារ​ខ្មែរ​ប្រមាណ ២៨ម៉ឺន​នាក់ នៅ​តាម​សាលារៀន​ចំនួន​ជាង ១​ពាន់​កន្លែង ខកខាន​ពុំ​បាន​ទទួល​អាហារូបត្ថម្ភ។ ក្រសួង​អប់រំ​វិញ ធ្លាប់​រក​ឃើញ​ដែរ​ថា កុមារ​ប្រមាណ ៤០% បរិភោគ​អាហារ​ប្រចាំថ្ងៃ​តិច​ជាង​មុន បើ​ប្រៀប​ធៀប​នៅមុន​ពេល​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

រីឯ​ធនាគារ​ពិភពលោក​បាន​ចេញ​ផ្សាយ​របាយការណ៍​កាលពីចុងឆ្នាំ២០២២ ថា ប្រជាពលរដ្ឋ​កម្ពុជា​ជិត​កន្លះ​លាន​នាក់ (៤៦០.០០០បន្ថែម​ទៀត ​បាន​ធ្លាក់ខ្លួន​ក្រីក្រ​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ។ ទន្ទឹម​គ្នា​នេះ អង្គការ​លីកាដូ (LICADHO) និង​អង្គការ​សមធម៌​កម្ពុជា សហការ​ជាមួយ​នឹង​អង្គការ ហ្វីអាន (FIAN) ប្រទេស​អាល្លឺម៉ង់ (Germany) បាន​ចេញ​ផ្សាយ​របាយការណ៍​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៦ម៉ឺន​នាក់ (១៦៧.០០០នាក់) កំពុង​លក់​ដី ដើម្បី​បង់​សង​កម្ចី​ឥណទាន​ក្នុង​រយៈ​ពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅ​ក្នុង​របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា អ្នក​ខ្ចី​ប្រាក់​ជា​ច្រើន​បាន​រង​គ្រោះ​ពី​ការ​រំលោភ​លើ​សិទ្ធិមនុស្ស ហើយ​ពួក​គេ​ទាំង​នោះ​ជា​ញឹកញាប់​ត្រូវ​កាត់​បន្ថយ​បរិភោគ​អាហារ និង​​ឲ្យ​កូនៗ ឈប់​រៀន ដោយ​បង្ខំ​ឱ្យ​ទៅ​ធ្វើការ​ ដើម្បី​រក​ប្រាក់​មក​សង​បំណុល​ធនាគារ។

ទាក់​ទង​នឹង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នេះ គ្មាន​អ្វី​គួរ​អោយ​សង្ស័យ​ឡើយ កូន​ប្រុស​ច្បង​របស់​លោក ដែល​ត្រូវ​ឪពុក​កំពុង​ផ្គូផ្គង​ឱ្យ​ស្នង​តំណែង​ជំនួស​ផង​នោះ អះអាង​ថា​ឪពុក​របស់​លោក បន្សល់​នូវ​កេរដំណែល​រាប់​មិន​អស់។ តែ​អ្វី​ដែល​លោក​ទើប​អះអាង​ប្រាប់​អ្នក​ការ​ទូត​អាម៉េរិកាំង​នា​ពេល​ថ្មីៗ នេះ គឺ​ការ​កែប្រែ​កោះ​ពេជ្រ ដែល​ជា​អតីត​ភូមិ​នេសាទ​ដ៏​ស្រស់​បំព្រង​នៅ​ទល់​មុខ​ព្រះបរមរាជវាំង​នោះ ឱ្យ​ក្លាយ​ជា​ទីតាំង​ពាណិជ្ជកម្ម និង​ទីតាំង​សម្រាប់​វណ្ណៈ​អ្នក​ដឹកនាំ និង​បក្ខ​ពួក​ភាគ​ច្រើន ទៅ​បង្អួត​សម្ញែង​ទ្រព្យ និង​ការ​កកស្ទះ​ចរាចរ​ពេញ​ក្រុង។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​បាន​ប្រាប់​គាត់​ថា ឯកឧត្ដម​មុន​នឹង​ខ្ញុំ​ឆ្លើយ សូម​ឯកឧត្ដម​មើល​ខ្លួន​ឯង។ ឥឡូវ​នេះ​ឯកឧត្ដម​កំពុងតែ​អង្គុយ​នៅ​ក្នុង​អូតែល ១០ជាន់​មាន​ម៉ាស៊ីន​ត្រជាក់។ ឯកឧត្ដម កំពុង​មើល​ទៅ​ខាង​ណោះ ទន្លេ​បាសាក់​របស់​យើង កោះ​ពេជ្រ​រីក​ស្គុះស្គាយ កន្លែង​នោះ ដែល​ធ្លាប់​តែ​ដាំ​ត្រសក់​នៅ​កន្លែង​នោះ។ នៅ​ខាង​មុខ​នេះ មាន ផ្សារ​អ៊ីអន​របស់​ក្រុមហ៊ុន​ជប៉ុន ដែល​មក​វិនិយោគ​នៅ​យើង។ ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់​នាក់ បាន​ការងារ​ធ្វើ​នៅ​ហ្នឹង។ ឯកឧត្ដម​ងាក​ទៅ​ខាង​នោះ មើល​ឡាន កកកុញ​ស្ទះ​ចរាចរ ឡាន​ជិះ​ដោយ គ្មាន​ការ​ភិតភ័យ ហ្នឹងហើយ ជា​កេរដំណែល​របស់​សម្ដេច​តេជោ»

