Friday 17 March 2023

ព្រះតេជព្រះគុណ សយ សាត ដែល​រង​ការ​ចាប់​ផ្សឹក ភៀស​ទៅ​កន្លែង​មាន​សុវត្ថិភាព


ដោយ អាស៊ីសេរី
2023.03.16
ព្រះតេជព្រះគុណ សយ សាត ដែល​រង​ការ​ចាប់​ផ្សឹក ភៀស​ទៅ​កន្លែង​មាន​សុវត្ថិភាព  
ព្រះតេជព្រះគុណ​ សយ សាត (ឆ្វេងទី២) បន្ទាប់ពីលោក រ៉ុង ឈុន កាលពីចូលរួមធម្មយាត្រា កាលពីដើមខែ​កុម្ភៈ​ ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ព្រះតេជព្រះគុណ សយ សាត ដែល​អាជ្ញាធរ​​មន្ត្រី​សង្ឃ និង​ខេត្ត​បាត់ដំបង​ចាប់​ផ្សឹក​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បួស​ជា​ព្រះសង្ឃ ក្រោយ​និមន្ត​ទៅ​ដល់​កន្លែង​មាន​សុវត្ថិភាព​​។ ព្រះអង្គ​មាន​ថេរដីកា​ថា មូលហេតុ​ដែល​និមន្ត​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ដោយសារ ​អាជ្ញាធរ​​រដ្ឋាភិបាល​លោក ហ៊ុន សែន តាម​​ធ្វើ​ទុក្ខបុកម្នេញ​ព្រះអង្គ​ជា​បន្ត​បន្ទាប់ ទើប​ធ្វើ​ឱ្យ​មិន​អាច​គង់​នៅ​ក្នុង​ប្រទេស​បាន។

ព្រះតេជព្រះគុណ​ សយ សាត បាន​និមន្ត​ចាកចេញ​​ពី​កម្ពុជា​​​ទៅ​ដល់​ទីកន្លែង​មាន​សុវត្ថិភាព​ហើយ​ កាល​ពី​ថ្ងៃ​ទី​១៥ មីនា។ ព្រះ​អង្គ​បាន​បួស​ជា​ព្រះសង្ឃ​ភ្លាមៗ​ក្រោយ​ពី​​ឆ្លងដែន​ទៅ​​ដល់​វត្ត​មួយ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

ព្រះតេជព្រះគុណ សយ សាត មាន​ថេរដីកា​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៦ មីនា ថា ​មូលហេតុ​ដែល​ព្រះអង្គ​បួស​ជា​ថ្មី និង​ចាក​ចេញ​ពី​កម្ពុជា​នេះ​ ដោយសារ​​ព្រះអង្គ​មើល​ឃើញ​ពី​ភាព​អយុត្តិធម៌​​សង្គម​កើត​ឡើង​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ។ ​ព្រះអង្គ​បន្ត​ថា ព្រះអង្គ​មិន​ចង់​ចាក​ចេញ​ពី​ប្រទេស​កំណើត​ទេ ប្រសិន​បើ​​​អាជ្ញាធរ​មិន​ធ្វើ​ទុក្ខបុកម្នេញ​​​ព្រះអង្គ​។ ប៉ុន្តែ​ ព្រះអង្គ​បញ្ជាក់​ថា ​ក្រោយ​ពី​​មន្ត្រី​សង្ឃ​និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចាប់​​ផ្សឹក​ព្រះអង្គ​ទាំង​កម្រោល​កាល​ពី​ថ្ងៃ​ទី​៩ ខែមីនា​មក​ ​ស្រាប់​តែ​មាន​អាជ្ញាធរ​​តាំង​ពី​ខេត្ត​បាត់ដំបង ដល់​រាជធានី​ភ្នំពេញ​​បាន​បណ្ដាក់​គ្នា​តាម​ឃ្លាំមើល​ព្រះអង្គ​​ជា​បន្ត​បន្ទាប់​ ដែល​ធ្វើ​ឱ្យ​ព្រះ​អង្គ​មិន​អាច​គង់​នៅ​កម្ពុជា​បាន។

ព្រះតេជព្រះគុណ សយ សាត ៖ «ប្រជាពលរដ្ឋ​ទាំង​អស់​គោរព​ច្បាប់​ ប៉ុន្តែ​ស្ដេច​មន្ត្រី​សេដ្ឋី​អ្នក​មាន​អត់​គោរព​ច្បាប់​ទេ ម្ល៉ោះ​ហើយ​ឃើញ​ការ​មាន​គំនាប​ច្រើន​ពេក​បាន​អាត្មា​ភៀស​ព្រះ​កាយ ដើម្បី​ឱ្យ​អន្តរជាតិ​ដឹង​ថា ប្រទេស​កម្ពុជា​​កំពុង​តែ​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ។ ម្ល៉ោះ​ហើយ​អាត្មា​ជា​ព្រះសង្ឃ​គឺ​ត្រូវ​តែ​តស៊ូ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​សីលធម៌​របស់​កម្ពុជា​ ក្លាយ​ទៅ​ជា​ទំនៀម​ទម្លាប់​ល្អ​មួយ​​នៅ​ក្នុង​សង្គម​យើង​អាច​ទទួល​យក​បាន»

 

ព្រះអង្គ​បន្ត​ថា ក្រោយ​​ពី​​ព្រះអង្គ​ទៅ​កន្លែង​មាន​សុវត្ថិភាព​​ហើយ​ ព្រះអង្គ​នឹង​បន្ត​ធ្វើ​សកម្មភាព​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ទោស​មនសិការ​ទាំង​អស់​ឱ្យ​មាន​សេរីភាព​វិញ តាម​លទ្ធភាព​ដែល​ព្រះអង្គ​អាច​ធ្វើ​បាន។

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ លោក សុខ ឥសាន​ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ​​ពុំ​មាន​អាជ្ញាធរ​​ណា​​តាម​ធ្វើ​ទុក្ខបុកម្នេញ​លើ​ព្រះអង្គ សយ សាត​ ដូច​ការ​ចោទ​ប្រកាន់​ឡើយ​។ លោក សុខ ឥសាន ចាត់ទុក​ថា ការ​ភៀស​ព្រះ​កាយ​របស់​ព្រះអង្គ​រូប​នេះ ជា​សកម្មភាព​លំអៀង​និន្នាការ​នយោបាយ​ដោយសារ​ព្រះអង្គ​ចង់​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ភ្លើង​ទៀន។

លោក សុខ ឥសាន៖ «លោក សាត នឹង​មាន​ពី​ណា​ទៅ​ចាប់​លោក គេ​គ្រាន់​តែ​ហៅ​ទៅ​សួរ​នាំ​តើ ។ សួរនាំ​ហើយ​គេ​ដោះលែង​វិញ​ហើយ ដល់​ពេល​គេ​ដោះលែង​វិញ​អាហ្នឹង​មាន​ឱកាស​លោក​រត់​បណ្ដោយ អាហ្នឹង​គឺ​ថា រុញ​ស៊ីក្លូ​បណ្ដោយ​ទូក​ រុញ​ទូក​បណ្ដោយ​ទឹក​​យក​លេស​ហ្នឹង​ហើយ​។​ពីព្រោះ​អី​ភាព​ពិត​ជាក់​ស្ដែង​សួរ​ថា​អ្នក​ណា​ធ្វើ​បាប​លោក អា​ការ​អញ្ជើញ​និមន្ត​ទៅ​សួរ​នាំ​អាហ្នឹង​ជា​រឿង​របស់​សមត្ថកិច្ច ហើយ​បើ​យើង​អត់​មាន​ពិរុទ្ធភាព​អាហ្នឹង​គេ​អត់​មាន​ធ្វើ​អី​យើង​កើត​ទេ»

បើ​ទោះ​បី​​ជា​​លោក សុខ ឥសាន ខំ​ថ្លែង​ការពារ​​អាជ្ញាធរ​រដ្ឋាភិបាល​​ថា មិន​បាន​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ព្រះអង្គ​ក្ដី​​​ ក៏​ព្រះតេជព្រះគុណ សយ សាត ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង បាន​ឃាត់​ព្រះ​កាយ និង​ចាប់​ផ្សឹក​ នៅ​ស្រុក​មោងឫស្សី នៅ​ពេល​ព្រះ​អង្គ​និមន្ត​ធ្វើ​ធម្មយាត្រា​ផ្សាយ​មេត្តាធម៌ សុំ​សុខ​សន្តិភាព​ក្នុង​ប្រទេស និង​ទាមទារ​ដំណោះស្រាយ​ជាតិ​ កាល​ពី​ថ្ងៃ​ទី៩ ខែមីនា។ សមត្ថកិច្ច មន្ត្រី​សង្ឃ អភិបាល​ស្រុក​មោងឫស្សី ចោទ​ប្រកាន់​ព្រះតេជព្រះគុណ ថា ធ្វើ​ធម្មយាត្រា​គ្មាន​ការ​អនុញ្ញាត និង​មាន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​លោក នី សុខា មើលឃើញ​ថា សកម្មភាព​របស់​ព្រះអង្គ សយ សាត ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ពុំ​មែន​ជា​ទង្វើ​សុខ​ច្បាប់​ឡើយ​។ លោក​បន្ត​ថា ​ករណី​ដែល​អាជ្ញាធរ​ចាប់​ផ្សឹក​​និង​តាម​ឃ្លាំមើល​ព្រះអង្គ​ទៅ​វិញ​ទេ ដែល​ ​ជា​ការ​គំរាមកំហែង​និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។

លោក នី សុខា៖ «មួយ​រយៈ​កាល​កន្លង​មក​នេះ​យើង​បាន​ឃើញ​ទាំង​អស់​គ្នា​ហើយ​ថា នៅ​ពេល​លោក​ធ្វើ​ធម្មយាត្រា​តែ​អង្គ​ឯង​នេះ​លោក​អត់​បាន​បញ្ចប់​ធម្មយាត្រា​ដល់​គោលដៅ​ទេ គឺ​ថា​ត្រូវ​បាន​អាជ្ញាធរ​ហ្នឹង​លោក​ឃាត់​តាម​ផ្លូវ​ជា​ពិសេស​​ទៅ​ដល់​ខេត្ត​បាត់ដំបង​នឹង​គឺ​ថា​មាន​ការ​ចាប់​ផ្សឹក​លោក​ជា​ដើម។ អីចឹង​ខ្ញុំ​គិត​ឃើញ​ថា ទិដ្ឋភាព​ទាំង​អស់​នេះ​ចង់​មិន​ចង់​វា​អាច​ធ្វើ​ឱ្យ​លោក​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ និង​មាន​ការ​ភ័យ​ខ្លាច​ក៏​អាច​ថា​បាន។ ពី​ព្រោះ​យើង​ឃើញ​​ហើយ​នៅ​ពេល​ដែល​លោក ធ្វើ​ធម្មយាត្រា​ត្រូវ​បាន​អាជ្ញាធរ​ចាប់ ហើយ​ចុង​ក្រោយ​នេះ​ក៏​យើង​ឃើញ​មាន​ដីកា​កោះ​ហៅ​របស់​តុលាការ​ទាក់​ទង​នឹង​រឿង​ពី​មុនៗ​មក​របស់​លោក​អីចឹង»

ព្រះតេជព្រះគុណ សយ សាត ព្រះ​ជន្ម ៧២វស្សា ជា​ព្រះ​សង្ឃ​ខ្មែរ​មួយ​អង្គ​ដែល​មិន​ខ្លាច​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ ដោយ​ព្រះ​អង្គ​ហ៊ាន​ចេញ​មក​ធ្វើ​ធម្មយាត្រា​និមន្ត​ដោយ​ថ្មើរ​ជើង​ស្នើ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ធ្វើ​ការងារ​សង្គម និង​ទាមទារ​លើក​កម្ពស់​សីលធម៌​សង្គម។ ព្រះសង្ឃ​អង្គ​នេះ ត្រូវ​បាន​ព្រះចៅ​អធិការ​វត្ត​បណ្ដេញ​ចេញ​ពី​វត្ត​ និង​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ​ចេញ​ដីកា​ចោទ​ព្រះតេជព្រះគុណ​ពី​បទ កាប់​ទន្ទ្រាន​ដី​ព្រៃ​ដោយសារ​តែ​ព្រះតេជព្រះគុណ​បាន​ចូលរួម​ធ្វើ​ធម្ម​យាត្រា​ ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​អ្នក​តស៊ូ​មតិ​ផ្សេង​ទៀត។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា ​បើ​ទៅ​បី​ជា​​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន​ ធ្វើទុក្ខបុកម្នេញ​មក​លើ​ព្រះអង្គ​បែប​នេះ​ក្ដី​ ក៏​ព្រះ​អង្គ​នៅ​តែ​បន្ត​ចូល​រួម​ធ្វើ​សកម្មភាព​សង្គម​​ដដែល​ហើយ​ធ្វើ​សកម្មភាព​រហូត​​រដ្ឋាភិបាល​ឯកបក្ស​​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ៕

 

No comments: