2023.02.23
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេស្គាល់ជាទូទៅថា ជាបុរសខ្លាំង។ លោកជាបុរសខ្លាំងនេះ មិនមែនជាមេដឹកនាំខ្លាំងពូកែខាងអភិវឌ្ឍប្រទេសជាតិឲ្យសេដ្ឋកិច្ចរីកចម្រើន និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងប្រទេសមានសេចក្ដីសុខសន្តិភាពពិតប្រាកដឡើយ។
លោក ហ៊ុន សែន បានដឹកនាំកម្ពុជារយៈពេលជិត ៤០ឆ្នាំមកនេះ បានបន្សល់នូវកេរដំណែលជាច្រើន សម្រាប់ប្រជាពលរដ្ឋចងចាំ និងមិនអាចបំភ្លេចបាន។
តើ កេរដំណែលរបស់លោក ហ៊ុន សែន ដែលបន្សល់ទុកសម្រាប់ពលរដ្ឋខ្មែរនោះ មានអ្វីខ្លះ?
ក្នុងនាមជាអ្នកដឹកនាំប្រទេសយូរជាងគេមួយរូបនៅកម្ពុជា ប្រាកដណាស់ លោក ហ៊ុន សែន អាចនឹងត្រូវប្រវត្តិសាស្រ្តកម្ពុជាចារទុកថា បានបន្សល់កេរដំណែលជាច្រើន មានទាំងល្អ និងអាក្រក់។
តែទោះជាយ៉ាងណា ក្រុមអ្នកវិភាគ មើលឃើញថា កេរដំណែលល្អរបស់លោក ហ៊ុន សែន មានចំនួនតិចជាងអាក្រក់ នៅក្នុងការដឹកនាំរបស់លោកជិត ៤០ឆ្នាំមកនេះ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក បណ្ឌិត សូ ណារ៉ូ មានប្រសាសន៍ថា កេរដំណែលល្អ ដែលលេចធ្លោរបស់លោក ហ៊ុន សែន គឺលោកចូលរួមចរចារវាងភាគីជម្លោះខ្មែរទាំងបួនក្រុម មុននឹងឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការបញ្ចប់របបខ្មែរក្រហម ដែលធ្វើឲ្យឯកភាពទឹកដី.
បណ្ឌិត សូ ណារ៉ូ៖ «ខ្មែរយើងធ្លាប់បែកបាក់ទឹកដី ដោយសារមនោគមវិទ្យា ដោយសារសង្គ្រាម ដោយការកាប់សម្លាប់រវាងខ្មែរនិងខ្មែរ ធ្វើឲ្យទឹកដីភូមិសាស្ត្រត្រូវបែកខ្ញែក ទៅតាមការកាន់កាប់តំបន់នីមួយៗ។ ដូច្នេះ ការបង្រួបបង្រួមទឹកដីនេះ ជាស្នាដៃវិជ្ជមានរបស់លោក ហ៊ុន សែន»។
ទោះបីជា លោក ហ៊ុន សែន ជាតួអង្គម្នាក់ដ៏សំខាន់ក្នុងការផ្លាស់ប្ដូរឈុតឆាកកម្ពុជារវាងក្រុមជម្លោះខ្មែរទាំងបួនក្រុម មានក្រុមរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (KPNLF) របស់លោកតា សឺន សាន ក្រុមកម្ពុជាប្រជាធិបតេយ្យ (DK) របស់លោក ខៀវ សំផន ក្រុមហ៊្វុនស៊ិនប៉ិច (FUNCINPEC) របស់សម្ដេចឪ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា (PRK) របស់លោក ហ៊ុន សែន ក្ដី បើពិនិត្យឱ្យដិតដល់ ការចរចារវាងភាគីជម្លោះទាំងបួនក្រុមនៅពេលនោះ មួយផ្នែកធំកើតឡើងពីការដួលរលំនៃរបបកុម្មុយនិស្ត ដែលនាំឱ្យមានការបញ្ចប់នៃសង្គ្រាមត្រជាក់រវាងប្លុកកុម្មុយនិស្តដឹកនាំដោយសហភាពសូវៀត និងក្រុមប្រទេសនៅអឺរ៉ុបខាងកើត និងប្លុកសេរី ដឹកនាំដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចឯណោះទៅវិញទេ។
ដោយពេលនោះ សហភាពសូវៀត ជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ អតីតប្រធានាធិបតីសហភាពសូវៀត លោក មីខាអ៊ីល ហ្គោរបាឆេវ (Michail Gorbachev) បានងាកទៅចាប់ដៃជាមួយលោកសេរី ហើយដូរប្រព័ន្ធគ្រប់គ្រងបែបកុម្មុយនិស្តផ្ដាច់ការ អោយទៅជាបែបសេរីពហុបក្សតាមលោកខាងលិចវិញ។
ស្ថិតក្នុងរបត់ចរន្តនយោបាយថ្មីនេះ សហភាពសូវៀត ក៏គ្មានហេតុផលអ្វីនឹងបន្តផ្ដល់ជំនួយថវិកា និងគ្រឿងសព្វាវុធរបស់ខ្លួនដល់កងទ័ពវៀតណាម ក្នុងបេសកកម្មជួយប្រទេសកម្ពុជា «ជាបងប្អូន» ក្នុងត្រកូលកុម្មុយនិស្តនឹងគ្នានោះទៀតដែរ។ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនោះ ដែលប្រឈមមុខនឹងការដាក់គំនាបសេដ្ឋកិច្ចពីលោកខាងលិចស្រាប់ ហើយត្រូវទទួលរងនូវការបោះបង់ចោលពីប្រទេសរៀមច្បងប្លុកកុម្មុយនិស្តទៀត ក៏ចាប់ផ្ដើមស្រវេស្រវាដោះអាវចាស់ផ្លាស់រកអាវថ្មី លៃលករកយន្តការបន្ទាន់មួយ ដើម្បីទ្រទ្រង់វត្តមានរបស់ខ្លួន និងដើម្បីកាន់កាប់កម្ពុជា ជាបន្តទៅទៀត។
អ្វីដែលលោក ហ៊ុន សែន តែងតែអួតថាជាកេរដំណែលប្រវត្តិសាស្ត្រ របស់លោកសំខាន់មួយទៀតនោះ គឺការស្វះស្វែងឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ក៏ប៉ុន្តែបណ្ឌិត សូ ណារ៉ូ អះអាងថាតាមពិត លោក ហ៊ុន សែន បានបំផ្លាញកេរដំណែលនេះទៅវិញ។ លោកបន្ថែមថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានបន្សល់កេរដំណែល អាក្រក់ជាច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់ ហើយពលរដ្ឋក្រីក្ររកអង្ករច្រកឆ្នាំងគ្មាន។
លោក សូ ណារ៉ូ៖ «អ៊ីចឹងស្នាដៃវិជ្ជមានរបស់គាត់ហ្នឹង ក៏ទទួលរងនូវស្នាដៃអវិជ្ជមានដោយសង្គមអយុត្តិធម៌ សង្គមពោរពេញដោយការប្រព្រឹត្តិអំពើពុករលួយ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ប្រព័ន្ធអេកូឡូជី ប្រព័ន្ធអយុត្តិធម៌សង្គម អសីលធម៌សង្គមលាយឡំនឹងអំពើឧក្រិដ្ឋ និងអំពើរំលោភសិទ្ធិមនុស្ស»។
