Sunday 12 March 2023

អ្នក​វិភាគ​ថា លោក ហ៊ុន ម៉ាណែត កំពុង​ដើរ​តួនាទី​ជំនួស​លោក ទៀ បាញ់


ដោយ ថា ថៃ
2023.03.11
អ្នក​វិភាគ​ថា លោក ហ៊ុន ម៉ាណែត កំពុង​ដើរ​តួនាទី​ជំនួស​លោក ទៀ បាញ់ 

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ (ឆ្វេង) ប្រកាស​ផ្ដល់​តួនាទី​លោក ហ៊ុន ម៉ាណែត (ស្ដាំ) ក្នុង​ជួរទ័ព កាលពីឆ្នាំ​២០១៨។
រូប៖ ហ្វ្រេសញូវ

អ្នក​វិភាគ​នយោបាយ និង​មន្ត្រី​គណបក្ស​ប្រឆាំង លើក​ឡើង​ថា មេ​យោធា​ជាន់​ខ្ពស់ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត កំពុង​បំពាន និង​ដើរ​តួនាទី​ជំនួស​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់។ ការ​លើក​ឡើង​ដូច្នេះ ដោយសារ​ពួកគាត់ សង្កេត​ឃើញ​ថា លោក ហ៊ុន ម៉ាណែត ក្រៅ​ពី​សាកល្បង​ធ្វើ​ការងារ​នយោបាយ​ជំនួស​ឪពុក​លោក​នោះ អ្នក​ចាំ​ស៊ី​កេរ​ឪពុក​រូប​នេះ ក៏​កំពុង​ក្ដោប​ក្ដាប់​ការងារ​សំខាន់ៗ​នៅ​ក្នុង​ជួរ​កងទ័ព ការ​ដើរ​តែង​តាំង និង​ការ​កែ​សម្រួល​មុខ​តំណែង​ជូន​នាយ​ទាហាន​តាម​អង្គភាព​ផ្សេងៗ និង​តែង​ជួប​ទំនាក់ទំនង​ជាមួយ​ប្រមុខ​ការពារ​ជាតិ ឬ​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​បរទេស​ជាដើម ដែល​សកម្មភាព​នេះ​ជា​ការ​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន ហើយ​កាត់​បន្ថយ​អំណាច​របស់​លោក ទៀ បាញ់ ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​តួនាទី​កំពូល។


ថ្វី​ដ្បិត​តែ​លោក ហ៊ុន ម៉ាណែត មាន​ឋានៈ​តួនាទី​ទាប​ជាង​លោក ទៀ បាញ់ ទាំង​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុង​ជួរ​កងទ័ព​ក្ដី ក៏​អ្នក​ឃ្លាំ​មើល កត់​សម្គាល់​ឃើញ​ថា លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​សកម្មភាព​ច្រើន​លើសលប់​នៅ​ក្នុង​កិច្ច​ការងារ​គ្រប់គ្រង​កងទ័ព ដើម្បី​កាត់​បន្ថយ​អំណាច​បន្តិច​ម្តងៗ​របស់​ប្រមុខ​ការពារ​ជាតិ​រូប​នេះ ដែល​អាច​គំរាមកំហែង​ដល់​ការ​ឡើង​ស្នង​តំណែង​ត​ពី​ឪពុក​របស់​លោក។ អ្នក​វិភាគ​នយោបាយ លើក​ឡើង​ថា កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​លោក ហ៊ុន ម៉ាណែត នៅ​រយៈពេល​ចុង​ក្រោយ​នេះ ស្ទើរ​តែ​បង្ហាញ​ថា លោក​កំពុង​ដឹកនាំ​ក្រសួង​ការពារ​ជាតិ​ទាំង​មូល ដែល​ទង្វើ​នេះ អាច​ធ្វើ​ឲ្យ​លោក ទៀ បាញ់ មិន​ពេញ​ចិត្ត និង​ប្រេះ​ឆា​ផ្ទៃ​ក្នុង បើ​ទោះបីជា​មិន​ទាន់​ដល់​កម្រិត​លេច​ចេញ​មក​ខាង​ក្រៅ​ក្តី។

 


អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់​ឃើញ​ថា លោក ហ៊ុន ម៉ាណែត បាន​ដើរ​តួនាទី​ជំនួស​មុខ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ គឺជា​សញ្ញា​បញ្ជាក់​បន្ថែម​ពី​ការ​ពង្រឹង​អំណាច​គ្រួសារ​ត្រកូល ហ៊ុន នៅ​ក្នុង​ក្រសួង​មួយ​នេះ។ លោក​បន្ថែម​ថា តាម​រយៈ​ការ​ពង្រឹង​អំណាច​គ្រួសារ​លោក ហ៊ុន សែន នេះ ក៏​នឹង​អាច​នាំ​ឱ្យ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

    លោក គឹម សុខ៖ «ខ្ញុំ​គិត​ថា​លោក ទៀ បាញ់ ត្រូវ​បាន​លោក ហ៊ុន សែន ដក​អំណាច​ស្ទើរ​តែ​អស់​ទៅ​ហើយ ជា​ពិសេស​អំណាច​បញ្ជា​ប្រតិបត្តិ គាត់​នៅ​តែ​ដំណែង​ជា​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​តែ​ប៉ុណ្ណោះ ហើយ​មែនទែន​ទៅ​ដូច​ដំណែង​ទីងមោង​អ៊ីចឹង ក៏​ប៉ុន្តែ​អំណាច​បញ្ជា​គ្រប់​ស្ថានការណ៍ គឺ​ស្ថិតនៅ​លើ​កណ្ដាប់​ដៃ​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានិត ដែល​ជា​កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន»។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​រូប​នេះ គឺ​ស្រប​គ្នា​ទៅ​នឹង​អត្ថបទ​ស្រាវជ្រាវ​មួយ​របស់​សារព័ត៌មាន​អន្តរជាតិ អេស៊ា ថាមស៍ (Asia Times) ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី៧ ខែមិនា ថា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ដ៏​មាន​ឥទ្ធិពល លោក ទៀ បាញ់ ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ទប់ទល់ និង​អាច​បំផ្លាញ​ផែន​ការ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ប្រគល់​អំណាច​ទៅ​កូន​ប្រុស​របស់​គាត់។ អត្ថបទ​កាសែត​ដដែល​នេះ លើក​ឡើង​ដោយ​ផ្អែក​តាម​ព័ត៌មាន​ពី​ប្រភព​ផ្ទៃក្នុង​ជា​ច្រើន​របស់​បក្ស​កាន់​អំណាច​ថា កន្លង​មក​លោក ទៀ បាញ់ បាន​ព្រម​ទទួល​យក​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​វេន លោក ហ៊ុន ម៉ាណែត ជា​ថ្នូរ​ទៅ​នឹង​ការ​សន្យា​របស់​លោក ហ៊ុន សែន ថា នឹង​ឱ្យ​កូន​របស់​លោក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បន្ត​វេន​ពី​លោក។ ក៏​ប៉ុន្តែ​ដោយសារ​តែ ពាក្យ​សន្យា​មិន​ត្រូវ​បាន​គោរព ហើយ​ចិន​ក៏​ហាក់​ដូច​ជា​មិន​ទុក​ចិត្ត​លោក ហ៊ុន ម៉ាណែត ដូច្នេះ​វា​នឹង​ធ្វើ​ឱ្យ​ផែនការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​របស់​លោក ហ៊ុន សែន នឹង​កាន់​តែ​មាន​ភាព​ស្មុគស្មាញ។ សារព័ត៌មាន​អន្តរជាតិ អេស៊ា ថាមស៍ គូស​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិន​សូវ​មាន​ទំនុក​ចិត្ត​ថា​លោក ហ៊ុន ម៉ាណែត មាន​អំណាច​ពេញលេញ​អាច​ដឹកនាំ​ប្រទេស​កម្ពុជា​បាន​ដូច​ឪពុក​នោះ​ទេ ប៉ុន្តែ​មេដឹកនាំ​ចិន ជឿជាក់​ទៅ​លើ​ក្រុម​កង​កម្លាំង​របស់​លោក ទៀ បាញ់ ជាង និង​ចង់​ចាប់​យក​ក្រសួង​ការពារ​ជាតិ ធ្វើ​ជា​បង្អែក​យោធា​របស់​ខ្លួន​ត​ទៅ​ថ្ងៃ​មុខ ដោយសារ​តែ​ចិន​ធ្លាប់​បាន​សហការ​ជាមួយ​លោក ទៀ បាញ់ ជុំវិញ​ការ​អភិវឌ្ឍ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម។ ក្រុម​លោក ទៀ បាញ់ ជា​ប៉ូល​អំណាច​ធំ​មួយ​នៅ​កម្ពុជា ព្រោះ​លោក ទៀ បាញ់ បាន​ដឹកនាំ​ក្រសួង​ការពារ​ជាតិ​ប្រមាណ​៤ទស្សវត្សន៍​មក​ហើយ និង​ថែម​ទាំង​មាន​តួនាទី​ជា​អនុប្រធាន​បក្ស​កាន់​អំណាច​ទៀត​ផង។លោក ទៀ បាញ់ មាន​កូន​ប្រុស​ជា​ចៅហ្វាយ​ខេត្តសៀមរាប គឺ​លោក ទៀ សីហា និង​មាន​ប្អូន​ប្រុស​ជា​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​លោក ទៀ វិញ។ក្រុម​លោក ទៀ បាញ់ នេះ​សម្បូរ​ទាំង​លុយ មាន​ទាំង​កាំភ្លើង​នៅ​ក្នុង​ដៃ ហើយ​កំពុង​គ្រប់គ្រង​ដែន​លំហ​សមុទ្រ​របស់​កម្ពុជា​ទាំង​មូល​ផង។

ក្រោយ​ការ​ចុះ​ផ្សាយ​របស់​អត្ថបទ​សារព័ត៌មាន​បរទេស​មួយ​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក(Facebook) របស់​លោក ជា​បន្ត​បន្ទាប់​ថា លោក ហ៊ុន សែន អាច​បញ្ជា​ឲ្យ​ចាប់ លោក ទៀ បាញ់ ពីព្រោះ​មាន​ការ​ខ្វែង​គំនិត​គ្នា ទាក់ទង​នឹង​សមាស​ភាព​រដ្ឋាភិបាល​អាណត្តិ​ក្រោយ ដែល​មាន លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយករដ្ឋមន្ត្រី ជំនួស​ឪពុក​របស់​លោក ។ ប៉ុន្តែលោក សម រង្ស៊ី យល់​ថា លោក ទៀ បាញ់ ដែល​សព្វ​ថ្ងៃ ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ក្រោម​បញ្ជា​គាត់ ដែល​ច្បាស់​ជា​ការពារ​គាត់ មិន​ឲ្យ លោក ហ៊ុន សែន ចាប់​បាន​ទេ។ លើស​ពី​នេះ លោក សម រង្សី ក៏​បាន​ប្រកាស​គាំទ្រ​លោក ទៀ សីហា ដែល​ជា​កូន​ប្រុស​របស់​លោក ទៀ បាញ់ ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី។ លោក សម រង្សី អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​សេរីភាព និង​យុត្តិធម៌​រួមគ្នា​ជាមួយ​លោក ទៀ បាញ់ លោក ទៀ សីហា និងលោក ទៀ វិញ ដើម្បី​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ដោយ​អហិង្សា និង​សន្តិវិធី តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ មេ​បក្ស​ប្រឆាំង​រូប​នេះ ចាត់​ទុក​ថា ការ​ផ្លាស់​ប្ដូរ​បែបនេះ នឹង​នាំ​ឲ្យ​ប្រទេស​កម្ពុជា មាន​អ្នក​ដឹកនាំ​ថ្មី ដែល​មិនមែន​ជា​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ដែល​លោក​ចោទ​ថា ជា​ក្រុម​ឃាតក ពុក​រលួយ​បំផ្លាញ​និង​ក្បត់ជាតិ។

ទោះ​ជា​យ៉ាង​ណា ទាក់ទង​នឹង​ការ​បង្ហោះ​សារ​របស់​លោក សម រង្ស៊ី នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​បង្ហោះ​សារ​បដិសេធ​ភ្លាមៗ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ល្ងាច​ថ្ងៃ​ទី១០ មីនា ដោយ​លោក​បាន​បញ្ជាក់​ជា​ថ្មី​ថា លោក​និង​គ្រួសារ​នៅ​តែ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត។ លោក​បន្ថែម​ថា ការ​លើក​ឡើង​របស់​លោក សម រង្សី មាន​ចេតនា​ញុះញង់ បំបែក​បំបាក់​ជាតិ។ លោក ទៀ បាញ់ បញ្ជាក់​ថា កង​យោធពល​ខេមរភូមិន្ទ បន្ត​ប្ដេជ្ញា​ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹក​ដី ប្រឆាំង​ការ​ជ្រៀតជ្រែក​របស់​បរទេស​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ថែ​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុខ​សុវត្ថិភាព​សង្គម ហើយ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ឧបាយកល​ទុច្ចរិត​របស់​ពួក​ប្រឆាំង​ជ្រុល​និយម និង​មជ្ឈដ្ឋាន​អគតិ​នានា ដែល​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។ ក្រៅ​ពី​នេះ ក្រុម​មេទ័ព និង​ស្ថាប័ន​កង​ទ័ព​នានា បាន​ចេញ​សារ​ថ្កោល​ទោស​លោក សម រង្ស៊ី ជា​បន្ត​បន្ទាប់។

នៅ​កម្ពុជា ថ្វី​ត្បិត​តែ​សញ្ញា​នៃ​ការ​ប្រកួត​ប្រជែង​ដណ្ដើម​អំណាច​នៅ​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា ត្រូវ​គេ​ខំ​លាក់​មិន​អោយ​លេច​ធ្លាយ​ចេញ​មក​ក្រៅ និង​មើល​ទៅ​ហាក់​រឹងមាំ​ពី​លើ​ដល់​ក្រោម ក៏​ប៉ុន្តែ អ្នក​ឃ្លាំមើល សង្កេត​ឃើញ​ថា នៅ​ក្នុង​បក្ស​នេះ​មាន​ប៉ូល​អំណាច​ធំ​ផ្សេងៗ​គ្នា ដូចជា​ក្រុម លោក ទៀ បាញ់ និង​ក្រុម​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជាដើម ដែល​កំពុង​សម្លឹង​ចង់​គ្រង​តំណែង​កំពូល​របស់​លោក ហ៊ុន សែន និង​ព្យាយាម​ទប់ទល់​ផែនការ​ផ្ទេរ​អំណាច​បែប​សន្តតិវង្ស​នៃ​ត្រកូល​ហ៊ុន។ ថ្មីៗ​នេះ សូម្បី​តែ​វិទ្យុវីអូឌី (VOD) ចុះ​ផ្សាយ​អត្ថបទ​ព័ត៌មាន​មួយ​ថា លោក ហ៊ុន ម៉ាណែត ចុះ​ហត្ថលេខា​ជំនួស​រដ្ឋាភិបាល​លើ​ប្រាក់​ជំនួយ​ដល់​ប្រទេស​តួគី (Turkey) នោះ ធ្វើ​ឲ្យ​លោក ហ៊ុន សែន និង​កូន​ប្រុស ខឹង​ក្រោធ​យ៉ាង​ខ្លាំង និង​បាន​ប្រើ​អំណាច​ទាំង​បំពាន​ច្បាប់​បិទ​វិទ្យុ​វីអូឌី​ទាំង​កម្រោល ដោយ​ចោទ​ថា អត្ថបទ​ព័ត៌មាន​នេះ ធ្វើ​ឱ្យ​ឈាន​ដល់​ការ​បែកបាក់​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល។ នេះ​ហាក់​បង្ហាញ​ថា ផ្ទៃ​ក្នុង​បក្ស​កាន់​អំណាច មិន​សូវ​រឹងមាំ និង​មិន​ទុក​ចិត្ត​គ្នា​នោះ​ទេ។

អ្នក​ឃ្លាំមើល ក៏​ពិនិត្យ​ឃើញ​ថា ការ​ជ្រើស​តាំង​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ចាប់ផ្ដើម​មាន​ឧបសគ្គ​តាំង​ពី​ដើម​ម៉្លេះ ដោយ​ស្តែង​ឲ្យ​ឃើញ​តាម​រយៈ​កាយវិការ​របស់​ក្រម​លោក ទៀ បាញ់ និង​ក្រុម លោក ស ខេង មិន​បាន​ចេញ​សារ​លិខិត​គាំទ្រ​បេក្ខភាព​របស់​លោក ម៉ាណែត ភ្លាមៗ​នោះ​ទេ លុះ​រហូត​ដល់​មាន​ការ​ព្រមាន​ពី​លោក ហ៊ុន សែន ខ្លាំងៗ​ទើប​ពួក​លោក​ចេញ​លិខិត​គាំទ្រ។ ដោយឡែក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មិន​បាន​ចេញ​លិខិត​គាំទ្រ​លោក ហ៊ុន ម៉ាណែត នោះ​ឡើយ ដោយ​លោក​លើក​ឡើង​ថា លោក​គាំទ្រ​បេក្ខជន​នាយករដ្ឋមន្ត្រី​ដែល​បាន​សម្រេច​ដោយ​សមាជ​គណបក្ស​ប្រជាជន​កម្ពុជា។ លើស​ពី​នេះ ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​បក្ស​កាន់​អំណាច កាល​ពី​ចុង​ឆ្នាំ២០២១ ដែល​ដំបូង​ឡើយ​ប្រកាស​ឲ្យ​សមាជិក​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ម្នាក់ៗ​បោះឆ្នោត​ដោយ​សម្ងាត់​នោះ តែ​ទី​បំផុត​គណបក្ស​ប្រជាជន​កម្ពុជា បែរ​ជា​ប្រកាស​សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើស​តាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត តាម​ផែនការ​និង​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ទៅ​វិញ ដែល​ធ្វើ​ឲ្យ​មន្ត្រី​បក្ស​កាន់​អំណាច​ផ្សេង​ទៀត បាត់​ឱកាស​បោះឆ្នោត​ចេញ​ពី​ឆន្ទៈ​របស់​ពួកគេ។

សមាជិក​ថ្នាក់​ខេត្ត នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉េង សុធារ៉ា យល់​ឃើញ​ថា តាំង​ពី​មុន និង​ក្រោយ​ពេល លោក ហ៊ុន ម៉ាណែត បាន​ក្លាយ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​ឪពុក​លោក​ហើយ​នោះ ទាំង​លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន បាន​ខិតខំ​ពង្រីក​បណ្ដាញ​អ្នក​គាំទ្រ​ខាង​ក្រុម​ខ្លួន ដើម្បី​អោយ​មាន​តុល្យភាព​ខាង​អំណាច​ផង និង​ឲ្យ​មាន​ប្រៀប​ជាង​ក្រុម​លោក ទៀ បាញ់ ឬ ក្រុម លោក ស ខេង ផង។ លោក​បន្ថែម​ថា ការ​តែងតាំង​មន្ត្រី​ដោយ​តាម​រយៈ​បក្ខពួក​ដូច្នេះ នឹង​ធ្វើ​ឱ្យ​មន្ត្រី​ទាំង​នោះ​ធ្វើការ​ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​សង្គម​ជាតិ​ជា​ធំ​នោះ​ឡើយ ព្រោះ​ពួកគេ​ត្រូវ​ការពារ​អំណាច និង​អត្ថប្រយោជន៍​ត្រកូល ហ៊ុន វិញ។

    លោក ម៉េង សុធារ៉ា៖ «ផល​ប៉ះពាល់​នោះ​គឺ​ធ្វើ​ឱ្យ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ទន់​ខ្សោយ តាម​រយៈ​ការ​លូក​ដៃ បាន​ន័យ​ថា​ឆ្លង​ការងារ​មិន​គោរព​តាម​ឋានានុក្រម អ៊ីចឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​គ្រប់គ្រង​តាម​ស្ថាប័ន​នីមួយៗ​ធ្វើ​ឱ្យ​ខ្សោយ តាម​រយៈ​ការងារ​ទទួល​ខុសត្រូវ​តាម​ស្ថាប័ន​ហ្នឹង រង់ចាំ​ស្ដាប់​តែ​បញ្ជា​ពី​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នោះ​ទេ»។

តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក លោក ហ៊ុន ម៉ាណែត ដែល​មាន​វ័យ​ត្រឹម​៤៥ឆ្នាំ កំពុង​កាន់​តំណែង​គ្រាក់ៗ​នៅ​ក្នុង​ជួរ​កងទ័ព​រដ្ឋាភិបាល និង​ក្នុង​ជួរ​បក្ស។ កាល​ពី​ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​តែងតាំង​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក ពាក់​ផ្កាយ​៣​លើ​ស្មា បន្ថែម​ពី​លើ​តួនាទី​ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន។  ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​ដំឡើង​តួនាទី​មនុស្ស​ជំនិត​របស់​លោក​ជា​បន្តបន្ទាប់​ទៅ​កាន់​តួនាទី​ជា​មេ​បញ្ជាការ​កងទ័ព​កំពូលៗ ដូចជា លោក សៅ សុខា លោក វង្ស ពិសេន និងលោក ឥត សារ៉ាត់ ជាដើម ក្រោយ​ផ្ទេរ​ឧត្តម​សេនីយ៍​គ្រាក់ៗ​៣ រូប គឺលោក គន់ គីម លោក ប៉ុល សារឿន និង​លោក មាស សុភា ឲ្យ​ទៅ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​វិញ។ ក្រោយ​ពី​ទទួល​បាន​តួនាទី​នោះ ក្រុម​មេ​បញ្ជាការ​កំពូល​ថ្មីៗ​ទាំង​នេះ  តែង​ប្រកាស​បង្ហាញ​ភាព​ស្មោះត្រង់​ឥត​ងាក​រេ និង​ប្រកាស​ការពារ​ដល់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ជានិច្ច ខុស​ពី​មេបញ្ជាការ​កំពូលៗ​ចាស់ៗ ដែល​ជា​សមមិត្ត​រួម​អាវុធ​របស់​លោក ហ៊ុន សែន កន្លង​មក។ សូម្បី​តែ​អង្គភាព​ផ្សេងៗ​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ ក៏​លោក ហ៊ុន សែន ដក​មក​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​កូនប្រុស​លោក​ដែរ។ ចំពោះ​លោក ហ៊ុន ម៉ាណែត​វិញ មួយ​រយៈ​ចុង​ក្រោយ​នេះ លោក កំពុង​ធ្វើ​កំណែ​ទម្រង់​កងទ័ព​យ៉ាង​សកម្ម​ដោយ​បញ្ចូល​ឈាម​ថ្មី​ទៅ​ជំនួស​ឈាម​ចាស់​ពី​លើ ដល់​ក្រោម។ លោក តែងតែ​ចុះ​តែងតាំង​និង​ផ្លាស់​ប្តូរ​មុខ​តំណែង​ដល់​នាយ​ទាហាន​តាម​គ្រប់​រាជធានី​ខេត្ត ដូចជា​កាល​ពី​ថ្ងៃទី៩ មីនា លោក​ចុះ​ផ្លាស់​ប្ដូរ​មុខ​ដំណែង​ដល់​នាយទាហាន និង​សម្ពោធ​សមិទ្ធផល​ក្រសួង​ការពារ​ជាតិ​នៅ​ខេត្ត​ស្ទឹងត្រែង។ ជា​ញឹកញយ លោក ហ៊ុន ម៉ាណែត ក៏​តែង​ចុះ​សំណេះសំណាល​ជាមួយ​កងទ័ព និង​ចុះ​បិទ​វគ្គ​ហ្វឹកហ្វឺន​កងទ័ព ឬ​សម្ពោធ​សមិទ្ធផល​ថ្មី​របស់​កងទ័ព​នៅ​តាម​មូលដ្ឋាន​ទ័ព​នានា ជំនួស​តួនាទី​របស់​លោក ទៀ បាញ់។ បន្ថែម​ពី​នេះ គិត​ត្រឹម​ខែ​មករា ដល់​ខែ​មីនា​នេះ លោក ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​មេដឹកនាំ​យោធា​ជាន់​ខ្ពស់​នៃ​ប្រទេស​ជា​ដៃគូ​ចំនួន៥ រួម​មាន​ដូច​ជា ចិន (China) ឥណ្ឌា (India) ហ្វីលីពីន (Philipine) ជប៉ុន (Japan) ជាដើម ខណៈ​លោក ទៀ បាញ់ លេច​មុខ​មាត់​តែ​នៅ​ក្នុង​កម្មវិធី​តូចតាច នៅ​ក្នុង​ប្រទេស​របស់​ក្រសួង​ការពារ​ជាតិ​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន ក៏​ទើប​តែ​ដឹក​ដៃ​កូន​ប្រុស​របស់​លោក ទៅ​ជួប​មេដឹកនាំ​ចិន និង​វៀតណាម ដែល​អ្នក​ឃ្លាំ​មើល ជឿ​ថា ជា​ការ​ស្វែង​រក​ការ​គាំទ្រ​ផែនការ​ផ្ទេរ​អំណាច​របស់​ត្រកូល​ហ៊ុន។

