Wednesday 1 March 2023

«កម្ពុជា​នឹង​ចំណេញ​ច្រើន បើ​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​ពស់វែក​មាស ជាមួយ​អាមេរិក និង​ថៃ»


ដោយ មាន ឫទ្ធិ
2023.03.01
«កម្ពុជា​នឹង​ចំណេញ​ច្រើន បើ​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​ពស់វែក​មាស ជាមួយ​អាមេរិក និង​ថៃ»
សមយុទ្ធ​យោធា «ពស់វែក​មាស» (ឬ Cobra Gold) ដែល​ដឹកនាំ​ដោយ​អាមេរិក និង​ថៃ ពីថ្ងៃទី២៨ កុម្ភៈ ២០២៣។
AP

ក្រុម​អ្នក​ជំនាញ​កិច្ចការ​បរទេស​លើកឡើង​ថា កម្ពុជា​នឹង​ទទួល​បាន​ផល «ចំណេញ​ច្រើន» ប្រសិនបើ​ជ្រើសរើស​ចូលរួម​ធ្វើជា​សមាជិក​ពេញលេញ​នៃ​សមយុទ្ធ​យោធា «ពស់វែក​មាស» (Cobra Gold) ដែល​ដឹកនាំ​ដោយ​អាមេរិក និង​ថៃ។ ពួកគេ​យល់ថា ការចូលរួម​ជា​សមាជិក​ពេញលេញ​នៃ​សមយុទ្ធ​យោធា​ដ៏​ធំ​ប្រចាំ​តំបន់​នេះ អាច​នឹង​ជួយ​ឱ្យ​កម្ពុជា​កសាង​ទំនុកចិត្ត​ឡើងវិញ​ជាមួយ​សហរដ្ឋអាមេរិក និង​ក្រុម​ប្រទេស​លោកខាងលិច ជាពិសេស​ជុំវិញ​រឿងរ៉ាវ​ចម្រូងចម្រាស​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម។

ក្រុម​អ្នកជំនាញ​កិច្ចការបរទេស និង​ភូមិសាស្ត្រ​នយោបាយ យល់ស្រប​គ្នា​ថា គឺជា​រឿង​ល្អ​ប្រសិន​បើ​កម្ពុជា​ជ្រើសរើស​ចូលរួម​ធ្វើជា​សមាជិក​ពេញលេញ​នៃ​សមយុទ្ធ​យោធា​ប្រចាំ​តំបន់ និង​ជា​សមយុទ្ធ​យោធា​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក មាន​ឈ្មោះថា «ពស់វែក​មាស» ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​ថៃ។ 

 

បច្ចុប្បន្ន​សមយុទ្ធ​នេះ​មាន​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចំនួន​៦ ចូលរួម​ធ្វើជា​សមាជិក​ពេញលេញ ក្នុង​នោះ​មាន​ថៃ (Thailand) សិង្ហបុរី (Singapore) ម៉ាឡេស៊ី (Malaysia) ឥណ្ឌូណេស៊ី (Indonesia) កូរ៉េខាងត្បូង (South Korea) និង ជប៉ុន (Japan)។ សហរដ្ឋអាមេរិក និង​ថៃ បាន​ប្រកាស​បើក​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​នេះ​ឡើងវិញ កាលពី​អង្គារ ទី២៨ ខែ​កុម្ភៈ ក្រោយ​កាត់បន្ថយ​សកម្មភាព​អស់រយៈ​ពេល ៣ឆ្នាំ ដោយសារ​បញ្ហា​ជំងឺរាតត្បាត​សាកល​កូវីដ១៩។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ អារីហ្សូណា ស្តេត (Arizona State University) បណ្ឌិត អៀ សុផល ប្រាប់​វិទ្យុអាស៊ីសេរី​តាម​សារអេឡិច​ត្រូនិក ថា កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ប្រសិន​បើ​ជ្រើសរើស​ចូលរួម​ធ្វើជា​សមាជិក​ពេញលេញ​នៃ​សមយុទ្ធ​«ពស់វែក​មាស»​នេះ។ លោក​ពន្យល់​ថា ការ​ធ្វើ​ដូច្នេះ​នឹង​ផ្តល់​សញ្ញា​ថា កម្ពុជា​ផ្លាស់ប្ដូរ​ទិស​ហួសពី​ប្រទេស​ចិន។ ជាពិសេស​លោក​ថា ការណ៍​នេះ​នឹង​ជួយ​កសាង​ទំនុកចិត្ត​ឡើងវិញ​ជាមួយ​សហរដ្ឋអាមេរិក ក្រោយពី​មាន​រឿងរ៉ាវ​ចម្រូងចម្រាស​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹករាម។

ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក បាន​រង​នូវ​ភាព​រកាំរកូស​ខ្លាំង​ក្រោយ​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កងទ័ព​ជើង​ទឹករាម និង​មាន​ព័ត៌មាន​ថា កម្ពុជា​លួច​ចុះ​កុងត្រា​សម្ងាត់​រយៈពេល​៣០ឆ្នាំ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​អនុញ្ញាត​ឱ្យ​ចិន​អាច​ប្រើប្រាស់​កំពង់ផែ​នេះ​បាន «ផ្ដាច់មុខ»។ ក៏ប៉ុន្តែ ព័ត៌មាន​នេះ​ត្រូវ​បាន​ទាំង​ភាគី​កម្ពុជា និង​ចិន​បដិសេធ​ចោល។ សហរដ្ឋអាមេរិក និង​មន្ត្រី​លោកខាងលិច​សង្ស័យ​ថា ចិន​អាច​បម្លែង​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​នេះ ធ្វើជា​មូលដ្ឋាន​ទ័ព​នៅ​ក្រៅ​ប្រទេស​របស់​ខ្លួន​នា​ពេល​អនាគត។

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក វណ្ណ ប៊ុនណា ក៏​យល់ស្រប​ដែរ​ថា បើ​កម្ពុជា​ជ្រើសរើស​ចូល​ជា​សមាជិក​ពេញលេញ​នៃ​សមយុទ្ធ​យោធា​«ពស់វែក​មាស»​នេះ នោះ​នឹង​ជួយ​លើក​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ដោយ​អាច​បញ្ជាក់​ថា កម្ពុជា​មិន​ចាប់​យក​ភាគី​ណាមួយ​ផ្ដាច់មុខ​ខាង​វិស័យ​យោធា​នោះ​ទេ។

លោក វណ្ណ ប៊ុនណា«វា​ជា​ការ​ពិត​ហើយ​នៅពេល​ដែល​កម្ពុជា​មាន​ទំនាក់ទំនង​ពេញលេញ ឬក៏​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​បណ្តា​ប្រទេស​លោកខាងលិច ជាពិសេស​វា​បង្ហាញ​ពី​កម្ពុជា​ដើរ​តួនាទី​ក្នុង​ការទូត​របស់​ខ្លួន ព្យាយាម​មិន​ចាប់​យក​ភាគី​ណា​ផ្ដាច់មុខ។ ប៉ុន្តែ ព្យាយាម​បង្កើន​ទំនាក់ទំនង​បែប hedging strategies របស់​ខ្លួន​នៅក្នុង​យុទ្ធសាស្ត្រ​ទំនាក់ទំនង​ជាមួយ​យោធា​ផ្សេងទៀត។ វា​ធ្វើ​ឱ្យ​កម្ពុជា​អាច​រួចផុត​ពី​ការ​មន្ទិល​សង្ស័យ​របស់​សហរដ្ឋអាមេរិក​អំពី​ភាព​ដែល​អាច​កើតមាន​នៃ​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា»

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ថា​តើ​កម្ពុជា​អាច​នឹង​ពិចារណា​ចូល​ធ្វើជា​សមាជិក​ពេញលេញ​នៃ​សមយុទ្ធ​យោធា​«ពស់វែក​មាស»​នេះ​ដែរឬទេ គិត​ត្រឹម​យប់​ថ្ងៃទី២៨ ខែ​កុម្ភៈ។

ក្រោយ​លុប​ចោល​សមយុទ្ធ​យោធា «ឆ្មាំ​អង្គរ» ជាមួយ​សហរដ្ឋអាមេរិក និង​សមយុទ្ធ​យោធា «ដនគោ​ព្រៃ» ជាមួយ​ប្រទេស​អូស្ត្រាលី​នៅមុន​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ២០១៨​កន្លងទៅ កម្ពុជា​បាន​បង្កើន​ទំនាក់ទំនង​វិស័យ​យោធា​ជាមួយ​ប្រទេស​ចិន និង​វៀតណាម​គួរ​ឱ្យ​កត់​សម្គាល់។ កម្ពុជា​នៅតែ​បន្ត​ធ្វើ​សមយុទ្ធ​យោធា «នាគ​មាស» ជាមួយ​ប្រទេស​ចិន ហើយ​ប្រកាស​ថា នឹង​បន្ត​ធ្វើ​សមយុទ្ធ​យោធា«នាគ​មាស»​ជាមួយ​ចិន​នៅ​ចុងខែ​មីនា​ខាងមុខ។

ប្រមុខ​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ អះអាង​ដដែលៗ​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​កម្ពុជា និង​ចិន​នេះ​ពុំបាន​គំរាមកំហែង​ប្រទេស​ណាមួយ​នោះ​ទេ ប៉ុន្តែ​សមយុទ្ធ​យោធា​នេះ​ធ្វើឡើង​ក្នុង​បំណង​លើក​កម្ពស់​គុណភាព និង​សមត្ថភាព​របស់​កងទ័ព​កម្ពុជា។

ក្រៅពី​ភាគី​ចិន កម្ពុជា​ក៏បាន​ប្ដេជ្ញា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ខាង​វិស័យ​ការពារ​ជាតិ​ជាមួយ​ប្រទេស​វៀតណាម​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ក្នុង​ឆ្នាំ២០២៣​នេះ។ ភាគី​ទាំង​ពីរ​កាលពី​ថ្ងៃទី១៩ ខែ​កុម្ភៈ បាន​ចុះ​ហត្ថលេខា​អនុម័ត​ផែនការ​កិច្ច​សហប្រតិបត្តិការ​ខាង​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំងពីរ​សម្រាប់​ឆ្នាំ២០២៣ ដោយ​ផ្តោត​លើ​ទិដ្ឋភាព​សំខាន់ៗ​មួយ​ចំនួន​ដូចជា បង្កើន​ការ​ចែកចាយ​ព័ត៌មាន និង​ធ្វើ​សកម្មភាព​ល្បាត​រួមគ្នា​ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​តាម​ព្រំប្រទល់​ដីគោក និង​សមុទ្រ​រវាង​ប្រទេស​ទាំងពីរ។

បណ្ឌិត អៀ សុផល យល់​ថា ឥទ្ធិពល​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិន​ក្នុង​នាម​ជា​មិត្ត​ដែក​ថែប​នា​ពេល​បច្ចុប្បន្ន​នេះ ទំនងជា​មិនអាច​ឱ្យ​កម្ពុជា​ពង្រីក​ទំនាក់ទំនង​ក្នុង​ក្របខណ្ឌ​សមយុទ្ធ​យោធា«ពស់វែក​មាស» ហួស​ពី​ភាពជា​អ្នកសង្កេតការណ៍​នោះ​ទេ។ លោក​មិន​មាន​សង្ឃឹមថា​​កម្ពុជា​នឹង​ចូល​ជា​សមាជិក​សមយុទ្ធ​យោធា​នេះ​​ក្នុង​ពេល​នេះ​ទេ ស្របពេល​ដែល​បច្ចុប្បន្ន​នេះ គឺជា​រដូវ​កាល​មុន​ការ​បោះឆ្នោត ហើយ​អាជ្ញាធរ​កម្ពុជា​កំពុង​ជាប់រវល់​បង្ក​បញ្ហា​ដល់​ក្រុម​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ផង​នោះ។

រីឯ​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា វិញ លោក​យល់ថា កម្ពុជា​ហាក់​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ដោយ​សុខចិត្ត​ជ្រើសរើស​ធ្វើជា​អ្នកសង្កេតការណ៍​ជាជាង​ចូល​ធ្វើ​ជា​សមាជិក​ពេញលេញ​នៃ​សមយុទ្ធ​យោធា «ពស់វែក​មាស» នេះ។ លោក​ពន្យល់​ថា ការណ៍​នេះគឺ​ដោយសារ​តែ​បណ្តា​ប្រទេស​ចូល​ធ្វើ​ជា​សមាជិក​របស់​សមយុទ្ធ​យោធា​នេះ សុទ្ធតែ​គាំទ្រ​គោល​នយោបាយ​របស់​សហរដ្ឋអាមេរិក។

លោក ឯម សុវណ្ណារ៉ា៖ «ការចូលរួម​របស់​ខ្មែរ​នៅក្នុង​ក្របខណ្ឌ​ជា​អ្នកសង្កេតការណ៍ ពីព្រោះ​ទីមួយ​កម្ពុជា​យើង​ កម្រិត​នៃ​បច្ចេកទេស​យោធា និង​កម្លាំង​នៅ​មាន​កម្រិត​ដែរ។ ទីពីរ កម្រិត​ទំនាក់ទំនង​នៅ​ក្នុង​ការ​ជាមួយ​រដ្ឋ និង​រដ្ឋ ហាក់​ដូចជា​មាន​ការ​ប្រយ័ត្នប្រយែង​ណាស់​ពីព្រោះ​នៅ​ក្នុង​ក្របខណ្ឌ​នេះ បើ​យើង​មើល​មែនទែន​ទៅ​បណ្តា​ប្រទេស​ដែល​ចូលរួម​ជាមួយ​សមយុទ្ធ​យោធា​ពស់វែក​មាស​នេះ ថៃ​និង​អាមេរិក​ដែល​រៀបចំ គឺ​វា​មាន​លក្ខណៈ​មួយ​ដូចជា​មាន​ការ​គាំទ្រ​ទៅលើ​គោលនយោបាយ​ជាមួយ​សហរដ្ឋអាមេរិក​ច្រើន។ ដោយឡែក កម្ពុជា​យើង​ប្រកាន់​តែ​ជាមួយ​ចិន​ទេ»

សមយុទ្ធ​យោធា«ពស់​វែក​មាស» ត្រូវ​បាន​រៀបចំ​ធ្វើឡើង​ជា​លើកដំបូង​រួមគ្នា​ជា​សមយុទ្ធ​លម្ហសមុទ្រ​រវាង​ប្រទេស​ថៃ និង​សហរដ្ឋអាមេរិក កាល​ពី​ឆ្នាំ​១៩៨២ ហើយ​ត្រូវ​បាន​ពង្រីក​សកម្មភាព​ជា​បន្តបន្ទាប់។ បច្ចុប្បន្ន​នេះ សមយុទ្ធ​នេះ​ក្លាយជា​សមយុទ្ធ​ពហុជាតិ​សាសន៍​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក ដែល​មាន​ប្រទេស​ចំនួន៣០ ចូលរួម​ធ្វើជា​ដៃគូ ឬ​អ្នក​សង្កេតការណ៍។ សមយុទ្ធ​«ពស់វែក​មាស» កំពុង​ប្រព្រឹត្តទៅ​រយៈពេល ១២ថ្ងៃ ចាប់ពី​ថ្ងៃទី២៧ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃទី១០ ខែមីនា នៅ​ប្រទេស​ថៃ ដោយមាន​ការចូលរួម​ពី​បុគ្គលិក​យោធា​សរុប​ជិត ៧ពាន់ ៤រយ​នាក់ ក្នុង​នោះ មាន​បុគ្គលិក​យោធា​អាមេរិក និង​ថៃ​ជិត ៧​ពាន់​នាក់។ សមយុទ្ធ​នេះ​ផ្ដោត​លើ​ការ​បណ្តុះបណ្តាល​ក្នុង​សមរភូមិ លំហាត់​បញ្ជា​ទ័ព ការ​ជួយ​សង្គ្រោះ​ពី​គ្រោះ​មហន្តរាយ និង​លំហាត់​ផ្នែក​មនុស្សធម៌។ ប្រទេស​ចិន (China) ឥណ្ឌា (India) និង​អូស្ត្រាលី (Australia) ក៏​ចូលរួម​ធ្វើជា​ដៃគូ​នៃ​សមយុទ្ធ​យោធា​នេះ​ដែរ​ដោយ​ផ្ដោត​លើ​លំហាត់​ជំនួយ​មនុស្សធម៌៕

1 comment:

Anonymous said...

Cambodia's interest is not in Ah Prett Hun Sen's dictionary.