Sunday 5 March 2023

សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​រិះគន់​ស្ថាប័ន​រដ្ឋ​ចេញ​ញត្តិ​វាយប្រហារ​លើ​លោក កឹម សុខា


ដោយ សេក បណ្ឌិត
2023.03.04
សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​រិះគន់​ស្ថាប័ន​រដ្ឋ​ចេញ​ញត្តិ​វាយប្រហារ​លើ​លោក កឹម សុខា  
(ពីឆ្វេង) លោក កឹម សុខា​ ប្រធាន​គណបក្សសង្គ្រោះជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ពី​ហ្វេសប៊ុក

 

សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​រិះគន់​ស្ថាប័ន​រដ្ឋ​ដែល​ចេញ​ញត្តិ​វាយប្រហារ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជា​បន្តបន្ទាប់​ដែល​ផ្ទុយ​ពី​ច្បាប់ និង​មិន​បម្រើ​ប្រយោជន៍​ដល់​ពលរដ្ឋ​ដោយ​ស្មើភាព​។ ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង ស្ថាប័នរដ្ឋ​ប្រកាស​គាំទ្រ​ការ​សម្រេច​របស់​តុលាការក្រុង​ភ្នំពេញ​ដែល​ផ្ដន្ទាទោស​មេ​បក្ស​ប្រឆាំង​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២៧​ឆ្នាំ។

មន្ត្រី​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល​លើកឡើង​ថា ក្រសួង​ស្ថាប័នរដ្ឋ​ចេញ​ញត្តិ​ប្រឆាំង​មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។ ប៉ុន្តែ​ពួកគេ​ព្រួយ​បារម្ភ​ថា និន្នាការ​បែង​ចែង​ចែក​ខ្មែរ​ជា​ពីរ​ក្រុម​បែប​នេះ​ប៉ះពាល់​ដល់​បែកបាក់​សាមគ្គីភាព និង​ឯកភាព​ជាតិ​ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម។

 

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ្រ ថ្លែង​ថា មេដឹកនាំ​ផ្ដាច់ការ​តែង​រិះរក​គ្រប់​មធ្យោបាយ​ទុច្ចរិត​ទប់​សង្កត់​សំឡេង​ប្រឆាំង​ប្រជាពលរដ្ឋ​ដើម្បី​ធានា​ផលប្រយោជន៍​បក្ខពួក និង​ការ​គ្រប់គ្រង​អំណាច​ត​វង្ស​ត្រកូល​។ លោក​សង្កេត​ឃើញ​ថា ចាប់តាំង​ពី គណបក្ស​ប្រឆាំង​ទទួល​បាន​ការ​គាំទ្រ​ផុលផុស​ពី​ពលរដ្ឋ​នៅ​តាម​បណ្ដាញ​សង្គម​កាលពី​ឆ្នាំ​២០១៣​មក ក្រុម​ការងារ​បណ្ដាញ​ព័ត៌មាន (Cyber War Room) ដែល​មាន​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​បាន​ធ្វើ​សកម្មភាព​ក្នុង​ការ​បង្កើត​ព័ត៌មាន​បំពុលសង្គម​ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​កេង​ចំណេញ​នយោបាយ និង​បន្សាប​ព័ត៌មាន​របស់​បក្ស​ប្រឆាំង​ជាដើម។ ជាក់ស្តែង​លោក​ថា ករណី​ស្ថាប័ន​ជាតិ​ចេញ​ញត្តិ​លាប​ពណ៌​អ្នកនយោបាយ​ប្រឆាំង ជាពិសេស​ករណី​លោក កឹម សុខា ពេល​នេះ គឺ​រៀបចំ​ជា​ប្រព័ន្ធ​ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម ដើម្បី​ផ្គាប់​ចិត្ត​លោក ហ៊ុន សែន​។ លោក​បន្ត​ថា បើសិន​ប្រធាន​អង្គភាព ឬ​មន្ត្រីរាជការ​ណា​មិន​ធ្វើតាម​ការណែនាំ​ទេ ពួកគេ​ប្រឈម​នឹង​បាត់បង់​ផលប្រយោជន៍​តួនាទី លាភសក្ការៈ​ជា​ជាដើម។

លោក ម៉ែន សុថាវរិន្ទ្រ៖ «គ្រាន់តែ​យើង​មើល​ជា​របប​ផ្ដាច់ការ​បាត់​ហើយ គេ​មិនដែល​ក្រសួង​ស្ថាប័នរដ្ឋ​គ្រប់កន្លែង​សុខៗ​ថ្នាក់ដឹកនាំ​តាម​ក្រសួង​ចេញ​អ៊ីចឹង​ទេ ព្រោះ​ស្ថាប័ន​ទាំងនោះ​ឯករាជ្យ អ៊ីចឹង​រឿង​នេះ​គឺជា​បញ្ហា​ដាច់​ខាង​ហើយ ដូចជា​ប្រទេស​កូរ៉េខាងជើង​អ៊ីចឹង​ធ្វើ​ល្អ​តែ​លើ​ឆាក ប៉ុន្តែ​ខាងក្រោយ​គឺ​ផ្ដាច់ការ»

ចំណែក​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ កត់សម្គាល់​ថា ញត្តិ​គាំទ្រ​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ជុំវិញ​ការ​កាត់ទោស លោក កឹម សុខា ឱ្យ​ជាប់គុក​២៧​ឆ្នាំនេះ​បង្កប់​នូវ​កំហុស​ចំនួន​ពីរ គឺ​ទី​១​បង្ហាញ​ឱ្យ​មហាជន​មើល​ឃើញ​ថា ស្ថាប័ន​ជាតិ​គ្មាន​ជំហរ​ឯករាជ្យ ហើយ​ខ្លឹមសារ​ញត្តិ​សំអាង​ថា ពលរដ្ឋ​ខ្មែរ​ទាំងអស់​គាំទ្រ​ចេញ​ញត្តិ​ដោយ​ពួកគេ​មិនដឹង​ខ្លួន ខណៈ​សំណុំរឿង​មេ​បក្ស​ប្រឆាំង​នេះ​មតិ​ជាតិ និង​អន្តរជាតិ​មួយចំនួន​ចាត់ទុកថា​ជា​សំណុំរឿង​នយោបាយ។ ទោះ​យ៉ាង​លោក​មើល​ឃើញ​ថា ការ​ចេញ​ញត្តិ​ពី​ក្រសួង​ស្ថាប័ន អង្គភាព​រដ្ឋ​នេះ​ទំនង​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​ជួយ​បំពង​សំឡេង​កុំឱ្យ​មហាជន​មើល​ឃើញ​ថា ការ​កាត់​ទោស​លោក កឹម សុខា ធ្វើឡើង​មិន​ត្រឹមត្រូវ​តែប៉ុណ្ណោះ។

លោក កើត សារ៉ាយ៖ «ខ្ញុំ​គិតថា​វា​ធ្វើ​ឱ្យ​បាត់បង់​វិជ្ជាជីវៈ​ហើយ ហើយ​បង្ហាញ​ភាព​ញែក​ដាក់​ពី​គ្នា​ជា​ពីរ​រវាង​ខ្មែរ​នឹង​ខ្មែរ ដែល​ក្នុងនាម​ជា​ខ្មែរ​ព្យាយាម​បង្ហាញ​ពី​ភាព​ស្អប់ខ្ពើម​គ្នា​ខ្លាំង​ទៅ សូម្បី​ស្ថាប័ន​សាមី​ក្រសួង​ដែល​មិន​ប្រកាន់​និន្នាការ​បក្ស​នយោបាយ​ទៅជា​ចេញ​សេចក្តី​ប្រកាស​គាំទ្រ​មួយ​ពីរ​បី​បែប​នេះ ខ្ញុំ​ឃើញថា​វា​អាក្រក់​ណាស់​ចំពោះ​រឿង​នេះ​បាទ»

ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង ស្ថាប័នរដ្ឋ រួម​ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ឯក​បក្ស​បាន​ចេញ​ញត្តិ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ព្រោងព្រាត​ដោយ​យកឈ្មោះ​ស្ថាប័នរដ្ឋ រួម​ទាំង ពលរដ្ឋ​ខ្មែរ​ទៅ​វាយប្រហារ​លើ​លោក កឹម សុខា ក្រោយ​ពេល​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​មេ​បក្ស​ប្រឆាំង​រូប​នេះ​ឱ្យ​ជាប់គុក​២៧​ឆ្នាំ និង​ដកហូត​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​ផ្សេងទៀត ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

ទាក់ទង​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​០៤ ខែ​មីនា។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត មាស នី លើកឡើង​ថា បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​បង្ហាញ​ការ​គាំទ្រ ឬ​មិន​គាំទ្រ ប៉ុន្តែ​ការ​ចេញ​ញត្តិ​ក្នុងនាម​ស្ថាប័នរដ្ឋ​ជាប់​ពាក់ព័ន្ធ​អ្នកនយោបាយ​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ​។ លោក​យល់​ថា អ្នកនយោបាយ​ត្រូវ​មាន​សីលធម៌​មួយ​សំខាន់ គឺ​មិន​ត្រូវ​យក​ឈ្មោះ​ពលរដ្ឋ ឬ​បុគ្គល​ណាមួយ​ទៅ​បញ្ចូល​ក្នុង​ញត្តិ ឬ​លិខិត​គាំទ្រ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​សាមីខ្លួន​នោះ​ឡើយ។

បណ្ឌិត មាស នី៖ «សម្រាប់​សីលធម៌​អ្នកនយោបាយ​គួរ​កុំ​យក​ឈ្មោះ​អ្នក​ដែល​គេ​មិនដឹង​ខ្លួន​សោះ​យក​ទៅ​ដាក់ ឬ​ចុះ​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ ប៉ុន្តែ​សាមីខ្លួន​មិនដឹង អាហ្នឹង​វា​រំលោភ​លើ​សេចក្តី​ទុកចិត្ត ហើយ​វា​អាច​រំលោភ​លើ​សិទ្ធិ​បុគ្គល​មិន​បាន​ដឹង ហើយ​យក​ឈ្មោះ​គេ​ទៅ​ប្រើ​ផ្តេសផ្តាស​នេះ​នាំ​ឱ្យ​ខូច និង​ក្លាយជា​វប្បធម៌​អាក្រក់​ទៅ​ថ្ងៃក្រោយ​ទៀត បើ​យើង​ធ្វើ​បាន​អ្នកដទៃ​ទៀត​ក៏​ធ្វើ​បាន​ដូចគ្នា អ៊ីចឹង​វា​ក្លាយជា​រឿង​មួយ​ដែល​យើង​នាំគ្នា​កុហក​ទៅ​មក​ដែល​ប្រព័ន្ធ​សង្គម​មួយ​រស់នៅ​ដោយ​ភាព​កុហក​គ្នា»

ច្បាប់​ច្បាប់​បោះឆ្នោត បាន​ហាមឃាត់​ដាច់ខាត​ការប្រើប្រាស់​តួនាទី និង​សកម្ម​ភាពជា​អព្យាក្រឹត្យ និង​ការ​យក​សម្ភារៈ ពេលវេលា និង​ធនធាន​របស់​រដ្ឋ​ប្រើប្រាស់​ដើម្បី​កេង​ប្រយោជន៍​សម្រាប់​នយោបាយ។ ប៉ុន្តែ​លោក ហ៊ុន សែន ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ជា​មេដឹកនាំ​ដែល​ប្រើ​អំណាច​កៀបសង្កត់​លើ​ក្រសួង​ស្ថាប័ន​រដ្ឋ ព្រមទាំង​ស្ថាប័ន​រដ្ឋសភា និង​តុលាការ​ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​ទាំងនោះ​អនុវត្ត​តួនាទី​លែង​អព្យាក្រឹត្យ និង​ប៉ះពាល់​លទ្ធផល​ការងារ​រដ្ឋ​ផ្សេង និង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​អភិបាលកិច្ច​ល្អ​ក្នុង​សង្គម៕

1 comment:

Anonymous said...

Ah Prett Hun Sen knows how to hold on to power at the expense of Khmer people and Cambodia.