ជុំវិញ​រឿង​នេះ​ដែរ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី យល់​ឃើញ​ថា លោក ហ៊ុន សែន បាន​ដក​ដំណែង​មេ​យោធា​ចាស់ៗ និង​ដាក់​មន្ត្រី​ថ្មី​ចូល ដើម្បី​ជួយ​ឱ្យ​លោក ហ៊ុន ម៉ាណែត មាន​ឥទ្ធិពល​នៅ​ក្នុង​វិស័យ​យោធា។ ទោះ​ជា​យ៉ាងណា លោក​ថា លោក ហ៊ុន ម៉ាណែត នឹង​មិន​មាន​ឥទ្ធិពល​នោះ​ឡើយ ព្រោះ​ការ​រៀបចំ​ទាំង​នេះ ធ្វើ​ឡើង​ដោយ​មាន​ឪពុក​លោក​ជា​បង្អែក។

    បណ្ឌិត សេង សារី៖ «បើ​យើង​សង្កេត​ឱ្យ​ច្បាស់​ទៅ គឺ​លោក ហ៊ុន ម៉ាណែត គាត់​ប្រើ​អំណាច​របស់​ឪពុក​នោះ​ទេ​នៅ​ក្នុង​ការ​ពង្រឹង​អំណាច ហើយ​ខ្ញុំ​មើល​ឃើញ​ថា ការ​ខ្ចី​អំណាច​របស់​ឪពុក​ខ្លួន​មិន​អាច​ទទួល​ឥទ្ធិពល​ពិត​ប្រាកដ​នោះ​ទេ ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ការ​បង្កើត​ក្ដី​សង្ឃឹម​នៅ​ក្នុង​ការ​ទទួល​តួនាទី ដំណែង​ក្នុង​វិស័យ​កង​ទ័ព​តាម​រយៈ​លោក ហ៊ុន ម៉ាណែត ហ្នឹង ក៏​ជា​កត្តា​ជំរុញ​មួយ​ដ៏​សំខាន់​ដែរ ដែល​ធ្វើ​ឱ្យ​មេទ័ព​ក្មេងៗ​បច្ចុប្បន្ន​នេះ​ប្រឹង​ប្រែង នៅ​ក្នុង​ការ​បង្ហាញ​ភាព​ស្មោះត្រង់​ទៅ​ដល់​គ្រួសារ​ត្រកូល ហ៊ុន»។

គ្រួសារ​ត្រកូល ហ៊ុន គឺជា​គ្រួសារ​ដែល​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​ប្រទេស ដោយ​បាន​គ្រប់គ្រង​វិស័យ​សំខាន់ៗ​ជា​ច្រើន​របស់​ជាតិ ក្នុង​នោះ​រួមមាន​ទាំង​វិស័យ​សេដ្ឋកិច្ច យោធា និង​រដ្ឋាភិបាល។ ទោះ​ជា​យ៉ាង​ណា ការ​ពង្រឹង​អំណាច​គ្រួសារ​របស់​លោក ហ៊ុន សែន ដើម្បី​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក មិន​មែន​ជា​ភាព​ងាយ​ស្រួល​នោះ​ឡើយ ព្រោះ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អ្នក​តស៊ូ​ជំនាន់​ចាស់ ហាក់​មិន​ទុក​ចិត្ត​ទៅ​លើ លោក ហ៊ុន ម៉ាណែត នោះ​ឡើយ។ អ្នក​វិភាគ​នយោបាយ លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត នឹង​មិន​ចែក​រំលែក​អំណាច​ទៅ​ដល់​កូនចៅ​មន្ត្រី​គ្រាក់ៗ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ឡើយ នៅ​ពេល​លោក​បាន​អំណាច​ទាំង​ស្រុង ។ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​មន្ត្រី​ធំៗ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ មិន​បាន​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​ឪពុក​របស់​លោក​ពិត​ប្រាកដ​នោះ​ឡើយ។ អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា ដោយសារ​តែ​ការ​ប្រកួត​ប្រជែង​ដណ្ដើម​អំណាច​នៅ​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា​កំពុងតែ​បន្ត​ឡើង​កម្ដៅ​នេះ​ហើយ ទើប​បាន​ជា​លោក ហ៊ុន សែន ប្រកាស​បន្ត​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ជា​បន្តបន្ទាប់ ហើយ​មិន​ទាន់​បង្ហាញ​ជាក់លាក់​ថា លោក​នឹង​ផ្ទេរ​អំណាច​ទាំងស្រុង​ឲ្យ​កូន​ប្រុស​របស់​លោក នៅ​ឆ្នាំ​ណា​ពិត​ប្រាកដ​បែប​នេះ៕

No comments: