Sunday 5 March 2023

សង្គម​ស៊ីវិល​ថា ការ​រំលោភ​សេពសន្ថវៈ​លើ​កុមារ​បន្ត​កើតឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ


ដោយ សេក បណ្ឌិត
2023.03.04
សង្គម​ស៊ីវិល​ថា ការ​រំលោភ​សេពសន្ថវៈ​លើ​កុមារ​បន្ត​កើតឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ  
ពិធីចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) រវាង​អង្គភាព​ការពារ​កុមារ​(CPU)​ នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) ជាមួយ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​៣ មីនា ២០២៣។
រូប៖​ ហ្វេសប៊ុក CPU
 

សង្គម​ស៊ីវិល​ស្នើ​ឱ្យ​មានការ​លើកកម្ពស់​សីលធម៌​សង្គម និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ដើម្បី​កាត់បន្ថយ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កុមារ ដែល​កំពុង​កើតឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​។ ចំណែក​មន្ត្រី​លើក​ឡើង​ថា រដ្ឋាភិបាល​នឹង​បង្កើត​កម្មវិធី​អប់រំ​សង្គម​មួយ ដើម្បី​ផ្សព្វផ្សាយ​ទៅ​ពលរដ្ឋ​ពី​ប៉ះពាល់​ឧក្រិដ្ឋកម្ម​លើ​កុមារ​។​

សង្គម​បច្ចុប្បន្ន​ហាក់​មិនសូវ​មាន​គំរូៗ​បង្ហាញ​ទៅ​ក្មេង​ជំនាន់​ក្រោយ​ឡើយ ហើយ​ស្ទើរ​រៀងរាល់ថ្ងៃ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក សម្បូរ​ទៅ​ដោយ​ការ​ផ្សព្វផ្សាយ​អំពើ​អសីលធម៌​កើតឡើង​ជាច្រើន ដូចជា​ការ ឆក់ ប្លន់ កាប់សម្លាប់ ការរំលោភ​សេពសន្ថវៈ​និង​ករណី​ឃាតកម្ម​លើ​កុមារ​ជាដើម។

ប្រធាន​ផ្នែក​ស្ត្រី​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោកស្រី ម៉ៅ ម៉ាប់ ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃទី​៣ មីនា ថា ករណី​រំលោភ​សេពសន្ថវៈ​លើ​កុមារ​បន្ត​កើតឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ ដោយសារ​កត្តា​ធ្លាក់ចុះ​សីលធម៌​សង្គម ការ​រីក​សាយភាយ​គ្រឿង​ស្រវឹង​និង​គ្រឿងញៀន ជាពិសេស​កត្តា​ជីវភាព​ដែល​បង្ខំ​ឱ្យ​ឪពុកម្ដាយ​ត្រូវ​ធ្វើ​ចំណាកស្រុក ហើយ​ទុក​កូនៗ​ឱ្យ​នៅ​ជាមួយ​សាច់ញាតិ ដោយ​មិន​មានការ​មើលថែ​ឱ្យ​បាន​ដិតដល់។

លោកស្រី ម៉ៅ ម៉ាប់៖ «គួរ​តែ​បង្កើត​ឱ្យ​មាន​ការងារ​នៅ​ក្នុង​ស្រុក ដើម្បី​ឱ្យ​គាត់​(​ឪពុកម្ដាយ​)​អា​ចរក​ការងារ​ធ្វើ​បាន គាត់​អាច​មាន​លទ្ធភាព​មើលថែ​ឃុំគ្រង​កូន ដែល​ជា​ទំពាំង​ស្នង​ឫស្សី ហើយ​យើង​មិនបាន​គ្រប់គ្រង​មើ​ថែទាំ​គាត់​(​កូន​)​ឱ្យ​បាន​ដិតដល់ គាត់​មិនអាច​ក្លាយជា​ក្មេង​ល្អ ហើយ​អាច​ងាយ​នឹង​រងគ្រោះ​ការ​រំលោភ​បំពាន​ពី​សាច់​ញាតិ ឬ​អ្នកជិតខាង​ជាដើម»

 

លោកស្រី ម៉ៅ ម៉ាប់ បន្តថា នៅក្នុង​ឆ្នាំ​២០២២ អង្គការ​អាដហុក​បាន​អង្កេត​លើ​ករណី​សេពសន្ថវៈ​លើ​កុមារ​ចំនួន ១៣២​ករណី កើនឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ដែល​មាន​ត្រឹមតែ ៩៨​ករណី។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ថ្វី​ត្បិត​អាជ្ញាធរ​រដ្ឋាភិបាល​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្លះ​ក្ដី ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត ខណៈ​ការរំលោភ​សេពសន្ថវៈ​ជា​ករណី​ព្រហ្មទណ្ឌ ប៉ុន្តែ​ជនល្មើស​ខ្លះ​នៅតែ​អាច​ប្រើប្រាស់​ទឹក​លុយ​សម្របសម្រួល​បញ្ចប់​រឿង ឬ​ការយល់ព្រម​រៀបការ​បញ្ចប់រឿង​ជាដើម។

ការ​លើកឡើង​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​អង្គភាព​ការពារ​កុមារ​(CPU)​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​៣ មីនា ដើម្បី​បន្ត​សហការ​គ្នា​ជា​លើក​ទី​៤ ក្នុង​ការ​បង្ក្រាប​បទល្មើស​ប្រឆាំង​លើ​កុមារ។

កម្មវិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​រវាង​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​លោកស្រី ជូ ប៊ុនអេង និង​លោក ជេមស៍ ម៉ិក ខាបេ (James Mc Cabe) ប្រធាន​អង្គភាព​ការពារ​កុមារ។

របាយការណ៍​អង្គការ​ការពារ​កុមារ​បង្ហាញ​ថា នៅក្នុង​ឆ្នាំ​២០២២ ខ្លួន​បាន​បើក​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ធំៗ​ចំនួន​៣៦៦​ករណី ក្នុង​នោះ​មាន​ករណី​ឃាតកម្ម ការរំលោភ​សេពសន្ថវៈ និង​ការ​រំលោភបំពាន និង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត​លើ​កុមារ​។ អង្គការ​នេះ​បន្ត​ថា នៅ​ក្នុង​នោះ​មាន​ឃាតកម្ម​លើ​កុមារ ៣២​ករណី ហើយ​មាន​ជនល្មើស​៣១៣​នាក់​ត្រូវ​បាន​ចាប់ខ្លួន។

មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក​ចង់ឱ្យ​អាជ្ញាធរ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ជនល្មើស ដោយ​មិន​ត្រូវ​បញ្ចប់រឿង​ត្រឹម​សម្របសម្រួល​បង់លុយ ឬ​ព្រម​រៀបការ​ឡើយ ព្រោះ​វា​ជា​គំរូ​មិនល្អ​នាំ​ឱ្យ​មាន​ការរំលោភ​លើ​កុមារ​កាន់តែ​ច្រើន​។ លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ឱ្យ​បាន​ប្រសិទ្ធភាព​ខ្ពស់ និង​មិន​គួរ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ផុសផុល​ដូច​សព្វថ្ងៃ​នេះ​ទេ ខណៈ​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឱ្យ​អ្នក​ផឹក​គ្រប់គ្រង​សតិ​ខ្លួនឯង​មិនបាន​ល្អ​និង​អាច​ឈាន​ទៅ​ប្រព្រឹត្ត​បទល្មើស។

អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោកស្រី ជូ ប៊ុនអេង មិន​បដិសេធ​ចំពោះ​ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល ដែល​ថា គ្រឿងញៀន គ្រឿង​ស្រវឹង ការ​ធ្លាក់ចុះ​សីលធម៌​សង្គម ការ​ចំណាកស្រុក រួម​ទាំង​ការ​ផ្សព្វផ្សាយ​រូប​អាសអាភាស​តាម​អនឡាញ នាំ​ឱ្យ​មាន​ការរំលោភ​សេពសន្ថវៈ​លើ​កុមារ​ឡើយ។ មន្ត្រី​រូប​នេះ ក៏បាន​ស្នើ​ឱ្យ​មាន​ការ​រួម​គ្នា​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្រើន​លើក​កម្ពស់​សីលធម៌​សង្គម​ឡើងវិញ។

