2023.02.16
អាជ្ញាធរមូលដ្ឋាននៅស្រុកសាលាក្រៅខេត្តប៉ៃលិន លួចកាត់បំផ្លាញស្លាកគណបក្សភ្លើងទៀនជាច្រើនកន្លែងជាបន្តបន្ទាប់។ មន្ត្រីគណបក្សភ្លើងទៀន ចាត់ទុកសកម្មភាពរបស់អាជ្ញាធរនេះថា ជាការធ្វើទុក្ខបុកម្នេញមកលើគណបក្សដែលជាដៃគួរប្រកួតប្រជែងការបោះឆ្នោតដោយសារព្រួយបារម្ភខ្លាចចាញ់ឆ្នោតនៅពេលខាងមុខ។
មន្ត្រីគណបក្សភ្លើងទៀនស្នើឱ្យអាជ្ញាធរខេត្តប៉ៃលិនបំពេញការងារឱ្យបានស្មើភាពគ្នាគ្រប់និន្នាការគណបក្សនយោបាយ។
ប្រធានគណបក្សភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុនីកុសល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ កុម្ភៈថា ក្នុងរយៈពេលមួយសប្ដាហ៍មកនេះអាជ្ញាធរបានបំផ្លាញស្លាកគណបក្សរបស់លោកចំនួន ៣កន្លែងផ្សេងគ្នា។ លោកថា កាលពីថ្ងៃទីកុម្ភៈមេឃុំសាលាក្រៅបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទកាត់បំផ្លាញស្លាកគណបក្សលោកមួយផ្ទាំងនៅភូមិកំពង់ចម្លងក្រោមឃុំសាលាក្រៅ ហើយថ្ងៃទី១០កុម្ភៈមេឃុំស្ទឹងកាច់ក៏បាននាំមេភូមិនិងអាជ្ញាធរក្រោមឱវាទលួចកាត់បំផ្លាញស្លាកគណបក្សលោកចំនួន២កន្លែងបន្ថែមទៀតដែលដាក់នៅតាមចិញ្ចើមផ្លូវក្នុងភូមិផ្សារព្រុំជើង ឃុំស្ទឹងកាច់។ លោកចាត់ទុកទង្វើរបស់អាជ្ញាធរនេះថាជាការព្រួយបារម្ភខ្លាចចាញ់ការបោះឆ្នោតនៅពេលខាងមុខ។
លោក ខឹម មុនីកុសល៖ «អាជ្ញាធរហ្នឹងមានការលំអៀងទៅរកគណបក្សកាន់អំណាចគឺគណបក្សប្រជាជនតែម្ដង។ ពីព្រោះគណបក្សប្រជាជនដើរដាក់ស្លាកគ្រប់ទីកន្លែងគឺមិនមានអ្នកណាគេរករឿងអីទេ មិនថាឡើយទីសាធារណៈឬក៏មុខផ្ទះប្រជាពលរដ្ឋឬកន្លែងណាសំខាន់ៗ គឺគណបក្សប្រជាជនដាក់បានទាំងអស់។ ហើយស្លាកហ្នឹងគឺ ដាក់ដូចម្រាមដៃ ប៉ុន្តែចំណែកឯគណបក្សភ្លើងទៀន យើងសុំច្បាប់សុំអីត្រឹមត្រូវហើយនឹងក៏តឹងតែងទម្រាំតែអនុញ្ញាតឱ្យយើងហ្នឹងគឺពិបាកណាស់»។
ក្នុងវីដេអូឃ្លីបដែលវិទ្យុអាស៊ីសេរីទទួលបានបង្ហាញថា ក្រុមអាជ្ញាធរទាំងនោះមានគ្នាជិត ១០ បានកាត់ផ្ដួលស្លាកគណបក្សភ្លើងទៀនទាំងកណ្ដាលថ្ងៃ រួចសែងដាក់លើឡានដឹកយកទៅបាត់ដោយពុំមានអាជ្ញាធរណាហាមឃាត់ឡើយ។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំស្ទឹងកាច់ លោក ហ៊ុន ប៊ិន ប្រាប់វិទ្យុអាស៊ីសេរីថាមូលហេតុដែលលោកកាត់ស្លាកគណបក្សភ្លើងទៀន ដោយសារមន្ត្រីគណបក្សនេះលើកស្លាកតាមចិញ្ចើមផ្លូវដោយមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរនោះទេ។ តែយ៉ាងណាលោកថា ស្លាកគណបក្សទាំងនោះត្រូវអាជ្ញាធររក្សានៅសាលាឃុំនៅឡើយ។
លោក ហ៊ុន ប៊ិន៖ «បាទអត់មានរើសអើងទេ ព្រោះជាសិទ្ធិនយោបាយបាន ក្រសួងមហាផ្ទៃ បានណែនាំឱ្យបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ធ្វើសកម្មភាពស្មើមុខគ្នា អត់រើសអើងទេ។ គេបន់ឱ្យតែបានបក្សច្រើនដើម្បីបង្ហាញអំពីប្រជាធិបតេយ្យនៅកម្ពុជា ថាហ្នឹងហើយមានគណបក្សច្រើនពហុបក្ស សេរី អ៊ីចឹង ឱ្យតែគាត់ដាក់ពាក្យស្នើសុំមក តែមានអីគាត់អត់ដាក់ផង»។
ទោះជាយ៉ាងណាមន្ត្រីគណបក្សភ្លើងទៀន លោក ខឹម មុនីកុសល អះអាងថា លោកបានសុំច្បាប់ពីអាជ្ញាធររួចអស់ហើយ ប៉ុន្តែមេឃុំសាលាក្រៅ និងមេឃុំស្ទឹងកាច់មិនឱ្យពួកគេលើកស្លាកក្រោមហេតុថាទីតាំងទាំងនោះ មន្ត្រីគណបក្សប្រជាជនកម្ពុជាបានសុំច្បាប់លើកស្លាកគណបក្សមុនហើយ។
ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោក យិន ម៉េងលី ដែលបានចុះអង្កេតដល់កន្លែងកើតហេតុមានប្រសាសន៍ថា ទីតាំងដែលអាជ្ញាធរបំផ្លាញស្លាកគណបក្សភ្លើងទៀននោះ មានទីធ្លាធំទូលាយអាចលើកស្លាកគណបក្សបានជាច្រើនផ្ទាំង ដោយគ្មានប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈឡើយ។ លោកចាត់ទុកសកម្មភាពរបស់អាជ្ញាធរបំផ្លាញស្លាកគណបក្សភ្លើងទៀននេះថា ជាការគំរាមកំហែងនិងតាមយាយីរំខានដៃគួប្រកួតប្រជែងនៅមុនការបោះឆ្នោត។
លោក យិន ម៉េងលី៖ «ដល់ពេលយើងបំផ្លិចបំផ្លាញអីចឹងមានន័យថាព្រួយបារម្ភខ្លាចចាញ់ឆ្នោត ឬក៏យ៉ាងម៉េច?។ ខ្ញុំគិតថាគណបក្សប្រជាជនលោកមានលទ្ធភាពច្រើនហើយ អ៊ីចឹងគប្បី តែបើកលំហបញ្ហានេះឱ្យមើលមកល្អផង។ អីចឹងខ្ញុំចង់ឱ្យឃើញមានស្លាកចម្រុះនៅតាមទីសាធារណៈ មិនមែននៅតែទីឯកជនទេ។ ព្រោះ គណបក្សប្រជាជនលោកមានស្លាកច្រើនហើយ ព្រោះលោកមានលទ្ធភាពគ្រប់បែបយ៉ាង ព្រោះលោកកាន់អំណាចយូរហើយ ប៉ុន្តែធ្វើម៉េចឱ្យគណបក្សដែលគាត់មានលទ្ធភាពតិចឱ្យបង្កលក្ខណៈឱ្យគាត់ផង»។
ការបំផ្លាញស្លាកគណបក្សភ្លើងទៀននៅខេត្តជាប់ព្រំដែនថៃមួយនេះតែងកើតមានជាហូរហែ ឧទាហរណ៍កាលពីបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២កន្លងទៅ ជនមិនស្គាល់មុខលួចផ្ដួលស្លាកគណបក្សនេះចំនួន២ផ្ទាំង ។ ជាងនេះទៅទៀតអាជ្ញាធរតែងរារាំងដល់សកម្មជនគណបក្សភ្លើងលើកស្លាកម្ដងហើយម្ដងទៀត។ រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានស្លាកគណបក្សភ្លើងទៀនខេត្តប៉ៃលិនចំនួន ៥ផ្ទាំងហើយ ដែលត្រូវបានជនមិនស្គាល់មុខនិងអាជ្ញាធរឃុំលួចបំផ្លាញចោល។ច្បាប់ស្ដីពីគណបក្សនយោបាយមាត្រា៤ ចែងថា គ្រប់គណបក្សនយោបាយមានសិទ្ធិស្មើៗគ្នា ក្នុងការទទួលបានបុព្វសិទ្ធិ និងការយកចិត្តទុកដាក់ ដោយស្មើភាពគ្នាពីរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។
ចំណែកច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រ មាត្រា៦៩ចែងថា ស្លាកគណបក្សនយោបាយអាចលើកនៅទីសាធារណៈ ដោយមានការសម្របសម្រួល ពីអាជ្ញាធរឃុំសង្កាត់ ផ្អែកលើគោលការណ៍ស្មើភាព សន្តិសុខ សណ្ដាប់សាធារណៈ និងសោភ័ណភាពសាធារណៈ៕
1 comment:
Nobody is cheaper than Ah Roleuy Hun Sen and his son of a bitch Hun Manet.
Post a Comment