Wednesday 1 March 2023

លោក ហ៊ុន សែន ព្រួយ​បារម្ភ​ខ្លាច​មាន​ប្រជាប្រិយភាព​តិច​ជាង​លោក ស៊ន តារា


ដោយ មាន ឫទ្ធិ
2023.02.28
លោក ហ៊ុន សែន ព្រួយ​បារម្ភ​ខ្លាច​មាន​ប្រជាប្រិយភាព​តិច​ជាង​លោក ស៊ន តារា  
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១២ កុម្ភៈ ២០២៣។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក ហ៊ុន សែន បាន​អួត​អាង​ជា​សាធារណៈ​ថា លោក​មាន​ប្រជា​ប្រិយ​ភាព ឬ​មាន​អ្នក​តាម​ដាន​ការ​ផ្សាយ​ផ្ទាល់​ច្រើន​ជាង​អ្នក​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​របស់​លោក ស៊ន តារា សកម្ម​ជន​គណបក្ស​សង្គ្រោះជាតិ​។ លោក​នាយករដ្ឋមន្ត្រី​អះ​អាង​ថា ក្រៅ​ពី​ហ្វេស​ប៊ុក លោក​នៅ​សល់​អ្នក​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម និង​ស្ទើរ​នៅ​គ្រប់​កញ្ចក់​ទូរទស្សន៍​ទាំង​អស់​នៅ​កម្ពុជា។

លោកក ហ៊ុន សែន ថ្លែង​អួត​អាង​ខ្លួន​ឯង​បែប​នេះ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​ក្រុម​និស្សិត​និង​គរុ​និស្សិត​ជាង​៥​ពាន់​នាក់​នៃ​វិទ្យា​ស្ថាន​ជាតិ​បណ្ដុះ​បណ្ដាល​បច្ចេកទេស នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ​។ លោក​អះអាង​ថា ការ​ផ្សាយ​ផ្ទាល់​នៃ​ការ​ថ្លែង​សុន្ទរកថា​របស់​លោក ក្រៅ​ពី​មាន​អ្នក​ទស្សនា​ផ្ទាល់​តាម​ហ្វេស​ប៊ុក​រាប់​ពាន់​នាក់ នៅ​មាន​អ្នក​ទស្សនា​ផ្ទាល់​ប្រហែល​៦​ម៉ឺន​នាក់​ទៀត​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម និង​អាច​មាន​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា ជា​ពិសេស​ទូរទស្សន៍​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ពី​កូន​ស្រី​របស់​លោក និង​ទូរទស្សន៍​ជាតិ ទ.ទ.ក ហើយ​បើ​សរុប​បញ្ចូល​គ្នា​មាន​ប្រហែល​កន្លះ​លាន​នាក់។

 

លោក​នាយក​រដ្ឋ​មន្រ្តី​ដែល​ទើប​តែ​ប្រើ​អំណាច​រំលោភ​ច្បាប់​សារព័ត៌មាន បិទ​វិទ្យុ​វីអូឌី (VOD)​ ជា​សារព័ត៌មាន​ឯករាជ្យ​នៅ​សេស​សល់​ចុង​ក្រោយ​នៅ​កម្ពុជា បាន​បន្ថែម​ទៀត តាម​ពិត​លោក​មាន​ប្រជា​ប្រិយ​ភាព​ច្រើន​ណាស់ ខុស​ពី​អ្នក​នៅ​ក្រៅ​ប្រទេស​ដែល​អះ​អាង​ថា​លោក​មាន​អ្នក​ចាំ​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ត្រឹម​តែ​ប៉ុន្មាន​ពាន់​នាក់។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ថ្លែង​នេះ​ មិន​មែន​ឆ្លើយ​តប​ទៅ​អ្នក​ណា​ម្នាក់​ឡើយ​។ ប៉ុន្តែ​ការ​លើក​ឡើង​របស់​លោក​បាន​កើត​ឡើង​ក្នុង​ពេល​មាន​ការ​ឆ្លើយ​តប​គ្នា​ជា​បន្ត​បន្ទាប់​ជា​មួយ​លោក ស៊ន តារា សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ម្នាក់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខណៈ​លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ព្យាយាម​អូស​ទាញ​សកម្ម​ជន​បក្ស​ប្រឆាំង​រូប​នេះ ឱ្យ​ចុះ​ចូល​ជា​មួយ​គណបក្ស​លោក។ លោក ស៊ន ដារ៉ា ដាក់​លក្ខខណ្ឌ​ចង់​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី ជា​ថ្នូរ​នឹង​ការ​ចុះ​ចូល​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា។

ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​បន្ត​អួត​ថា លោក​ជា​អ្នក​នយោបាយ​កំពូល​ល្បិច​ច្រើន​ម្នាក់ ដែល​មិន​ទាន់​មាន​អ្នក​ណា​អាច​បង្ក្រាប​លោក​បាន​ឡើយ​។ លោក​អះអាង​ទៀត​ថា លោក ស៊ន តារា កំពុង​ធ្លាក់​ចូល​អន្ទាក់​របស់​លោក ដែល​លោក​ចង់​ឱ្យ​ដណ្ដើម​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ជា​មួយ​លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហ៊ុន សែន៖ «ខ្ញុំ​មិន​និយាយ​សំដៅ​ទៅ​អ្នក​ណា កុំឱ្យ​ថា ខ្ញុំ​ត​មាត់​ជា​មួយ​កូន​ក្មេង ប៉ុន្តែ​កូន​ក្មេង​ឯង​កំពុង​ចូល​អន្ទាក់​បាត់​ហើយ ចូល​ស៊ុប​ហ្មង ហើយ​កូន​ក្មេង​ឯង​រង់​ចាំ​មើល​ទៅ លទ្ធផល​ថ្ងៃ​ក្រោយ សូម្បី​លទ្ធផល​ថ្ងៃ​នេះ ដាក់​ខ្លួន​ស្មើ​ជា​មួយ​មេ ដណ្ដើម​យក​តំណែង​នាយករដ្ឋមន្ត្រី វា​គ្រប់​គ្រាន់​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​អី​ទៅ​ហើយ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ស៊ន តារា បាន​ទេ ប៉ុន្តែ​លោក​បាន​លើក​ឡើង​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេសប៊ុក​កាល​ពី​យប់​ថ្ងៃ​ទី​២៦​កុម្ភៈ ដែល​មាន​អ្នក​ចូល​ទស្សនា​ផ្ទាល់​ជាង​៤​ពាន់​នាក់ ថា លោក ហ៊ុន សែន គឺ​ជា​មារ​កំពុង​មាន​កំហឹង​តាម​ផ្ចាញ់​លោក រួម​ទាំង​យក​ឪពុក​ម្ដាយ​របស់​លោក​ធ្វើ​ជា​ចំណាប់​ខ្មាំង​។

លោក ស៊ន តារា៖ «ច្បាស់​ណាស់ ហ៊ុន សែន មាន​កំហឹង​ជា​មួយ ស៊ន តារា រហូត​ដល់​យក​គ្រួសារ​ធ្វើ​ចំណាប់​ខ្មាំង​។ កំហឹង​តាង​ឱ្យ​មារ។ អ៊ីចឹង​! ព្រះ​ផ្ចាញ់​មារ មិន​មែន​ដើម្បី​យក​អំណាច​ព្រៃ​ផ្សៃ​ពី​មារ​ទេ។ ស៊ន តារា ផ្ចាញ់ ហ៊ុន សែន បង្ក្រាប ហ៊ុន សែន មិន​មែន​ទៅ​ដណ្ដើម​អំណាច​និង​ភាព​ព្រៃ​ផ្សៃ​ពី ហ៊ុន សែន ឡើយ​។ ហើយ ហ៊ុន សែន ខឹង បញ្ជាក់​ថា ស៊ន តារា ជា​ព្រះ​ហើយ ទើប​មារ​ខឹង»

លោក ស៊ន តារា ក៏​បាន​ចាត់​ទុក​លោក ហ៊ុន សែន ថា​ជា​កំពូល​អ្នក​នយោបាយ​ចាស់​វស្សា​ជាង​គេ​ដែល​មិន​យល់​ពី​នយោបាយ ខណៈ​ការ​ធ្វើ​នយោបាយ​នៅ​ក្នុង​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ ឬ​សូម្បី​ការ​ចេញ​រក​ស៊ី​ធម្ម​តា គឺ​តែង​ជួប​ការ​ប្រលាក់ ឬ​ការ​ប៉ះ​ទង្គិច ទៅ​នឹង​ពាក្យ​រិះ​គន់ ឬ​មតិ​ប្រឆាំង ពី​ភាគី​ម្ខាង​ទៀត ហើយ​មិន​ត្រូវ​ឡើង​សង្វៀន​ធ្វើ​នយោបាយ ដោយ​មិន​ហ៊ាន​ធ្វើ​មុខ​ក្រាស់​ទទួល​យក​ការ​រិះគន់ ឬ​មតិ​ប្រឆាំង​ទាំង​នោះ​ទេ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​បាត់​ដំបង ដែល​កំពុង​រត់​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ជា ជីវ យល់​ឃើញ​ថា ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន បែរ​ជា​ចំណាយ​ពេល​ទៅ​ប្រតិកម្ម​នឹង​លោក ស៊ន តារា គ្រាន់​តែ​សាស្ដាចារ្យ​វិភាគ​ទស្សន​វិជ្ជា​នោះ​ទេ និង​គួរ​យក​ពេល​ទាំង​អស់​នោះ ទៅ​ដោះ​ស្រាយ​បញ្ហា​ជូន​ពល​រដ្ឋ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កាន់​តែ​រីក​ចម្រើន ទើប​ល្អ​ជាង។

លោក ជា ជីវ ថា៖ «គួរ​តែ​យក​ពេល​ហ្នឹង​ទៅ​អភិវឌ្ឍ​ជាតិ​មាតុ​ភូមិ​និង​ពល​រដ្ឋ។ គួរ​មើល​ថា​តើ ជីវភាព​ពល​រដ្ឋ លំបាក​លំបិន​យ៉ាង​ម៉េច ត្រូវ​ដោះ​ស្រាយ​ជីវភាព​របស់​ពួក​គាត់​។ កសិកម្ម ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​កសិផល​របស់​ប្រជា​ពល​រដ្ឋ ទទួល​បាន​ទិន្នផល​ខ្ពស់ ហើយ​ទិន្នផល​ស្រូវ​លក់​បាន​តម្លៃ​ខ្ពស់»

ចំណែក​អ្នក​វិភាគ​នយោបាយ​លោក ឯម សុវណ្ណារ៉ា យល់​ឃើញ​ដែរ​ថា វា​ជា​រឿង​ធម្មតា ប្រសិន​បើ​លោក ស៊ន តារា អ្នក​អត្ថាធិប្បាយ​តាម​ហ្វេសប៊ុក និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​តួនាទី​ខុស​គ្នា ប៉ុន្តែ​បាន​បញ្ចេញ​វោរហាស័ព្ទ​នយោបាយ​ដោយ​សេរី និង​យុត្តិ​ធម៌​តាម​គោល​ការណ៍​ច្បាប់​។

លោក ឯម សុវណ្ណារ៉ា ថា​៖«ហើយ​ប្រសិន​បើ​អ្នក​នយោបាយ​បើក​ទូលាយ​ការ​ប្រឈម​គ្នា​ដោយ​សេរី វា​ជា​បញ្ហា​ល្អ​ទេ​។ លើក​លែង​តែ​នៅ​ក្នុង​បញ្ហា​ផ្សេង​ៗ អ្នក​ដែល​ហ៊ាន​ប្រឈម​នឹង​អ្នក​នយោបាយ ឬ​អ្នក​មាន​អំណាច តែង​រង​នូវ​ផល​ប៉ះ​ពាល់​ឬ​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន អាហ្នឹង​ជា​ការ​ប្រឈម​បញ្ហា​លំបាក​ដែល​ពល​រដ្ឋ​កម្ពុជា​មាន​ការ​បារម្ភ»

អ្នក​វិភាគ​នយោបាយ​រូប​នេះ​លើក​ទៀត​ថា នៅក្នុង​សង្គម​លទ្ធិ​ប្រជាធិបតេយ្យ កូន​មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​និន្នាការ​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត​និង​ស្រលាញ់ ​ប៉ុន្តែ​ក្នុង​ករណី​មាន​ឪពុក​ម្ដាយ​ចេញ​មក​ប្រឈម​មុខ​ដាក់​គ្នា​ជា​មួយ​កូន​បង្ហាញ​ពី​ភាព​ប្រេះ​ស្រាំ ដោយ​សារ​រឿង​នយោបាយ ដូច​ករណី​លោក ស៊ន តារា នោះ​មិន​មែន​ជា​រូបភាព​ល្អ​នៅ​ក្នុង​សង្គម​ឡើយ ហើយ​វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​លាប​ពណ៌​គ្នា​ដោយ​សារ​រឿង​នយោបាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។ លោក​បន្ត​ថា ដើម្បី​កុំ​ឱ្យ​ពល​រដ្ឋ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ផ្ដាច់​ផ្ដិល ឬ​ប្រះ​ស្រាំ​គ្នា​ដោយ​សារ​និន្នាការ​នយោបាយ និង​ដើម្បី​ឱ្យ​យុវជន​ចេះ​រួម​សាមគ្គី​គ្នា​ក្នុង​នាម​ជា​ជាតិ​រឹង​មាំ​មួយ គឺ​អ្នក​នយោបាយ គួរ​ប្រកួត​ប្រជែង​គ្នា​ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​ឱ្យ​បាន​ពេញ​លេញ និង​មិន​ត្រូវ​យក​ច្បាប់​ទៅ​ធ្វើ​បាប​ឬ​ព្រមាន​ដល់​ដៃ​គូ​ម្ខាង​ទៀត ដែល​ពុំ​មាន​លទ្ធ​ភាព​ត​តាំង​ឡើយ៕

No comments: