Friday 31 March 2023

លោក សម រង្ស៊ី ថា ​ឧក្រិដ្ឋកម្ម​គប់​គ្រាប់​បែក​​សម្លាប់មនុស្ស ១៦នាក់​កាល​ពី​ ២៦​ឆ្នាំ​មុន​មាន​ពន្លឺ​យុត្តិធម៌​ខ្លះ​ហើយ


ដោយ​ សេក បណ្ឌិត
2023.03.30
លោក សម រង្ស៊ី ថា ​ឧក្រិដ្ឋកម្ម​គប់​គ្រាប់​បែក​​សម្លាប់មនុស្ស ១៦នាក់​កាល​ពី​ ២៦​ឆ្នាំ​មុន​មាន​ពន្លឺ​យុត្តិធម៌​ខ្លះ​ហើយ  
មន្ត្រី​គណបក្ស​ភ្លើងទៀន​ដាក់​កម្រង​ផ្កា​រម្លឹកដល់​ជន​រងគ្រោះ​ ១៦​នាក់​ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​គប់គ្រាប់បែក កាល​ពី​ឆ្នាំ១៩៩៧ នៅ​ជិត​មន្ទីររដ្ឋសភាចាស់។​ រូប​នៅ​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
 

លោក សម រង្ស៊ី​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ អះអាង​ថា ​ឧក្រិដ្ឋកម្ម​គប់​គ្រាប់​បែក​សម្លាប់​ជនស្លូតត្រងចំនួន ​១៦នាក់​ កាល​ពី​ ២៦​ឆ្នាំ​មុន ​មាន​ពន្លឺ​យុត្តិធម៌​ខ្លះ​ហើយ បើ​ទោះជា​​អាជ្ញាធរ​កម្ពុជា​រក​មុខ​ឧក្រិដ្ឋជន​​ និង​អ្នក​នៅ​ពីក្រោយ​មិន​ទាន់​ឃើញ​ក្ដី។ ចំណែក​គណបក្ស​ភ្លើងទៀន​ទាមទារ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យមាន​ឆន្ទៈ​​ក្នុង​ស៊ើបអង្កេត​ករណី​នេះ​ដើម្បី​ផ្ដន្ទាទោស​ជន​ប្រព្រឹត្តិទៅតាម​ច្បាប់។

ថ្ងៃ​នេះ​ ២៦​ឆ្នាំ​មុន​ឧក្រិដ្ឋជន​បាន​គប់​គ្រាប់​បែក​ដៃ​ចំនួន​ ៤​គ្រាប់​សម្លាប់​ជន​ស្លូតត្រង​អស់​ ១៦​នាក់ ​និង​មនុស្ស​ជាង ១០០​នាក់​ទៀត​រង​របួស​។ ក្រុម​ជន​ដៃដល់​​ប៉ុនប៉ង សម្លាប់​លោក សម រង្ស៊ី ភរិយារបស់លោកគឺ អ្នកស្រី ជូឡុង សូមូរ៉ា លោក ជា វិជ្ជា ប៉ុន្តែ​អំពើឃាតកម្មនេះ គ្រាន់តែបណ្ដាលឱ្យលោក សម រង្ស៊ី រងរបួសធ្ងន់ ហើយ​អ្នក​ស្លាប់​ភាគ​ច្រើន​ គឺជាកម្មករ​រោងចក្រ បញ្ញវន្ត និស្សិត​ និង​អង្គរក្ស​របស់​លោក សម រង្ស៊ី។ 

 

លោក សម រង្ស៊ី ដែល​រួច​ជីវិត​ពី​ការវាយប្រហារ​នេះ​ព្រោះ​អង្គរក្ស​របស់​លោក​យក​ខ្លួន​ទៅ​ពាំង​រង​គ្រាប់​ជំនួស​ លោក​ចោទ​ប្រកាន់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មេខ្លោង​ធំ​ ដែល​បញ្ជាឱ្យ​មេ​កង​អង្គរក្ស​របស់​ខ្លួនគឺ​លោក​ ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋកម្ម​នេះ​​។ ​លោក សម រង្ស៊ី លើកឡើង​ដូច្នេះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថ្ងៃ​ទី៣០ ខែ​មីនា។ លោក សម រង្ស៊ី ឱ្យ​ដឹង​ទៀត​ថា ខុស​ពី​ខួប​លើក​មុនៗ​ ​ ខួប​លើកទី​២៦​​ នេះ​ មាន​ពន្លឺ​យុត្តិធម៌​ក្នុង​ការ​វែក​មុខ​ជន​ដៃ​ដល់​ និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ជន​ដៃ​ដល់​ទាំង​នោះ​ហើយ​។ លោក​អះអាង​ទៀត​ថា កាល​ពី​ថ្ងៃ​៣០ ​ធ្នូ ឆ្នាំ​២០២១ ​តុលាការ​បារាំង នៅ​ទីក្រុង​ប៉ារីស បាន​ចេញ​ដីកា​​ឱ្យ​ចាប់​ខ្លួន​លោក ​ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង។ លោក សម រង្ស៊ី កំពុង​រស់នៅ​​ប្រទេស​បារាំង​ និង​មាន​សញ្ជាតិ​បារាំង​ផង​នោះ ដែល​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំរឿង​នេះ អះអាង​ទៀត​ថា ចាប់​ពី​ឆ្នាំ​២០២៣ ត​ទៅ​ នឹង​មាន​ការ​កាត់​ទោស​ លោក​ ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ហើយ​ឈាន​ទៅ​ដល់​កាត់​ទោស​លោក​ ហ៊ុន សែន ដែល​ជា​អ្នក​បញ្ជា​ជន​ដៃ​ដល់​​ទាំង ​២នាក់​​នេះ​។

ជន​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​នោះ និង​ជា​អង្គរក្សលោក សម រង្ស៊ី គឺលោក សូ តារា ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក​គ្មាន​រំពឹង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​ផ្ដល់​យុត្តិធម៌​ជូន​រូប​លោក ​និង​ជន​រងគ្រោះ​ផ្សេង​ទៀត​បាន​ឡើយ។ លោក​ សូ តារា ដែល​ជាប់​​អំបែង​គ្រប់​ចំនួន​ ៥​គ្រាប់​​ក្នុង​ជើង​ខាង​ស្ដាំ​របស់​លោក លើកឡើង​ថា ទោះ​ហេតុការណ៍​នេះ​មាន​រយៈ​ពេល​ ២៦ឆ្នាំ​​ហើយ​ក្ដី ប៉ុន្តែ​រូបភាព​នោះ​​នៅតែ​តាម​លង​បន្លាច​រូប​លោក​មក​ដល់​សព្វ​ថ្ងៃ​នេះ​។

លោក សូ តារា៖ «ខ្ញុំ​មិន​ដឹង​ថា ទៅ​ពឹង​អី​ទេ ចំពោះ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ បើសិន​ជា​សហគមន៍​អន្តរជាតិ ឬ​ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​តុលាការ​អន្តរជាតិ​អាច​ជួយ​ឱ្យ​ពួក​យើង​ខ្ញុំ​មាន​សង្ឃឹម​ខ្លះ»

ថ្ងៃ​ខួប​ ២៦​ឆ្នាំ​នៃ​គប់​គ្រាប់​បែក​សម្លាប់​ក្រុម​បាតុករនេះ​ដែរ គណបក្ស​ភ្លើងទៀន បាន​ជួប​ជុំ​ដាក់​កម្រង​ផ្កា​ និងនិមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​បង្សុកូល​ជូន​ជន​រងគ្រោះ​ ១៦​នាក់​ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​គប់គ្រាប់បែក​នេះ។ ពិធី​សាសនា​នេះ​ធ្វើ​នៅ​កន្លែង​កើតហេតុ​​ស្ថិត​នៅ​បរិវេណ​ស្តូបវីរ​បាតុករ មុខ​អតីត​មន្ទីរ​រដ្ឋសភា​ ព្រឹក​ថ្ងៃ​ទី៣០ ខែ​មីនា។ ពិធី​នេះ​មាន​ព្រះសង្ឃ​ចំនួន​ ៩​អង្គ ធ្វើ​ពិធី​សាសនា ​និង​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន និង​អ្នក​ចូលរួម​ជាង ​១០០​នាក់។

គណបក្ស​ភ្លើងទៀន​ចេញ​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី៣០ ខែ​មីនា អំពាវនាវ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​វែក​មុខ និង​ចាប់​ខ្លួន​ឃាតកពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ភេរវកម្ម​នេះ យក​មក​ផ្ដន្ទាទោស​ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ និង​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក រ៉ុង ឈុន លើកឡើង​ក្នុងពេល​ប្រារព្ធ​ពិធី​នេះ​ដែរ​ថា ២៦​ឆ្នាំមក​នេះ​ មិន​ទាន់មាន​ពន្លឺ​យុត្តិធម៌​ទេ​ ព្រោះ​អាជ្ញាធរ​រក​មុខ​ឃាតក​មិន​ទាន់​ឃើញ។ លោក​បន្ត​ទៀត​ថា មិនមែន​តែ​ករណី​ឃាត​កម្ម​នេះ​មួយ​ទេ គឺ​ករណី​​បាញ់សម្លាប់​លើ​អ្នក​សារព័ត៌មាន មេ​សហជីព និង​អ្នកធ្វើ​ការងារ​សង្គម​ផ្សង​ទៀត ​ក៏​សមត្ថកិច្ច​រក​មុខ​ជន​ប្រព្រឹត្តិ​មិនទាន់​ឃើញ​​​ដែរ។ អនុប្រធាន​គណបក្ស​ភ្លើងទៀន​រូប​នេះ លើកឡើង​ទៀតថា បើ​ការ​បោះឆ្នោត​ខែ​កក្កដា ខាងមុខ​គណបក្ស​ភ្លើងទៀន​ឈ្នះ​ឆ្នោត​ គឺ​រដ្ឋាភិបាល​គណបក្ស​ភ្លើងទៀន​នឹង​រៀបចំ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​រឿង​នេះ​ឡើង​វិញ។

លោក​រ៉ុងឈុន៖ «សព្វ​ថ្ងៃ​យើង​មិន​ទាន់​បាន​កាន់​អំណាច​ក៏​ដោយ ​ក៏​យើង​គ្រាន់តែ​មាន​សិទ្ធិ​ក្នុង​ជំរុញ​តែ​បើ​នៅពេល​យើង​កាន់​អំណាច​ដឹកនាំ​ប្រទេស​បន្ទាប់​ថ្ងៃ​ទី២៣ កក្កដា​ យើង​នឹង​វែកមុខ​រក​​ឃាតក​ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតក​​យក​មក​ផ្ដន្ទាទោស​ ដើម្បី​យុត្តិធម៌​ជន​រងគ្រោះ​ក៏​ដូច​ជា​សាច់ញាតិ»។

ទាក់ទង​រឿង​នេះ​ វិទ្យុ​អាស៊ីសេរី​មិន​អាច​ឆ្លើយតប​ពី​​អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និង​ប្រធានអង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ ស៊ីផាន បាន​ទេ​ នៅ​ថ្ងៃទី៣០ ខែ​មីនា។ ចំណែកប្រធាន​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន គឺ​លោក​​ ហ៊ីង ប៊ុនហៀង នៅ​ពេល​អ្នក​រាយការណ៍​ព័ត៌មាន​សុំ​សួរ​លោក​ពីករណី​គប់​គ្រាប់​បែកនេះលោក​បិទ​ទូរស័ព្ទ​ឈប់​និយាយ។

រីឯ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន ​ថ្លែង​ការពារ​​ជំនួស​ក្រុម​មេ​យោធា​ដែល​រង​ការ​ចោទ​ប្រកាន់​នេះ​​​ថា អ្វី​ដែល​លោក សម រង្ស៊ី ​ចោទ​ប្រកាន់​​មិនមែនជា​ពិត​ឡើយ ​ហើយ​មាន​តែ​ជន​បរទេស​ពីរ​បី​នាក់​ប៉ុណ្ណោះ​ ដែល​ជឿ​លោក សម រង្ស៊ី។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់ថា ឃាតកម្ម​កាល​ពី​ ២៦​ឆ្នាំមុន​ជា​ឃាតកម្ម​ប្រឆាំង​មនុស្ស​ជាតិ ព្រោះ​ការ​ប៉ុនប៉ង​សម្លាប់​មនុស្ស​ជា​ក្រុម​​ដោយ​ការ​គប់​គ្រាប់បែកយ៉ាងឃោរឃៅ។ លោក​បន្ត​ទៀត​ថា នៅពេល​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​រក​មិន​ឃើញ​ឃាតក​នៃ​ឃាតកម្មនេះ និងឃាតកម្មផ្សេងៗ​ ទៀត គឺ​ជៀស​មិន​ផុតពីការរិះគន់​ថា រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​ទាំងនោះ​ទេ។ អ្នក​វិភាគ​រូប​នេះ​យល់​ថា ក្រុម​អ្នក​ប្រជាធិបតេយ្យ ឬ​អ្នក​ច្បាប់​អន្តរជាតិ គួរ​រួម​គ្នា​រៀបចំ​​ឯកសារ​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ (ICC)

លោក គឹម សុខ៖ «លោក ហ៊ុន សែន បាន​ទាំង​សារភាព​ខ្លួន​គាត់​ថា គាត់​មាន​ផែនការ​កម្ទេច​អ្នក​ប្រឆាំង​ ឬ​ក៏​អ្នក​ប្រជាធិបតេយ្យ​។ ដូច្នេះ​ នេះ​ជា​ផែនការ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ពីព្រោះ​​កម្ទេច​មនុស្ស​ជា​បណ្ដាញ​ ជា​ក្រុម​ ជា​សហគមន៍​ នៃ​អ្នក​​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​មែនទែន​ទៅ​លោក ហ៊ុន សែន ត្រូវ​ឡើង​តុលាការ​អន្តរជាតិ​ ICC ក្នុង​ករណី​ហ្នឹង»។

បើ​ទោះ​ជា​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ទាន់​អាច​រក​មុខ​ឃាតក និង​អ្នក​នៅ​ក្រោយ​ឧក្រិដ្ឋ​ទាំងនេះ​ឃើញ​ក្ដី​ តែ​របាយការណ៍​ស៊ើប​អង្កេត​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​របស់​អាមេរិក (FBI) លាតត្រដាង​ថា លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ដែល​កាល​នោះ​ជា​ប្រធាន និង​អនុប្រធាន​ក្រុម​កង​អង្គរក្ស លោក ហ៊ុន សែន ជា​អ្នក​រៀបចំ និង​បញ្ជា​ផ្ទាល់​ការ​គប់​គ្រាប់​បែក​លើ​អ្នក​តវ៉ា​អហិង្សា​នោះ៕

No comments: