Sunday 5 March 2023

សហភាព​អឺរ៉ុប​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា


ដោយ យន់ សាមៀន
2023.03.04
សហភាព​អឺរ៉ុប​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា  
ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃប្រកាសសាលក្រម កាលពីថ្ងៃទី៣ មីនា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

 

សហភាព​អឺរ៉ុប ​ប្រចាំ​កម្ពុជា ទាមទារ​ឱ្យ​ដោះលែង​លោក កឹមសុខា វិញ​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​។ ចំណែក​ស្ថានទូត​បារាំង ​និង​អង្គការ​ស៊ីវិល​មួយ​ចំនួន ​នៅតែ​សោកស្ដាយ​ចំពោះ​ការ​ផ្ដន្ទាទោស​លើ​មេ​បក្ស​ប្រឆាំង​ លោក កឹម សុខា។ ទោះ​យ៉ាងណា​ក្រសួង​ការបរទេស​កម្ពុជា​ចេញ​សេចក្ដីថ្លែងការណ៍​ ការពារ​ការ​សម្រេច​របស់​តុលាការ​ ថា​ជា​ការ​សម្រេច​ក្ដី​ដោយ​​ឈរ​លើ​មូលដ្ឋាន​ច្បាប់។

ការ​រិះគន់​លើ​ការ​កាត់ក្ដី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បន្ត​ធ្លាក់​មក​ជា​បន្តបន្ទាប់​ ក្នុង​រួម​នោះ​មាន សហភាព​អឺរ៉ុប ​ស្ថានទូត​ប្រទេស​លោក​សេរី គណបក្ស​នយោបាយ​ និង​អង្គការ​សង្គម​ស៊ីវិល។ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា(EU) លើកឡើង​តាម​ទំព័រ​ហ្វេសប៊ុក​ខ្លួន​ថា ​សហភាព​អឺរ៉ុប​សោកស្តាយ​ចំពោះ​ការ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​កំណត់​កន្លែង​សម្រាប់​គូប្រជែង​នយោបាយ សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ សហភាព​អឺរ៉ុប​ អំពាវនាវ​ជាថ្មី​ទៅ​អាជ្ញាធរ​កម្ពុជា​ ឱ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ ​ដើម្បី​ស្ដារ​សិទ្ធិ​នយោបាយ​ឡើងវិញ។ ស្រដៀង​គ្នា​នេះ​ដែរ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា លើកឡើង​ថា ប្រទេស​បារាំង​សោកស្តាយ​ចំពោះ​ការ​កាត់​ទោស​លោក កឹម សុខា អ្នក​ការពារ​សិទ្ធិមនុស្ស និង​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ២៧​ឆ្នាំ។ សេចក្ដី​ថ្លែងការណ៍​ចុះ​កាល​ពី​យប់​ទី៣ ខែ​មីនា លើកឡើង​ទៀត​ថា សាលក្រម​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​បណ្តា​វិធានការ​រឹត​បន្តឹង​សេរីភាព​សាធារណៈ ​ជាពិសេស​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ សមាជិក​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ នៅពេល​ជិត​ដល់​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣​ខាង​មុខ។

 

ចំណែក​គណបក្ស​ភ្លើងទៀន​ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដែរ​ថា ការ​ដាក់​ទោស​លោក កឹម សុខា យ៉ាង​ធ្ងន់ធ្ងរ​ដូច្នេះ​ មិន​បាន​ផ្អែក​លើ​ភស្តុតាង​ជាក់លាក់ ក្នុង​ការ​ដាក់​បន្ទុក​លើ​ជនជាប់ចោទ​ ដែល​ជា​កា​ឆ្លុះបញ្ចាំង​ ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ការពារ​ និង​ការ​ផ្តល់​យុត្តិធម៌​ដល់​លោក កឹម សុខា។ គណបក្ស​ភ្លើងទៀន សង្ឃឹម​ថា តុលាការ​ជាន់​ខ្ពស់​នឹង​ពិចារណា ​យ៉ាង​ល្អិតល្អន់ ក្នុង​រឿង​ក្តី​នេះ ដោយ​ផ្អែកលើ​ភស្តុតាង​ដាក់​បន្ទុក​ជាក់លាក់​ ដើម្បី​ផ្ដល់​នូវ​ភាព​យុត្តិធម៌​ដល់​ លោក កឹម សុខា។

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន​ លោក គីមសួរ ភីរិទ្ទ  មាន​ប្រសាសន៍​ថា មិនមែន​តែ​គណបក្ស​ភ្លើងទៀន​ទេ សូម្បី​សាធារណជន និង​បណ្ដា​អង្គទូត​នានា​ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​លើ​ករណី​លោក កឹម សុខា នេះ​ដែរ។ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​រូប​នេះ នៅតែ​ចង់​ឃើញ​អ្នក​នយោបាយ ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ការ​ជជែក​គ្នា។

លោក គីមសួរ ភីរិទ្ទ៖ «កាលណា​រឿង​ក្ដី​មាន​ចរិត​នយោបាយ​ត្រូវ​ទាមទារ​ឱ្យ​ដំណោះស្រាយ​នយោបាយ​ រវាង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ដើម្បី​ផល​ប្រយោជន៍​រួម​យើង​មិន​ចង់​ចាត់​ទុក​អ្នកណា​ជា​សត្រូវ​រឿង​នយោបាយ ព្រោះ​យើង​បាន​តម្កល់​សិទ្ធិ​ការ​នយោបាយ​សម្រាប់​ពលរដ្ឋ​ទូទៅ​ហើយ​ អ៊ីចឹង​អ្នក​នយោបាយ​គ្រាន់តែ​ចាត់ទុក​គ្នា​ថា គួ​ប្រកួត​ប្រជែង​ដូច​យើង​កីឡា​អ៊ីចឹង​ផុត​ពី​សង្វៀន​យើង​នៅតែ​រក្សា​ទឹក​ចិត្ត​ស្រលាញ់​រាប់អាន​គ្នា»

ទាក់ទង​រឿង​នេះ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) បាន​​ចុះផ្សាយ​មតិ​ជំនួយ​ស្មារតី​មួយ​តាម​ទំព័រ​ហ្វេសប៊ុក​​របស់​ខ្លួន​លើកឡើង​ ពី​ការ​ព្រួយបារម្ភ​ដោយសារ  លោក កឹម សុខា ត្រូវ​បាន​តុលាការ​កាត់​ឱ្យ​មាន​ទោស​ក្បត់​ជាតិ​ដោយសារ​តែ​ពាក្យ​សំដី​ និង​វិធី​ធ្វើនយោបាយ ដោយ​មិន​មាន​បង្ក​ដោយការ​កាន់​អាវុធ​នោះ​ទេ។ ​អង្គការ​សង្គម​ស៊ីវិល​មួយ​នេះ លើក​ទឹកចិត្ត​ទៅ​អ្នកនយោបាយ ឱ្យ​ស្វែង​រក​ដំណោះស្រាយ​រយៈ​ការ​ចរចា​ដោយ​សន្តិវិធី​ឱ្យ​បាន​ច្រើន​បំផុត ដើម្បី​ធានា ការ​លើ​កម្ពស់​សិទ្ធិ​នយោបាយ ស្រប​តាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​។

ជុំវិញ​បញ្ហា​នេះ ​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែង​ការពារ​ការ​សម្រេច​របស់​តុលាការ។ សេចក្ដីថ្លែងការណ៍​ចុះ​កាល​ពី​ថ្ងៃ​ទី០៣ មីនា តែ​ទើប​ចុះផ្សាយ​ថ្ងៃ​ទី០៤ ខែមីនា ចោទ​ប្រកាន់​​ការ​រិះគន់​របស់​អង្គ​ទូត​នានា​ថា អ្នក​ការទូត​ប្រទេស​លោកខាងលិច​មួយ ចំនួន​បាន​តម្លើង​ខ្លួន​តាម​ទំនើង​ចិត្ត ពី​តួនាទី​ការទូត​ធម្មតា​ ទៅ​ធ្វើ​ជា​អនុរក្ស​ដាក់​ពិន្ទុ​ ដែន​កំណត់​​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ​​ដែល​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ក្នុង​ការ​គ្រប់គ្រង​ទំនាក់ទំនង​រវាង​បណ្ដា​រដ្ឋ​អធិបតេយ្យ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​អនុសញ្ញា​ទីក្រុង​វីយ៉ែន។ សេចក្ដីថ្លែង​ដដែល​លើកឡើង​ទៀត​ថា តុលាការ​កម្ពុជា ​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ព្រោះ​មេ​បក្ស​ប្រឆាំង​រូប​នេះ​បំពាន​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ព្រហ្មទណ្ឌ ហើយ​នេះ​មិន​មែន​ជា​ចេតនា​នយោបាយ​ទេ។ ក្រសួង​ការបរទេស​លើកឡើង​ទៀត​ថា ​តុលាការ​មាន​ភស្តុតាង​បញ្ជាក់​ថា លោក កឹម សុខា ​បាន​ទទួលការ​ណែនាំ និង​ការ​គាំទ្រ​ពី​បរទេស ដើម្បី​អនុវត្ត​គម្រោង​ការ​ជា​ជំហានៗ​ ក្នុង​គោល​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​​លោក ហ៊ុន សែន។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បន្ទរ​តាម​តុលាការ​ដែរ​ថា ការ​សម្រេច​តុលាការ​ក្រុង​ភ្នំពេញ​លើ​សំណុំរឿង​លោក កឹម សុខា ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។ លោក​អះអាង​ដែរ​ថា គ្មាន​ការ​ចរចា​ដើម្បី​ឱ្យ​លោក កឹម សុខា រួច​ផុត​ទោស​ឡើយ​។ លោក​បន្ត​ថា ​​លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន សែន មាន​សិទ្ធិ​ស្នើ​ទៅ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឱ្យលោក កឹម សុខា លុះត្រា​លោក កឹម សុខា អនុវត្ត​ទោស​បាន​ពីរ​​ភាគ​បី​សិន។

លោក សុខ ឥសាន៖ «អត់​មាន​បារម្ភ​អី​ទេ​គឺ​ថា រឿង​ធ្វើ​តាម​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ដែល​យើង​ប្រកាន់​យក​ជន​ណា​ដែល​ប្រព្រឹត្តិ​ចូល​ទៅ​ក្នុង​មាត្រា​ណាមួយ​នៃ​ក្រមព្រហ្មទណ្ឌ​ត្រូវតែ​ទទួល​ខុស​ត្រូវ​ក្នុង​ក្របខណ្ឌ​ច្បាប់​កំណត់​ហ្នឹង​ហើយ​បាទ»

បើ​ទោះ​ជា​ក្រសួង​ការ​បរទេស​ និង​បក្ស​កាន់​អំណាច​រក្សា​ជំហរ​បែប​នេះ​ក្ដី តែ​ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា  លោក រស់ សុដ្ឋា យល់​ថា បើ​ផ្អែក​លើ​អាយុ​របស់​លោក កឹម សុខា ៧០ឆ្នាំ និង​ផ្ដន្ទាទោស២៧ឆ្នាំលើ​លោក កឹម សុខា គឺ​ស្មើ​នឹង​ការ​ដាក់​ឃុំ និង​ដក​សិទ្ធិ​លោក កឹម សុខា ជា​អចិន្ត្រៃយ៍។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ចង់​ឃើញ​អ្នក​នយោបាយ​គួរ​យក​ឈ្នះ​គ្នា ​តាម​ការបោះឆ្នោត​ ទើប​ធ្វើ​ឱ្យ​ជាតិ​បាន​សុខ។ មន្ត្រី​សង្គម​ស៊ីវិល​ ចង់​ឃើញ​រដ្ឋាភិបាល​ឬ​ស្ថាប័ន​តុលាការ​គួរ​ស្ដាប់​លើកឡើង​របស់​អង្គទូត​នានា ​និង​សហភាព​អឺរ៉ុប ដែល​ស្នើ​ឱ្យ​ដោះលែង​លោក កឹម សុខា។

លោក រស់ សុដ្ឋា៖ «ចាំបាច់​ត្រូវ​ស្ដាប់​យោបល់​គេ​(ស្ថានទូត​នានា)​ព្រោះ​ដើម្បី​ប្រយោជន៍​ប្រជាជន​និង​ប្រទេស​ជាតិ​កម្ពុជា​ណា​អ្នក​នយោបាយ​ដែល​គាត់​គិតគូរ​អំពី​ផល​ប្រយោជន៍​ប្រជាជន​និង​ផល​ប្រយោជន៍​ជាតិ និង​កិត្តិយស​នៅក្នុង​សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវតែ​ស្ដាប់​ព្រោះ​គេ​មាន​ទម្ងន់​ណាស់​នៅ​ពេល​បច្ចុប្បន្ន​នេះ​។​ »

តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣ ខែ​មីនា បាន​សម្រេច​ផ្ដន្ទាទោស លោក កឹម សុខា ​ឱ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​រយៈ​ពេល​​២៧​ឆ្នាំ​ និង​ត្រូវ​បាន​តុលាការ​​ហាម​មិន​ឱ្យ​​ធ្វើ​នយោបាយ ​​គាំទ្រ​អ្នក​​នយោបាយ​ និង​មិន​​អាច​ជួប​អ្នកណា​ក្រៅ​សាច់ញាតិ​​របស់​ខ្លួន​ឡើយ​​។ ចាប់តាំងពី​ថ្ងៃ​ឃុំ​ខ្លួន លោក កឹម សុខា រហូត​មក​ដល់​ពេល​នេះ ​សមត្ថកិច្ច​​បាន​ឃ្លាំមើល​ផ្ទះ​លោក កឹម សុខា ពេញ​២៤​ម៉ោង លើ​២៤​ម៉ោង ដោយ​មាន​ការ​​ដាក់​វេន​ប្រចាំការ​ ​ហើយ​យ៉ាង​ហោច​ណាស់​មាន​សមត្ថកិច្ច​ជាង​៥០​នាក់​​ ដាក់​ពង្រាយ ​ជុំវិញ​ផ្ទះ​លោក កឹម សុខា៕

No comments: