2023.03.03
ប្រជាសហគមន៍ជីអោក ស្រុករវៀង ខេត្តព្រះវិហារ សោកស្ដាយ ដែលអាជ្ញាធរ និងប្រធានសហគមន៍នៅតែបន្តឱ្យក្រុមហ៊ុនឯកជន ឈូសឆាយដីព្រៃសហគមន៍ដែលធ្វើឱ្យប៉ះពាល់ដល់ចម្ការវិលជុំរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយជាង២០គ្រួសារ។ ពលរដ្ឋអះអាងថា មានការឃុបឃិតគ្នារវាង អាជ្ញាធរ និងប្រធានសហគមន៍ បើកដៃឱ្យក្រុមហ៊ុនឯកជនឈូសឆាយព្រៃសហគមន៍ជាង ៥០០ហិកតារ។
ពលរដ្ឋដែលភាគច្រើនជាជនជាតិដើមភាគតិចកួយ រស់នៅភូមិជីអោក ឃុំរមណីយ ប្រឈមនឹងការបាត់បង់ដីចម្ការវិលជុំសម្រាប់ដាំដំណាំផ្គត់ផ្គង់ជីវភាព និងជាអត្តសញ្ញាណភូមិកំណើតរបស់ពួកគាត់។ ប្រជាសហគមន៍អះអាងថា មកទល់ពេលនេះ ក្រុមហ៊ុន សានតាណា (SANTANA AGRO PRODUCTS CO., LTD) ដែលពួកគាត់សង្ស័យថា ជារបស់អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន នៅតែបន្តយកគ្រឿងចក្រ ឈូសឆាយកម្ទេចព្រៃអស់ជាង ៥០០ ហិកតារ នៅរយៈពេលជាង ២សប្ដាហ៍ចុងក្រោយនេះ។
ពលរដ្ឋជនជាតិដើមភាគតិចកួយ លោក ឆុន សីហា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ មីនា ថា លោកមិនឯកភាពចំពោះការសម្រេចរបស់អាជ្ញាធរទេ ពីព្រោះការកាត់ឆ្វៀលដីសហគមន៍ឱ្យទៅក្រុមហ៊ុនឯកជនគ្រប់គ្រងបែបនេះគឺខុសពីច្បាប់។ លោកបន្តថា មន្ត្រីពាក់ព័ន្ធទាំងអស់ មុននឹងសម្រេចចិត្តធ្វើអ្វីគួរពិចារណាដល់ពលរដ្ឋជាជនជាតិភាគតិច ជៀសវាងការធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាសហគមន៍។
លោក ឆុន សីហា៖ «សុំសំណូមពរដល់ភាគីពាក់ព័ន្ធទាំងឡាយព្រមទាំងអាជ្ញាធររដ្ឋមិនថាថ្នាក់ទេពាក់ព័ន្ធនឹងដីធ្លីដូចជា ខាងសុរិយោដីសូមជួយដោះស្រាយដល់សហគមន៍ខ្ញុំបាទផង ក៏ដូចជាអង្គការសង្គមស៊ីវិលនានាដែលធ្វើរឿងដីសូមជួយធ្វើការស៊ើបអង្កេតអំពីការកាប់ទន្ទ្រាននេះផងបាទ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរបើកដៃឱ្យក្រុមហ៊ុនឈូសព្រៃបែបនេះទៀត នោះអាចធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វព្រៃ បាត់បង់ដើមឈើធំៗ ហើយជនជាតិដើមភាគតិចកួយបាត់បង់ប្រាក់ចំណូល និងមិនអាចថែរក្សាវប្បធម៌តទៅមុខទៀតបាននោះទេ។
«វាអយុត្តិធម៌ចំពោះពួកមីងពេកហើយដែលមកឈូសឆាយយកដីសហគមន៍ហ្នឹង យកតែដីព្រៃខាងក្រោយហ្នឹងមីងមិនថាទេ តែអាពួកមីងបានកាប់ឆ្ការបានដាំដំណាំខ្លះៗហើយហ្នឹង ដំណាំមីងអីដល់ត្រឹមជង្គង់ត្រឹមអីអស់ហើយ មកឈូសយកទៀតអ៊ីចឹងវាអយុត្តិធម៌ចំពោះពួកមីងពេកហើយ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយជុំវិញសកម្មភាពឈូសឆាយនេះពីអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក យ៉ុង គឹមហឿង និងប្រធានមន្ទីរបរិស្ថានលោក សុង ច័ន្ទសុជាតិ បាននៅឡើយទេ នៅថ្ងៃទី២ មីនា ដោយទូរស័ព្ទហៅចូល តែពុំមានអ្នកទទួល។ វិទ្យុអាស៊ីសេរីក៏មិនអាចទាក់ទង លោក អ៊ុក គឹមសាន និងតំណាងក្រុមហ៊ុន សានតាណា ដើម្បីសុំការស្រាយបំភ្លឺរឿងនេះបាននៅឡើយដែរ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមានកាតព្វកិច្ចការពារផលប្រយោជន៍ឱ្យពលរដ្ឋមិនមែនមានតួនាទីកាងអំណាចឱ្យក្រុមហ៊ុនឯកជននោះទេ។ លោកបន្តថា បើមន្ត្រីរដ្ឋាភិបាលនៅតែបន្តការពារក្រុមហ៊ុនឯកជនទៀត នោះអាចធ្វើឱ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចប្រឈមនឹងបាត់បង់ ប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត និងបំផ្លាញវប្បធម៌របស់ពួកគាត់ផងដែរ។
លោក ឡោ ចាន់៖ «ហីយើងនិយាយពីគោលការណ៍ច្បាប់ដីទាំងអស់ហ្នឹងស្ថិតក្នុងដីសហគមន៍ទោះបីសហគមន៍ឆ្វៀលឱ្យក៏វាមិនត្រូវគោលការណ៍ច្បាប់ដែរ ពីព្រោះក្នុងនាមជាសហគមន៍អត់មានសិទ្ធិអីទៅឆ្វៀលដីឱ្យក្រុមហ៊ុនណាទេ វាលើកលែងតែមានលិខិតបទដ្ឋានគតិយុត្តិណាមួយស្របច្បាប់ទើបយើងគិតថាជារឿងស្របច្បាប់ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ ប៉ុន្តែសហគមន៍គាត់ទៅឃុបឃិតជាមួយក្រុមហ៊ុន ឬក៏គាត់ត្រូវរ៉ូវជាមួយជនណាម្នាក់ទៅគាត់ចេះតែឆ្វៀលឱ្យទៅអាហ្នឹងមិនមែនជាផ្លូវច្បាប់ទេអានឹងក្រៅគោលការណ៍ច្បាប់»។
ក្រុមហ៊ុនសានតាណា មានគម្រោងឈូសឆាយដីព្រៃដើម្បីដាំពោត សណ្ដែក និងដំឡូង ដែលមានរយៈពេល ១៥ឆ្នាំក្នុងការវិនិយោគ។
ច្បាប់ភូមិបាលមាត្រា២៥ ចែងថា ដីសហគមន៍ជនជាតិដើមភាគតិច គឺជាដីទាំងអស់ដែលសហគមន៍បានរៀបចំនិវេសនដ្ឋាន និងប្រកបរបរកសិកម្មប្រពៃណី។ ដីសហគមន៍ជនជាតិដើមភាគតិចមិនមែនមានតែដីដែលដាំដុះជាក់ស្ដែងនោះទេ ប៉ុន្តែមានដីបម្រុងទុកចាំបាច់ក្នុងការប្ដូរវេនដាំដំណាំថែមទៀតដែលតម្រូវតាមរបៀបទាញយកផលដែលធ្លាប់ធ្វើកន្លងមក ហើយត្រូវទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាល។
ព្រៃសហគមន៍ភូមិជីអោក ឬហៅម្យ៉ាងទៀតថា សហគមន៍តំបន់ការពារធម្មជាតិជីអោក បឹងព្រៃ មានផ្ទៃដីជិត ៣ពាន់ហិកតារ (២.៥៦៥) ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងបរិស្ថាន កាលពីឆ្នាំ២០០៣។ ព្រៃសហគមន៍មួយនេះ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃបឹងពែរ។
ប្រជាសហគមន៍អះអាងថា ដើមឈើធំៗភាគច្រើនជាឈើគគីរ ស្រឡៅ ពពេល ផ្ដៀក និងដើមច្បោះជ័រ ជាដើម ត្រូវបានក្រុមហ៊ុនកាប់ដឹកទាំងយប់ថ្ងៃ។ លើសពីនេះទៀត ព្រៃសហគមន៍មួយនេះក៏ធ្លាប់ជាជម្រកសត្វព្រៃ រួមមាន សត្វទន្សោង ស្វា ខ្ទីង ប្រើស ក្ងោក និងជ្រូកព្រៃ ជាដើម។ ប៉ុន្តែពេលនេះសត្វកម្រទាំងនេះ បានបាត់ខ្លួនអស់ជាបន្តបន្ទាប់ ដោយសារការលួចបរបាញ់សម្លាប់ធ្វើអាជីវកម្ម និងខ្លះទៀតឆេះស្លាប់ក្នុងការដុតព្រៃ៕
No comments:
Post a Comment