Wednesday 15 March 2023

មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ធានា​របស់​លោក ស ខេង ឱ្យ​គណបក្ស​នយោបាយ​ធ្វើ​សកម្មភាព​ដោយ​សេរីភាព នឹង​បន្ត​គ្មាន​ប្រសិទ្ធភាព


ដោយ សន ចាន់រដ្ឋា
2023.03.13
មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ធានា​របស់​លោក ស ខេង ឱ្យ​គណបក្ស​នយោបាយ​ធ្វើ​សកម្មភាព​ដោយ​សេរីភាព នឹង​បន្ត​គ្មាន​ប្រសិទ្ធភាព 
លោក គីមសួរ ភីរិទ្ធ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន និងលោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។
រូប៖ ហ្វេសប៊ុក
 

មន្ត្រី​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា គណបក្ស​ខ្លួន​នៅតែ​មិន​អាច​ធ្វើ​សកម្មភាព​បាន​ពេញលេញ​ឡើយ ដោយសារ​បន្ត​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច បើ​ទោះ​ជា​មាន​ការ​ប្រកាស​ឱ្យ​បើក​ចំហ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​បន្ត​បន្ទាប់​ក្ដី។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ក្រសួង​មហាផ្ទៃ​គួរ​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​អាជ្ញាធរ ឬ​សមត្ថកិច្ច ដែល​​យាយី​រំខាន​ការ​ធ្វើ​សកម្មភាព​របស់​គណបក្ស​នយោបាយ ជា​ជាង​ការ​ប្រកាស​ដដែលៗ គ្មាន​ប្រសិទ្ធភាព។

ស្រប​ពេល​បណ្ដា​គណបក្ស​នយោបាយ​កំពុង​បង្កើន​សកម្មភាព​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​របស់​ខ្លួន​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ នៅ​ខែកក្កដា​ខាង​មុខ​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ប្រកាស​ជា​ថ្មី​ណែនាំ​ឱ្យ​អាជ្ញាធរ និង​កម្លាំង​ប៉ូលីស​គ្រប់​ជាន់​ថ្នាក់​នៅ​តាម​មូលដ្ឋាន ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​រលូន។

 

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភីរិទ្ធ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៣ មីនា​ថា ជាទូទៅ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ តែងតែ​ប្រកាស​ណែនាំ​អាជ្ញាធរ​ថ្នាក់​ក្រោម ត្រូវ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​សកម្មភាព​ពី​បណ្ដា​គណបក្ស​នយោបាយ​ទាំង​អស់ ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់​ក្រោម​បាន​ធ្វើ​ផ្ទុយ​ជា​រឿយៗ ហើយ​នាំ​ឱ្យ​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​កន្លង​មក ហាក់​គ្មាន​ប្រសិទ្ធភាព​ឡើយ។

លោក​បន្ត​ថា ថ្វីត្បិត​នៅ​ពេល​នេះ លែង​មាន​ការ​ប្រើ​កាយវិការ និង​ពាក្យ​សម្ដី​គំរាម​កំហែង​ដោយ​ផ្ទាល់​ដូច​ពេល​កន្លង​ទៅ ប៉ុន្តែ អាជ្ញាធរ​តាម​មូលដ្ឋាន​នៅ​តែ​ចុះ​ទៅ​ស្ដាប់ ឃ្លាំមើល និង​ថតរូប​ពលរដ្ឋ​ណា ដែល​ទៅ​ចូលរួម​កម្មវិធី​ជួប​សំណេះសំណាល​របស់​គណបក្ស​ភ្លើង​ទៀន និង​ជា​រូបភាព​មួយ​បន្ត​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​ទាំង​នោះ ខ្លាចរអា​លែង​ចង់​ចូលរួម​ក្នុង​សកម្មភាព​របស់​គណបក្ស ដែល​មិនមែន​ជា​គណបក្ស​កាន់​អំណាច។

ការ​លើក​ឡើង​ពី​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រកាស​នៅ​ក្នុង​ពិធី​បុណ្យ​ផ្កា​រៃអង្គាស​ថវិកា​កសាង​សកលវិទ្យាល័យ​សម្ដេច​ព្រះសង្ឃរាជ បួរ គ្រី នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល កាល​ពី​ថ្ងៃ​ទី១២ មីនា ដោយ​បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ថា ត្រូវ​បើក​ចំហ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ អាច​ធ្វើ​សកម្មភាព​បាន​ពេញលេញ​ស្មើៗ គ្នា ជាពិសេស ក្នុង​អំឡុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ពេល​ខាង​មុខ។

លោក ស ខេង បន្ត​ថា ចំណែក​ប្រជាពលរដ្ឋ​ដែល​ចូលរួម​នៅ​ក្នុង​សកម្មភាព​នានា របស់​គណបក្ស​នយោបាយ ដែល​ខ្លួន​ពេញ​ចិត្ត ជាពិសេស នៅ​អំឡុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ក៏​ត្រូវ​តែ​ចូលរួម​ចៀសវាង​កុំ​ឱ្យ​មាន​អំពើ​ហិង្សា​ដែរ។

កាល​ពី​ថ្ងៃ​ទី៨ ខែកុម្ភៈ ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​ចេញ​រាជសារ​ផ្ញើ​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំង​អស់​ថា ត្រូវ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​ប្រទេស ដើម្បី​ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន​រុងរឿង​លើ​គ្រប់​វិស័យ​របស់​ប្រទេស​ជាតិ។

នៅ​ក្នុង​រាជសារ​បន្ត​ថា ព្រះអង្គ​បាន​ស្នើ​ពលរដ្ឋ​កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កាត់ ការ​គំរាមកំហែង ឬ​ការ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឱ្យ​សោះ ហើយ​ត្រូវ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បោះ​ឆ្នោត​ទៅ​តាម​សតិ​សម្បជញ្ជៈ​របស់​ខ្លួន ដែល​មាន​ទំនុក​ចិត្ត​លើ​បេក្ខជន និង​គណបក្ស​នយោបាយ​ណា​មួយ​ដោយ​សេរី។

ជុំវិញ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់​ឃើញ​ថា ដើម្បី​ឱ្យ​ការ​ប្រកាស​របស់​លោក ស ខេង មានប្រសិទ្ធភាព សម្រាប់​អាជ្ញាធរ​ថ្នាក់​ក្រោម​យក​ទៅ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ ទាល់តែ​មាន​វិធានការ​ច្បាប់ ឬ​ការ​ដាក់​ពិន័យ​ចំពោះ​មន្រ្តី​ណា ដែល​ធ្វើ​ល្មើស​សេចក្ដី​ប្រកាស​នេះ។

កាល​ពី​អំឡុង​មុន​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៥ កាល​ពី​ខែមិថុនា ឆ្នាំ២០២២ ធ្លាប់​មាន​សេចក្ដី​រាយការណ៍​ថា សកម្មជន​គណបក្ស​ភ្លើង​ទៀន​ជា​ច្រើន​នាក់ បាន​ក្លាយ​ជា​ជន​រង​គ្រោះ ដោយសារ​ការ​ទទួល​រង​អំពើ​ហិង្សា​តាម​រូបភាព​ផ្សេងៗ ដូចជា ការ​ព្រួត​វាយ​ធ្វើ​បាប​ពី​ជន​មិន​ស្គាល់​មុខ ការ​គប់​ដុំ​ថ្ម​ចូល​ផ្ទះ និង​ការ​ជិះ​ម៉ូតូ​ដេញ​បុក​ប៉ុនប៉ង​សម្លាប់​ជា​ដើម ប៉ុន្តែ​ករណី​ទាំង​នោះ គឺ​ក្រសួង​មហាផ្ទៃ​ពុំ​ដែល​វែក​មុខ​រក​ឃើញ​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា គ..ប បាន​ប្រកាស​ថា ការ​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន នឹង​ត្រូវ​ធ្វើ​ឡើង​រយៈ​ពេល ១៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២៤ ខែមេសា ដល់​ថ្ងៃ​ទី៨ ខែឧសភា ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ដ​នីតិកាល​ទី៧ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា​ខាង​មុខ៕

1 comment:

Anonymous said...

Sar Kheng Niyeay Oy Teh Thou puos Touv !!