Friday 31 March 2023

លោក ថាច់ សេដ្ឋា បន្ត​ជាប់​ឃុំ​តាម​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍


ដោយ សុជីវី
2023.03.31
លោក ថាច់ សេដ្ឋា បន្ត​ជាប់​ឃុំ​តាម​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍  
អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
 

សាលាឧទ្ធរណ៍​ភ្នំពេញ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន របស់​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ដោយ​តម្កល់​សេចក្ដីសម្រេច​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​នៅ​រសៀល​ថ្ងៃទី​៣០ ខែ​មីនា។ ក្រុម​គ្រួសារ​លោក ថាច់ សេដ្ឋា និង​មេធាវី​ការពារ​ក្ដី ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ថា ជា​រឿង​អយុត្តិធម៌ និង​មាន​ចេតនា​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​ឈឺឆ្អាល​បញ្ហា​នយោបាយ។

សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​បន្ត​ឃុំខ្លួន លោក ថាច់ សេដ្ឋា នៅ​ពន្ធនាគារ​ព្រៃស (ម១) ដដែល។ក្រោយ​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នៅ​រសៀល​ថ្ងៃទី​៣០ ខែ​មីនា។សហ​មេធាវី​ការពារ​ក្ដី លោក ថាច់ សេដ្ឋា ខកចិត្ត​ដែល​តុលា​ការ​មិន​អនុញ្ញាត​ឱ្យ​កូនក្ដី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។

 

បើ​ទោះ​បី​ជា​តុលាការ​មិន​អនុញ្ញាត​ឱ្យ លោក ថាច់ សេដ្ឋា នៅ​ក្រៅ​ឃុំ​យ៉ាង​ក្ដី​ក៏ លោក ថាច់ សេដ្ឋា នៅក្នុង​សំលៀកបំពាក់​ពណ៌​ស្លា​ទុំ បង្ហាញ​ទឹកមុខ​ញញឹម និង​លើកដៃ​ឡើងលើ​បង្ហាញ​ពី​ការ​តស៊ូ ពុំ​មាន​ការតក់ស្លុត និង​បាក់​ស្មារតី​នោះ​ទេ។

មេធាវី​ការពារ​ក្ដី លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ មីនា ថា ការ​សម្រេច​របស់​តុលាការ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ព្រោះ​កូនក្ដី​របស់​លោក​បាន​តម្កល់​ទឹកប្រាក់ ៣​ម៉ឺន​ដុល្លារ​ដើម្បី​ធានា​សំណង​ដើម​បណ្ដឹង។ លោក​បញ្ជាក់​ហេតុផល​ថា កូនក្ដី​របស់​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា ជំងឺ​បេះដូង ជំងឺ លើសឈាម និង​ជំងឺ​ទឹកនោមផ្អែម ប៉ុន្តែ​ចៅក្រម​សាលាឧទ្ធរណ៍​នៅតែ​ច្រាន​ចោលការ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ដោយ​អះអាង​ថា នៅ​ក្នុង​ពន្ធនាគារ​មាន​ពេទ្យ​សម្រាប់​ព្យាបាល​ហើយ។

សហ​មេធាវី​ការពារ​ក្ដី លោក ថាច់ សេដ្ឋ ម្នាក់​ទៀត​គឺ លោក សឺន ជុំជួន សោកស្ដាយ​ដែល​សភា​ស៊ើបសួរ​មិន​បាន​ឆ្លើយ​តប​ទៅ​តាម​ការ​ស្នើ​សុំ​របស់​កូនក្ដី​លោក។

លោក សឺន ជុំជួន៖ «ស្នើ​ទៅ​ស្ថាប័ន​តុលាការ​ពិចារណា​ឡើងវិញ​ទាក់ទង​អ្វី​ដែល​ជា​ការ​មិន​អនុញ្ញាត​សូម​ឱ្យ​ពិចារណា​ឡើងវិញ​អ្វី​ដែល​ជា​ការ​ស្នើសុំ​របស់​យើង​ដូចជា​សហ​មេធាវី»

ប្រធាន​ចលនា​ស្ត្រី​របស់​គណបក្ស​ភ្លើងទៀន លោកស្រី វង រុន្នី ថ្លែង​ថា ការ​សម្រេច​របស់​តុលាការ​គឺជា​រឿង​អយុត្តិធម៌ និង​ជា​រឿង​នយោបាយ​ដែល​ស្រី​មិនអាច​ទទួល​យក​បាន។ លោកស្រី​បញ្ជាក់​ថា​ការណ៍​ដែល​រដ្ឋាភិបាល​បន្ត​ចាប់ខ្លួន​សកម្មជន​នយោបាយ ហើយ​តុលាការ​មិន​ឯករាជ្យ​ទៀត​ធ្វើ​ឱ្យ​អ្នក​ចង់​ចូលរួម​ធ្វើ​នយោបាយ​ជួយ​សង្គមជាតិ​បាក់​ស្មារតី​មិន​ហ៊ាន​ចូលរួម។

លោកស្រី វង រុន្នី៖ «ខ្ញុំ​ឈឺចាប់​ជាង​គឺ​លោកស្រី នូ សុទ្ធារី ដែល​ជា​អនុប្រធាន​ចលនា​ស្ត្រី​ចាប់​គាត់​ជា​ស្ត្រី​ម្នាក់​ហើយ​ជា​ភេទ​ទន់ខ្សោយ គាត់​ក៏​អាយុ​ចាស់​ដែរ មនុស្ស​២០ ៣០​នាក់​ទៅ​ចាប់​គាត់​រូបភាព​ហ្នឹង​សម្បើម​មែនទែន និយាយ​ឱ្យ​អស់​ទៅ​រូបភាព​នេះ​នយោបាយ​រូបភាព​បំបាក់ទឹកចិត្ត​ដល់​សកម្មជន និង​ប្រជាពលរដ្ឋ​ខ្ញុំ​នៅ​ទទូច​ដដែល​សូម​ឱ្យ​សកម្មជន​គណបក្ស​ភ្លើងទៀន​ត្រូវតែ​រឹងមាំ​ទាំងអស់​ខ្ញុំ​ជឿ​ថា អ្វីៗ​គួរតែ​មាន​ទី​បញ្ចប់​ទេ»

សវនាការ​នេះ​ធ្វើឡើង​ក្រោម​ការ​ឃ្លាំមើល​ពី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ចំណែកឯ​នៅ​ខាងក្រៅ​របង​តុលាការ​វិញ​មាន​សមត្ថកិច្ច​ប្រមាណ ១០​នាក់​ឈរ​យាមល្បាត។

ប្រពន្ធ​លោក ថាច់ សេដ្ឋា គឺ​លោកស្រី ថាច់ សុខបូរ៉ានី រៀបរាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា លោកស្រី​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​ប្ដី​លោកស្រី ហើយ​លោកស្រី​ពិបាកចិត្ត​នៅពេល​កូនៗ​សួរ​ឪពុក​ជា​រៀងរាល់ថ្ងៃ​តែ​លោកស្រី​មិនដឹង​ត្រូវ​ប្រាប់​យ៉ាងម៉េច។

លោកស្រី ថាច់ សុខបូរ៉ានី៖ «ខ្ញុំ​មិនអាច​ទទួលយក​បានទេ​ដោយសារ​អី​ខ្ញុំ និង​ប្រពន្ធ​កូន​ខ្នះខ្នែង​ជាប់​លុយ​បុគ្គល​មិន​សង​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​ខ្ញុំ​មើល​ទៅ គាត់​រាង​ទ្រុឌទ្រោម​គាត់​ថា មិន​អី​ប៉ុន្តែ​គាត់​ខ្ញុំ​មើល​ទៅ​គាត់​ពិតជា​ទ្រុឌទ្រោម​មែនទែន​ហ្មង»

ជុំវិញ​រឿង​នេះ​ដែរ នាយក​ទទួលបន្ទុក​ចាត់​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា តុលាការ​គួរតែ​ពិចារណា​ឡើងវិញ​ពាក់ព័ន្ធ​នឹង​ការ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ថាច់ សេដ្ឋា ពីព្រោះ​បើ​កម្ពុជា​នៅតែ​មិន​បើក​លំហ​សិទ្ធិ​សេរីភាព ហើយ​ការបោះឆ្នោត​ខាងមុខ​មិន​សេរី មិន​យុត្តិធម៌ មិន​ត្រឹមត្រូវ កម្ពុជា​ប្រឈម​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ទាំងស្រុង​ពី​សហភាព​អឺរ៉ុប ។ លោក​បន្ត​ថា អ្នក​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ គឺជា​ពលរដ្ឋ​ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ពិចារណា​លើ​បញ្ហា​ទាំង​នេះ​ឡើងវិញ។

អាជ្ញាធរ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចាប់ខ្លួន ថាច់ សេដ្ឋា កាលពី​នៅ​ថ្ងៃទី​១៦ មករា និង​ចោទ​លោក ថាច់ សេដ្ឋា ពាក់ព័ន្ធ​នឹង​ការ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» ឬ​ចេញ​សែក​អត់​លុយ ។ ប៉ុន្តែ​លោក ថាច់ សេដ្ឋា ឱ្យ​ដឹង​តាមរយៈ​មេធាវី​របស់​លោក​បាន​បដិសេធ ដោយ​អះអាង​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ ហើយ​រឿង​នេះ គឺជា​បណ្ដឹង​ក្រោម​រូបភាព​នយោបាយ។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អង្គការ​អន្តរជាតិ​លើកឡើង​ថា ការ​ចោទ​ប្រកាន់​លើ​អនុប្រធាន​គណបក្ស​ភ្លើងទៀន និង​មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​នេះ​គឺជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​រឿង​អយុត្តិធម៌។

រដ្ឋាភិបាល លោក ហ៊ុន សែន នៅ​ពេល​ការ​បោះឆ្នោត​ខិត​ជិត​មកដល់​នេះ​បាន​ប្រើ​ប្រព័ន្ធ​តុលាការ ជា​ឧបករណ៍​ដើម្បី​បង្ក្រាប និង​ចាប់ខ្លួន​ថ្នាក់ដឹកនាំ និង​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ភ្លើងទៀន​ជា​បន្តបន្ទាប់។ ក្រៅពី​លោក ថាច់ សេដ្ឋា នោះ ថ្មីៗ​នេះ តុលាការ បាន​ចាប់​មន្ត្រី​បក្ស​ភ្លើងទៀន ៣​នាក់​ទៀត​ដាក់​ពន្ធនាគារ​ដែល​រួមមាន​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ខេត្ត​កំពង់ចាម លោក តូច ថឹង ប្រធាន​ចលនា​យុវជន​គណបក្ស​ភ្លើងទៀន លោក ខឿន វីរ៉ាត់ ព្រមទាំង​អនុប្រធាន​ចលនា​ស្ត្រី អ្នកស្រី នូ សុទ្ធារី។ ចំណែក​អនុប្រធាន​គណបក្ស​នេះ​ម្នាក់ទៀត លោក សុន ឆ័យ ត្រូវ​បាន​តុលាការ​ទាំង​បី​ថ្នាក់​បង្គាប់​ឱ្យ​បង់ប្រាក់ ១​លាន​ដុល្លារ ទៅ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា រីឯ​ឧត្ដម​ទីប្រឹក្សា​គណបក្ស​នេះ គឺ​លោក គង់ គាំ ក៏​ត្រូវ​បង្ខំចិត្ត​ប្រគល់​ដី​ផ្ទះ​របស់​ខ្លួន​តម្លៃ​រាប់​លាន​ដុល្លារ​ឱ្យ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ជា​ថ្នូរ​ដើម្បី​ឱ្យ​លោក​ជៀស​ផុស​ពី​ប្ដឹងផ្ដល់​តាមផ្លូវ​តុលាការ៕

 

No comments: