Wednesday 15 March 2023

មេធាវី​ការពារ​ក្ដី​លោក សុន ឆ័យ បារម្ភ​កូនក្ដី​របស់​ខ្លួន​ប្រឈម​បាត់បង់​ដីផ្ទះ


ដោយ នៅ វណ្ណារិន
2023.03.14
មេធាវី​ការពារ​ក្ដី​លោក សុន ឆ័យ បារម្ភ​កូនក្ដី​របស់​ខ្លួន​ប្រឈម​បាត់បង់​ដីផ្ទះ 
លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន.
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន

 

មេធាវី​ការពារ​ក្ដី​លោក សុន ឆ័យ បារម្ភ​ថា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ប្រឈម​បាត់បង់​ដីធ្លី ខណៈ​លោក សុន ឆ័យ គ្មាន​ប្រាក់ ១លាន​ដុល្លារ​បង់​ជំងឺ​ចិត្ត​ឱ្យ​បក្ស​កាន់​អំណាច។ មន្ត្រី​សង្គម​ស៊ីវិល ចង់​ឃើញ​ភាគី​ឈ្នះក្ដី គួរ​បញ្ចប់​ត្រឹម​ក្នុង​នាម​ជា​អ្នក​ឈ្នះ ចំណែក​ប្រាក់​ជំងឺ​ចិត្ត ១លាន​ដុល្លារ គណបក្ស​កាន់​អំណាច​គួរ​អនុគ្រោះ​មិន​ទាមទារ​ពី​លោក សុន ឆ័យ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក សុន ឆ័យ និង​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​បោះ​ឆ្នោត លើក​ឡើង​ថា គណបក្ស​កាន់​អំណាច នៅតែ​មាន​លទ្ធភាព​ក្នុង​ការ​អនុគ្រោះ​មិន​យក​ប្រាក់​ជំងឺ​ចិត្ត ១លាន​ដុល្លារ​ពី​លោក សុន ឆ័យ។ ទោះ​យ៉ាង​ណា ក្ដី មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​រក្សា​ជំហរ​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ពី​លោក សុន ឆ័យ ដដែល។

មេធាវី​ការពារ​ក្ដី​លោក សុន ឆ័យ លោក​មេធាវី កែត ឃី ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី១៤ ខែមីនា កូនក្ដី​របស់​លោក​ពេល​នេះ គ្មាន​ប្រាក់​បង់​ជំងឺ​ចិត្ត​ចំនួន ១លាន​ដុល្លារ​ឱ្យ​ទៅ​ភាគី​ឈ្នះ​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ មេធាវី​ព្រួយ​បារម្ភ​ថា សាលដីកា​របស់​តុលាការ​កំពូល ដែល​សម្រេច កាល​ពី​ពេល​ថ្មីៗ នេះ នឹង​ធ្វើ​ឱ្យ​លោក សុន ឆ័យ បាត់បង់​ដី​ផ្ទះ​ពីរ​កន្លែង នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប។ មេធាវី​ការពារ​ក្ដី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ លើក​ឡើង​ទៀតថា បើ​ទោះ​ជា​សំណុំរឿង​លោក សុន ឆ័យ ត្រូវ​បាន​តុលាការ​កំពូល​បិទ​ផ្លូវ​តវ៉ា​ក្ដី ក៏​លោក​យល់​ថា ប្រសិន​បើ​ភាគី​គណបក្ស​កាន់​អំណាច ផ្ដល់​ការ​យោគយល់​ដល់​លោក សុន ឆ័យ គឺ​អាច​រក​ដំណោះស្រាយ​បាន។

លោក​មេធាវី កែត ឃី៖ «ដីកា​ហ្នឹង​ចូល​ជា​ស្ថាពរ​ហើយ អ៊ីចឹង​គាត់ (លោក សុន ឆ័យ) មិន​មាន​ថវិកា​ក្រៅ​ទេ មាន​តែ​ទ្រព្យ​សម្បត្តិ​ហ្នឹង​ឯង។ អ៊ីចឹង ការ​ដោះ​ស្រាយ​សំណង​មាន​តែ​នៅ​លើ​ទ្រព្យ​សម្បត្តិ​របស់​គាត់។ បើ​សិន​បើ​មាន​ការ​ជជែក​គ្នា​បាន​ជា​ធម្មតា​ទេ រឿង​កន្លង​មក​តែងតែ​មាន​ការ​លើកលែង​​ពី​ព្រះមហាក្សត្រ កាល​ណា​លើកលែង​ទោស​ហើយ អស់​មាន​ទណ្ឌកម្ម​ហើយ គណបក្ស​ប្រជាជន​គេ​ការ​ទាមទារ​សំណង​ទៅ​ចប់​រឿង​បាត់​ហើយ»

 

