Saturday 18 March 2023

ស្ត្រី​ដែល​គ្រូពេទ្យ​វះកាត់​ខុស​បច្ចេកទេស​បាន​បាត់បង់​ជីវិត

Khmer Circle

Everyone in Cambodia knows that when you fall ill, your illness is the least of your trouble. Even a minor health complaint could often force one down a dangerous slope to endless mistreatments and financial debt. Unless, of course, you are able to afford overseas medical care. 

With a bribe anyone can obtain a practise licence to run a medical clinic. You don't have to learn or be able to drive a car to pass the test...

^^^

ដោយ យ៉ង ចាន់តារា
2023.03.17
ស្ត្រី​ដែល​គ្រូពេទ្យ​វះកាត់​ខុស​បច្ចេកទេស​បាន​បាត់បង់​ជីវិត  
ស្វាមីលោកស្រី ឈាង ស្រីអូន លោក ផេង វឿន ក្នុងថ្ងៃ​បុណ្យ​សពភរិយា ដែល​ស្លាប់​ដោយសារ​ការធ្វេសប្រហែសរបស់​ពេទ្យ កាត់ពោះវៀន។
រូប៖ ហ្វេសប៊ុក
 

ស្ត្រី​ម្នាក់​ដែល​គ្រូពេទ្យ​វះកាត់​​ខុស​បច្ចេកទេស​ធ្វើ​ឱ្យ​ដាច់​ពោះវៀន និង​ប៉ះពាល់​គ្រឿង​ក្នុង​ធ្ងន់ធ្ងរ​នោះ បាន​បាត់បង់​ជីវិត​ហើយ ក្រោយ​ឈឺ​រ៉ាំរ៉ៃ​ជិត ៤ខែ​មក​នេះ។ ប្ដី​ស្ត្រី​រង​គ្រោះ និង​មន្ត្រី​សង្គមស៊ីវិល​បន្ទោស​ថា បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ការ​ធ្វេសប្រហែស និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​គ្រូពេទ្យ។

លោកស្រី ឈាង ស្រីអូន បាន​ផុត​បង្ហើម កាល​ពី​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃ​ទី១៦ ខែ​មីនា។ សព​ស្ត្រី​រងគ្រោះ កំពុង​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​នៅ​ស្រុកជុំគិរី​ខេត្ត​កំពត។

ប្ដី​ស្ត្រី​រងគ្រោះ លោក​ផេង វឿន ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា រយៈ​ពេល​ជិត​ ៤​ខែ​មក​នេះ របួស​ក្នុង​ពោះ​ប្រពន្ធ​របស់​លោក​មិន​បាន​ធូរ​ស្បើយ​ឡើយ តែ​ប្រពន្ធ​របស់​នៅតែ​ប្រឹងប្រែង​ចង់​រស់ និង​ព្យាយាម​​ឱ្យ​គ្រូ​ពេទ្យ​ព្យាបាល។ លោក​បន្ត​ទៀត​ថា បើ​ទោះ​ជា​គ្រូពេទ្យ​​បាន​ព្យាយាម​ជួយ​ព្យាបាល​ប្រពន្ធ​លោក​យ៉ាងណាក្ដី ក៏​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ដែល​គ្រូ​ពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន។ លោក​ដឹង​ទៀត​ថា កាល​ពី​ប្រពន្ធ​របស់​លោក​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​ប្រទេស​ថៃ គ្រូពេទ្យ​ថៃ​គ្រាន់តែ​បាន​ជួយ​ឱ្យ​ប្រពន្ធ​របស់​លោក​ទទួល​ទាន​អាហារ​បាន​​ខ្លះ ប៉ុន្តែ​បញ្ហា​ប្រឈម​គឺ​ពោះ​វៀន​ដែល​ដាច់​នោះ​នៅតែ​មិន​អាច​ព្យាបាល​បាន​​ដដែល។

លោក ផេង វឿន៖ «ប្អូន​បាន​ខិតខំ​ព្យាបាល​អស់​ពី​កម្លាំង​កាយ​ចិត្ត​អស់​ហើយ​បង ប្អូន​បាន​ដើរ​មើល​គាត់​ពីរបី​ប្រទេស​វៀតណាម​ផង ខ្មែរ​យើង ថៃ​ផង នៅតែ​អត់​អាច​ជួយ​គាត់​បាន។ សម្រាប់​មន្ទីរពេទ្យ (មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង) គាត់​ពិត​ជា​ធ្វើ​ការ​ធ្វេសប្រហែស​ខ្លាំង​បំផុត​ដូច​ថា យក​អ្នក​ជំងឺ​ទៅ​ពិសោធន៍​សម្រាប់​វិជ្ជាជីវៈ​របស់​គាត់»

 

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២២ ស្ត្រី​រងគ្រោះ ឈាង ស្រីអូន ជួប​បញ្ហា​កូន​ស្លាប់​ក្នុង​ពោះ​អាយុ ៥ខែ។ ក្រោយ​មាន​បញ្ហា​នេះ លោកស្រី​សម្រេច​ឱ្យ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ស្ពឺ ឈ្មោះ​ដើម​អង្គ្រង រំលូត​សព​ចេញ​ពី​ក្នុង​ពោះ។ ក្នុង​ពេល​នោះ គ្រូពេទ្យ​បាន​កាត់​ពោះវៀន​ច្រឡំ​ថា​ជា​ដៃ​ស្បូន ដែល​ធ្វើ​ឱ្យ​ស្ត្រី​រូប​នេះ​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​តាំង​ពី​ពេល​នោះ​មក។ ក្រោយ​កើត​ហេតុការណ៍​នេះ ក្រសួង​សុខាភិបាល​រក​ឃើញ​ថា មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង ធ្វេសប្រហែស​ដោយ​បាន​អនុញ្ញាត​ឱ្យ​ឆ្មប​មិន​ទាន់​មាន​ជំនាញ​ជាក់លាក់​ធ្វើ​ការ​រំលូត​គភ៌។ ក្រសួង​សុខាភិបាល​ក៏​សម្រេច​បិទ​​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង​នេះ និង​ហាមឃាត់​ពេទ្យ​ឆ្មប ដែល​មាន​កំហុស​នោះ មិន​ឱ្យ​ប្រកប​វិជ្ជាជីវៈ​ឆ្មប​រយៈ​ពេល ២ឆ្នាំ។

ទាក់ទង​រឿង​នេះ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា រិះគន់​ថា បញ្ហា​កើតឡើង​ព្រោះ​ការ​ធ្វេសប្រហែស​របស់​គ្រូ​ពេទ្យ។ លោក​ថា ក្រសួង​សុខាភិបាល​គួរ​​ដោះស្រាយ​បញ្ហា​នេះ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​នេះ​។ លោក​បន្ត​ទៀត​ថា ក្រៅ​ពី​ដោះស្រាយ​បញ្ហា​សុខភាព​សាធារណៈ រដ្ឋាភិបាល​ត្រូវមាន​ការ​ទទួល​ខុសត្រូវ​មួយ​ទៀត​លើ​គ្រួសារ​ជន​រងគ្រោះ​ផង​ដែរ។

លោក រស់ សុដ្ឋា៖ «អ្វី​ដែល​ច្បាស់លាស់​ជា​ប្រព័ន្ធ​ហ្នឹង គឺ​រដ្ឋាភិបាល​ត្រូវ​តែ​ជួយ​បីបាច់​ថែរក្សា​គ្រួសារ​ហ្នឹង​ឱ្យ​រឹងមាំ​ទាំង​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​សម្ភារៈ ដើម្បី​ឱ្យ​មាន​ជីវភាព មាន​តែ​ការ​យក​ចិត្ត​ដូច​នេះ​ទេ ដែល​ធ្វើ​ឱ្យ​មាន​ការ​ស្ដារ​ផ្លូវ​ចិត្ត​ក៏​ដូច​ជីវភាព​ពួក​គាត់ កាលណា​ជីវភាព​បាន​ល្អ​ប្រសើរ​គឺ​ថា ដូច​យើង​ជួយ​សង្គ្រោះ​ឱ្យ​លក្ខណៈ​សង្គម​ត្រូវ​បាន​ស្ដារ​ឡើង​វិញ»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន បាន​ទេ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា។

ស្ត្រី​រងគ្រោះ​ឈាង ស្រីអូន អាយុ ២២ ឆ្នាំ ជា​កម្មករ​រោងចក្រ​នៅ​ខេត្ត​កណ្ដាល។ លោកស្រី​បាត់បង់​ជីវិត​ពេល​នេះ ដោយ​បន្សល់​ទុក​កូនស្រី​តូច​ម្នាក់។ ប្ដី​របស់​ស្ត្រី​រងគ្រោះ លោក​ផេង វឿន ឱ្យ​ដឹង​ថា មុន​ពេល​ប្រពន្ធ​លោក​ស្លាប់ នាង​បាន​ផ្ដាំ​លោក​ឱ្យ​ប្រឹងប្រែង​មើល​ថែ​កូនស្រី​ឱ្យ​ល្អ និង​ធ្វើ​យ៉ាងណា​​ឱ្យ​កូន​បាន​រៀន​សូត្រ​ឱ្យ​បាន​ចេះ​ដឹង​ដូច​គេ​ឯង៕

1 comment:

Anonymous said...

Thank You peace for ending this unfortunate woman's life early. Without this peace, she might live longer and suffer more.