Wednesday 15 March 2023

សហ​មេធាវី​ប្រតិកម្ម​រឿង​សមត្ថកិច្ច​យាម​ផ្ទះ មិន​ឲ្យ​ជួប​លោក កឹម សុខា


ដោយ ទីន ហ្សាការីយ៉ា
2023.03.14
សហ​មេធាវី​ប្រតិកម្ម​រឿង​សមត្ថកិច្ច​យាម​ផ្ទះ មិន​ឲ្យ​ជួប​លោក កឹម សុខា 
(ឆ្វេង) លោក អាង ឧត្ដម សហ​មេធាវី​ការពារក្ដី លោក កឹម សុខា និង​ស្ដាំ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ​ជាតិ។
រូប៖ ហ្វេសប៊ុកលោក កឹម សុខា

 

សហ​មេធាវី​លោក កឹម សុខា គឺ​លោក អាង ឧត្ដម ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃ​ទី១៤ មីនា​ថា កម្លាំង​សមត្ថកិច្ច​យាម​នៅ​ផ្ទះ​លោក កឹម សុខា មិន​អនុញ្ញាត​ឲ្យ​ក្រុម​មេធាវី​ចូល​ជួប​លោក កឹម សុខា នោះ​ទេ។

លោក មេធាវី អាង ឧត្ដម បញ្ជាក់​ថា សហ​មេធាវី បាន​ទៅ​ផ្ទះ​លោក កឹម សុខា នៅ​ថ្ងៃ​ទី១៤ មីនា​នេះ ដើម្បី​ពិភាក្សា​ជា​មួយ​កូន​ក្ដី ដើម្បី​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍ បែរ​ជា​សមត្ថកិច្ច មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ជួប​កូនក្ដី​របស់​លោក។ លោក​ថា ការ​ហាម​មិន​ឲ្យ​លោក​ជួប​កូន​ក្ដី​នេះ មិន​ត្រឹមតែ​ប៉ះពាល់​សិទ្ធិ​កូនក្ដី​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​មេធាវី​ថែម​ទៀត​ផង

លោក​មេធាវី អាង ឧត្ដម បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​មិន​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​មិន​ឲ្យ​ជួប​លោក កឹម សុខា នោះ​ទេ គ្រាន់តែ​ពួក​គេ​ប្រាប់​ថា ឲ្យ​ទៅ​សួរ​មេ តែ​មិន​ប្រាប់​មេ​នោះ​ជា​អ្នក​ណា​នោះ​ឡើយ។

តាម​គម្រោង សហ​មេធាវី​ចង់​ចូល​ទៅ​ជួប​ពិភាក្សា​ជាមួយ​កូន​ក្ដី លោក កឹម សុខា នៅ​ថ្ងៃ​ទី១៤ មីនា​នេះ ដើម្បី​ប្ដឹង​ទាស់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដន្ទាទោស​លោក កឹម សុខា ចំនួន ២៧ឆ្នាំ​ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​បទ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស។ ការ​កាត់​ទោស​ឱ្យ​ជាប់​គុក​នេះ ត្រូវ​បាន​ជំនួស​ដោយ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ និង​ទោស​បន្ថែម​មួយ​ចំនួន ដូចជា ដកហូត​សិទ្ធិ​បោះ​ឆ្នោត សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ ពេញ​មួយ​ជីវិត។ ទន្ទឹម​នឹង​នេះ លោក​ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ហាម​មិន​ឱ្យ​ចេញ​ពី​បរិវេណ​នៃ​លំនៅឋាន និង​មិន​ឱ្យ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​ខ្មែរ និង​បរទេស ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លើកលែង​តែ​សមាជិក​គ្រួសារ។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្កោលទោស​សាលក្រម​កាត់​ទោស​មេ​បក្ស​ប្រឆាំង លោក កឹម សុខា។ ពួក​គេ​ព្រមាន​ថា ការ​កាត់ទោស​នេះ​ជះ​ឥទ្ធិពល និង​រារាំង​ដល់​សកម្មភាព​នយោបាយ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ ខែកក្កដា​ខាង​មុខ៕

No comments: