ដោយ មាន ឫទ្ធិ
2023.03.07
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១៩ មករា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើដល់បរទេសកុំឱ្យគាំទ្រនូវអ្វីដែលលោកហៅថា ចលនាបដិវត្តន៍ពណ៌បំផ្លាញកម្ពុជា ព្រោះកន្លងទៅលោកថា មានបណ្ដាបរទេសមួយចំនួនធ្លាប់បានចូលរួមបង្កនូវភ្លើងសង្គ្រាមមកលើកម្ពុជាម្ដងរួចមកហើយ។ អ្នកវិភាគនយោបាយថា ការលើកឡើងនេះគ្រាន់តែជាសារនយោបាយ ដោយពុំមានមូលដ្ឋានត្រឹមត្រូវ ហើយកម្ពុជាគួរតែឈរលើគោលការអព្យាក្រឹត និងចូលរួមស្ដារឡើងវិញនូវសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ក្នុងកម្មវិធីផ្ដល់សញ្ញាប័ត្រដល់និស្សិតនៅរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមីនា លោក ហ៊ុន សែន ស្នើកុំឱ្យមានការជ្រៀតជ្រែកពីបរទេសនេះ ដែលលោក ហ៊ុន សែន ទំនងជាចង់សំដៅដល់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកសេរីមួយចំនួន ដែលបានចេញសេចក្ដីថ្លែងការថ្កោលទោស សេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញ ដែលកាត់ឱ្យប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាប់ពន្ធនាគារ ២៧ឆ្នាំនៅក្នុងផ្ទះ កាលពីថ្ងៃទី៣ មីនា។
លោក ហ៊ុន សែន បានលើកសរសើរខ្លួនឯងថា ទម្រាំកម្ពុជាទទួលបានសន្តិភាព ដូចបច្ចុប្បន្ននេះ លោកប្រឹងប្រែងឆ្លងកាត់ភ្លើងសង្គ្រាម និងបញ្ហាជាច្រើន។ លោកបន្តថា កន្លងទៅក្រុមបរទេសមួយចំនួន បានចេញសេចក្ដីថ្លែងការណ៍បារម្ភពីស្ថានភាពនៅកម្ពុជា តែលោកចោទថា អ្នកទាំងនោះមិនបានដឹងពីចេតនាអាក្រក់ ដែលកើតចេញពីក្រុមបដិវត្តន៍ពណ៌ ដែលកំពុងបង្កបញ្ហាអសន្តិសុខដល់កម្ពុជាឡើយ។
លោក ហ៊ុន សែន៖ «យើងយល់ យើងដឹងពីបំណងរបស់មនុស្សខ្លះដែលជាមជ្ឈដ្ឋានក្រៅប្រទេស ដែលផ្ដល់ក្ដៅកង្វល់ចំពោះយើង តែយើងក៏សូមប្រាប់ទៅអ្នកទាំងអស់ឱ្យបានជ្រាប់ថា អ្នកក៏គួរយល់អំពើកង្វល់របស់យើង ដែលជាព្រះរាជាណាចក្រកម្ពុជា ដែលជាទឹកដីកំសត់មួយ ដែលលោកអ្នកបានរួមចំណែកបំផ្លាញធ្វើសង្គ្រាមក្នុងប្រទេសយើង កាលពីពេលមុន សង្ឃឹមថា អ្នកនឹងមិនដុតកម្លោច ហើយជួយផ្ដួចផ្ដើមទៅដល់ក្រុមអ្នកធ្វើបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញនូវសន្តិភាពនៅក្នុងប្រទេសរបស់យើង»។
លោក ហ៊ុន សែន បន្តទៀតថា លោកក៏មិនអត់អោនឱ្យអ្នកណានោះទេ មិនថាខ្មែរ ឬបរទេសដែលធ្វើសកម្មភាពប្រឆាំង នឹងការដឹកនាំរបស់លោក និងអធិបតេយ្យភាពនៅកម្ពុជា ក្រោមហេតុផល លើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោក ហ៊ុន សែន ក៏សោកស្ដាយចំពោះសកម្មភាពរបស់អាមេរិក ដែលតែងតែបង្ហាញពីបញ្ហាសមុទ្ររាម ដែលលោកចោទថា នេះជាការជ្រៀតជ្រែកផ្នែកសន្តិសុខសង្គម ខណៈដែលអាមេរិកមិនទាំងយល់ពីកម្ពុជាពិតប្រាកដនោះទេ។
ទោះជាយ៉ាងណាការលើកឡើងរបស់លោក ហ៊ុន សែន នេះត្រូវបានអ្នកវិភាគនយោបាយ និងមន្ត្រីបក្សប្រឆាំងរិះគន់ថា គ្រាន់តែជាវោហារសាស្ត្រ ដើម្បីកេងចំណេញនយោបាយនៅមុនការបោះឆ្នោតជាតិតែប៉ុណ្ណោះ។
កាលពីថ្មីៗ នេះ តុលាការក្រុងភ្នំពេញដែលរងការរិះគន់ថា ស្ថិតក្រោមខ្សែញាក់របស់លោក ហ៊ុន សែន បានផ្ដន្ទាទោសប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះ ២៧ឆ្នាំ ដោយចោទប្រកាន់ពីទោស «ក្បត់ជាតិ» ថា ពាក់ព័ន្ធសំណុំរឿងត្រូវរ៉ូវជាមួយរដ្ឋបរទេស ចង់ផ្ដួលរលំរដ្ឋាភិបាល ដែលលោក កឹម សុខា តែងបដិសេធ និងសហគមន៍អន្តរជាតិអស់សំណើច។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វិទ្យុអាស៊ីសេរីថា ការថ្លែងរបស់លោក ហ៊ុន សែន នេះគ្រាន់តែជាវោហារសាស្ត្រនយោបាយ ដោយពុំមានប្រសិទ្ធភាពអ្វីដល់បណ្ដាប្រទេសលោកសេរីនោះឡើយ។ តែយ៉ាងណាក្ដី លោកថា បើសិនជាកម្ពុជានៅតែប្រើសម្ដីវាយប្រហារ ឬចោទប្រកាន់គ្នា ជុំវិញករណីបដិវត្តន៍ពណ៌ ដោយពុំមានមូលដ្ឋានត្រឹមត្រូវ កម្ពុជានឹងខាតបង់ផលប្រយោជន៍ច្រើន ដូចជាការបាត់បង់ទុកចិត្តគ្នាលើឆាកអន្តរជាតិ បាត់បង់ផ្នែកការទូត និងកិច្ចការបរទេស ជាពិសេស ទំនាក់ទំនងពាណិជ្ជកម្ម។
លោក ឯម សុវណ្ណារ៉ា៖ «ខ្ញុំគិតថា សារនយោបាយគួរតែលើកឡើងនៅក្នុងលក្ខណៈអព្យាក្រឹត។ ឧទាហរណ៍ បើសិនជារដ្ឋាភិបាលមិនចង់ឱ្យរដ្ឋបរទេសចូលជ្រៀតជ្រែក ឬលូកដៃកិច្ចការប្រទេសកម្ពុជា គ្រាន់តែថ្លែងសារធម្មតា ហើយធ្វើម៉េចកសាងជំនឿទុកចិត្ត កិច្ចសហប្រតិបត្តិការ កុំឱ្យមានខ្លឹមសារណាបង្កប់ ដែលធ្វើឱ្យរដ្ឋបរទេសឃ្លាតឆ្ងាយពីកម្ពុជានៅពេលនេះ ធ្វើឱ្យពិបាកកសាងជំនឿទុកចិត្តគ្នាទៅវិញទេ»។
ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មើលឃើញថា ការថ្លែងរបស់លោក ហ៊ុន សែន ម្ដងហើយម្ដងទៀតជុំវិញការវាយប្រហារមិនឱ្យបរទេសលូកដៃ និយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជានេះ ដោយសារតែ លោក ហ៊ុន សែន ខ្លួនឯង ចង់ការពាររបរដឹកនាំផ្ដាច់ការ តពូជពងវង្សត្រកូលរបស់លោកតែប៉ុណ្ណោះ។ លោកបន្តថា សកម្មភាពរបស់ពលរដ្ឋ និងបក្សប្រឆាំងធ្វើកន្លងទៅ គឺស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា ដោយពុំមានចេតនាអាក្រក់ ធ្វើបដិវត្តន៍ពណ៌ដូចការចោទប្រកាន់របស់លោក ហ៊ុន សែន នោះទេ។
លោក អ៊ុំ សំអាន៖ «នេះគ្រាន់តែជាលេសរបស់លោក ហ៊ុន សែន ប៉ុណ្ណោះឯង ដើម្បីការពារអំណាចផ្ដាច់ការរបស់គាត់ ហើយមិនចង់ឱ្យបរទេសណា ឬសហរដ្ឋអាមេរិកហ្នឹង ឈឺឆ្អាលពីការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំងនៅកម្ពុជា»។
អ្នកវិភាគនយោបាយមើលឃើញថា វប្បធម៌លាបពណ៌គ្នានៅក្នុងសង្គមខ្មែរ ដែលកើតចេញពីអ្នកនយោបាយមិនទទួលបានផលចំណេញអ្វីដល់សង្គមជាតិឡើយ។ ពលរដ្ឋ និងសង្គមស៊ីវិលទទូចឱ្យអ្នកនយោបាយ កុំយកខ្មែរគ្នាឯងជាសត្រូវ ដើម្បីបញ្ចប់នូវជម្លោះនយោបាយដ៏រ៉ាំរ៉ៃនេះ ហើយបង្កើននូវទំនាក់ទំនងទ្វេភាគី ទៅកាន់បណ្ដាប្រទេសនានា ដោយឈរលើគោលជំហរអព្យាក្រឹត៕
No comments:
Post a Comment