លោក ហ៊ុន ម៉ាណែត ហាក់​មាន​មោទនភាព​ចំពោះ​ការ​អភិវឌ្ឍន៍​នៅ​តំបន់​កោះ​ពេជ្រ​របស់​ក្រុម ហ៊ុន​ លោក ពង្ស ខៀវសែ ដែល​ជា​ឧកញ៉ា​សិន្ទ​នឹង​ឪពុក​របស់​លោក។​ ក្រុមហ៊ុន​មួយ​នេះ​ ដែល​មាន​លោក ហ៊ុន សែន កាង​នៅ​ពី​ក្រោយ បាន​ចាក់​ដី​លុប​ទន្លេ​ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ ដើម្បី​ពង្រីក​ទំហំ​ផ្ទៃដី​តាម​អំពើ​ចិត្ត​ ដើម្បី​ធ្វើជា​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​ឯកជន​ផ្ទាល់ខ្លួន។ បន្ថែម​ពី​នេះ របប​របស់​លោក ហ៊ុន សែន អភិវឌ្ឍ​កន្លែងណា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទឹក​ភ្នែក​នៅ​កន្លែង​នោះ។ នៅ​មិន​ឆ្ងាយ ពី​កោះ​ពេជ្រ​ប៉ុន្មាន​ទេ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បណ្ដេញ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដី​ក្រហម និង​ដុត​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​យក​ដី​អភិវឌ្ឍន៍។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ អស់សំណើច ចំពោះ​ការ​អួតអាង​របស់​លោក ហ៊ុន ម៉ាណែត បែប​នេះ។ លោក គឹម សុខ អះអាង​ថា ការ​រីកចម្រើន​អគារ​ និង​ការ​កើន​ឡើង​នៃ​ចំនួន​រថយន្ត​នេះ​ មិន​អាច​បញ្ជាក់​ថា កម្ពុជា​មាន​សេដ្ឋកិច្ច​រីកចម្រើន​ឡើយ។ លោក​បន្ថែម​ថា អគារ​ខ្ពស់ៗ និង​រថយន្ត​ទំនើបៗ ពាសពេញ​ទីក្រុង​នោះ សុទ្ធសឹងតែ​ជា​កម្មសិទ្ធិ​របស់​ក្រុម មន្ត្រី​គ្រាក់ៗ​ប្រព្រឹត្តិ​អំពើពុករលួយ​ និង​ជា​ទ្រព្យ​សម្បត្តិ​របស់​ឧកញ៉ា​បក្ខពួក​លោក ហ៊ុន សែន ប៉ុណ្ណោះ។

លោក គឹម សុខ៖ «គេ​មិន​វាស់​ស្តង់ដារ​ជីវភាព​ប្រជាពលរដ្ឋ​ទៅ​នឹង​កម្ពស់​អគារ​នោះ​ទេ។ អគារ​ខ្ពស់ៗ ទាំង នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុម​ឧកញ៉ា ដែល​ជា​ទ្រព្យ​សម្បត្តិ​បក្ខ​ពួក​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត។ រីឯ​រថយន្ត​ដែល​កកស្ទះ​នោះ មាន​រថយន្ត​ទំនើបៗ ដែល​មន្ត្រី​នៅ​ក្នុង​របប​លោក ហ៊ុន សែន បាន​លុយ​ពី​ការ​លក់​ជាតិ ប្រព្រឹត្តិ​អំពើ​ពុករលួយ យក​លុយ​ទិញ​រថយន្ត​ទំនើបៗ ទាំង​នោះ។ វា​មិនមែន កម្ពុជា​មាន​រោងចក្រ​ផលិត​រថយន្ត​ខ្លួន​ឯង​ឯ​ណា? “

រីឯ​ការ​អភិវឌ្ឍ​ជាតិ​វិញ លោក ហ៊ុន សែន ពឹង​ផ្អែក​លើ​ជំនួយ និង​កម្ចី​បរទេស​ជា​ខ្នង​បង្អែក ពុំ​មែន​លោក​ជា​មេ​ដឹកនំា​ឆ្លាត​ខាង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឡើយ។ របប​របស់​លោក​បាន​ខ្ចី​បំណុល​បរទេស​ ជិត ៣ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នំាៗ ដើម្បី​បង្គ្រប់​ចំនួន​ថវិកាជាតិ។ របាយការណ៍​របស់​អង្គការ​តម្លាភាព​​ថា​ មក​ទល់​ពេល​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​សរុប​ជិត ១០ពាន់​លាន​ដុល្លារ​អាមេរិក​។ នៅ​ក្នុង​នោះ​កម្ពុជា​ជំពាក់​មហា​អំណាច​កុម្មុយនិស្ត​ចិន​ជាង ៤២ភាគ​រយ ដែល​ជា​ចំនួន​ខ្ពស់​ច្រើន​ជាងគេ​ នៃ​បំណុល​កម្ពុជា​បាន​ខ្ចី​ពី​បរទេស។

ក្រៅពី​លោក ហ៊ុន សែន បន្សល់​កេរដំណែល​ជំពាក់​បំណុល​បរទេស​នោះ នរណា​ក៏​ដឹង​ដែរ​ថា​ លោក​ ហ៊ុន សែន​ ជា​បុរស​ខ្លាំង​ជាប់​លេខ​មួយ ខាង​បំបែក​បំបាក់​ជាតិ ​រំលាយ​ដៃ​គូ​ប្រកួត​ ​ រំលោភ​សិទ្ធិ​មនុស្ស បង្កើត​ឲ្យ​មាន​អំពើ​អយុត្តិធម៌​សង្គម អំពើ​ពុក​រលួយ​ និង​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ជា​ដើម។

លោក ហ៊ុន សែន បាន​បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​បរទេស​បំផ្លាញ​ធនធាន​ធម្មជាតិ​ ព្រៃឈើ​ និង​ធនធាន​រ៉ែ​ ក្រោម​រូបភាព​ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច។ ចាប់តាំង​ពីដើម​ទសវត្សរ៍​ទី៩០មក លោក ហ៊ុន សែន បាន​បង្កើន​ការ​ពុះ​ច្រៀក​ក្រឡាផ្ទៃ​ប្រទេស​កម្ពុជា​ជា​ចម្រៀកៗ ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​កម្ពុជា និង​បរទេស ក្រោម​រូបភាព​ជា​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច ។

ទិន្នន័យរបស់អង្គការលីកាដូ ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​កាល​ពី​ឆ្នាំ២០២០ កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច សរុប​ជិត ៣០០កន្លែង (២៩៧កន្លែង) ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ស្មើនឹង​ទំហំ​ជាង ២លាន ១សែន​ហិកតារ (.១៦៦.៦៧២ហិកតារ) ឬ​ជាង ២ម៉ឺន ១ពាន់​គីឡូម៉ែត្រ​ការ៉េ (២១.៦៦៦គីឡូ​ម៉ែត្រ​ការ៉េ)។ ចំនួន​នេះ​ស្មើនឹង​ប្រមាណ ១២ភាគ​រយ​នៃ​ក្រឡាផ្ទៃ​ប្រទេស​កម្ពុជា​ទាំង​មូល។

លើស​ពី​នេះ​ទៀត ជា​ការ​កត់​សម្គាល់​លោក ហ៊ុន សែន ខុស​ពី​មេ​ដឹកនាំ​ពិភពលោក​ដទៃ​ទៀត​ដែរ។ លោក​យក​ពលរដ្ឋ​ខ្លួនឯង ធ្វើ​ជា​សត្រូវ។ លោក​ហ៊ាន​និយាយ​ទាំង​មិន​ញញើត​ច្បាប់​អ្វី​ឡើយ​ថា លោក​សោកស្ដាយ ដែល​មិន​បាន​សម្លាប់​កូដករ​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ២០១៤។ បើ​លោក​ដឹង​ថា អ្នក​ទាំង​នោះ មាន​បំណង​ចង់​ផ្ដួល​រលំ​របប​របស់​លោក ទោះ​ជា​ត្រូវ​សម្លាប់​មនុស្ស ១០០ ឬ ២០០នាក់ ក៏​លោក​មិន​ស្ដាយ​ដែរ។

លោក ហ៊ុន សែន ក៏​ជា​មេ​ដឹកនាំ ពូកែ​ខាង​បំបែកបំបាក់​ជាតិ​ដែរ។ លោក​បាន​បង្កើត​ឲ្យ​មាន​សុខ​សន្តិភាព សម្រាប់​ក្រុម​បក្ខ​ពួក​ខ្លួន អាច​រស់នៅ​ក្នុង​ប្រទេស​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ រីឯ​ក្រុម​អ្នក​ប្រឆាំង អ្នក​រិះគន់​មួយ​ចំនួន ត្រូវ​ព្រាត់​ប្រាស់​ប្រពន្ធ​កូន ឬ​ជាប់​ពន្ធនាគារ។ គ្រួសារ​ពួក​គេ​មួយ​ចំនួន​បាន​ស្លាប់​ចោល​ស្វាមី​នៅ​ក្នុង​ពន្ធនាគារ ទាំង​ឈឺចាប់ និង​អយុត្តិធម៌។ អ្នក​ខ្លះ​ទៀត ត្រូវ​បង្ខំ​ចិត្ត​រត់ចោលស្រុក ដើម្បី​សុវត្ថិភាព​ជា​ដើម។

ម្យ៉ាងវិញទៀត ពលរដ្ឋ​ខ្មែរ​មិន​អាច​ឈឺ​ឆ្អាល ពី​បញ្ហា​ព្រំដែន ឬ​និយាយ​ថា វៀតណាម​ឈ្លានពាន​ទឹកដី​កម្ពុជា​បាន​ឡើយ។ មិន​ថា​មេ​បក្ស​ប្រឆាំង ឬ​សកម្មជន​ព្រំដែន​នោះ​ទេ លោក ហ៊ុន សែន ចាប់​ដាក់​គុក​ទាំង​អស់​ឥត​រើស​មុខ។ ទន្ទឹម​នឹង​នេះ លោក ក៏​បើក​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម និង​ចិន ចូល​មក​រស់​នៅ​កម្ពុជា ​យ៉ាង​សុខសាន្ត​ថែម​ទៀត​ផង។

ក្រៅ​ពី​ការ​វាយ​ខ្នោះ ចាប់ចង​មនុស្ស​ដាក់​គុក​នោះ គឺ​ការ​បាញ់​សម្លាប់។ របប​ដឹកនាំ​របស់​លោក ហ៊ុន​​ សែន មិន​ញញើត​ដៃ​ក្នុង​ការ​បាញ់​សម្លាប់ «អ្នក​កាសែត ព្រះសង្ឃ សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី មេ​ដឹកនាំ​សហជីព លោក ជា វិជ្ជា និង​ករណី​ចុងក្រោយ បាញ់សម្លាប់​អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត កែម ឡី» ជាដើម។

បញ្ហា​​ទាំង​អស់នេះ របាយការណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Right Watch បាន​ដាក់​ឈ្មោះ​លោក ហ៊ុន សែន ថា «ជា​មេ​ដឹកនាំ​បាត​ដៃ​កខ្វក់» ដែល​ជា​កេរដំណែល​ចារ​ទុក​ជា​ប្រវត្តិ​សាស្ត្រ សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចងចាំ៕

 

1 comment:

Anonymous said...

Hun Prett Sen is the worst Khmer traitor-leader in history.