លោក​មេធាវី កែត ឃី ឱ្យ​ដឹង​ដែរ​ថា មក​ដល់​ពេល​នេះ ក្រុម​មេធាវី​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​តុលាការ ស្ដីពី​ការ​បង្គាប់​ឱ្យ​លោក​កូនក្ដី​របស់​លោក​ត្រូវ​បង់​ជំងឺ​ចិត្ត​ប្រាក់ ១លាន​ដុល្លារ​ទៅ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី២៣ ខែកុម្ភៈ តុលាការ​កំពូល​សម្រេច​បិទ​ផ្លូវ​តវ៉ា​លើ​សំណុំរឿង​បក្ស​កាន់​អំណាច និង គ..ប ប្ដឹង​លោក សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍ ដោយ​បន្ត​ឱ្យ​លោក សុន ឆ័យ ចាញ់​ក្ដី​ភាគី​ដើម​បណ្ដឹង​ដដែល។ តុលាការ​ចោទ​ប្រកាន់​ថា ករណី​លោក សុន ឆ័យ រិះគន់​ថា ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៥ កន្លង​ទៅ​ដែល​ថា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ មាន​ការ​បំភិតបំភ័យ ជា​ដើម​នោះ ជា​ការ​ប្រព្រឹត្ត​បទ​ល្មើស​បរិហារកេរ្តិ៍។

តុលាការ​កំពូល​ក៏​បង្គាប់​ឱ្យ​លោក សុន ឆ័យ ត្រូវ​បង់​ប្រាក់​ជំងឺ​ចិត្ត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ជាង ១លាន​ដុល្លារ និង​បង់​ប្រាក់​ជំងឺ​ចិត្ត​ប្រមាណ ២.៥០០ដុល្លារ ទៀត​ទៅ គ..ប ផង​ដែរ។

ទាក់ទង​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី សង្កេត​ឃើញ​ថា ការ​រិះគន់​របស់​លោក សុន ឆ័យ រឿង​បោះ​ឆ្នោត គឺ​លោក សុន ឆ័យ គ្មាន​ចេតនា​វាយ​ប្រហារ​លើ គណបក្ស​នយោបាយ​ណា​មួយ ឬ​ស្ថាប័ន​ណា​មួយ​ទេ។ លោក​យល់​ថា អ្វី​ដែល​លោក សុន ឆ័យ លើក​ឡើង​ជា​សេរីភាព​បញ្ចេញ​មតិ ដោយ​សំអាង​តាម​ការ​រក​ឃើញ​ពី​ភ្នាក់ងារ​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​តាម​មូលដ្ឋាន។ លោក​យល់​ថា ការ​សម្រេច​របស់​តុលាការ​គ្រប់​ជាន់​ថ្នាក់​ឱ្យ​លោក សុន ឆ័យ ចាញ់​ក្ដី​ក្នុង​សំណុំរឿង​នេះ ល្មម​អាច​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​យក​បាន ហើយ​ភាគី​ឈ្នះ​ក្ដី​នេះ​គួរ​មាន​សម្រប​សម្រួល​ជាមួយ​លោក សុន ឆ័យ ក្នុង​ការ​លើក​លែង​មិន​យក​ប្រាក់​ជំងឺ​ចិត្ត ១លាន​ដុល្លារ​ពី​លោក សុន ឆ័យ។

លោក សំ គន្ធាមី៖ «បាទ​បើ​សិន​ជា​ដើម​បណ្ដឹង​ទទួល​យក​ការ​សុំ​ទោស​ហើយ ទៅ​តុលាការ ដើម្បី​បញ្ចប់​សំណង​តុលាការ​គេ​អាច​សម្រប​សម្រួល​តាម​ហ្នឹង​ដែរ​បាទ រឿង​ហ្នឹង​លើ​ដើម​បណ្ដឹង​បាទ»

ឆ្លើយតប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​តែ​រក្សា​ជំហរ​ទាមទារ​ប្រាក់​ជំងឺ​ពី​លោក សុន ឆ័យ ដដែល។ លោក​ចាត់​ទុក​ការ​សុំ​ទោស​របស់​លោក សុន ឆ័យ កាល​ពី​ពេល​ថ្មីៗ នេះ គឺ​យឺត​ពេល​ទៅ​ហើយ។ ទោះ​ជា​បែប​នេះ​ក្ដី លោក សុខ ឥសាន មិន​ទាន់​ដឹង​ថា គណបក្ស​របស់​លោក​នឹង​ត្រូវ​ទទួល​បាន​ប្រាក់​ជំងឺ​ចិត្ត​ពី​លោក សុន ឆ័យ នៅ​ពេល​ណា​នោះ​ទេ ដោយ​លោក​ទុក​ឱ្យ​តុលាការ​ជា​អ្នក​ចាត់ចែង​លើ​រឿង​នេះ។

លោក សុខ ឥសាន៖ «យើង​គោរព​តាម​សាលក្រម​របស់​តុលាការ ទោះបី​មាន​ចិត្ត​អាណិត​អាសូរ​គាត់ (លោក សុន ឆ័យ) ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ។ យើង​ត្រូវ​តែ​គោរព​ច្បាប់ បើ​តុលាការ​គេ​កាត់​យ៉ាង​ម៉េច យើង​ចាត់​ទុក​ថា ជា​ច្បាប់​ហើយ។ ដូច្នេះ យើង​ត្រូវ​គោរព​បាទ»

កាល​ពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុន ឆ័យ បាន​សរសេរ​លិខិត​មួយ ផ្ញើ​ជូន លោក ហ៊ុន សែន ដើម្បី​សុំ​ទោស ចំពោះ​អ្វី​ដែល​លោក​បាន​លើក​ឡើង​កន្លង​ទៅ ពាក់ព័ន្ធ​នឹង​បញ្ហា​លួច​សន្លឹក​ឆ្នោត។ ទោះ​យ៉ាង​ណា ក្ដី លោក ហ៊ុន សែន មិន​ព្រម​ទទួល​យក​ការ​សុំ​ទោស​នេះ​ទេ។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា សង្គម​ខ្មែរ​ពេល​នេះ​មិន​បាន​បង្ក​បរិយាកាស​នយោបាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​អ្នក​នយោបាយ​ប្រឆាំង​ទេ ទើប​អ្នក​នយោបាយ​បញ្ចេញ​មតិ តែ​បែរ​ជា​ត្រូវ​រង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ទៅ​វិញ។ លោក​ចង់​ឃើញ​រដ្ឋសភា ដែល​ជា​ស្ថាប័ន​ធ្វើ​ច្បាប់ គួរ​ពិនិត្យ​ឡើង​វិញ ពី​ការ​ពិន័យ​ប្រាក់​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​នេះ។ លោក​សង្កេត​ឃើញ​ថា ប្រទេស​សេរី​មួយ​ចំនួន បង្គាប់​ភាគី​ចាញ់​ក្ដី​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​នេះ បង់​ប្រាក់​ទៅ​ភាគី​ឈ្នះ​ក្ដី​តែ ១ដុល្លារ​ប៉ុណ្ណោះ។

លោក រស់ សុដ្ឋា៖ «បើសិនជា​យើង​មាន​ឆន្ទៈ​ក្នុង​ការ​សម្រុះសម្រួល​គ្នា​យើង​ឃើញ​ហើយ​ថា លោក សុន ឆ័យ បាន​សុំ​ទោស​ហើយ​ណា ខ្ញុំ​ឱ្យ​តម្លៃ​អ៊ីចេះ​វិញ​ទេ ខ្ញុំ​ឱ្យ​តម្លៃ​លើ​ការ​សុំ​ទោស ព្រោះ​ថា ទោះបី​មុន​ក្រោយ​ក្ដី​ការ​សុំ​ទោស​នៅតែ​ជា​ការ​សុំ​ទោស​ដដែល ហើយ​អ្វី​ដែល​គណបក្ស​ប្រជាជន​ចង់​បាន​ហ្នឹង គឺ​បាន​ហើយ សាធារណជន​បាន​ឮ​ហើយ គួរតែ​យល់​អធ្យាស្រ័យ​ដល់​គាត់ (លោក សុន ឆ័យ) ហើយ​បើសិនជា​យើង​មិន​យល់​អធ្យាស្រ័យ​ឱ្យ​គ្នា​ទេ គឺ​ហាក់បី​ដូច​ថា យើង​ការ​មាន​ការ​ប្រកាន់​គ្នា»។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​រឹបអូស​ជា​បណ្ដោះអាសន្ន​នូវ​អចលន​ទ្រព្យ​របស់​លោក សុន ឆ័យ ចំនួន​ពីរ​កន្លែង គឺ​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​ដើម្បីត្រៀម​ទុក​សង​គណបក្ស​ប្រជាជន​កម្ពុជា។នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​មេ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ជា​បន្ត​បន្ទាប់​ក្រៅ​ពី​លោក សុន ឆ័យ ប្រឈម អស់​ដី​អស់​ផ្ទះ​នៅ​ពេល​នេះ ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ ត្រូវ​បង្ខំ​ចិត្ត​ប្រគល់​ដី​ផ្ទះ តម្លៃ​រាប់​លាន​ដុល្លារ​ឱ្យ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ចំណែក អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​នេះ​ម្នាក់​ទៀត គឺ​លោក ថាច់ សេដ្ឋា កំពុង​ជាប់​ពន្ធនាគារ​ក្នុង​សំណុំរឿង​ចេញ​សែក​អត់​លុយ។ រីឯ​អ្នក​នយោបាយ​មាន​ឥទ្ធិពល​ម្នាក់​ទៀត គឺលោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២៧ឆ្នាំ ពី​បទ​ក្បត់​ជាតិ តែ​តុលាការ​អនុញ្ញាត​ឱ្យ​លោក​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ និង​ត្រូវ​ដកហូត​សិទ្ធិ​សំខាន់ៗ មួយ​ចំនួន៕

 

No comments: