2023.03.07
ក្រុមសង្គ្រាមព័ត៌មានអ៊ីនធឺណិត(Cyber War Room) ជាក្រុមបង្កើតឡើងដើម្បីអុកឡុករំខាន និងវាយប្រហារមតិរិះគន់ កំពុងពង្រឹងយ៉ាងសកម្មអំឡុងពេលមានការផ្ដន្ទាទោសមេបក្សប្រឆាំង និងមុនការបោះឆ្នោតជាតិខាងមុខនេះ។ ក្រុមនេះត្រូវបានបង្កើតឡើងអំឡុងឆ្នាំ២០១៣ ដើម្បីធ្វើចលនាគាំទ្រគណបក្សកាន់អំណាចតាមរយៈការបន្សាបសំឡេងរិះគន់ជាតិ និងអន្តរជាតិ ជាពិសេសគណបក្សប្រឆាំង។
នៅក្នុងរយៈពេលចុងក្រោយនេះ ក្រុមសង្គ្រាមព័ត៌មានអ៊ីនធឺណិត ដែលគេដឹងថា ដឹកនាំដោយលោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមយុវជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត កំពុងបង្កើនធ្វើសកម្មភាពបង្គាប់បញ្ជាឱ្យអ្នកគាំទ្ររបស់ខ្លួន រួមទាំងមន្ត្រីរាជការតាមក្រសួងស្ថាប័នរដ្ឋ ចេញអុកឡុកតាមរយៈការចូលទៅសរសេរសារឆ្លើយតប ខ្លះមានទាំងសារអសុរោះជេរប្រមាថ នៅតាមបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនយោបាយប្រឆាំង សង្គមស៊ីវិល អ្នកវិភាគ និងបណ្ដាសារព័ត៌មានឯករាជ្យជាដើម។
ពួកគេមានចេតនាបន្សាបមតិរិះគន់នានាពីសហគមន៍ជាតិ និងអន្តរជាតិ ហើយជួយការពាររដ្ឋាភិបាលលោក ហ៊ុន សែន ដែលកំពុងដឹកនាំប្រទេសប្រាសចាកពីរបបលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ថាជាអំពើត្រឹមត្រូវនិងស្របច្បាប់។ អ្នកនយោបាយគណបក្សប្រឆាំងយល់ឃើញថា ទង្វើនេះ មិនមែនជាការលើកកម្ពស់សិទ្ធិសេរីភាពការបញ្ចេញមតិឡើយ ប៉ុន្តែវាជាគំរូអាក្រក់សម្រាប់ក្មេងជំនាន់ក្រោយ និងធ្វើឱ្យជាតិកាន់តែបែកបាក់គ្នាបន្ថែម។
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និងទើបរងការចោទប្រកាន់ថា ជាចារកម្ម ស៊ី.អាយ.អេ (CAI) អាមេរិក ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៦ មីនាថា ប្រសិនបើរដ្ឋាភិបាលឬអនាគតអ្នកដឹកនាំបន្តវេន ពិតជាបានបង្កើតឱ្យមានក្រុមសង្គ្រាមព័ត៌មានសម្រាប់វាយប្រហារតាមអ៊ីនធឺណិតដើម្បីទុកប្រឆាំងអ្នកធ្វើការងារជួយសង្គមដោយឯករាជ្យ ឬអ្នកនយោបាយមាននិន្នាការផ្សេង ហើយមានការប្រើប្រាស់ពាក្យជេរប្រមាថក្នុងនាមជាមន្ត្រីរាជការ ឬបញ្ញវ័ន្ត នោះជាការធ្វើនយោបាយបែបទុច្ចរិត គ្មានតម្លាភាព និងធ្វើឱ្យអ្នកនយោបាយបាត់បង់សីលធម៌ គុណធម៌ ជាពិសេស វានឹងក្លាយជាគំរូនយោបាយមិនល្អទៅថ្ងៃខាងមុខទៀត។
លោក មាជ សុវណ្ណារ៉ា៖ «យើងបាត់បង់សណ្ដាប់ធ្នាប់វិន័យ នៃការធ្វើនយោបាយបន្តវេន ជាពិសេសអ្នកជំនាន់ថ្មី ធ្វើថ្មី គិតថ្មី ជួបបញ្ហានៃអម្រែកទុក្ខ អម្រែកនៃនិន្នាការនយោបាយការប្រកាន់រើសអើងនយោបាយ គឺមិនអាចធ្វើឱ្យសង្គមជាតិមានសន្តិភាពពិតប្រាកដទេ។ កាលណាចង់បានសន្តិភាពពិតប្រាកដ ទាល់តែសង្គមមួយមានតម្លាភាព មានសុចរិតភាព មានសេរីភាព អាហ្នឹងបានទើបទៅរកសន្តិភាពបាន។ ហើយសន្តិភាពទៅបាន វាទាល់តែមានយុត្តិធម៌ មិនមានការឈឺចាប់សម្រាប់មនុស្សជាតិ»។
លោក មាជ សុវណ្ណារ៉ា បន្តថា ក្នុងនាមជាអ្នកនយោបាយម្នាក់ លោកចង់ឃើញប្រទេសកម្ពុជា ជាពិសេសអ្នកដឹកនាំបច្ចុប្បន្ន គួរតែចេះធ្វើជាគំរូល្អដោយយកគោលនយោបាយសម្រាប់ប្រកួតប្រជែងគ្នាតាមបែបផែនលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជៀសវាងការប្រកួតប្រជែងនយោបាយគ្នាក្នុងផ្លូវទុច្ចរិត ដោយសារមានគំនុំគុំគួន ការប្រកាន់ និងការលាបពណ៌គ្នាដោយសារនិន្នាការនយោបាយឡើយ។
ការលើកឡើងរបស់អ្នកនយោបាយបក្សប្រឆាំងនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីរាជការនៅតាមគ្រប់ក្រសួងស្ថាប័នរដ្ឋ ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ត្រូវចេញញត្តិគាំទ្រសាលក្រមតុលាការក្រុងភ្នំពេញដែលបានកាត់ទោសលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឱ្យជាប់ពន្ធនាគារនៅក្នុងផ្ទះ២៧ឆ្នាំ និងដកសិទ្ធិនយោបាយលោកទាំងអស់។
ក្រៅពីការបង្គាប់បញ្ជាឱ្យចេញញត្តិគាំទ្រតាមក្រសួងស្ថាប័នហើយនោះ មន្ត្រីរាជការនៅតាមក្រសួងខ្លះបានប្រាប់អាស៊ីសេរីថា ពួកគេបានទទួលរងការដាក់សម្ពាធ ដើម្បីចេញសារគាំទ្រសាលក្រមកាត់ទោសលោក កឹម សុខា ទាំងនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួន និងការចូលទៅសរសេរសារគាំទ្រតាមបណ្ដាញសារព័ត៌មានឯករាជ្យ ដើម្បីបន្សាបសំឡេងរិះគន់ ជួយលាងសម្អាតនយោបាយកខ្វក់របស់លោក ហ៊ុន សែន។
កាលពីឆ្នាំ២០១៧ សារបែងធ្លាយចេញពីអ៊ីម៉ែលរបស់មន្ត្រីវ័យក្មេងបក្សកាន់អំណាច និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានបង្ហាញពីការបង្កើតក្រុមសង្គ្រាមព័ត៌មានតាមអ៊ីនធឺណិត ដែលមានឈ្មោះជាភាសាអង់គ្លេសថា សាយប៊ឺ វរ រួម (Cyber War Room)។ ក្រុមនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ក្នុងរយៈពេលខ្លីក្រោយពីបាត់បង់សំឡេងឆ្នោតជិតពាក់កណ្ដាលទៅគណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំនោះ។
សារបែកធ្លាយនេះបន្តថា ក្រុមសង្គ្រាមព័ត៌មានតាមអ៊ីនធឺណិត មានលោក ហ៊ុន ម៉ាណែត និងលោក ស្វាយ ស៊ីថា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ជាប្រធាន និងមានអនុប្រធានជាច្រើនរូប ដូចជា លោក សុខ ពុទ្ធិវុធ កូនប្រសាលោក ហ៊ុន សែន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាកូនប្រុសលោក ឌិត មន្ទីរ ប្រធានតុលាការកំពូល លោក គឹម សន្តិភាព កូនប្រសាលោក ជាម យាប អនុប្រធានទី១រដ្ឋសភា លោក មាន ចាន់យ៉ាដា អភិបាលរងក្រុងភ្នំពេញ និងមន្ត្រីមានងារជាឯកឧត្តមជាច្រើននាក់ទៀត។
ក្រុមនេះបង្កើតដោយធ្វើសកម្មភាពតាមហ្វេសប៊ុក ដើម្បីបន្សាបរាល់ព័ត៌មានផ្សព្វផ្សាយដោយបក្សប្រឆាំង និងធ្វើប្រតិកម្មជាបន្ទាន់តាមប្រភេទពណ៌ខ្មៅ ប្រផេះ និងស ខណៈពួកគេបានចោទថា គណបក្សប្រឆាំងដែលកើនឡើងអាសនៈក្នុងសភា ដោយសារការប្រើប្រាស់ហ្វេសប៊ុក ជាកន្លែងប្រមូលផ្ដុំកម្លាំង និងព័ត៌មាន ជាឧបករណ៍ផ្សព្វផ្សាយគោលនយោបាយ និងជាឧបករណ៍បំពុលបរិយាកាស។
ថ្វីត្បិតមានការបដិសេធពីលោក គឹម សន្តិភាព ថា មិនបានបង្កើតក្រុមនេះឡើងក្ដី ប៉ុន្តែក្រុមនេះហាក់បានធ្វើសកម្មភាពយ៉ាងសកម្មជាបន្តបន្ទាប់តរៀងមក ចាប់តាំងពីការគាំទ្រការរំលាយគណបក្សសង្គ្រោះជាតិនៅក្នុងឆ្នាំ២០១៧ និងមួយរយៈពេលចុងក្រោយនេះ ជួយបន្សាបព័ត៌មានអាក្រក់ៗឱ្យឧកញ៉ា ដែលស្មោះស្ម័គ្រនឹងគ្រួសារលោក ហ៊ុន សែន ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួន។ ក្រុមនេះ បានធ្វើសកម្មភាពតាមហ្វេសប៊ុក ដើម្បីចេញវាយប្រហារទៅលើអ្នកសារព័ត៌មានជាលក្ខណៈបុគ្គលផង និងស្ថាប័នផង ដែលខ្លះប្រើប្រាស់ពាក្យជេរប្រមាថនិងចោទប្រកាន់ពុំសមគួរ។
មន្ត្រីនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានលើកឡើងថា លោកមិនបានដឹងថាមានការបង្កើតក្រុមសង្គ្រាមព័ត៌មានតាមហ្វេសប៊ុកសម្រាប់វាយប្រហារបក្សប្រឆាំង និងមតិរិះគន់ឡើយ។ លោកបន្តថា រដ្ឋាភិបាលនិងសហគមន៍អន្តរជាតិ ក៏មិនត្រូវការអង្គភាពបង្កើតព័ត៌មានក្លែងក្លាយនោះដែរ ប៉ុន្តែលោកថា នៅកម្ពុជាមានទាំងអង្គភាពសារព័ត៌មានគាំទ្រ និងមិនគាំទ្ររដ្ឋាភិបាល វាជារឿងធម្មតាប៉ុណ្ណោះ។
លោក សុខ ឥសាន៖ «កម្ពុជាជាសង្គមប្រជាធិបតេយ្យសេរី បើសេរីហើយ វាមានទស្សនៈផ្សេងៗគ្នា វាទាំងអ្នកស្រប វាមានទាំងអ្នកមិនស្រប»។
មន្ត្រីបក្សកាន់អំណាចមួយនេះក៏បដិសេធថា គ្មានការបង្ខិតបង្ខំឱ្យមន្ត្រីរាជការតាមក្រសួងស្ថាប័ន ឬកងកម្លាំងប្រដាប់អាវុធទាំងអស់ ចេញញត្តិឬសារគាំទ្រសាលក្រមកាត់ទោសលោក កឹម សុខា ប៉ុន្តែលោកថា វាជាការអនុវត្តតាមសិទ្ធិសេរីភាពរៀងៗខ្លួន។ លោកក៏ឆ្លៀតថ្លែងការពារគណបក្សកាន់អំណាចថា ពុំដែលបង្ខិតបង្ខំឱ្យអ្នកណាម្នាក់បោះឆ្នោតឱ្យគណបក្សរបស់លោកនោះដែរ។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ យល់ឃើញថា លោក ហ៊ុន សែន និងកូនប្រុសរបស់លោក លោក ហ៊ុន ម៉ាណែត បានរៀបចំបង្កើតក្រុមសង្គ្រាមព័ត៌មាននេះឡើងយ៉ាងម៉ត់ចត់បំផុត ដើម្បីបំភ័ន្តមហាជនជុំវិញរឿងនយោបាយដ៏អយុត្តិធម៌ ដែលលោក ហ៊ុន សែន បង្កើតឡើងសម្រាប់បង្ក្រាបលើគណបក្សប្រឆាំង។
លោក គឹម សុខ បន្តថា លោក ហ៊ុន សែន និងកូនប្រុសរបស់លោក បង្កើតក្រុមសង្គ្រាមព័ត៌មានដើម្បីប្រឌិតរឿងផ្សព្វផ្សាយទៅកាន់ពលរដ្ឋ ដោយសារខ្លាចប្រជាពលរដ្ឋដឹងរឿងអយុត្តិធម៌កាន់តែស៊ីជម្រៅ ហើយនាំគ្នាងើបតវ៉ាប្រឆាំង នៅពេលពួកលោកបង្កើតសមរភូមិសង្គ្រាមនយោបាយឈុតឆាកធំៗ ដូចជាការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារទាំងយប់ ការរំលាយគណបក្សសង្គ្រោះជាតិ និងការកាត់ទោសលោក កឹម សុខា ពីទោសក្បត់ជាតិជាដើម។
លោក គឹម សុខ៖ «ហើយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដឹងខ្លួនថា ចាញ់ប្រៀបសារព័ត៌មានសេរី ក្នុងការផ្សព្វផ្សាយព័ត៌មានពិតទៅកាន់មហាជន ហើយខ្លាចមហាជនយល់ដឹងដល់ជម្រៅសាច់រឿង និងហ៊ានក្រោកឡើងតវ៉ា។ ក្រុម(លោក) ហ៊ុន សែន អត់មានជម្រើសអ្វីក្រៅពីក្បួនបង្កើតក្រុមសង្គ្រាមព័ត៌មានមួយដើម្បីប្រឌិតរឿងមូលបង្កាច់ វាយប្រហារ ទៅលើបណ្ដាញសារព័ត៌មាន និងគូប្រជែងនយោបាយរបស់ខ្លួន»។
រដ្ឋាភិបាលលោក ហ៊ុន សែន បានជំរុញឱ្យមានការចេញញត្តិគាំទ្រការកាត់លោក កឹម សុខា ដោយសារការកាត់ទោសនេះ ត្រូវបានស្ថាប័នសិទ្ធិមនុស្សទាំងជាតិ និងអន្តរជាតិធំៗ រួមទាំងបណ្ដាប្រទេសលោកសេរី រួមមានសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងសហភាពអឺរ៉ុបជាដើម មើលឃើញថា ជាការបំពានបន្ថែមទៀតលើគោលការណ៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ អង្គការសិទ្ធិមនុស្ស និងប្រទេសកាន់យកលទ្ធិប្រជាធិបតេយ្យទាំងនោះ បានទាមទារឱ្យដោះលែង លោក កឹម សុខា និងត្រូវផ្ដល់សិទ្ធិនយោបាយឱ្យលោកដូចដើមវិញ ជាពិសេសត្រូវបង្កលក្ខណៈដល់ការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ខែកក្កដានៅពេលខាងមុខ ប្រកបដោយសេរី ត្រឹមត្រូវនិងគួរឱ្យជឿជាក់បាន៕
No comments:
Post a Comment