ទាក់ទងនឹងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋវិញ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ជាច្រើនបានរកឃើញថា កម្ពុជាមិនបានរីកចម្រើនគួរឲ្យកត់សម្គាល់ឡើយ។ ប្រជាពលរដ្ឋជាច្រើនរកព្រឹកខ្វះ ល្ងាច និងគ្មានម្ហូបអាហារគ្រប់គ្រាន់។ ក្រៅពីនេះ ក៏មានពលរដ្ឋជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀតដែរ។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគនយោបាយ លោក គឹម សុខ បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុន សែន បានបន្សល់មរតកអាក្រក់ជាច្រើន ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋ រងការលំបាកផ្នែកសេដ្ឋកិច្ច ធ្វើឲ្យប្រជាពលរដ្ឋរកអង្ករច្រកឆ្នាំងគ្មាន។
លោក គឹម សុខ៖ «គេវាស់ស្តង់ដារ ជីវភាពរបស់ប្រជាពលរដ្ឋទៅតាមគោលការណ៍របស់អង្គការសហប្រជាជាតិ បានន័យថា គេវាស់លើចំណូលរបស់ប្រជាពលរដ្ឋម្នាក់។ តែជីវភាពរបស់ប្រជាពលរដ្ឋយើងសព្វថ្ងៃនេះ នៅលើបន្ទាត់ភាពក្រីក្របន្តិចបន្តួចតែប៉ុណ្ណោះ។ អ្នករងគ្រោះភាគច្រើនលើសលុប អ្នកខ្លះនៅលើបន្ទាត់ភាពក្រីក្រ បន្តិចបន្តួច អ្នកខ្លះទៀត នៅក្រោមបន្ទាត់ក្រីក្រ។ បានន័យថា ពួកគេអាចធ្លាក់នៅក្រោមបន្ទាត់នៃភាពក្រីក្រ»។
របាយការណ៍អង្គការយូនីសេហ្វ (UNICEF) កាលពីឆ្នាំ២០២១ ឱ្យដឹងថា កុមារខ្មែរប្រមាណ ២៨ម៉ឺននាក់ នៅតាមសាលារៀនចំនួនជាង ១ពាន់កន្លែង ខកខានពុំបានទទួលអាហារូបត្ថម្ភ។ ក្រសួងអប់រំវិញ ធ្លាប់រកឃើញដែរថា កុមារប្រមាណ ៤០% បរិភោគអាហារប្រចាំថ្ងៃតិចជាងមុន បើប្រៀបធៀបនៅមុនពេលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
រីឯធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍កាលពីចុងឆ្នាំ២០២២ ថា ប្រជាពលរដ្ឋកម្ពុជាជិតកន្លះលាននាក់ (៤៦០.០០០) បន្ថែមទៀត បានធ្លាក់ខ្លួនក្រីក្រក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ ទន្ទឹមគ្នានេះ អង្គការលីកាដូ (LICADHO) និងអង្គការសមធម៌កម្ពុជា សហការជាមួយនឹងអង្គការ ហ្វីអាន (FIAN) ប្រទេសអាល្លឺម៉ង់ (Germany) បានចេញផ្សាយរបាយការណ៍រកឃើញថា ប្រជាពលរដ្ឋខ្មែរជាង ១៦ម៉ឺននាក់ (១៦៧.០០០នាក់) កំពុងលក់ដី ដើម្បីបង់សងកម្ចីឥណទានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ នៅក្នុងរបាយការណ៍នេះក៏បានបង្ហាញដែរថា អ្នកខ្ចីប្រាក់ជាច្រើនបានរងគ្រោះពីការរំលោភលើសិទ្ធិមនុស្ស ហើយពួកគេទាំងនោះជាញឹកញាប់ត្រូវកាត់បន្ថយបរិភោគអាហារ និងឲ្យកូនៗ ឈប់រៀន ដោយបង្ខំឱ្យទៅធ្វើការ ដើម្បីរកប្រាក់មកសងបំណុលធនាគារ។
ទាក់ទងនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ គ្មានអ្វីគួរអោយសង្ស័យឡើយ កូនប្រុសច្បងរបស់លោក ដែលត្រូវឪពុកកំពុងផ្គូផ្គងឱ្យស្នងតំណែងជំនួសផងនោះ អះអាងថាឪពុករបស់លោក បន្សល់នូវកេរដំណែលរាប់មិនអស់។ តែអ្វីដែលលោកទើបអះអាងប្រាប់អ្នកការទូតអាម៉េរិកាំងនាពេលថ្មីៗ នេះ គឺការកែប្រែកោះពេជ្រ ដែលជាអតីតភូមិនេសាទដ៏ស្រស់បំព្រងនៅទល់មុខព្រះបរមរាជវាំងនោះ ឱ្យក្លាយជាទីតាំងពាណិជ្ជកម្ម និងទីតាំងសម្រាប់វណ្ណៈអ្នកដឹកនាំ និងបក្ខពួកភាគច្រើន ទៅបង្អួតសម្ញែងទ្រព្យ និងការកកស្ទះចរាចរពេញក្រុង។
លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំបានប្រាប់គាត់ថា ឯកឧត្ដមមុននឹងខ្ញុំឆ្លើយ សូមឯកឧត្ដមមើលខ្លួនឯង។ ឥឡូវនេះឯកឧត្ដមកំពុងតែអង្គុយនៅក្នុងអូតែល ១០ជាន់មានម៉ាស៊ីនត្រជាក់។ ឯកឧត្ដម កំពុងមើលទៅខាងណោះ ទន្លេបាសាក់របស់យើង កោះពេជ្ររីកស្គុះស្គាយ កន្លែងនោះ ដែលធ្លាប់តែដាំត្រសក់នៅកន្លែងនោះ។ នៅខាងមុខនេះ មាន ផ្សារអ៊ីអនរបស់ក្រុមហ៊ុនជប៉ុន ដែលមកវិនិយោគនៅយើង។ ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ បានការងារធ្វើនៅហ្នឹង។ ឯកឧត្ដមងាកទៅខាងនោះ មើលឡាន កកកុញស្ទះចរាចរ ឡានជិះដោយ គ្មានការភិតភ័យ ហ្នឹងហើយ ជាកេរដំណែលរបស់សម្ដេចតេជោ»។
លោក ហ៊ុន ម៉ាណែត ហាក់មានមោទនភាពចំពោះការអភិវឌ្ឍន៍នៅតំបន់កោះពេជ្ររបស់ក្រុម ហ៊ុន លោក ពង្ស ខៀវសែ ដែលជាឧកញ៉ាសិន្ទនឹងឪពុករបស់លោក។ ក្រុមហ៊ុនមួយនេះ ដែលមានលោក ហ៊ុន សែន កាងនៅពីក្រោយ បានចាក់ដីលុបទន្លេ ដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីពង្រីកទំហំផ្ទៃដីតាមអំពើចិត្ត ដើម្បីធ្វើជាទីក្រុងរណបរបស់ក្រុមហ៊ុនឯកជនផ្ទាល់ខ្លួន។ បន្ថែមពីនេះ របបរបស់លោក ហ៊ុន សែន អភិវឌ្ឍកន្លែងណា ធ្វើឲ្យប្រជាពលរដ្ឋរងទឹកភ្នែកនៅកន្លែងនោះ។ នៅមិនឆ្ងាយ ពីកោះពេជ្រប៉ុន្មានទេ រដ្ឋាភិបាលលោក ហ៊ុន សែន បានបណ្ដេញប្រជាពលរដ្ឋនៅតំបន់ដីក្រហម និងដុតផ្ទះប្រជាពលរដ្ឋ ដើម្បីយកដីអភិវឌ្ឍន៍។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគនយោបាយ លោក គឹម សុខ អស់សំណើច ចំពោះការអួតអាងរបស់លោក ហ៊ុន ម៉ាណែត បែបនេះ។ លោក គឹម សុខ អះអាងថា ការរីកចម្រើនអគារ និងការកើនឡើងនៃចំនួនរថយន្តនេះ មិនអាចបញ្ជាក់ថា កម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនឡើយ។ លោកបន្ថែមថា អគារខ្ពស់ៗ និងរថយន្តទំនើបៗ ពាសពេញទីក្រុងនោះ សុទ្ធសឹងតែជាកម្មសិទ្ធិរបស់ក្រុម មន្ត្រីគ្រាក់ៗប្រព្រឹត្តិអំពើពុករលួយ និងជាទ្រព្យសម្បត្តិរបស់ឧកញ៉ាបក្ខពួកលោក ហ៊ុន សែន ប៉ុណ្ណោះ។
លោក គឹម សុខ៖ «គេមិនវាស់ស្តង់ដារជីវភាពប្រជាពលរដ្ឋទៅនឹងកម្ពស់អគារនោះទេ។ អគារខ្ពស់ៗ ទាំង នោះជាកម្មសិទ្ធិរបស់ក្រុមឧកញ៉ា ដែលជាទ្រព្យសម្បត្តិបក្ខពួកឪពុករបស់លោក ហ៊ុន ម៉ាណែត។ រីឯរថយន្តដែលកកស្ទះនោះ មានរថយន្តទំនើបៗ ដែលមន្ត្រីនៅក្នុងរបបលោក ហ៊ុន សែន បានលុយពីការលក់ជាតិ ប្រព្រឹត្តិអំពើពុករលួយ យកលុយទិញរថយន្តទំនើបៗ ទាំងនោះ។ វាមិនមែន កម្ពុជាមានរោងចក្រផលិតរថយន្តខ្លួនឯងឯណា? “
រីឯការអភិវឌ្ឍជាតិវិញ លោក ហ៊ុន សែន ពឹងផ្អែកលើជំនួយ និងកម្ចីបរទេសជាខ្នងបង្អែក ពុំមែនលោកជាមេដឹកនំាឆ្លាតខាងអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើយ។ របបរបស់លោកបានខ្ចីបំណុលបរទេស ជិត ៣ពាន់លានដុល្លារក្នុងមួយឆ្នំាៗ ដើម្បីបង្គ្រប់ចំនួនថវិកាជាតិ។ របាយការណ៍របស់អង្គការតម្លាភាពថា មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានជំពាក់បំណុលបរទេសសរុបជិត ១០ពាន់លានដុល្លារអាមេរិក។ នៅក្នុងនោះកម្ពុជាជំពាក់មហាអំណាចកុម្មុយនិស្តចិនជាង ៤២ភាគរយ ដែលជាចំនួនខ្ពស់ច្រើនជាងគេ នៃបំណុលកម្ពុជាបានខ្ចីពីបរទេស។
ក្រៅពីលោក ហ៊ុន សែន បន្សល់កេរដំណែលជំពាក់បំណុលបរទេសនោះ នរណាក៏ដឹងដែរថា លោក ហ៊ុន សែន ជាបុរសខ្លាំងជាប់លេខមួយ ខាងបំបែកបំបាក់ជាតិ រំលាយដៃគូប្រកួត រំលោភសិទ្ធិមនុស្ស បង្កើតឲ្យមានអំពើអយុត្តិធម៌សង្គម អំពើពុករលួយ និងបំផ្លាញធនធានធម្មជាតិជាដើម។
លោក ហ៊ុន សែន បានបើកដៃឲ្យក្រុមហ៊ុនបរទេសបំផ្លាញធនធានធម្មជាតិ ព្រៃឈើ និងធនធានរ៉ែ ក្រោមរូបភាព ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។ ចាប់តាំងពីដើមទសវត្សរ៍ទី៩០មក លោក ហ៊ុន សែន បានបង្កើនការពុះច្រៀកក្រឡាផ្ទៃប្រទេសកម្ពុជាជាចម្រៀកៗ ជួលឲ្យក្រុមហ៊ុនឯកជនទាំងកម្ពុជា និងបរទេស ក្រោមរូបភាពជាការផ្តល់ដីសម្បទានសេដ្ឋកិច្ច ។
ទិន្នន័យរបស់អង្គការលីកាដូ ធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីឆ្នាំ២០២០ កម្ពុជាបានផ្តល់ដីសម្បទានសេដ្ឋកិច្ច សរុបជិត ៣០០កន្លែង (២៩៧កន្លែង) ទៅឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងស្មើនឹងទំហំជាង ២លាន ១សែនហិកតារ (២.១៦៦.៦៧២ហិកតារ) ឬជាង ២ម៉ឺន ១ពាន់គីឡូម៉ែត្រការ៉េ (២១.៦៦៦គីឡូម៉ែត្រការ៉េ)។ ចំនួននេះស្មើនឹងប្រមាណ ១២ភាគរយនៃក្រឡាផ្ទៃប្រទេសកម្ពុជាទាំងមូល។
លើសពីនេះទៀត ជាការកត់សម្គាល់លោក ហ៊ុន សែន ខុសពីមេដឹកនាំពិភពលោកដទៃទៀតដែរ។ លោកយកពលរដ្ឋខ្លួនឯង ធ្វើជាសត្រូវ។ លោកហ៊ាននិយាយទាំងមិនញញើតច្បាប់អ្វីឡើយថា លោកសោកស្ដាយ ដែលមិនបានសម្លាប់កូដករបក្សប្រឆាំងកាលពីឆ្នាំ២០១៤។ បើលោកដឹងថា អ្នកទាំងនោះ មានបំណងចង់ផ្ដួលរលំរបបរបស់លោក ទោះជាត្រូវសម្លាប់មនុស្ស ១០០ ឬ ២០០នាក់ ក៏លោកមិនស្ដាយដែរ។
លោក ហ៊ុន សែន ក៏ជាមេដឹកនាំ ពូកែខាងបំបែកបំបាក់ជាតិដែរ។ លោកបានបង្កើតឲ្យមានសុខសន្តិភាព សម្រាប់ក្រុមបក្ខពួកខ្លួន អាចរស់នៅក្នុងប្រទេសដោយគ្មានការភ័យខ្លាច។ រីឯក្រុមអ្នកប្រឆាំង អ្នករិះគន់មួយចំនួន ត្រូវព្រាត់ប្រាស់ប្រពន្ធកូន ឬជាប់ពន្ធនាគារ។ គ្រួសារពួកគេមួយចំនួនបានស្លាប់ចោលស្វាមីនៅក្នុងពន្ធនាគារ ទាំងឈឺចាប់ និងអយុត្តិធម៌។ អ្នកខ្លះទៀត ត្រូវបង្ខំចិត្តរត់ចោលស្រុក ដើម្បីសុវត្ថិភាពជាដើម។
ម្យ៉ាងវិញទៀត ពលរដ្ឋខ្មែរមិនអាចឈឺឆ្អាល ពីបញ្ហាព្រំដែន ឬនិយាយថា វៀតណាមឈ្លានពានទឹកដីកម្ពុជាបានឡើយ។ មិនថាមេបក្សប្រឆាំង ឬសកម្មជនព្រំដែននោះទេ លោក ហ៊ុន សែន ចាប់ដាក់គុកទាំងអស់ឥតរើសមុខ។ ទន្ទឹមនឹងនេះ លោក ក៏បើកឲ្យជនអន្តោប្រវេសន៍វៀតណាម និងចិន ចូលមករស់នៅកម្ពុជា យ៉ាងសុខសាន្តថែមទៀតផង។
ក្រៅពីការវាយខ្នោះ ចាប់ចងមនុស្សដាក់គុកនោះ គឺការបាញ់សម្លាប់។ របបដឹកនាំរបស់លោក ហ៊ុន សែន មិនញញើតដៃក្នុងការបាញ់សម្លាប់ «អ្នកកាសែត ព្រះសង្ឃ សកម្មជនបរិស្ថាន លោក ឈុត វុទ្ធី មេដឹកនាំសហជីព លោក ជា វិជ្ជា និងករណីចុងក្រោយ បាញ់សម្លាប់អ្នកវិភាគនយោបាយលោក បណ្ឌិត កែម ឡី» ជាដើម។
បញ្ហាទាំងអស់នេះ របាយការណ៍សិទ្ធិមនុស្សអន្តរជាតិ Human Right Watch បានដាក់ឈ្មោះលោក ហ៊ុន សែន ថា «ជាមេដឹកនាំបាតដៃកខ្វក់» ដែលជាកេរដំណែលចារទុកជាប្រវត្តិសាស្ត្រ សម្រាប់ឲ្យពលរដ្ឋខ្មែរចងចាំ៕
1 comment:
Hun Prett Sen is the worst Khmer traitor-leader in history.
Post a Comment