Wednesday 15 March 2023

លោក ហ៊ុន សែន ចំ​អក​គោល​នយោ​បាយ​ឧបត្ថម្ភ​ប្រាក់​ដល់​មនុស្ស​ចាស់​

 

Khmer Circle

To this man everything of public social concern is a joke, including the outbreak of coronavirus or mass aids infections.

Just a fraction of their ill-gotten wealth could feed the entire aged population in the country and keep them off the streets as beggars. Beyond shame...

^^^

ដោយ សេក បណ្ឌិត
2023.03.15
លោក ហ៊ុន សែន ចំ​អក​គោល​នយោ​បាយ​ឧបត្ថម្ភ​ប្រាក់​ដល់​មនុស្ស​ចាស់​  
(ឆ្វេង) លោក គីមសួរ ភីរិទ្ធ មន្រ្តី​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​ពល​រដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​គម្រោង​សាង​សង់​វារី​អគ្គិសនី ក្នុង​ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ នៅ​ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០២៣។
Photo: RFA
 

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សើច​ចំអក​គោល​នយោបាយ​ឧបត្ថម្ភ​ប្រាក់​ដល់​មនុស្ស​ចាស់​របស់​គណ​បក្ស​ភ្លើង​ទៀន និង​ចាត់​ទុក​ថា គ្រាន់​តែ​ជា​ការ​សន្យា​ប៉ុណ្ណោះ។ មន្ត្រី​គណ​បក្ស​ប្រឆាំង​ឆ្លើយ​តប​ថា ការ​ដាក់​ចេញ​គោល​នយោបាយ​នេះ ឆ្លង​កាត់​ការ​សិក្សា​ស្រាវ​ជ្រាវ​ច្បាស់​លាក់ ហើយ​អាច​អនុ​វត្ត​ទៅ​រួច ប្រសិន​បើ​កម្ពុជា​មាន​រដ្ឋាភិបាល​មួយ​ស្អាត​ស្អំ​គ្មាន​អំពើ​ពុក​រលួយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ប្រើ​ប្រាស់​ពាក្យ «សន្ដិភាព ឬ​សង្គ្រាម» បំភិតបំភ័យ​ពលរដ្ឋ​ដើម្បី​សុំ​សំឡេង​គាំទ្រ​ទាំង​មុន​និង​ក្រោយ​បោះ​ឆ្នោត ហើយ​តែង​តែ​ប្រាប់​ទៅ​ពល​រដ្ឋ​ថា គណ​បក្ស​ប្រឆាំង​បាន​តែ​សន្យា មិន​ដែល​បាន​ធ្វើ​ឬ​អភិវឌ្ឍ​ជាតិ​អ្វី​ឡើយ ខុស​ពី​គណ​បក្ស​របស់​លោក​ដែល​កំពុង​ដឹក​នាំ​រដ្ឋាភិបាល។

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​ពល​រដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​គម្រោង​សាង​សង់​វារី​អគ្គិសនី ក្នុង​ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ នៅ​ថ្ងៃ​ទី១៤ មីនា លោក ហ៊ុន សែន បាន​អំពាវ​នាវ​ពល​រដ្ឋ​មិន​ត្រូវ​ភ្លេច​ពី​ផល​ប្រយោជន៍​ដែល​ទទួល​បាន​ពី​សន្តិភាព​នា​ពេល​កន្លង​មក ដែល​លោក​អះ​អាង​ថា រក​បាន​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នោះ​ទេ។ មេ​ដឹក​នាំ​ឯក​បក្ស​រូប​នេះ​បន្ត​ថា គណ​បក្ស​របស់​លោក​ចូល​ចិត្ត​ធ្វើ​ឱ្យ​ឃើញ​ផល​ប្រយោជន៍​ជាក់​ស្ដែង មិន​ដូច​បណ្ដា​គណ​បក្ស​ប្រឆាំង បាន​តែ​សន្យា​ហើយ​មិន​ដែល​ធ្វើ​នោះ​ទេ រួម​ទាំង​ការ​សន្យា​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ជន​ចាស់​ជរា ឬ​ការ​សន្យា​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្ម​ករ​ជា​ដើម។

លោក ហ៊ុន សែន៖ «ចេញ​កម្ម​វិធី​នយោបាយ​មក មនុស្ស​ចាស់ ព្រោះ​គណបក្ស​មួយ​គេ​ឱ្យ ២០ម៉ឺន (រៀល) មាន​គណ​បក្ស​ពីរ​នោះ ចេញ​មក​ឱ្យ ២៥ម៉ឺន គេ​ឱ្យ​មនុស្ស​ចាស់។ ប្រាក់​អប្បបរមា គណបក្ស​មួយ​នោះ គេ​ឱ្យ​ពីរ​លាន (រៀល) ដល់​គណបក្ស​ណ៎ោះ ចេញ​មក​គេ​ឱ្យ​ពីរ​លាន​កន្លះ។ នឹង​មាន​គណបក្ស​ចូល​ដេញ​ថ្លៃ​ហើយ ព្រោះ​ដំណាក់​កាល​នេះ ដំណាក់​កាល​ដេញ​ថ្លៃ។ ទៅ! ចេះ​តែ​សន្យា​ទៅ។ ប៉ុន្តែ​គណបក្ស​កាន់​រដ្ឋាភិបាល អត់​សន្យា​បាន​ទេ យើង​ធ្វើ​ជាក់​ស្ដែង»

 

ថ្វី​ត្បិត​ការ​ប្រកាស​បែប​សើច​ចំអក​របស់​លោក ហ៊ុន សែន នេះ​មិន​បាន​សំដៅ​ចំ​ឈ្មោះ​ទៅ​លើ​គណ​បក្ស​នយោបាយ​ណា​មួយ ប៉ុន្តែ​ហាក់​ឌឺ​ដង​ទៅ​លើ​គណ​បក្ស​ភ្លើង​ទៀន ជា​គណ​បក្ស​ដែល​ជា​គូ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ពេល​ខាង​មុខ​ជា​មួយ​គណ​បក្ស​កាន់​អំណាច។

កាល​ពី​ពេល​ថ្មីៗ នេះ គណ​បក្ស​ភ្លើង​ទៀន បាន​ប្រកាស​ចេញ​សារ​នយោបាយ ៥ចំណុច​សម្រាប់​ត្រៀម​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ដ​អាណត្តិ​ទី៧ នៅ​ពេល​ខាង​មុខ​នេះ។ នៅ​ក្នុង​សារ​នយោបាយ​ទាំង ៥ចំណុច​នោះ មាន​ការ​ឧបត្ថម្ភ​ប្រាក់ ២០ម៉ឺន​រៀល​សម្រាប់​មនុស្ស​ចាស់​អាយុ​ចាប់​ពី ៦៥ឆ្នាំ​ឡើង និង​កំណត់​ប្រាក់​ឈ្នួល​កម្ម​ករ​ចាប់​ពី ៣០០ដុល្លារ​ឡើង។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន មន្រ្តី​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន លោក គីមសួរ ភីរិទ្ធ មាន​ប្រសាសន៍​ថា ការ​ដាក់​គោល​នយោបាយ​ទាំង​នេះ សុទ្ធ​តែ​ឆ្លង​កាត់​ការ​ពិភាក្សា​ច្បាស់​លាស់​ជា​មួយ​អ្នក​ជំនាញ​ខាង​សេដ្ឋ​កិច្ច ដែល​បាន​លើក​ឡើង​ពី​ប្រភព​ថវិកា​ជាតិ​រក​បាន សម្រាប់​បើក​ទៅ​ឱ្យ​ក្រុម​មនុស្ស​ចាស់​ទាំង​នោះ និង​មិន​មែន​ជា​ការ​សម្រេច​ឡើង​តាម​ការ​នឹក​ឃើញ​ស្រ​មើ​ស្រ​ម៉ៃ​ដើម្បី​រក​សំឡេង​ឆ្នោត​ឡើយ។

លោក​បន្ត​ថា ប្រសិន​បើ​កម្ពុជា ចេះ​គ្រប់​គ្រង​សេដ្ឋ​កិច្ច​ជាតិ​ប្រចាំ​ឆ្នាំ​ដែល​មាន​ប្រមាណ ៣ម៉ឺន ២ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ឱ្យ​បាន​ល្អ និង​មាន​ការ​ដឹក​នាំ​ឱ្យ​បាន​ត្រឹម​ត្រូវ គ្មាន​អំពើ​ពុក​រលួយ នោះ​នឹង​អាច​ឱ្យ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​ឡើង​ដល់ ១០% ឬ​ស្មើ​ប្រមាណ ៣ពាន់ ២រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ដូច្នោះ អាច​មាន​លទ្ធ​ភាព​យក​ប្រាក់​ទាំង​នោះ​ឧបត្ថម្ភ​ទៅ​ដល់​មនុស្ស​ចាស់​បាន។

លោក គីមសួរ ភីរិទ្ធ៖ «៣ពាន់ ២រយ​លាន (ដុល្លារ) យើង​អាច​ចែក​បាន​ហើយ។ បើ​យើង​គិត​ជា​ដុល្លារ​ទៅ ៥០ដុល្លារ ២០ម៉ឺន (រៀល) ហើយ​មនុស្ស​ចាស់​មិន​ដល់​មួយ​លាន (នាក់) ផង។ ប៉ុន្តែ​យើង​ថា មួយ​លាន​ទៅ យើង​ឃើញ​ថា អស់​ប៉ុណ្ណា​ប៉ុណ្ណឹង​ហើយ​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​យើង​អាច​រក​បាន ខ្ទង់​ហ្នឹង ហើយ​អាច​ជួយ​គាត់​បាន។ អ៊ីចឹង! យើង​ជជែក​ជា​មួយ​អ្នក​សេដ្ឋកិច្ច​រួច​ហើយ​ថា រឿង​ហ្នឹង យើង​ប្រាកដ​អាច​ធ្វើ​បាន ឱ្យ​តែ​យើង​គ្រប់​គ្រង សំខាន់​បំផុត អ្នក​ដឹក​នាំ​មាន​ឆន្ទៈ និង​ស្អាតស្អំ»

លោក​លើក​ឡើង​ទៀត​ថា គណបក្ស​ជាប់​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល ក៏​ដល់​ពេល​គិត​គូរ​ដល់​មនុស្ស​ចាស់ ដែល​សុទ្ធ​តែ​ជា​អ្នក​ធ្លាប់​ធ្វើ​ការ​ងារ​បម្រើ​ប្រទេស​ជាតិ ហើយ​កន្លង​មក ហាក់​ទុក​ពួក​គេ​ចោល។ លោក​បន្ថែម​ថា កម្ពុជា​មាន​មនុស្ស​ចាស់​ភាគ​ច្រើន ត្រូវ​រស់​នៅ​ពឹង​អាស្រ័យ​លើ​បន្ទុក​របស់​កូន​ចៅ ខណៈ​កូន​ចៅ​របស់​ពួក​គេ​ក៏​ជួប​ការ​ខ្វះ​ខាត​ទៅ​ទៀត ដូច្នេះ​មិន​អាច​ជួយ​សម្រាល​ដោះ​បន្ទុក នៅ​ពេល​មនុស្ស​ចាស់​ទាំង​នោះ​ឈឺ​ថ្កាត់​បាន​ឡើយ។

ជំរឿន​នៅ​ក្នុង​ឆ្នាំ២០១៩ បង្ហាញ​ថា កម្ពុជា​មាន​ប្រជា​ជន​វ័យ​ចំណាស់​ប្រមាណ ១លាន ៣សែន​នាក់ ឬ​ស្មើ​ប្រហែល ៨% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ហើយ​ចំនួន​នេះ ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើន​ដល់ ១១% នៅ​ឆ្នាំ២០៣០ និង​ប្រមាណ ២១% ឬ​ស្មើ ៥លាន​នាក់ នៅ​ក្នុង​ឆ្នាំ២០៥០។ មនុស្ស​ចាស់​ទាំង​នោះ ប្រឈម​ខ្ពស់​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​មិន​ឆ្លង ខណៈ​ភាព​ក្រីក្រ​ជា​បញ្ហា​ចម្បង រួម​ទាំង​ការ​មិន​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ពី​រដ្ឋាភិបាល បាន​រារាំង​ពួក​គេ​ទទួល​បាន​សេវា​ថែ​ទាំ​សុខភាព។

លោក​ស្រី និន អូន អាយុ ៦០ឆ្នាំ​រស់​នៅ​ភូមិ​ទួល​ធ្នង់ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឫស្សី ខេត្ត​បាត់ដំបង​បាន​លើក​ឡើង​ថា សព្វ​ថ្ងៃ​លោក​ស្រី​រស់​នៅ​ជា​មួយ​ចៅៗ បន្ទាប់​ពី​ប្ដី​បាន​ស្លាប់ កាល​ពី ៥ឆ្នាំ​មុន ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម និង​ខូច​តម្រង​នោម ខណៈ​លោក​ស្រី​ក៏​កំពុង​ប្រឈម​ជំងឺ​លើស​ឈាម។

លោក​ស្រី​បន្ត​ថា លោក​ស្រី​មាន​ដី​ស្រែ ១ហិកតារ​ជួល​ទៅ​ឱ្យ​គេ ដើម្បី​គ្រាន់​បាន​ប្រាក់​ទុក​ទិញ​អង្ករ ខណៈ​កូនៗ លោក​ស្រី​ចំនួន​បី​នាក់ សុទ្ធតែ​រៀប​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​លោក​ស្រី។ លោក​ស្រី​បន្ថែម​ថា កូន​ទាំង​នោះ មិន​បាន​ជួយ​លោក​ស្រី​ជា​ដុំ​កំភួន​អ្វី​ឡើយ ព្រោះ​ពួក​គេ​សុទ្ធ​តែ​មាន​បំណុល ដែល​បាន​ខ្ចី​ពី​ធនាគារ​យក​មក​រក​ស៊ី ហើយ​ពេល​ខ្លះ​ស្ទើរតែ​ធនាគារ​មក​រឹប​អូស​យក​ដី​ធ្លី និង​ផ្ទះ ដោយ​សារ​រក​ប្រាក់​សង​ធនាគារ​មិន​ទាន់ ខណៈ​ថ្លៃ​ជី​និង​ថ្នាំ​បាញ់​ក៏​កាន់​តែ​ឡើង​ថ្លៃ។

លោក​ស្រី និន អូន៖ «ចង់​ឱ្យ​ជួយ ដូច​ថា ជួយ​ចាស់​អ៊ីចឹង​ទៅ រក​អ៊ី​មិន​បាន បាន​រដ្ឋាភិបាល បើក (ថវិកា) ឱ្យ អរ​អ៊ីចឹង​ទៅ។ បាន​លុយ​ហ្នឹង ទិញ​ស្អីៗ ហូប ធ្វើ​បុណ្យ​អី​ខ្លះ បាន​ទិញ​អង្ករ​ខ្លះ​ទៅ​អ៊ីចឹង​ទៅ​ណ៎ា»

កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៧ នៅ​ថ្ងៃ​អាទិត្យ​ទី​២៣​ខែ​កក្កដា​ខាង​មុខ​នេះ​។ កន្លង​ទៅ លោក ហ៊ុន សែន តែង​ប្រើ​ប្រាស់​សារ​ព្រមាន​ទៅ​ប្រជា​ពល​រដ្ឋ ថា​កម្ពុជា​នឹង​កើត​សង្គ្រាម ប្រសិន​បើ​គណ​បក្ស​របស់​លោក​ចាញ់​ឆ្នោត​។ ប៉ុន្តែ​ក្រុម​វិភាគ​នយោបាយ​យល់​ថា កម្ពុជា​នឹង​មិន​អាច​កើត​សង្គ្រាម​បាន​ឡើយ នៅ​ពេល​គណ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ព្រោះ​គណ​បក្ស​ប្រឆាំង​គ្មាន​អំណាច ​កាំ​ភ្លើង និង​កង​កម្លាំង​ប្រដាប់​អាវុធ។

អង្គ​ការ​វេទិកា​អនាគត ធ្លាប់​បាន​រក​ឃើញ​ថា តម្រូវ​ការ​ចាំ​បាច់​ចំពោះ​មុខ គឺ​ពល​រដ្ឋ​ចង់​បាន​ការ​ងារ​ធ្វើ មាន​ទីផ្សារ​លក់​ផលិត​ផល និង​សម្ភារ​ប្រើ​ប្រាស់​ទាន់​សម័យ ដូច​ជា​ទូរស័ព្ទ​ដៃ ទូរទស្សន៍ និង​ម៉ូតូ ជា​ដើម ជា​ពិ​សេស​មិន​ជំពាក់​បំណុល​ធនាគារ៕

No comments: