2023.03.02
ប្រជានេសាទរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ បានស្នើឱ្យរដ្ឋាភិបាលគួរមានកញ្ចប់ថវិកាឧបត្ថម្ភសម្រាប់ការចុះល្បាតទប់ស្កាត់ការនេសាទខុសច្បាប់ ដែលកំពុងគំរាមកំហែងកាន់តែខ្លាំងដល់ការរស់នៅរបស់សត្វផ្សោត។ ការស្នើនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ទីតាំងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង សម្រាប់អភិរក្សនិងការពារសត្វផ្សោតឱ្យបានគង់វង្ស។
ប្រធានសហគមន៍នេសាទភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ លោក ធឹក រិទ្ធិយ៉ា ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១ មីនា ថា កន្លងមកការចុះល្បាតទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ដូចជាឆក់ និងការដាក់មងក្រឡាធំៗជាដើម ភាគច្រើនធ្វើឡើងដោយក្រុមសហគមន៍នេសាទ ប៉ុន្តែនៅក្នុងរយៈពេលជិត២ឆ្នាំមកនេះ សហគមន៍មួយចំនួននៅឃុំកំពង់ចាម បានផ្អាកចុះល្បាត ដោយសារលែងទទួលបានថវិកាឧបត្ថម្ភពីក្រុមអង្គការអភិរក្សនិងការពារជីវចម្រុះទន្លេមេគង្គ ដូចជាអង្គការមូលនិធិសត្វព្រៃពិភពលោកWWF និងអង្គការអភិវឌ្ឍន៍ភូមិភាគឦសាន(NRD)ជាដើម។
លោក ធឹក រិទ្ធិយ៉ា៖ «សុំស្នើឱ្យប្រមុខរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជួយជាមធ្យោបាយ សម្រាប់ជាថវិកាសម្រាប់ឱ្យគាត់ចុះល្បាត។ ព្រោះរាល់ថ្ងៃនេះ មានតែសហគមន៍ទេ ប៉ុន្តែអត់មានមធ្យោបាយ ដើម្បីចុះល្បាត ចុះឃ្លាំងមើល ចុះការពារ។ ទីពីរ បើពឹងផ្អែក នាយខណ្ឌជលផល គាត់មានគ្នាតិច»។
ប្រធានសហគមន៍នេសាទរូបនេះបន្តថា ពលរដ្ឋនៅសហគមន៍របស់លោកតែងឆ្លាស់គ្នាចុះល្បាតនៅតាមតំបន់សត្វផ្សោតរស់នៅ ដោយម្ដងមានគ្នាពីរទៅ៣នាក់ ក្នុងម្នាក់ទទួលបានប្រាក់ឧបត្ថម្ភ១០ដុល្លារ ដើម្បីចុះល្បាតជាមួយសហគមន៍នេសាទផ្សេងទៀតមួយយប់ទល់ភ្លឺទើបចូលផ្ទះវិញ។ លោកបន្តថា ដើម្បីអភិរក្សសត្វផ្សោតឱ្យកាន់តែមានប្រសិទ្ធភាព ក្រៅពីការចុះល្បាត រដ្ឋាភិបាលគួរតែលុបបំបាត់ឧបករណ៍ឆក់និងមងក្រឡាធំៗ ដែលអាចបង្កគ្រោះថ្នាក់ដល់សត្វផ្សោត។
ការលើកឡើងពីប្រធានសហគមន៍នេសាទនេះបានធ្វើឡើង បន្ទាប់ពីមានអនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ កុម្ភៈ បានកំណត់តំបន់ទន្លេមេគង្គប្រវែង១២០គីឡូម៉ែត្រ ចាប់ពីចំណុចក្រាមស្ពានមិត្តភាពកម្ពុជា-ចិននៃខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ក្នុងខេត្តក្រចេះ ធ្វើជាតំបន់ការពារនិងអភិរក្សសត្វផ្សោត ដែលគេចាត់ទុកថាជារតនសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋ។
អនុក្រឹត្យបន្តថា តំបន់ការពារនិងអភិរក្សនេះ ត្រូវទុកជាកន្លែងសម្រាប់រស់នៅ ផ្លាស់ទី ស្វែងរកចំណី និងបន្តពូជរបស់សត្វផ្សោត ហើយត្រូវហាមឃាត់សកម្មភាពមួយចំនួន ដូចជាការនេសាទគ្រប់ប្រភេទ ការធ្វើវារីវប្បកម្ម ឬចិញ្ចឹមត្រី ការបើកនាវាឆ្លងកាត់ដែលមានឧបករណ៍នេសាទ ការតាំងទីលំនៅ និងការធ្វើសកម្មភាពផ្សេងទៀតធ្វើឱ្យប៉ះពាល់ធនធានជលផលកំពុងរងគ្រោះថ្នាក់ ជាពិសេសសត្វផ្សោតនៅក្នុងតំបន់អភិរក្ស។ បន្ថែមពីនេះ ការនេសាទដោយប្រើមង ឬសន្ទូច រនង និងឧបករណ៍នេសាទខ្នាតធំ ត្រូវហាមឃាត់នៅក្នុងតំបន់ដែលចាត់ទុកថាកន្លែងការពារ។
អង្គការមូលនិធិសត្វព្រៃពិភពលោកបានសាទរចំពោះការចេញអនុក្រឹត្យនេះ។ អង្គការនេះបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា ផែនការកំណត់ និងគ្រប់គ្រងតំបន់ទីជម្រកច្បាស់លាស់ និងការបោះបង្គោលព្រំដែនជាក់លាក់នៅក្នុងតំបន់ទីជម្រកសត្វផ្សោត នឹងជំរុញការពង្រឹងអនុវត្តច្បាប់និងការងារល្បាតតាមដងទន្លេប្រកបដោយប្រសិទ្ធភាព។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺបន្ថែមពីមន្ត្រីនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា និងប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ពុំ ស៊ីថា បានទេ ដោយសារទូរស័ព្ទហៅចូលគ្មានអ្នកទទួល។ ប៉ុន្តែ លោក នេត្រ ភក្ត្រា បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា អនុក្រឹត្យនេះនឹងជួយឱ្យសត្វផ្សោតទទួលបានសុវត្ថិភាពបន្ថែម ធ្វើឱ្យចំនួនកើនឡើងនិងមិនស្លាប់ច្រើនដូចនៅពេលនេះទេ ខណៈក្រសួងកំពុងរៀងចំចងក្រងឯកសារដើម្បីស្នើសុំដាក់តំបន់សត្វផ្សោតកាំពីក្នុងខេត្តស្ទឹងត្រែងរហូតដល់ព្រំដែនឡាវ ជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោកនៅក្នុងបញ្ជីអង្គការយូណេស្កូ (UNESCO)។
ពលរដ្ឋដែលរស់នៅនៅជិតអន្លង់សត្វផ្សោតកោះផ្ដៅនៅឃុំកំពង់ចាមលោកស្រី អេន លីតា បានលើកឡើងថា ក្រៅពីបង្ក្រាបការនេសាទខុសច្បាប់ឱ្យមានប្រសិទ្ធភាព អាជ្ញាធរក៏គួរតែចុះអប់រំប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ឱ្យឈប់បំពុលបរិស្ថានទន្លេ ដូចជាចិញ្ចឹមជ្រូកនិងការបង្ហូរលាមកជ្រូកចូលទៅក្នុងទន្លេជាដើម។
លោកស្រី អេន លីតា៖ «ពេលខ្លះក៏មានសំរាម ការចោលសម្ភារៈផ្ទះបាយចូលក្នុងទឹកទន្លេក៏មានដែរ និងការធ្វើទ្រុងជ្រូកនៅជាប់មាត់ទន្លេជាដើម»។
ឆ្លើយតបនឹងការលើកឡើងនេះ មេឃុំកំពង់ចាមលោក ឈិត ណន បានលើកឡើងថា អាជ្ញាធរតែងចុះផ្សព្វផ្សាយជាប្រចាំទៅដល់ពលរដ្ឋឱ្យចូលរួមការពារនិងអភិវឌ្ឍសត្វផ្សោត ជាពិសេសមិនឱ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។
លោក ឈិត ណន៖ «មិនដឹងធ្វើម៉េចទេខ្ញុំ ប៉ុន្តែបានផ្សព្វផ្សាយហើយ។ ឬក៏ធ្វើយ៉ាងម៉េច យើងអត់មានថវិកា ប៉ុន្តែយើងបានផ្សព្វផ្សាយជាប្រចាំហើយ»។
អង្គការមូលនិធិសត្វព្រៃពិភពលោកបានបញ្ជាក់ថា យោងតាមជំរឿនឆ្នាំ២០២០ សត្វផ្សោតរស់នៅទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែងមានចំនួនប្រមាណ៨៩ក្បាល ប៉ុន្តែដោយសារការគំរាមកំហែងផ្សេងៗ ដូចជាការនេសាទខុសច្បាប់ និងការសាងសង់ទំនប់វារីអគ្គីសនីនៅប៉ែកខាងលើទន្លេមេគង្គ បានធ្វើឱ្យសត្វផ្សោតងាប់សរុប ២៩ក្បាលក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្នុងនោះ១១ក្បាលបានងាប់នៅក្នុងឆ្នាំ២០២២។
អង្គការមួយនេះ បន្តអំពាវនាវឱ្យអាជ្ញាធរទទួលខុសត្រូវទាំងអស់ ត្រូវតែពង្រឹងការអនុវត្តច្បាប់ជាបន្ទាន់ ក្នុងការបង្កើនការចុះល្បាតទាំងយប់ថ្ងៃ ដើម្បីការពារសត្វផ្សោតដែលនៅសេសសល់នេះ អាចបន្តកើតកូនចៅទៅមុខទៀត៕
No comments:
Post a Comment