ដោយ ជាតិ ចំណាន
2023.02.25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
មន្ត្រីសង្គមស៊ីវិលជំរុញដល់រដ្ឋាភិបាលបន្តប្ដេជ្ញាទប់ស្កាត់សកម្មភាពលាងលុយកខ្វក់ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីកុំឱ្យកម្ពុជាធ្លាក់ចូលបញ្ជីប្រផេះសាជាថ្មី។ សំណើនេះ ធ្វើឡើងបន្ទាប់ពី ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានដកកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសលាងលុយកខ្វក់។
មន្ត្រីសង្គមស៊ីវិលលើកឡើង ថាការដែលកម្ពុជារួចផុតពីក្នុងបញ្ជីប្រផេះនៃក្រុមប្រទេសលាងលុយកខ្វក់ គឺជាជំហានសំខាន់មួយក្នុងការទាញកម្ពុជាឱ្យរួចពីការត្រួតពិនិត្យ ឬការឃ្លាំមើលស៊ីជម្រៅពីក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) និងដកចេញនូវរនាំងឧបសគ្គមួយក្នុងចំណោមរនាំងឧបសគ្គដទៃទៀត។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថ្លែងថា ទោះបីថាកម្ពុជាមិនជាប់ឈ្មោះក្នុងបញ្ជីប្រផេះ ប៉ុន្តែកម្ពុជានៅតែប្រឈមហានិភ័យទាក់ទងការលាងលុយកខ្វក់នៅឡើយ ដោយសាររដ្ឋាភិបាលមានបញ្ហាជាច្រើនទៀតត្រូវដោះស្រាយជុំវិញអនុសាសន៍របស់អ្នកជំនាញអន្តរជាតិបន្តទៀត។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញដល់រដ្ឋាភិបាលត្រូវបង្កើនកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ តំបន់ និងអន្តរជាតិឱ្យមានប្រសិទ្ធភាព ដូចជាការទប់ស្កាត់អំពើពុករលួយ ការអនុវត្តច្បាប់ ការធានានូវប្រព័ន្ធយុត្តិធម៌ ដើម្បីឱ្យកម្ពុជាឈានទៅរកចំណុចវិជ្ជមាន ឬក្លាយជាដែនដីស្អាតស្អំ។
លោក ប៉ិច ពិសី៖ «ការដកកម្ពុជាចេញពីបញ្ជីប្រផេះគ្រាន់តែជាជំហានសំខាន់មួយដែលយើងស្វាគមន៍ កម្ពុជារួចផុតពីការត្រួតពិនិត្យ ឬក៏ឃ្លាំមើលស៊ីជម្រៅហៅថា (FATF’s Increase Monitoring ) អ៊ីចឹងមិនមែនមានន័យថាយើងរួចផុតពីហានិភ័យនៃការលាងលុយកខ្វក់ទេ និងហិរញ្ញប្បទានភេរវកម្មនោះទេ ហើយកម្ពុជាមានកិច្ចការជាច្រើនទៀតបន្តធ្វើ ដើម្បីឱ្យកម្ពុជារួចផុតពីហានិភ័យ និងឈានទៅដល់ដីមួយដែលស្អាតស្អំទាក់ទងនឹងការលាងលុយកខ្វក់»។
អនុសាសន៍របស់អង្គការសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពី អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់លើពិភពលោក ឈ្មោះថាក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (The Financial Action Task Force)ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស (Paris) ប្រទេសបារាំង (France) បានដកកម្ពុជាចេញពី បញ្ជីប្រផេះ នៃប្រទេសលាងលុយកខ្វក់កាលពីថ្ងៃទី២៤កុម្ភៈ។
ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ នេះ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា ក្រៅពីប្រទេសកម្ពុជា ដែលអង្គការនេះដកចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសលាងកខ្វក់នោះ គឺមានប្រទេសម៉ារ៉ុក (Morocco) មួយទៀត។ ដោយឡែកប្រទេសមួយចំនួនទៀត ស្ថិតនៅក្នុងបញ្ជីប្រផេះនេះនៅឡើយ រួមមាន កូរ៉េខាងជើង (Noth Korea) មីយ៉ាន់ម៉ា (Myanmar) និង អឺរ៉ុង (Iran) ជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីឆ្លើយតបបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៥ ខែកុម្ភៈ។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២២កុម្ភៈ បានដាស់តឿនទៅមន្ត្រីរបស់ខ្លួនកុំឲ្យមានមោទនភាពជ្រុលរហូតដល់ភ្លេចខ្លួន ក្នុងការទប់ស្កាត់អំពើលាងលុយកខ្វក់ឲ្យសោះ ក្រោយពីកម្ពុជាបានរួចផុតពីបញ្ជីប្រផេះនេះ។ លោកបន្ថែមថា មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ត្រូវខិតខំ និងសាមគ្គីគ្នា ដើម្បីការការពារឲ្យបាន កុំឲ្យកម្ពុជាវិលទៅចូលក្នុងបញ្ជីប្រផេះឡើងវិញ។ លោក ស ខេង អះអាងថា នឹងដាក់ចេញទិសដៅការងារគន្លឹះៗ ជាបន្តទៀត ដើម្បីការពារប្រទេសកម្ពុជាកុំឲ្យធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះ នៃក្រុមប្រទេសលាងកខ្វក់ជារៀងរហូត។
ជុំវិញរឿងនេះ នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីសន្តិភាព និងការអភិវឌ្ឍ លោក យង់ គិមអេង មានប្រសាសន៍ថា ការដកកម្ពុជាពីបញ្ជីប្រផេះគឺជារឿងវិជ្ជមាន សម្រាប់មុខមាត់រដ្ឋាភិបាល និងការវិនិយោគនៅក្នុងប្រទេស។ ប៉ុន្តែលោកយល់ថា លទ្ធផលនេះទំនងសហគមន៍អន្តរជាតិ ជាពិសេសអ្នកវិនិយោគទុនត្រឹមត្រូវនៅតាមដាន និងប្រុងប្រយ័ត្នខ្ពស់មុននឹងចូលបណ្ដាក់ទុននៅកម្ពុជា ហើយអាជ្ញាធរពាក់ព័ន្ធមិនត្រូវភ្លេចខ្លួននោះឡើយ។ លោកជំរុញដល់រដ្ឋាភិបាលត្រូវប្ដេជ្ញាក្នុងការទប់ស្កាត់សកម្មភាពលាងលុយកង្វក់ឱ្យមានប្រសិទ្ធភាពបន្ថែមទៀតទាក់ទងការជួញដូរគ្រឿងញៀន ការប្រព្រឹត្តបទឧក្រិដ្ឋ ការត្រួតពិនិត្យចរន្តផ្ទេរលុយនៅតាមធនាគារ ដើម្បីឱ្យប្រាកដថា បញ្ហាលាងលុយមិនទាញកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះសាជាថ្មី។
លោក យង់ គិមអេង៖ «កម្ពុជារួចផុតពីបញ្ជីប្រផេះក៏ពិតមែន ប៉ុន្តែភ្នែករបស់អ្នកវិនិយោគ ឬក៏មនុស្ស សហគមន៍អន្តរជាតិមួយចំនួន គេនៅតែចាំមើលពីការវិវឌ្ឍន៍ទៅមុខទៀត ហើយអង្គការដែលឃ្លាំមើលការលាងលុយកខ្វក់ហ្នឹងក៏គេមិនបន្ធូរបន្ថយក្នុងការពិនិត្យមើល ឬតាមដានលើប្រទេសកម្ពុជាទេ។ យើងត្រូវប្រឹងប្រែងឱ្យខ្លាំង បង្ហាញឱ្យខ្លាំងថាកម្ពុជាកំពុងដើរឆ្ពោះទៅមុខក្នុងការលុបបំបាត់ការលាងលុយកខ្វក់នៅប្រទេសកម្ពុជាដែរបាទ»។
កម្ពុជាធ្លាប់បានរួចផុតពីបញ្ជីប្រផេះនៃប្រទេសលាងលុយកខ្វក់នេះម្ដងរួចមកហើយ ប៉ុន្តែ ចាប់ពីឆ្នាំ២០១៩មក អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់នៅលើពិភពលោកបានដាក់កម្ពុជាចូលក្នុងបញ្ជីប្រផេះជាថ្មីម្ដងទៀតមកដល់ឆ្នាំ២០២៣នេះ។ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានជាប់ឈ្មោះជា«ឋានសួគ៌»នៃកន្លែងលាងលុយកខ្វក់នៅលើពិភពលោក ហើយដែលក្រុមអ្នកមានលុយមានអំណាចខ្មែរឃុបឃិតគ្នាប្រមូលលុយដែលបានមកពីការប្រព្រឹត្តិអំពើពុករលួយ និងអំពើឧក្រិដ្ឋនានាបង្វិលយកទៅលាក់ទុកនៅក្រៅប្រទេស។ វិស័យដែលរងហានិភ័យខ្ពស់ខាងអំពើលាងលុយកខ្វក់នៅកម្ពុជា រួមមាន វិស័យធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ អចលនទ្រព្យ និងវិស័យកាស៊ីណូជាដើម៕
No comments:
Post a Comment