លោកស្រី​បន្ត​ថា នៅ​ក្នុង​ការ​ចុះ​អនុស្សរណៈ​ថ្មី​ជាមួយ​អង្គភាព​ការពារ​កុមារ មាន​ដាក់បញ្ចូល​នូវ​កម្មវិធី​បង្ការ​និង​អប់រំ​ឱ្យ​បាន​ច្រើនជាង​មុន​។ លោកស្រី​បញ្ជាក់​ថា ឆ្លងកាត់​បទពិសោធន៍​រយៈពេល​១០​ឆ្នាំ​នៃ​កិច្ចសហការ​គ្នា​ចុះ​សិក្សា​ស្រាវជ្រាវ​និង​ស្វែងរក​បទល្មើស​លើ​កុមារ ភាគី​ទាំងពីរ​អាច​ចងក្រង​ធ្វើជា​កម្មវិធី​អប់រំ​សង្គម​មួយ ដើម្បី​ផ្សព្វផ្សាយ​ទៅ​ប្រជាពលរដ្ឋ​ឱ្យ​បាន​មុន ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​លើ​កុមារ។

លោកស្រី ជូ ប៊ុនអេង៖ «គឺ​យើង​ចង់​ឱ្យ​មាន​ការ​បង្ការ​ទប់​ស្កាត់​ឱ្យ​បាន​ច្រើន ដើម្បី​កាត់បន្ថយ​បទល្មើស។ មាន​ន័យ​ថា ធ្វើការ​អប់រំ ស្រាវជ្រាវ​ឫសគល់​នៃ​បញ្ហា ដើម្បី​យើង​ធ្វើការ​ទប់ស្កាត់​ឱ្យ​បាន​មុន​។ ឧទាហរណ៍​ថា តើ​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​ហ្នឹង បណ្ដាល​ពី​អ្វី​។ ប្រសិនបើ​រក​ឃើញ​ឫសគល់​វា​ហើយ យើង​អាច​ធ្វើ​ការស្រាវជ្រាវ​ដើម្បី​កាត់ផ្ដាច់​ឫសគល់»

ចំណែក​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លើកឡើង​ថា ការរំលោភ​សេពសន្ថវៈ​លើ​កុមារ​ខ្លះ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​សាច់ញាតិ​ផ្ទាល់ ដូចជា​ករណី​ឪពុក​រំលោភ​កូន​ជាដើម មិន​មាន​ការ​ប្ដឹង​ផ្ដល់​អនុវត្ត​ច្បាប់​លើ​ជនល្មើស​ឡើយ ដោយសារតែ​ទទួលរង​សម្ពាធ​គ្រួសារ។ លោក​បន្ត​ថា តាមផ្លូវ​ច្បាប់​រាល់​ករ​ណី​រំលោភ​លើ​កុមារ ត្រូវ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ឡើយ។

លោក អំ សំអាត៖ «រាជរដ្ឋាភិបាល គួរតែ​ចាត់វិធានការ​បន្ថែម​ទៀត មាន​ន័យ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​និង​តុលាការ​ត្រូវតែ​ពង្រឹង នៅក្នុង​ការអនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ទៅលើ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​រំលោភ​សេពសន្ថវៈ​លើ​កុមារ ឬ​ការ​សម្លាប់​លើ​កុមារ។ ជាពិសេស​គឺ​សាច់​តែម្ដង ហើយ​តុលាការ​ត្រូវតែ​បង្ក​លក្ខណៈ​ងាយស្រួល​និង​ផ្ដល់​យុត្តិធម៌​ឱ្យ​បាន​ពេញលេញ»

លោក អំ សំអាត បន្ត​ថា រដ្ឋាភិបាល​ក៏​មាន​គោលនយោបាយ​ដើម្បី​ការពារ ទប់ស្កាត់ និង​លើកកម្ពស់​សិទ្ធិ​កុមារ​ដែរ ប៉ុន្តែ​ការ​អនុវត្ត​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​។ លោក​បន្ថែម​ថា ដើម្បី​អនុវត្ត​គោលនយោបាយ​ទទួល​បាន​ជោគជ័យ​និង​ប្រសិទ្ធភាព​ខ្ពស់ ទាល់តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​អនុវត្ត​តាម​គោលនយោបាយ​និង​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ជាពិសេស​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ចូលរួម​បង្ការ​បញ្ញា​រំលោភ​សេពសន្ថវៈ​និង​ករណី​ឃាតកម្ម​លើ​កុមារ៕

No comments: