Monday 27 March 2023

ក្រុម​យុវជន​បារម្ភ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ខណៈ​រដ្ឋាភិបាល​បន្ត​ចាប់​សកម្មជន​ដាក់​ពន្ធនាគារ


ដោយ សេក បណ្ឌិត
2023.03.26
ក្រុម​យុវជន​បារម្ភ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ខណៈ​រដ្ឋាភិបាល​បន្ត​ចាប់​សកម្មជន​ដាក់​ពន្ធនាគារ 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពីថ្ងៃទី៧ ខែ​មករា ឆ្នាំ​២០២៣។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

 

ព្រះសង្ឃ និង​ក្រុម​យុវជន​ព្រួយបារម្ភ​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ខណៈ​រដ្ឋាភិបាល​បន្ត​ចាប់​សកម្មជន​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។ ពួកគេ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​លើកកម្ពស់​ការ​អនុវត្ត​ច្បាប់​ដើម្បី​ធានា​សុខ​សុវត្ថិភាព ដល់​ពលរដ្ឋ​នៅ​ពេល​ពួកគាត់​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ស្រប​តាមច្បាប់។

ក្រុម​យុវជន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​ឡើងវិញ និង​ឈប់​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សង្គម សកម្មជន​នយោបាយ និង​យុវជន​ឈឺឆ្អាល​បញ្ហា​សង្គម។

ព្រះតេជព្រះគុណ ជា លីនជាតិ គង់នៅ​ខេត្ត​បាត់ដំបង មាន​សង្ឃដីកា​ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​បំបិទ​សំឡេង​ពលរដ្ឋ​អ្នកស្នេហាជាតិ​នោះ កម្ពុជា​នឹង​រង​ទណ្ឌកម្ម​បន្ថែម​ពី​អន្តរជាតិ ហើយ​ពលរដ្ឋ​ជា​អ្នករងគ្រោះ​ខ្លាំង​ជាងគេ។ ព្រះតេជព្រះគុណ​បន្ថែម​ថា ភាគច្រើន​អ្នក​ដែល​រងគ្រោះ​គឺ​ជា​កម្មករ កសិករ និង​អាជីវករ​ដែល​ពួកគាត់​សុទ្ធ​សឹង​តែ​ជា​អ្នក​ប្រើ​កម្លាំង​ដោះដូរ​យក​ដើម្បី​ថវិកា​ចិញ្ចឹម​ជីវិត។



    ព្រះតេជព្រះគុណ ជា លីនជាតិ៖ «ជា​ការ​សំណូមពរ​ទៅ​ដល់​រដ្ឋាភិបាល​ដែរ​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស វា​មិនល្អ​ទេ​សម្រាប់​រដ្ឋាភិបាល​ខ្លួនឯង​ផ្ទាល់ និង​សម្រាប់​ប្រជាពលរដ្ឋ​ព្រោះ​បើ​កាលណា​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ច្រើន​ប្រជាពលរដ្ឋ​គាត់​ហ្នឹង​ខ្លាច​ទៅលើ​រដ្ឋាភិបាល តែបើ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​កាន់តែ​ច្រើន​រដ្ឋាភិបាល​ខ្លួនឯង​នឹង​ជួប​បញ្ហា​ជាមួយ​នឹង​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​គាត់ ខ្លាច​ជួប​បញ្ហា​បរទេស​គាត់​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អី​ផ្សេងៗ»។

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា ថ្លែង​ថា កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​ដោយសារតែ​កម្ពុជា​រំលោភសិទ្ធិ​មនុស្ស គំរាមកំហែង​លើ​សកម្មជន​គ្រប់​រូបភាព ជាពិសេស​ស្ត្រី​ដែល​ពួកគាត់​មាន​កម្លាំង​ទន់ខ្សោយ​ហើយ​បែរ​ជា​ត្រូវ​អាជ្ញាធរ​ចាប់​អូស វាយ​រហូត​ដល់​បែក​ឈាម។ កញ្ញា​បន្ត​ថា មិន​ខុស​អ្វី​ពី​កញ្ញា​នោះ​ទេ ដែល​ស្រឡាញ់​បរិស្ថាន​ចង់​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បាន​ដឹង ប៉ុន្តែ ជា​បែរ​អាជ្ញាធរ​ចោទ​ប្រកាន់​ថា មាន​និន្នាការ​នយោបាយ បម្រើ​ផល​ប្រយោជន៍​ឱ្យ​បរទេស​ទៅ​វិញ។

    កញ្ញា មាន លីសា៖ «ខ្ញុំ​មើល​ឃើញ​ថា រដ្ឋាភិបាល​ខ្លួនឯង​ត្រូវតែ​ស្ដាប់​វា​ទាមទារ​មែនទែន​ក្នុង​ការ​ស្ដាប់​សំឡេង​អ្នក​ដែល​រិះគន់​ក្ដី ឬ​អ្នក​ដែល​ចង់​ប្រឹក្សា ឬក៏​និយាយ​បញ្ចេញ​សំឡេង​ប្រើប្រាស់​សិទ្ធិ​របស់​គាត់​មិនមែន​នៅ​ពេល​ពួកគាត់​ប្រើប្រាស់​គឺ​បិទ​ខ្ទប់​គាត់​ព្យាយាម​នឹង​និយាយ​សំឡេង​ដែល​ពួកគាត់​ប្រើប្រាស់​សិទ្ធិ​បាន»។

ទន្ទឹមគ្នា​នេះ​ដែរ យុវជន​ម្នាក់ទៀត​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សុង សីហា សម្ដែង​ការ​មិន​ពេញចិត្ត​ស្របពេល​ដែល​អាជ្ញាធរ​បន្ត​បំភិតបំភ័យ​អ្នក​ដែល​ស្នេហា​ជាតិ​ខ្លួនឯង​បែរជា​ចាប់​ដាក់​ពន្ធនាគារ​ទៅវិញ​។ លោក​បន្ត​ថា នេះ​ជា​គំរូ​អាក្រក់​ដល់​យុវជន​ជំនាន់​ក្រោយ និង​ជា​ភាព​អាម៉ាស់​នៅ​លើ​ឆាក​អន្តរជាតិ ម្យ៉ាង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​យុវជន​ដទៃ​ទៀត​ដែល​ពួកគេ​ចង់​ជួយ​សង្គម ប៉ុន្តែ​ត្រូវ​អាក់ខាន​វិញ​ដោយសារ​អាជ្ញាធរ​ចោទ​ប្រកាន់ លាប​ពណ៌​ថា ពួកគេ​ប្រឆាំង​រដ្ឋាភិបាល។

    លោក សុង សីហា៖ «ខ្ញុំ​មើល​ឃើញ​ថា រដ្ឋាភិបាល​ពង្រឹង​នូវ​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ប្រទេស​មួយ​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​មួយ យើង​ផ្តល់​សិទ្ធិ​សេរីភាព​ឱ្យ​អ្នក​នយោបាយ​អ្នក​ដែល​ចូលរួម​ឈឺឆ្អាល​រឿង​កិច្ច​ការងារ​សង្គម យើង​ត្រូវ​ផ្ដល់​សិទ្ធិ​សេរីភាព​ឱ្យ​ពួកគាត់​ធ្វើ ព្រោះ​អី​រាល់​សកម្មភាព​ដែល​ពួកគាត់​ធ្វើ​គឺ​ឡើង​ដើម្បី​សង្គម»។

ប្រតិកម្ម​របស់​ក្រុម​យុវជន​ទាំងនេះ ធ្វើឡើង​គឺ​បន្ទាប់ពី​តុលាការ​ដែល​រង​ការ​រិះគន់​ថា នៅ​ក្រោម​សំពាធ​រដ្ឋាភិបាល លោក ហ៊ុន សែន កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ជាប់ឃុំ​ក្នុងផ្ទះ​២៧​ឆ្នាំ ពី​បទ​ក្បត់ជាតិ ហើយ​កាលពី​ថ្មីៗ​នេះ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់ លោក ហ៊ុន កុសល លោក យឹម ស៊ីណន ដាក់​ពន្ធនាគារ​ភ្លាមៗ​ក្រោយ​ពួកគេ​បញ្ចេញមតិ​លើក​បណ្ដេញ​សង្គម ។ ចំណែកឯ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជាង​២ (២​ឆ្នាំ ៦​ខែ) កាល​ថ្ងៃទី​២៤ ខែ​មីនា ហើយ​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​រួមមាន លោក តូច ថឹង លោក ខឿន វីរ៉ាត់ អ្នកស្រី នូ សុទ្ធារី ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈពេល​២​ឆ្នាំ ចោទ​ពី​រឿង​ក្លែងបន្លំ​ឯកសារ​ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាលពី​ឆ្នាំ​២០២១ កន្លង​ទៅ ។ ការ​ចោទប្រកាន់​នេះ​ត្រូវ​បាន​គណបក្សប្រឆាំង​បដិសេធ​ថា ជា​លេស​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​មុន​ការ​បោះឆ្នោត។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា កត់សំគាល់​ថា មុន​ពេល​បោះឆ្នោត​រាល់​អាណត្តិ​អាជ្ញាធរ​តែងតែ​ធ្វើទុក្ខបុកម្នេញ ការ​ចាប់​សកម្មជន​នយោបាយ​ដាក់គុក ការ​លាប​ពណ៌​យុវជន​ជាដើម​ដែល​ទាំងនេះ​ធ្វើ​ឱ្យ​អន្តរជាតិ​ថ្កោលទោស​កម្ពុជា​ជា​បន្តបន្ទាប់។ លោក​បញ្ជាក់​ថា កម្ពុជា​គួរតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឡើងវិញ ដើម្បី​អាច​ជួយ​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើង​វិញ។

    លោក នី សុខា៖ «ខ្ញុំ​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ស្ដាប់​ចំពោះ​ប្រតិកម្ម ទោះបី​ប្រតិកម្ម​ហ្នឹង​ឆ្លុះ​បញ្ចាំង​ពី​មតិ​ភាគ​ច្រើន ឬ​មតិ​ភាគតិច​កម្រិត​ប៉ុនណា​ក៏ដោយ ក៏​យើង​មិនដឹង​ថា មតិ​ភាគតិច​កម្រិត​ណា មតិ​ភាគច្រើន​កម្រិត​ណា​ទេ ប៉ុន្តែ​នៅក្នុង​ប្រទេស​សង្គម​ប្រជាធិបតេយ្យ​រដ្ឋាភិបាល​លោក​គួរតែ​ពិចារណា និង​ស្ដាប់​ការ​លើកឡើង ឬក៏​ប្រតិកម្ម​ឡើង​របស់​មតិ​ក្រុម​ភាគតិច​ហ្នឹង​ផង»។

កាល​ពី​ពេល​ថ្មីៗ​នេះ សភា​សហភាព​អឺរ៉ុប​ព្រមាន​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ទាំងស្រុង​ពី​កម្ពុជា ប្រសិនបើ​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ មិន​ប្រព្រឹត្ត​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ ប្រកប​ដោយ​លក្ខណៈ​សេរី យុត្តិធម៌ និង​អាច​ទទួល​យក​បាន៕

No comments: